សៀវភៅយ៉ូហាន ៤:១-៥៤

  • លោក​យេស៊ូ​និង​ស្ត្រីជន​ជាតិ​សាម៉ារី (​១​-​៣៨)

    • គោរព​ប្រណិប័តន៍​ព្រះ​«​ដោយ​មាន​ការ​ដឹក​នាំ​ពី​ឫទ្ធានុភាព​របស់​លោក​និង​ដោយ​សេចក្ដី​ពិត​»​ (​២៣, ២៤)

  • ជន​ជាតិ​សាម៉ារី​ជា​ច្រើន​មាន​ជំនឿ​លើ​លោក​យេស៊ូ (​៣៩​-​៤២)

  • លោក​យេស៊ូ​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​អ្នក​បម្រើ​ស្ដេច​ជា​សះ​ស្បើយ (​៤៣​-​៥៤)

 ក្រោយ​មក មាន​គេ​ប្រាប់​ពួក​ផារិស៊ី​ថា​លោក​កំពុង​មាន​អ្នក​កាន់​តាម​ច្រើន​ជាង​យ៉ូហាន ហើយ​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស+ច្រើន​ជាង​យ៉ូហាន។ ពេល​លោក​ម្ចាស់​យេស៊ូ​បាន​ឮ​ដូច្នោះ ២  (​តាម​ពិត​លោក​យេស៊ូ​មិន​បាន​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ណា​ដោយ​ផ្ទាល់​ឡើយ តែ​ពួក​អ្នក​កាន់​តាម​លោក​ជា​អ្នក​ជ្រមុជ​ទឹក​ឲ្យ​គេ​វិញ​) ៣  នោះ​លោក​បាន​ចេញ​ពី​តំបន់​យូឌា ហើយ​ទៅ​ស្រុកកាលីឡេ​ម្ដង​ទៀត។ ៤  ប៉ុន្តែ លោក​ត្រូវ​ធ្វើ​ដំណើរ​កាត់​ស្រុក​សាម៉ារី។ ៥  ដូច្នេះ លោក​បាន​ទៅ​ដល់​ក្រុង​មួយ​ហៅ​ថា​ស៊ីខា នៅ​ស្រុក​សាម៉ារី ជិត​ដី​វាល​ដែល​យ៉ាកុប​បាន​ឲ្យ​ដល់​យ៉ូសែប ជា​កូន​ប្រុស​គាត់។+ ៦  តាម​ពិត​អណ្ដូង​របស់​យ៉ាកុប​ក៏​នៅ​ទី​នោះ​ដែរ។+ ឯ​លោក​យេស៊ូ លោក​អស់​កម្លាំង​ដោយ​សារ​ការ​ធ្វើ​ដំណើរ ដូច្នេះ​លោក​ក៏​អង្គុយ​នៅ​អណ្ដូង​នោះ។ ពេល​នោះ​ប្រហែល​ម៉ោង​ទី​៦។* ៧  ស្ត្រីជន​ជាតិ​សាម៉ារី​ម្នាក់​បាន​មក​ដង​ទឹក។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​សូម​ឲ្យ​ទឹក​ខ្ញុំ​ផឹក​ផង​»​ ៨  (​ព្រោះ​ពួក​អ្នក​កាន់​តាម​លោក​បាន​ចេញ​ទៅ​ក្រុង​ដើម្បី​ទិញ​ស្បៀង​អាហារ​)។ ៩  ម្ល៉ោះ​ហើយ ស្ត្រីជន​ជាតិ​សាម៉ារី​សួរ​លោក​ថា​៖ ​«​ម្ដេច​បាន​ជា​លោក​សុំ​ទឹក​ពី​ខ្ញុំ​ដូច្នេះ? ព្រោះ​លោក​ជា​ជនជាតិ​យូដា ហើយ​ខ្ញុំ​ជា​ស្ត្រីជន​ជាតិ​សាម៉ារី​»​ (​ដោយ​សារ​ជនជាតិ​យូដា​មិន​ទាក់​ទង​ជា​មួយ​នឹង​ជន​ជាតិ​សាម៉ារី​ឡើយ​)។+ ១០  លោក​យេស៊ូ​តប​ទៅ​នាង​ថា​៖ ​«​ប្រសិន​បើ​នាង​បាន​ស្គាល់​អំណោយ​ទាន​របស់​ព្រះ+ ហើយ​ដឹង​ថា​អ្នក​ណា​កំពុង​និយាយ​ទៅ​នាង​ថា​‹សូម​ឲ្យ​ទឹក​ខ្ញុំ​ផឹក​ផង› នោះ​នាង​មុខ​ជា​បាន​សុំ​ទឹក​ពី​លោក ហើយ​លោក​នឹង​ឲ្យ​ទឹក​ដែល​ផ្ដល់​ជីវិត​ដល់​នាង​»។+ ១១  នាង​ជម្រាប​លោក​ថា​៖ ​«​លោក​គ្មាន​អ្វី​សម្រាប់​ដង​ទឹក​ទេ ហើយ​អណ្ដូង​នេះ​ក៏​ជ្រៅ​ដែរ។ ដូច្នេះ តើ​លោក​បាន​ទឹក​ដែល​ផ្ដល់​ជីវិត​នោះ​មក​ពី​ណា? ១២  លោក​មិន​មែន​ធំ​ជាង​យ៉ាកុប ជា​បុព្វ​បុរស​របស់​យើង​ដែល​បាន​ឲ្យ​អណ្ដូង​នេះ​មក​យើង ហើយ​ដែល​បាន​ផឹក​ទឹក​ពី​អណ្ដូង​នេះ​ជា​មួយ​នឹង​កូន​ៗ​និង​ហ្វូង​សត្វ​របស់​គាត់​ទេ មែន​ទេ?​»។ ១៣  លោក​យេស៊ូ​តប​ទៅ​នាង​ថា​៖ ​«​អស់​អ្នក​ណា​ដែល​ផឹក​ទឹក​នេះ នឹង​ស្រេក​ម្ដង​ទៀត។ ១៤  ប៉ុន្តែ អ្នក​ណា​ដែល​ផឹក​ទឹក​ដែល​ខ្ញុំ​ឲ្យ អ្នក​នោះ​នឹង​មិន​ស្រេក​ម្ដង​ទៀត​ឡើយ។+ ក៏​ប៉ុន្តែ ទឹក​ដែល​ខ្ញុំ​ឲ្យ​អ្នក​នោះ នឹង​ទៅ​ជា​ទឹក​ផុស​ក្នុង​អ្នក​នោះ ហើយ​ជា​ទឹក​ដែល​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។+ ១៥  ស្ត្រី​នោះ​ជម្រាប​លោក​ថា​៖ ​«​លោក សូម​ឲ្យ​ទឹក​នោះ​មក​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ស្រេក​ទៀត ឬ​ត្រូវ​មក​ដង​ទឹក​ពី​កន្លែង​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​ឡើយ​»។ ១៦  លោក​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​ចូរ​ទៅ​ហៅ​ប្ដី​របស់​នាង រួច​ត្រឡប់​មក​កន្លែង​នេះ​វិញ​»។ ១៧  នាង​តប​ទៅ​លោក​ថា​៖ ​«​ខ្ញុំ​គ្មាន​ប្ដី​ទេ​»។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​នាង​និយាយ​ថា​៖ ‹ខ្ញុំ​គ្មាន​ប្ដី​ទេ› នោះ​ត្រឹម​ត្រូវហើយ។ ១៨  ព្រោះ​នាង​ធ្លាប់​មាន​ប្ដី​ប្រាំ​នាក់ ហើយ​បុរស​ដែល​រស់​នៅ​ជា​មួយ​នឹង​នាង​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ប្ដី​របស់​នាង​ឡើយ។ នាង​បាន​និយាយ​ពិត​ត្រង់​អំពី​រឿងនេះ​»។ ១៩  ស្ត្រី​នោះ​ជម្រាប​លោក​ថា​៖ ​«​លោក ខ្ញុំ​យល់​ឃើញ​ថា​លោក​ជា​អ្នក​ប្រកាស​ទំនាយ។+ ២០  បុព្វ​បុរស​របស់​យើង​ធ្លាប់​គោរព​បូជា​នៅ​ភ្នំ​នេះ ប៉ុន្តែ​ពួក​លោក​និយាយ​ថា​ត្រូវ​គោរព​បូជា​នៅ​ក្រុង​យេរូសាឡិម​វិញ​»។+ ២១  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​នាង​អើយ ចូរ​ជឿ​ខ្ញុំ​ចុះ​ថា នឹង​មាន​គ្រា​មក​ដល់ ដែល​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​មិន​គោរព​ប្រណិប័តន៍​ព្រះ* នៅ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូសាឡិម​ទៀត​ឡើយ។ ២២  អ្នក​រាល់​គ្នា​គោរព​ប្រណិប័តន៍​អ្វី​ដែល​អ្នក​មិន​ស្គាល់+ តែ​យើង​គោរព​ប្រណិប័តន៍​អ្វី​ដែល​យើង​ស្គាល់ ព្រោះ​សេចក្ដី​សង្គ្រោះ​គឺ​មក​តាម​រយៈ​ជនជាតិ​យូដា។+ ២៣  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នឹង​មាន​វេលា​មក​ដល់ ក៏​នៅ​ឥឡូវ​នេះ​ហើយ ពេល​ដែល​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ពិត​នឹង​គោរព​ប្រណិប័តន៍​បិតា​នៅ​ស្ថាន​សួគ៌ ដោយ​មាន​ការ​ដឹក​នាំ​ពី​ឫទ្ធានុភាព​របស់​លោក​និង​ដោយ​សេចក្ដី​ពិត ព្រោះ​បិតា​នៅ​ស្ថាន​សួគ៌​កំពុង​រក​មនុស្ស​បែប​នេះ​ឲ្យ​មក​គោរព​ប្រណិប័តន៍​លោក។+ ២៤  ព្រះ​ជា​វិញ្ញាណ+ ហើយ​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក ត្រូវ​តែ​គោរព​ប្រណិប័តន៍​ដោយ​មាន​ការ​ដឹក​នាំ​ពី​ឫទ្ធានុភាព​របស់​លោក​និង​ដោយ​សេចក្ដីពិត​»។+ ២៥  ស្ត្រី​នោះ​ជម្រាប​លោក​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​មេស្ស៊ី*ដែល​គេ​ហៅ​ថា​គ្រិស្ត​នឹង​មក​ដល់។ នៅ​ពេល​លោក​មក​ដល់​ហើយ លោក​នឹង​ប្រកាស​ជា​ចំហ​ឲ្យ​យើង​ដឹង​អ្វី​ៗ​ទាំង​អស់​»។ ២៦  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​ខ្ញុំ​ដែល​កំពុង​និយាយ​ជា​មួយ​នឹង​នាង គឺ​ជា​លោក​នោះ​ហើយ​»។+ ២៧  ពេល​នោះ ពួក​អ្នក​កាន់​តាម​លោក​បាន​មក​ដល់ ហើយ​ក៏​ឆ្ងល់ ពី​ព្រោះ​ឃើញ​លោក​កំពុង​និយាយ​ជា​មួយ​នឹង​ស្ត្រី។ ប៉ុន្តែ គ្មាន​អ្នក​ណា​សួរ​លោក​ទេ​ថា​៖ ​«​តើ​លោក​កំពុង​រក​អ្វី?​»​ ឬ​«​ហេតុ​អ្វី​លោក​មាន​ប្រសាសន៍​ជា​មួយ​នឹង​នាង?​»។ ២៨  ម្ល៉ោះ​ហើយ ស្ត្រី​នោះ​បាន​ទុក​ក្អម​ទឹក​ចោល រួច​ចូល​ទៅ​ក្នុង​ក្រុង ហើយ​ប្រាប់​មនុស្ស​នៅ​ទី​នោះ​ថា​៖ ២៩  ​«​សូម​មក​មើល​បុរស​ដែល​បាន​ប្រាប់​ខ្ញុំ​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ធ្វើ។ ប្រហែល​លោក​នោះ​ជា​គ្រិស្ត​ទេ​ដឹង?​»។ ៣០  ពួក​គេ​ក៏​ចេញ​ពី​ក្រុង ហើយ​នាំ​គ្នា​ទៅ​ឯ​លោក។ ៣១  ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ពួក​អ្នក​កាន់​តាម​កំពុង​តឿន​លោក​ថា​៖ ​«​រ៉ាប៊ី*+ អញ្ជើញ​ពិសា​ទៅ​»។ ៣២  ប៉ុន្តែ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​មាន​អាហារ​បរិភោគ​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់​ឡើយ​»។ ៣៣  ដូច្នេះ ពួក​អ្នក​កាន់​តាម​លោក​ក៏​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​៖ ​«​គ្មាន​អ្នក​ណា​បាន​យក​អ្វី​ជូន​លោក​ពិសា​ទេ មែន​ទេ?​»។ ៣៤  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​អាហារ​របស់​ខ្ញុំ គឺខ្ញុំ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក+ ព្រម​ទាំង​បង្ហើយ​កិច្ចការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ផង។+ ៣៥  អ្នក​រាល់​គ្នា​និយាយ​ថា បួន​ខែ​ទៀត​ទើប​ដល់​រដូវ​ច្រូត​ប្រមូល​ផល មែន​ទេ? មើល! ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ងើយ​ភ្នែក​មើល​វាល​ស្រូវ ឃើញ​ថា​ស្រូវ​នោះ​ទុំ​ល្មម​ច្រូត​ហើយ។+ ៣៦  អ្នក​ច្រូត​កាត់​កំពុង​ទទួល​ប្រាក់​ឈ្នួល និង​ប្រមូល​ផល​សម្រាប់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​រួច​ហើយ ប្រយោជន៍​ឲ្យ​អ្នក​សាប​ព្រោះ​និង​អ្នក​ច្រូត​ប្រមូល​ផល អរ​សប្បាយ​ជា​មួយ​គ្នា។+ ៣៧  ស្ដី​អំពី​រឿង​នេះ ពាក្យ​ដែល​គេ​តែង​និយាយ​គឺ​ជា​ការ​ពិត​មែន: ម្នាក់​សាប​ព្រោះ ម្នាក់​ទៀត​ច្រូត​ប្រមូល​ផល។ ៣៨  ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​ច្រូត​ប្រមូល​អ្វី​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ចំណាយ​កម្លាំង​សោះ។ អ្នក​ឯ​ទៀត​បាន​ចំណាយ​កម្លាំង តែ​អ្នក​រាល់​គ្នា​បាន​ចូល​មក​ទទួល​ប្រយោជន៍​ពី​ការ​នឿយ​ហត់​របស់​អ្នក​ទាំង​នោះ​»។ ៣៩  ជន​ជាតិ​សាម៉ារី​ជា​ច្រើន​នាក់​នៅ​ក្រុង​នោះ ចាប់​ផ្ដើម​មាន​ជំនឿ​លើ​លោក ដោយ​សារ​ពាក្យ​របស់​ស្ត្រី​ដែល​បាន​ធ្វើ​ជា​សាក្សី​ថា​៖ ​«​លោក​បាន​ប្រាប់​ខ្ញុំ​អំពី​អ្វី​ៗ​​ទាំង​អស់​ដែល​ខ្ញុំ​បាន​ធ្វើ​»។+ ៤០  ដូច្នេះ ក្រោយ​ពី​ជន​ជាតិ​សាម៉ារី​បាន​មក​ឯ​លោក នោះ​ពួក​គេ​ចាប់​ផ្ដើម​សុំ​លោក​ឲ្យ​ស្នាក់​នៅ​ជា​មួយ​នឹង​ពួក​គេ ហើយ​លោក​ក៏​ស្នាក់​នៅ​ទី​នោះ​ពីរ​ថ្ងៃ។ ៤១  ម្ល៉ោះ​ហើយ ពួក​គេ​ជា​ច្រើន​នាក់​ទៀត​បាន​ជឿ ដោយ​សារ​អ្វី​ដែល​លោក​មាន​ប្រសាសន៍ ៤២  ហើយ​ពួក​គេ​និយាយ​ទៅ​ស្ត្រី​នោះ​ថា​៖ ​«​ឥឡូវ​យើង​ជឿ មិន​មែន​ដោយ​សារ​តែ​សម្ដី​របស់​នាង​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​យើង​បាន​ឮ​ដោយ​ខ្លួន​យើង​ផ្ទាល់​ដែរ ហើយ​យើង​ដឹង​ប្រាកដ​ថា​បុរស​នេះ​ជា​អ្នក​សង្គ្រោះ​ពិភព​លោក​មែន​»។+ ៤៣  លុះ​ពីរ​ថ្ងៃ​ក្រោយ​មក លោក​ចេញ​ពី​ទី​នោះ​ទៅ​ស្រុកកាលីឡេ។ ៤៤  ក៏​ប៉ុន្តែ លោក​យេស៊ូ​បាន​បញ្ជាក់​ដោយ​ខ្លួន​លោក​ថា អ្នក​ប្រកាស​ទំនាយ​មិន​ទទួល​កិត្តិយស​នៅ​ស្រុក​កំណើត​របស់​ខ្លួន​ឡើយ។+ ៤៥  ដូច្នេះ ពេល​ដែល​លោក​បាន​ទៅ​ដល់​ស្រុកកាលីឡេ នោះ​អ្នក​ស្រុកកាលីឡេ​បាន​ទទួល​លោក ពី​ព្រោះ​ពួក​គេ​បាន​ឃើញ​ការ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​នៅ​ក្រុង​យេរូសាឡិម​ក្នុង​អំឡុង​ពេល​បុណ្យ+ ព្រោះ​ពួក​គេ​ក៏​បាន​ទៅ​ចូល​រួម​បុណ្យ​នោះ​ដែរ។+ ៤៦  ក្រោយ​មក លោក​បាន​មក​ភូមិ​កាណា​នៅ​ស្រុកកាលីឡេ​ម្ដង​ទៀត ជា​កន្លែង​ដែល​លោក​បាន​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ទៅ​ជា​ស្រា។+ មាន​បុរស​ម្នាក់​ដែល​ជា​អ្នក​បម្រើ​ស្ដេច ហើយ​កូន​ប្រុស​របស់​គាត់​កំពុង​ឈឺ​នៅ​ក្រុង​កាពើណិម។ ៤៧  នៅ​ពេល​ដែល​បុរស​នេះ​ឮ​ថា​លោក​យេស៊ូ​បាន​ចេញ​ពី​តំបន់​យូឌា​មក​ស្រុកកាលីឡេ នោះ​គាត់​បាន​ចេញ​ទៅ​សុំ​លោក​ឲ្យ​ចុះ​មក ហើយ​ជួយ​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​គាត់​ជា​ផង ព្រោះ​កូន​របស់​គាត់​ជិត​ស្លាប់​ហើយ។ ៤៨  ក៏​ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​មិន​ជឿ​ឡើយ លុះ​ត្រា​តែ​ឃើញ​សញ្ញា​សម្គាល់​និង​ការ​អស្ចារ្យ​»។+ ៤៩  អ្នក​បម្រើ​ស្ដេច​ជម្រាប​លោក​ថា​៖ ​«​លោក​ម្ចាស់ សូម​ចុះ​មក មុន​កូន*របស់​ខ្ញុំ​ស្លាប់​»។ ៥០  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​អញ្ជើញ​ទៅ​ចុះ កូន​ប្រុស​របស់​អ្នក​បាន​ជា​ឡើង​វិញ​ហើយ​»។+ បុរស​នោះ​ជឿ​ប្រសាសន៍​របស់​លោក​យេស៊ូ ហើយ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ៥១  លុះ​ពេល​គាត់​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ពួក​ខ្ញុំ​បម្រើ​របស់​គាត់​បាន​មក​ជួប​គាត់ ហើយ​ប្រាប់​ថា​កូន​ប្រុស​របស់​គាត់​បាន​ជា​ឡើង​វិញ​ហើយ។ ៥២  ដូច្នេះ គាត់​សួរ​ពួក​គេ​អំពី​ម៉ោង​ណា​ដែល​កូន​របស់​គាត់​មាន​សុខភាព​ល្អ​ឡើង​វិញ។ ពួក​គេ​ប្រាប់​គាត់​ថា​៖ ​«​ម្សិលមិញ នៅ​ម៉ោង​ទី​៧* គ្រុន​ក៏​បាត់​ពី​គាត់​ទៅ​»។ ៥៣  ដូច្នេះ ឪពុក​របស់​កូន​នោះ​ក៏​ដឹង​ថា គឺ​នៅ​ម៉ោង​នោះ​ឯង​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​កូន​ប្រុស​របស់​អ្នក​បាន​ជា​ឡើង​វិញ​ហើយ​»។+ រួច​គាត់​និង​ពួក​អ្នក​ផ្ទះ​ទាំង​អស់​របស់​គាត់​បាន​ទៅ​ជា​អ្នក​ជឿ។ ៥៤  នេះ​ជា​សញ្ញា​សម្គាល់​ទី​២+ដែល​លោក​យេស៊ូ​បាន​ធ្វើ ពេល​ចេញ​ពី​តំបន់​យូឌា​មក​ស្រុកកាលីឡេ​វិញ។

កំណត់សម្គាល់

ប្រហែល​ជា​ម៉ោង​១២​ថ្ងៃ​ត្រង់
ឬ​«​បិតា​ដែល​នៅ​ស្ថាន​សួគ៌​»​
មើល​និយម​ន័យ​ពាក្យ​«​មេស្ស៊ី​»​
មាន​ន័យ​ថា​«​លោក​គ្រូ​»​
ឬ​«​កូន​ជំទង់​»​
ប្រហែល​ជា​ម៉ោង​មួយ​រសៀល