សៀវភៅយ៉ូហាន ២:១-២៥
២ លុះនៅថ្ងៃទី៣ មានគេរៀបចំភោជនាហារអបអរអាពាហ៍ពិពាហ៍មួយនៅភូមិកាណាក្នុងស្រុកកាលីឡេ ហើយម្ដាយរបស់លោកយេស៊ូនៅទីនោះ។
២ លោកយេស៊ូនិងពួកអ្នកកាន់តាមលោកក៏បានត្រូវអញ្ជើញឲ្យចូលរួមពិធីរៀបអាពាហ៍ពិពាហ៍នោះដែរ។
៣ នៅពេលជិតអស់ស្រាទំពាំងបាយជូរ ម្ដាយរបស់លោកយេស៊ូជម្រាបលោកថា៖ «ពួកគេអស់ស្រាហើយ»។
៤ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅម្ដាយថា៖ «ស្ត្រីអើយ នេះមិនមែនជារឿងរបស់យើងទាំងពីរទេ។* វេលារបស់ខ្ញុំមិនទាន់មកដល់ទេ»។
៥ ម្ដាយរបស់លោកក៏ប្រាប់ពួកអ្នកដែលកំពុងបម្រើថា៖ «ចូរធ្វើតាមអ្វីដែលលោកប្រាប់ឲ្យធ្វើចុះ»។
៦ នៅទីនោះមានពាងទឹក៦ធ្វើពីថ្ម ទុកសម្រាប់លាងសម្អាតស្របតាមវិន័យរបស់ជនជាតិយូដា។+ ពាងនីមួយៗមានចំណុះប្រហែលពីរទៅបីរង្វាល់។*
៧ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា«ចូរចាក់ទឹកឲ្យពេញពាងទាំងនេះ»។ រួចពួកគេក៏ចាក់ទឹកពេញដល់មាត់ពាង។
៨ បន្ទាប់មក លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ឥឡូវ ចូរដងខ្លះយកទៅឲ្យអ្នកចាត់ចែងពិធី»។ ដូច្នេះ ពួកគេក៏ដងខ្លះទៅ។
៩ ពេលអ្នកចាត់ចែងពិធីបានភ្លក់ទឹកដែលបានត្រូវធ្វើឲ្យក្លាយជាស្រាទំពាំងបាយជូរ នោះគាត់មិនដឹងថាស្រានោះបានមកពីណាទេ (តែពួកអ្នកដែលកំពុងបម្រើបានដឹង ដោយសារពួកគេបានដងទឹកនោះចេញ)។ រួចអ្នកចាត់ចែងពិធីក៏ហៅកូនកំលោះមក
១០ ហើយប្រាប់គាត់ថា៖ «មនុស្សគ្រប់គ្នាតែងតែជូនស្រាដែលមានគុណភាពល្អមុន រួចពេលដែលភ្ញៀវស្រវឹងហើយ ទើបយកស្រាដែលមានគុណភាពអន់មកជូនវិញ។ ប៉ុន្តែ អ្នកបានទុកស្រាល្អរហូតដល់ឥឡូវនេះទើបជូនភ្ញៀវ»។
១១ លោកយេស៊ូបានធ្វើការនេះនៅភូមិកាណាក្នុងស្រុកកាលីឡេ ហើយនេះជាសញ្ញាសម្គាល់ដំបូងបង្អស់របស់លោក។ លោកបានបង្ហាញឲ្យឃើញសិរីរុងរឿងរបស់លោក+ ហើយពួកអ្នកកាន់តាមលោកក៏មានជំនឿលើលោក។
១២ បន្ទាប់ពីការនេះ លោកនិងម្ដាយ ព្រមទាំងប្អូនប្រុសៗរបស់លោក+ និងពួកអ្នកកាន់តាមបានចុះទៅក្រុងកាពើណិម+ តែមិនបានស្នាក់នៅទីនោះយូរថ្ងៃទេ។
១៣ បុណ្យរំលង+របស់ជនជាតិយូដាគឺជិតដល់ហើយ។ ពេលនោះ លោកយេស៊ូបានឡើងទៅក្រុងយេរូសាឡិម។
១៤ ពេលទៅដល់ លោកឃើញមនុស្សនៅក្នុងវិហារកំពុងលក់គោ ចៀម និងព្រាប+ ហើយឃើញអ្នកដូរប្រាក់កំពុងអង្គុយនៅទីនោះ។
១៥ ដូច្នេះ ក្រោយពីបានយកខ្សែមកវេញធ្វើជារំពាត់ លោកក៏ដេញពួកគេទាំងអស់គ្នាចេញពីវិហារជាមួយនឹងចៀមនិងគោរបស់ពួកគេ ហើយបានចាក់កាក់របស់ពួកអ្នកដូរប្រាក់ចោល ទាំងផ្កាប់តុរបស់ពួកគេផង។+
១៦ លោកមានប្រសាសន៍ទៅពួកអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងនេះចេញទៅ! ឈប់យកកន្លែងគោរពបូជារបស់បិតាខ្ញុំធ្វើជាកន្លែងលក់ដូរ!»។+
១៧ ពួកអ្នកកាន់តាមលោកបាននឹកឃើញអ្វីដែលបទគម្ពីរចែងថា៖ «ចិត្តខ្នះខ្នែងរបស់ខ្ញុំចំពោះកន្លែងគោរពប្រណិប័តន៍របស់លោក ប្រៀបដូចជាភ្លើងឆេះក្នុងខ្លួនខ្ញុំ»។+
១៨ ម្ល៉ោះហើយ ជនជាតិយូដាបានសួរលោកថា៖ «តើអ្នកមានសញ្ញាសម្គាល់អ្វីដើម្បីបង្ហាញឲ្យយើង+ដឹងថា អ្នកមានអំណាចធ្វើការទាំងនេះ?»។
១៩ លោកយេស៊ូតបឆ្លើយថា៖ «ចូររុះវិហារនេះចោល ហើយខ្ញុំនឹងសង់ឡើងវិញក្នុងរយៈពេលបីថ្ងៃ»។+
២០ ឮដូច្នេះ ជនជាតិយូដាសួរថា៖ «វិហារនេះបានត្រូវសង់ក្នុងរយៈពេល៤៦ឆ្នាំ ដូច្នេះតើអ្នកអាចធ្វើឡើងវិញក្នុងបីថ្ងៃដូចម្ដេចបាន?»។
២១ ប៉ុន្តែ ពេលលោកមានប្រសាសន៍អំពីវិហារនោះ លោកកំពុងមានប្រសាសន៍សំដៅលើរូបកាយរបស់លោក។+
២២ ក៏ប៉ុន្តែ ក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ ពួកអ្នកកាន់តាមលោកនឹកឃើញថាលោកធ្លាប់មានប្រសាសន៍ដូច្នេះជារឿយៗ+ ហើយពួកគាត់ជឿបទគម្ពីរនិងប្រសាសន៍របស់លោកយេស៊ូ។
២៣ កាលដែលលោកនៅក្រុងយេរូសាឡិមក្នុងពេលបុណ្យរំលង នោះមនុស្សជាច្រើនចាប់ផ្ដើមមានជំនឿលើនាមរបស់លោក ពេលដែលពួកគេឃើញសញ្ញាសម្គាល់ទាំងប៉ុន្មានដែលលោកកំពុងធ្វើ។
២៤ ប៉ុន្តែ លោកយេស៊ូមិនបានទុកចិត្តពួកគេទាំងស្រុងឡើយ ពីព្រោះលោកស្គាល់ចិត្តរបស់ពួកគេទាំងអស់គ្នា
២៥ ហើយលោកក៏មិនត្រូវការឲ្យអ្នកណាបញ្ជាក់អំពីមនុស្សដែរ ពីព្រោះលោកជ្រាបអំពីអ្វីដែលនៅក្នុងចិត្តរបស់មនុស្ស។+
កំណត់សម្គាល់
^ ន័យត្រង់«ស្ត្រីអើយ តើរឿងនេះទាក់ទងអ្វីនឹងខ្ញុំនិងអ្នក?»។ នេះជាសម្ដីដើម្បីជំទាស់នឹងសំណូមពរណាមួយ ហើយពាក្យ«ស្ត្រី»មិនមែនជាសម្ដីដែលមិនបង្ហាញការគោរពទេ
^ ប្រហែលជារង្វាល់វត្ថុរាវដែលហៅថាបាត។ មួយបាតស្មើនឹង២២លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤