យ៉ូអែល ១:១-២០

  • សេចក្ដី​វេទនា​ដែល​មក​ពី​ហ្វូង​សត្វ​ល្អិត (​១​-​១៤)

  • «​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​ហើយ​»​ (​១៥​-​២០)

    • អ្នក​ប្រកាស​ទំនាយ​ហៅ​រក​ព្រះ​យេហូវ៉ា (​១៩, ២០)

 ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​យ៉ូអែល*ជា​កូន​ភេធូអែល​ថា​៖  ២  ​«​ពួក​អ្នក​ចាស់​ទុំ​អើយ! ចូរ​ស្ដាប់​ចុះ! ពួក​អ្នក​ស្រុក​ទាំង​មូល​អើយ! ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់។ ក្នុង​គ្រា​របស់​អ្នក​រាល់​គ្នា តើ​ធ្លាប់​មាន​រឿង​នេះ​កើត​ឡើង​ឬ? ចុះ​ក្នុង​គ្រា​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​វិញ តើ​ធ្លាប់​មាន​រឿង​នេះ​ដែរ​ឬ​ទេ?+  ៣  ចូរ​រៀប​រាប់​ហេតុ​ការណ៍​នេះ​ប្រាប់​ដល់​កូន​ៗ​របស់​អ្នក​រាល់​គ្នាហើយ​ឲ្យ​ពួក​គេ​ប្រាប់​ដល់​កូន​ចៅ​របស់​ខ្លួនរួច​ឲ្យ​កូន​ចៅ​ទាំង​នោះ​ប្រាប់​ដល់​ជំនាន់​ក្រោយ​ៗ​ទៀត។  ៤  អ្វី​ៗ​ដែល​សល់​ពី​ហ្វូង​កណ្ដូប*ដំបូង​ស៊ី​បំផ្លាញ នោះ​កណ្ដូប​មួយ​ហ្វូង​ទៀត​នឹង​ហើរ​មក​ស៊ី​បង្ហិន+អ្វី​ៗ​ដែល​សល់​ពី​កណ្ដូប​ហើរ​ចូល​ស៊ី នោះ​កូន​កណ្ដូប​ស៊ី​បង្ខូចអ្វី​ៗ​ដែល​សល់​ពី​កូន​កណ្ដូប នោះ​កណ្ដូប​ឯ​ទៀត​មក​ស៊ី​បំផ្លាញ​អស់។+  ៥  ឱ​មនុស្ស​ប្រមឹក​អើយ!+ ចូរ​ក្រោក​ឡើង ហើយ​ស្រែក​យំ​ទៅ! ឱ​ពួក​អ្នក​ផឹក​ស្រា​អើយ! ចូរ​ទ្រហោ​យំ​ចុះ! ព្រោះ​នឹង​លែង​មាន​ស្រា​ផ្អែម​ផឹក​ទៀត​ហើយ។+  ៦  ព្រោះ​មាន​ទ័ព​កណ្ដូប​មួយ​កង​ធំ​ចូល​មក​ក្នុង​ទឹក​ដី​របស់​ខ្ញុំ ជា​កង​ទ័ព​ខ្លាំង​ក្លា ហើយ​មាន​ចំនួន​ច្រើន​ឥត​គណនា។+ ធ្មេញ​ពួក​វា​ដូច​ជា​ធ្មេញ​តោ+ ហើយ​ថ្គាម​ពួក​វា​ដូច​ជា​ថ្គាម​សិង្ហ។  ៧  ពួក​វា​ស៊ី​បំផ្លាញ​ដើម​ទំពាំង​បាយ​ជូរ​របស់​ខ្ញុំ ហើយ​ស៊ី​ដើម​ល្វា​ខ្ញុំ​អស់​សល់​តែ​គល់។ ពួក​វា​ស៊ី​សម្បក​ឈើ​ទម្លាក់​ចោល​អស់​រលីងបន្សល់​ទុក​តែ​បណ្ដូល​ស​ៗ​ប៉ុណ្ណោះ។  ៨  ចូរ​ទ្រហោ​យំ​ដូច​ជា​កូន​ក្រមុំ​ដែល​ស្លៀក​បាវយំ​ស្ដាយ​ស្រណោះ​កូន​កំលោះ។  ៩  នៅ​វិហារ​ព្រះ​យេហូវ៉ា​លែង​មាន​ការ​ជូន​គ្រឿង​បូជា​ពី​ស្រូវ+​និង​ការ​ជូន​គ្រឿង​បូជា​ជា​ស្រា+ទៀត​ហើយ។ រីឯ​ពួក​សង្ឃ​ដែល​បម្រើ​ព្រះ​យេហូវ៉ា ពួក​គេ​យំ​កាន់​ទុក្ខ។ ១០  វាល​ស្រែ​បាន​ត្រូវ​បំផ្លាញ ហើយ​ដី​ក៏​យំ​កាន់​ទុក្ខ+ព្រោះ​ស្រូវ​បាន​ហិន​វិនាស​អស់ ហើយ​ស្រា​ថ្មី​និង​ប្រេង​ក៏​លែង​មាន​ទៀត។+ ១១  ពួក​កសិករ​បាក់​ទឹក​ចិត្ត ហើយ​ពួក​អ្នក​ថែ​ចម្ការ​ទំពាំង​បាយ​ជូរ​ទ្រហោ​យំដោយ​សារ​ស្រូវ​សាលី និង​ស្រូវ​បាលីនិង​ភោគ​ផល​ទាំង​ប៉ុន្មាន​នៅ​ឯ​វាល​បាន​ហិន​វិនាស​អស់។ ១២  ដើម​ទំពាំង​បាយ​ជូរ​បាន​ស្វិត​ស្រពោនហើយ​ដើម​ល្វា​បាន​ក្រៀម​ស្វិត​ទៅ។ ឯ​ដើម​ទទឹម ដើម​លម៉ើ និង​ដើម​ប៉ោមព្រម​ទាំង​ដើម​ឈើ​ទាំង​ឡាយ​នៅ​ឯ​វាល​បាន​ងាប់​អស់។+ បណ្ដា​ជន​លែង​មាន​អំណរ​ទៀត មាន​តែ​សេចក្ដី​អាម៉ាស់​ប៉ុណ្ណោះ។ ១៣  ឱ​ពួក​សង្ឃ​អើយ! ចូរ​ស្លៀក​បាវ​ហើយ​យំ​កាន់​ទុក្ខ។* ឱ​ពួក​អ្នក​បម្រើ​នៅ​ទី​បូជា​អើយ! ចូរ​ទ្រហោ​យំ​ទៅ!+ ឱ​ពួក​អ្នក​បម្រើ​ព្រះ​នៃ​ខ្ញុំ​អើយ! ចូរ​នាំ​គ្នា​ចូល​មក ហើយ​ស្លៀក​បាវ​ពេញ​មួយ​យប់ព្រោះ​លែង​មាន​ការ​ជូន​គ្រឿង​បូជា​ពី​ស្រូវ+និង​ការ​ជូន​គ្រឿង​បូជា​ជា​ស្រា+​នៅ​វិហារ​របស់​ព្រះ​នៃ​អ្នក​រាល់​គ្នា​ទៀត​ហើយ។ ១៤  ចូរ​ប្រកាស​ឲ្យ​មាន​ការ​តម​អាហារ ហើយ​ហៅ​បណ្ដា​ជន​ឲ្យ​មក​ចូល​រួម​ការ​ប្រជុំ​ពិសេស។+ ចូរ​អញ្ជើញ​ពួក​អ្នក​ចាស់​ទុំ ព្រម​ទាំង​អ្នក​ស្រុក​ទាំង​អស់ឲ្យ​មក​ឯ​វិហារ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា+​ហើយ​ស្រែក​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ ១៥  វេទនា​ហើយ! ព្រោះ​ថ្ងៃ​នោះ​មក​កាន់​តែ​កៀក​ណាស់​ហើយ! គឺ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​ហើយ។+ ថ្ងៃ​នោះ​នឹង​មក​ទាំង​នាំ​ការ​បំផ្លិច​បំផ្លាញ​ពី​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។ ១៦  ស្បៀង​អាហារ​បាន​បាត់​អស់​ពី​មុខ​យើង មែន​ទេ? ហើយ​ក៏​លែង​មាន​អំណរ​និង​ការ​សប្បាយ​រីករាយ​នៅ​វិហារ​របស់​ព្រះ​នៃ​យើង​ទៀត​ដែរ។ ១៧  នៅ​ក្រោម​ប៉ែល​មាន​សុទ្ធ​តែ​គ្រាប់​ពូជ​ក្រៀម​ស្វិត។* ចំណែក​ឃ្លាំង​នា​នា​ត្រូវ​គេ​ទុក​ចោលហើយ​ជង្រុក​ទាំង​ប៉ុន្មាន​ត្រូវ​គេ​រំលំ​អស់ ព្រោះ​លែង​មាន​ស្រូវ​ទៀត។ ១៨  រីឯ​ហ្វូង​សត្វ​វិញ ពួក​វា​ក៏​ស្រែក​ថ្ងូរ។ ហ្វូង​គោ​ដើរ​ខ្ចាត់​ព្រាត់ ព្រោះ​គ្មាន​វាល​ស្មៅ​សោះ! ហើយ​សូម្បី​តែ​ហ្វូង​ចៀម​ក៏​រង​ទុក្ខ​ដែរ។ ១៩  ឱ​ព្រះ​យេហូវ៉ា​អើយ! ខ្ញុំ​នឹង​ស្រែក​ហៅ​រក​លោក+ព្រោះ​ភ្លើង​បាន​ឆេះ​បំផ្លាញ​វាល​ស្មៅ​នៅ​តំបន់​ស្ងាត់​ជ្រងំហើយ​អណ្ដាត​ភ្លើង​បាន​ឆាប​ឆេះ​ដើម​ឈើ​ទាំង​អស់​នៅ​ឯ​វាល។ ២០  សូម្បី​តែ​សត្វ​ព្រៃ​ក៏​សម្លឹង​មើល​ទៅ​លោក​ដោយ​សេចក្ដី​ស្រេក​ឃ្លាន​ដែរព្រោះ​ផ្លូវ​ទឹក​ទាំង​ប៉ុន្មាន​បាន​រីង​ស្ងួត​អស់ហើយ​ភ្លើង​បាន​ឆេះ​បំផ្លាញ​វាល​ស្មៅ​នៅ​តំបន់​ស្ងាត់​ជ្រងំ​អស់​គ្មាន​សល់​»។

កំណត់សម្គាល់

មាន​ន័យ​ថា​«​យេហូវ៉ា​ជា​ព្រះ​»​
ក្នុង​ខ​នេះ​ភាសា​ហេប្រឺ​ប្រើ​ពាក្យ​បួន​ខុស​គ្នា​សម្រាប់​សត្វ​កណ្ដូប
ឬ​«​គក់​ទ្រូង​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ល្វា​ក្រៀម​»​