យ៉ូអែល ២:១-៣២

  • ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​និង​កង​ទ័ព​ដ៏​ធំ​សម្បើម​របស់​លោក (​១​-​១១)

  • ការ​ហៅ​ឲ្យ​មក​រក​ព្រះ​យេហូវ៉ា​វិញ (​១២​-​១៧)

    • «​ចូរ​ហែក​ចិត្ត​ខ្លួន​»​ (​១៣)

  • ព្រះ​យេហូវ៉ា​តប​ឆ្លើយ​ទៅ​រាស្ត្រ​របស់​លោក (​១៨​-​៣២)

    • «​ខ្ញុំ​នឹង​ចាក់​ឫទ្ធានុភាព​របស់​ខ្ញុំ​»​ (​២៨)

    • ការ​អស្ចារ្យ​នៅ​លើ​មេឃ​និង​នៅ​ផែនដី (​៣០)

    • អស់​អ្នក​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​សង្គ្រោះ (​៣២)

 ​«​ចូរ​ផ្លុំ​ស្នែង​នៅ​ស៊ីយ៉ូន​ទៅ!+ ចូរ​បន្លឺ​សំឡេង​ចម្បាំង​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​ខ្ញុំ។ ចូរ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់ ភ័យ​ញាប់​ញ័រព្រោះ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​កំពុង​មក+ គឺ​មក​កាន់​តែ​កៀក​ណាស់​ហើយ!  ២  ថ្ងៃ​នោះ​នឹង​មាន​ភាព​ងងឹត​សូន្យសុង+ ហើយ​មាន​ពពក​យ៉ាង​ក្រាស់+ដូច​ជា​ពន្លឺ​ស្រាង​ៗ គ្រប​ដណ្ដប់​ទៅ​លើ​ភ្នំ។ ថ្ងៃ​នោះ នឹង​មាន​កង​ទ័ព​ដ៏​ធំ​ខ្លាំង​ក្លា​មក។+ ពី​មុន​មិន​ដែល​មាន​ដូច​នោះ​ទេ ហើយ​គ្រប់​ជំនាន់​ត​ទៅ​ក៏​មិន​មាន​ទៀត​ដែរ។  ៣  នៅ​ខាង​មុខ​ទ័ព​នោះ​មាន​ភ្លើង​ឆេះ​បំផ្លាញហើយ​នៅ​ខាង​ក្រោយ មាន​អណ្ដាត​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ។+ ស្រុក​ដែល​នៅ​ខាង​មុខ​ទ័ព​នោះ គឺ​ដូច​ជា​សួន​អេដែន+តែ​នៅ​ខាង​ក្រោយ​ជា​តំបន់​ស្ងាត់​ជ្រងំ គឺ​គ្មាន​អ្វី​នៅ​សេស​សល់​ទេ។  ៤  ពួក​វា​មើល​ទៅ​ដូច​ជា​ហ្វូង​សេះ ហើយ​ពួក​វា​រត់​ដូច​ជា​សេះ​ចម្បាំង។+  ៥  កាល​ពួក​វា​លោត​ឡើង​កំពូល​ភ្នំ​នា​នា មាន​សន្ធឹក​ដូច​ជា​រទេះ​ចម្បាំង+និង​ឮ​សំឡេង​ដូច​ជា​ភ្លើង​ឆាប​ឆេះ​ចំបើង​យ៉ាង​សន្ធោ​សន្ធៅ។ ពួក​វា​តម្រៀប​គ្នា​ដូច​ជា​ក្បួន​ទ័ព​ខ្លាំង​ក្លា​ចូល​ប្រយុទ្ធ។+  ៦  ដោយ​សារ​ពួក​វា មនុស្ស​ទាំង​ឡាយ​នឹង​ភ័យ​ព្រួយហើយ​មាន​ទឹក​មុខ​ភ័យ​ស្លេក​ស្លាំង។  ៧  ពួក​វា​សម្រុក​ចូល​ដូច​ជា​កង​ទ័ព​យ៉ាង​អង់អាចហើយ​ឡើង​ជញ្ជាំង​ដូច​ជា​ទាហាន​ដ៏​ខ្លាំង​ពូកែពួក​វា​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច ហើយ​ឥត​បែរ​ចេញ​ពី​ផ្លូវ​របស់​ខ្លួន​ឡើយ។  ៨  ពួក​វា​មិន​ប្រជ្រៀត​គ្នា​ទេ ពួក​វា​ដើរ​តាម​ជួរ​រៀង​ៗ​ខ្លួន។ ទោះ​ជា​ពួក​វា​ខ្លះ​ដួល​ងាប់​ដោយ​សារ​ត្រូវ​អាវុធ​ក្ដីក៏​ពួក​វា​ផ្សេង​ទៀត​មិន​បំបែក​ហ្វូង​ឡើយ។  ៩  ពួក​វា​សម្រុក​ចូល​ទៅ​ក្នុង​ក្រុង ហើយ​រត់​នៅ​លើ​កំពែង។ ពួក​វា​ឡើង​ចូល​ផ្ទះ​នា​នា​តាម​បង្អួច ដូច​ជា​ចោរ។ ១០  នៅ​ខាង​មុខ​ពួក​វា ដី​រញ្ជួយ ហើយ​មេឃ​កក្រើក។ ដួង​ខែ​ដួង​អាទិត្យ​ទៅ​ជា​ងងឹត+ ហើយ​ផ្កាយ​ទាំង​ឡាយ​ក៏​អាប់​រស្មី។ ១១  ព្រះ​យេហូវ៉ា​នឹង​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​នៅ​មុខ​ទ័ព+ដ៏​ធំ​របស់​លោក។+ ព្រោះ​ព្រះ​ធ្វើ​តាម​ប្រសាសន៍​របស់​លោក ហើយ​លោក​ខ្លាំង​ក្លាព្រោះ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​គឺ​អស្ចារ្យ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ក្រៃ​លែង។+ តើ​អ្នក​ណា​អាច​ទ្រាំ​បាន​ទៅ?​»។+ ១២  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ប៉ុន្តែ​សូម្បី​តែ​ឥឡូវ​នេះ ចូរ​ត្រឡប់​មក​រក​ខ្ញុំ​វិញ​ដោយ​អស់​ពី​ចិត្ត+ ដោយ​តម​អាហារ+និង​ដោយ​យំ​ទួញ។ ១៣  ចូរ​ហែក​ចិត្ត​ខ្លួន+ មិន​មែន​ហែក​សម្លៀក​បំពាក់​ទេ+ហើយ​ចូរ​វិល​មក​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​វិញព្រោះ​លោក​ជា​ព្រះ​នៃ​សេចក្ដី​មេត្តា​ករុណា​និង​សេចក្ដី​អាណិត​អាសូរ​លោក​យឺត​នឹង​ខឹង+ ហើយ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​បរិបូរ+ហើយ​លោក​នឹង​គិត​អំពី​សេចក្ដី​វេទនា​នោះ​ឡើង​វិញ។ ១៤  លោក​ប្រហែល​ជា​ស្ដាយ​ឬ​ប្ដូរ​គំនិត​ក៏​មិន​ដឹង+រួច​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នាដើម្បី​អ្នក​រាល់​គ្នា​អាច​ជូន​គ្រឿង​បូជា​ពី​ស្រូវ​និង​គ្រឿង​បូជា​ជា​ស្រា​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។ ១៥  ចូរ​ផ្លុំ​ស្នែង​នៅ​ស៊ីយ៉ូន! ចូរ​ប្រកាស​ឲ្យ​មាន​ការ​តម​អាហារ រួច​អញ្ជើញ​គេ​ឲ្យ​មក​កិច្ច​ប្រជុំ​ពិសេស។+ ១៦  ចូរ​ប្រមូល​បណ្ដា​ជន ចូរ​ញែក​ពួក​ជំនុំ​ចេញ​ជា​បរិសុទ្ធ។+ ចូរ​ប្រមូល​ពួក​បុរស​ចាស់​ទុំ កូន​ក្មេង ព្រម​ទាំង​ទារក​នៅ​បៅ​ផង។+ ចូរ​ឲ្យ​កូន​កំលោះ​ចេញ​ពី​បន្ទប់​ខាង​ក្នុង ហើយ​ឲ្យ​កូន​ក្រមុំ​ចេញ​ពី​បន្ទប់​ខ្លួន។ ១៧  នៅ​ចន្លោះ​សាល​ខាង​មុខ​វិហារ​និង​ទី​បូជា+ចូរ​ឲ្យ​ពួក​សង្ឃ​ដែល​ជា​ពួក​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ទ្រហោ​យំ រួច​អង្វរ​ថា​៖‹ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​មេត្តា​អាណិត​អាសូរ​ដល់​រាស្ត្រ​របស់​លោក​ផងសូម​កុំ​ឲ្យ​មត៌ក​របស់​លោក​រង​ការ​ចំអក​មើល​ងាយសូម​កុំ​ឲ្យ​ប្រជា​ជាតិ​នា​នា​គ្រប់​គ្រង​លើ​ពួក​គេ​ឡើយ។ សូម​កុំ​ឲ្យ​ប្រជា​ជាតិ​ទាំង​នោះ​មាន​ហេតុ​និយាយ​ថា​៖ ​«​តើ​ព្រះ​របស់​ពួក​គេ​នៅ​ឯ​ណា?​»​›។+ ១៨  រួច​ព្រះ​យេហូវ៉ា​នឹង​ការ​ពារ*ទឹក​ដី​របស់​លោកហើយ​បង្ហាញ​ចិត្ត​អាណិត​អាសូរ​ដល់​រាស្ត្រ​របស់​លោក។+ ១៩  ព្រះ​យេហូវ៉ា​នឹង​តប​ឆ្លើយ​ទៅ​រាស្ត្រ​លោក​ថា​៖‹មើល! ខ្ញុំ​នឹង​ផ្ដល់​ស្រូវ ស្រា​ថ្មី និង​ប្រេង​ឲ្យ​អ្នក​រាល់​គ្នាហើយ​អ្នក​រាល់​គ្នា​នឹង​បរិភោគ​ឆ្អែត​ស្កប់​ស្កល់។+ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​លែង​ទទួល​ការ​ប្រមាថ​មើល​ងាយ​ពី​ប្រជា​ជាតិ​នា​នា​ទៀត​ហើយ។+ ២០  ខ្ញុំ​នឹង​បណ្ដេញ​ពួក​អ្នក​ដែល​មក​ពី​ទិស​ខាង​ជើង ទៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នាខ្ញុំ​នឹង​កម្ចាត់​កម្ចាយ​ពួក​អ្នក​ទាំង​នោះ​ទៅ​ទឹក​ដី​ហួត​ហែង​និង​ស្ងាត់​ជ្រងំហើយ​ពួក​អ្នក​ដែល​នៅ​ជួរ​មុខ ទៅ​សមុទ្រ​ខាង​កើត*ហើយ​ពួក​អ្នក​ដែល​នៅ​ជួរ​ក្រោយ ទៅ​សមុទ្រ​ខាង​លិច។* ពេល​នោះ ក្លិន​ស្អុយ​របស់​ពួក​គេ​នឹង​ភាយ​ចេញហើយ​ក្លិន​អសោច​របស់​ពួក​គេ​ក៏​សាយ​ទៅ​ដែរ+ព្រោះ​លោក​នឹង​ធ្វើ​ការ​អស្ចារ្យ›។ ២១  ឱ​ស្រុក​អើយ! កុំ​ភ័យ​ខ្លាច​ឡើយ។ ចូរ​មាន​អំណរ​និង​ចិត្ត​រីករាយ​ឡើង ព្រោះ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ការ​អស្ចារ្យ។ ២២  ឱ​សត្វ​នៅ​ឯ​វាល​អើយ! កុំ​ភ័យ​ខ្លាច​ឡើយព្រោះ​វាល​ស្មៅ​នៅ​តំបន់​ស្ងាត់​ជ្រងំ​នឹង​លាស់​ខៀវ​ខ្ចី+ដើម​ឈើ​ទាំង​ឡាយ​នឹង​បង្កើត​ផល​ផ្លែ+ហើយ​ដើម​ល្វា​និង​ដើម​ទំពាំង​បាយ​ជូរ នឹង​បង្កើត​ផល​ជា​បរិបូរ។+ ២៣  ឱ​កូន​ចៅ​ស៊ីយ៉ូន​អើយ! ចូរ​រីករាយ​និង​អរ​សប្បាយ​ដោយ​សារ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​នឹង​ធ្វើ+ព្រោះ​លោក​នឹង​បង្អុរ​ភ្លៀង​ល្មម​គ្រប់​គ្រាន់​នៅ​ដើម​រដូវហើយ​លោក​នឹង​បង្អុរ​ភ្លៀង​ធំ​ៗ​មក​លើ​អ្នក​រាល់​គ្នានៅ​ដើម​រដូវ​និង​ចុង​រដូវ​ដូច​ពី​មុន​ដែរ។+ ២៤  ទី​លាន​បញ្ជាន់​ស្រូវ​នឹង​មាន​ពេញ​ទៅ​ដោយ​គ្រាប់​ស្រូវ​ល្អ​ៗ​នៅ​កន្លែង​ធ្វើ​ស្រា​នឹង​មាន​ស្រា​ថ្មី ហើយ​នៅ​កន្លែង​គាប​ផ្លែ​អូលីវ​នឹង​មាន​ប្រេង​ជា​បរិបូរ។+ ២៥  ខ្ញុំ​នឹង​សង​ភោគ​ផល​ដល់​អ្នក​រាល់​គ្នា​វិញ​តាម​ចំនួន​ឆ្នាំដែល​ហ្វូង​កណ្ដូប​បាន​ហើរ​ចូល​មក​ស៊ី​បង្ហិន ថែម​ទាំង​អ្វី​ដែល​កូន​កណ្ដូប​និង​កណ្ដូប​ផ្សេង​ទៀត​បាន​ស៊ី​បំផ្លាញគឺ​ទ័ព​ដ៏​ធំ​ដែល​ខ្ញុំ​បាន​ចាត់​ទៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។+ ២៦  អ្នក​រាល់​គ្នា​នឹង​បាន​អាហារ​បរិភោគ​ឆ្អែត​ស្កប់​ស្កល់+ហើយ​សរសើរ​តម្កើង​នាម​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា+ព្រោះ​លោក​បាន​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន​ដើម្បី​ប្រយោជន៍​អ្នក​រាល់​គ្នា។ រាស្ត្រ​របស់​ខ្ញុំ​នឹង​មិន​រង​ការ​អាម៉ាស់​ទៀត​ទេ។+ ២៧  ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ច្បាស់​ថា ខ្ញុំ​នៅ​ក្នុង​ចំណោម​អ៊ីស្រាអែល+ហើយ​ដឹង​ថា​ខ្ញុំ​ជា​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា+ គ្មាន​ព្រះ​ណា​ទៀត​ទេ! រាស្ត្រ​របស់​ខ្ញុំ​នឹង​មិន​រង​ការ​មើល​ងាយ​ទៀត​ឡើយ។ ២៨  ក្រោយ​នោះ ខ្ញុំ​នឹង​ចាក់​ឫទ្ធានុភាព​របស់​ខ្ញុំ+ទៅ​លើ​មនុស្ស​គ្រប់​ប្រភេទហើយ​កូន​ប្រុស​និង​កូន​ស្រី​របស់​អ្នក​រាល់​គ្នា​នឹង​ប្រកាស​ទំនាយ។ បុរស​វ័យ​ចាស់​របស់​អ្នក​រាល់​គ្នា​នឹង​មាន​សុបិន​ពិសេសហើយ​ពួក​យុវជន​នឹង​ទទួល​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត។+ ២៩  នៅ​គ្រា​នោះ សូម្បី​តែ​ខ្ញុំ​បម្រើ​ប្រុស​ស្រី​របស់​ខ្ញុំក៏​ខ្ញុំ​នឹង​ចាក់​ឫទ្ធានុភាព​របស់​ខ្ញុំ​ទៅ​លើ​ពួក​គេ​ដែរ។ ៣០  ខ្ញុំ​ក៏​នឹង​ធ្វើ​ការ​អស្ចារ្យ​នៅ​លើ​មេឃ និង​សញ្ញា​សម្គាល់​នៅ​ផែនដីគឺ​ឈាម ភ្លើង និង​កម្សួល​ផ្សែង។+ ៣១  មុន​ថ្ងៃ​ដ៏​ធំ​និង​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា​មក​ដល់+ដួង​អាទិត្យ​នឹង​ទៅ​ជា​ងងឹត ហើយ​ដួង​ខែ​នឹង​ក្រហម​ដូច​ជា​ឈាម។+ ៣២  អស់​អ្នក​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា នឹង​ត្រូវ​សង្គ្រោះ+ព្រោះ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​និង​នៅ​ក្រុង​យេរូសាឡិម នឹង​មាន​អ្នក​គេច​រួច+​ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មែនគឺ​ពួក​អ្នក​រួច​ជីវិត​ដែល​ព្រះ​យេហូវ៉ា​ហៅ​»។

កំណត់សម្គាល់

ឬ​«​បង្ហាញ​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​»​
នេះ​សំដៅ​លើ​សមុទ្រ​ស្លាប់
នេះ​សំដៅ​លើ​សមុទ្រ​មេឌីទែរ៉ានេ