រូថ ១:១-២២

  • ក្រុម​គ្រួសារ​របស់​អេលីម៉ាឡេក​ទៅ​រស់​នៅ​ស្រុក​ម៉ូអាប់ (​១, ២)

  • ណាអូមី អូផា និង​រូថ​ក្លាយ​ជា​ស្ត្រី​មេម៉ាយ (​៣​-​៦)

  • រូថ​មាន​ភក្ដី​ភាព​ចំពោះ​ណាអូមី​និង​ព្រះ​របស់​ណាអូមី (​៧​-​១៧)

  • ណាអូមី​ត្រឡប់​ទៅ​ក្រុង​បេថ្លេហិម​ជា​មួយ​នឹង​រូថ (​១៨​-​២២)

 នៅ​សម័យ​ដែល​ពួក​អ្នក​សម្រេច​ក្ដី+កំពុង​គ្រប់​គ្រង នោះ​កើត​មាន​ភាព​អត់​ឃ្លាន​នៅ​ក្នុង​ស្រុក។ មាន​បុរស​ម្នាក់​បាន​នាំ​ប្រពន្ធ​និង​កូន​ប្រុស​ពីរ​នាក់​ចាក​ចេញ​ពី​ក្រុង​បេថ្លេហិម+ស្រុក​យូដា ទៅ​រស់​នៅ​ស្រុក​ម៉ូអាប់+ជា​ជន​បរទេស។ ២  បុរស​នោះ​ឈ្មោះ​អេលីម៉ាឡេក* ហើយ​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ណាអូមី។* កូន​ប្រុស​ពីរ​នាក់​របស់​គាត់​ឈ្មោះ​ម៉ាឡិន* និង​ឈ្មោះ​គីលាន។* ពួក​គាត់​មក​ពី​ក្រុង​អេប្រាតា គឺ​ក្រុង​បេថ្លេហិម​ស្រុក​យូដា។ ពួក​គាត់​បាន​ទៅ​ដល់​ស្រុក​ម៉ូអាប់ ហើយ​រស់​នៅ​ទី​នោះ។ ៣  មិន​យូរ​ក្រោយ​មក អេលីម៉ាឡេក​ជា​ប្ដី​របស់​ណាអូមី​ក៏​ស្លាប់​ទៅ ទុក​ឲ្យ​នាង​នៅ​ជា​មួយ​នឹង​កូន​ប្រុស​ពីរ​នាក់។ ៤  ក្រោយ​មក កូន​ប្រុស​ទាំង​ពីរ​នាក់​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ត្រីជន​ជាតិ​ម៉ូអាប់ ម្នាក់​ឈ្មោះ​អូផា ហើយ​ម្នាក់​ទៀត​ឈ្មោះ​រូថ។+ ពួក​គាត់​បាន​បន្ត​រស់​នៅ​ក្នុង​ស្រុក​នោះ​អស់​រយៈ​ពេល​ប្រហែល​ជា​១០​ឆ្នាំ។ ៥  លុះ​ក្រោយ​មក ម៉ាឡិន​និង​គីលាន​ដែល​ជា​កូន​ក៏​បាន​ស្លាប់​ចោល​ណាអូមី​ដែរ។ ដូច្នេះ នាង​បាត់​បង់​ទាំង​ប្ដី ហើយ​បាត់​បង់​ទាំង​កូន។ ៦  ណាអូមី​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ស្រុក​ម៉ូអាប់​ត្រឡប់​ទៅ​ស្រុក​នាង​វិញ ដោយ​មាន​កូន​ប្រសា​ស្រី​ទាំង​ពីរ​នាក់​ទៅ​ជា​មួយ​ផង ព្រោះ​នាង​បាន​ឮ​ថា​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​ឲ្យ​ពរ​ដល់​រាស្ត្រ​របស់​លោក​ម្ដង​ទៀត ដោយ​ផ្ដល់​អាហារ*ឲ្យ​ពួក​គេ។ ៧  ណាអូមី​និង​កូន​ប្រសា​ស្រី​ទាំង​ពីរ​បាន​ចាក​ចេញ​ពី​កន្លែង​ដែល​ពួក​គាត់​ធ្លាប់​រស់​នៅ។ កាល​ដែល​ពួក​គាត់​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ ៨  ណាអូមី​និយាយ​ទៅ​កាន់​កូន​ប្រសា​ស្រី​ទាំង​ពីរ​ថា​៖ ​«​ចូរ​កូន​ត្រឡប់​ទៅ​នៅ​ជា​មួយ​នឹង​ម្ដាយ​របស់​កូន​រៀង​ៗ​ខ្លួន​វិញ​ចុះ។ សូម​ឲ្យ​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​កូន​ទាំង​ពីរ+ ដូច​កូន​បាន​បង្ហាញ​ចំពោះ​ម្ដាយ​និង​ប្ដី​របស់​កូន​ដែល​បាន​ស្លាប់​ទៅ​នោះ​ដែរ។ ៩  សូម​ព្រះ​យេហូវ៉ា​ឲ្យ​កូន​ទាំង​ពីរ​មាន​ប្ដី​ថ្មី ដើម្បី​កូន​អាច​មាន​ទី​ពឹង​ពំនាក់*បាន​»។+ បន្ទាប់​មក ណាអូមី​ថើប​លា​ពួក​គេ រួច​ពួក​គេ​ក៏​ទ្រហោ​យំ។ ១០  ពួក​គេ​ទទូច​ថា​៖ ​«​ទេ! ពួក​កូន​ចង់​ទៅ​នៅ​ជា​មួយ​នឹង​អ្នក​ម្ដាយ និង​ប្រជា​ជាតិ​របស់​អ្នក​ម្ដាយ​ដែរ​»។ ១១  ប៉ុន្តែ ណា​អូ​មី​និយាយ​ថា​៖ ​«​កូន​ស្រី​អើយ សូម​កូន​ត្រឡប់​ទៅ​វិញ​ចុះ។ ម្ដេច​ក៏​កូន​ចង់​ទៅ​តាម​ម្ដាយ? ម្ដាយ​មិន​អាច​មាន​កូន​ប្រុស​ឲ្យ​រៀប​ការ​ជា​មួយ​នឹង​កូន​បាន​ទៀត​ទេ។+ ១២  កូន​ស្រី​អើយ សូម​កូន​ត្រឡប់​ទៅ​វិញ​ចុះ ព្រោះ​ម្ដាយ​ចាស់​ពេក​នឹង​រៀប​ការ​ទៅ​ហើយ។ ទោះ​បី​ជា​ម្ដាយ​អាច​រៀប​ការ​នៅ​យប់​នេះ ហើយ​មាន​កូន​ប្រុស​ក៏​ដោយ ១៣  តើ​កូន​សុខ​ចិត្ត​មិន​យក​ប្ដី ហើយ​ចាំ​រហូត​ដល់​កូន​នោះ​ធំ​ពេញ​វ័យ​ឬ? កុំ​ឡើយ​កូន​អើយ ម្ដាយ​ពិបាក​ចិត្ត​ខ្លាំង​ណាស់ ពេល​ម្ដាយ​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​កូន ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​ម្ដាយ​»។+ ១៤  ពេល​នោះ ពួក​គេ​បាន​ទ្រហោ​យំ​ម្ដង​ទៀត។ រួច​មក អូផា​ថើប​លា​ម្ដាយ​ក្មេក ហើយ​ចាក​ចេញ​ទៅ។ ប៉ុន្តែ រូថ​មិន​ព្រម​ឃ្លាត​ពី​ណាអូមី​ឡើយ។ ១៥  ដូច្នេះ ណាអូមី​បាន​និយាយ​ថា​៖ ​«​មើល​ហ្ន៎! ប្អូន​ថ្លៃ​កូន​ត្រឡប់​ទៅ​ឯ​ជន​រួម​ជាតិ​និង​ព្រះ​របស់​នាង​វិញ​ហើយ។ ដូច្នេះ ចូរ​កូន​ត្រឡប់​ទៅ​ជា​មួយ​នឹង​នាង​ដែរ​ទៅ​»។ ១៦  ប៉ុន្តែ រូថ​បដិសេធ​ថា​៖ ​«​សូម​អ្នក​ម្ដាយ​កុំ​បង្ខំ​កូន​ឲ្យ​ចាក​ចេញ​ពី​អ្នក​ម្ដាយ​ឡើយ ព្រោះ​កន្លែង​ណា​ដែល​អ្នក​ម្ដាយ​ទៅ កូន​ក៏​ទៅ​កន្លែង​នោះ​ដែរ។ អ្នក​ម្ដាយ​សម្រាក​នៅ​ទី​ណា កូន​ក៏​សម្រាក​នៅ​ទី​នោះ​ដែរ។ កូន​នឹង​ចាត់​ទុក​ជន​រួម​ជាតិ​របស់​អ្នក​ម្ដាយ ជា​ជន​រួម​ជាតិ​របស់​កូន ហើយ​កូន​នឹង​ចាត់​ទុក​ព្រះ​របស់​អ្នក​ម្ដាយ ជា​ព្រះ​របស់​កូន​ដែរ។+ ១៧  អ្នក​ម្ដាយ​ស្លាប់​នៅ​កន្លែង​ណា កូន​ក៏​ស្លាប់​នៅ​កន្លែង​នោះ​ដែរ ហើយ​ឲ្យ​គេ​បញ្ចុះ​សព​កូន​នៅ​ទី​នោះ​ផង។ បើ​កូន​ចាក​ចេញ​ពី​អ្នក​ម្ដាយ​ដោយ​ហេតុ​ណា​មួយ ក្រៅ​ពី​សេចក្ដី​ស្លាប់ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ដាក់​ទោស​កូន​ឲ្យ​ធ្ងន់​ចុះ​»។ ១៨  កាល​ដែល​ណាអូមី​ឃើញ​ថា​រូថ​នៅ​តែ​ទទូច​ចង់​ទៅ​ជា​មួយ ណាអូមី​ក៏​លែង​បង្ខំ​នាង​ទៀត។ ១៩  ដូច្នេះ ពួក​គាត់​ទាំង​ពីរ​នាក់​ក៏​បន្ត​ដំណើរ​រហូត​ទៅ​ដល់​ក្រុង​បេថ្លេហិម។+ ពេល​ពួក​គាត់​ទៅ​ដល់​ក្រុង​ភ្លាម អ្នក​ក្រុង​ទាំង​អស់​គ្នា​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ពេល​នោះ​មាន​ស្ត្រី​ខ្លះ​និយាយ​ថា​៖ ​«​តើ​នេះ​ជា​ណាអូមី​ឬ?​»។ ២០  ណាអូមី​តប​ទៅ​ពួក​ស្ត្រី​ទាំង​នោះ​ថា​៖ ​«​កុំ​ហៅ​ខ្ញុំ​ថា​ណាអូមី*ឡើយ សូម​ហៅ​ខ្ញុំ​ថា​ម៉ារ៉ា*វិញ ព្រោះ​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត បាន​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ជូរ​ចត់​ខ្លាំង​ណាស់។+ ២១  ពេល​ខ្ញុំ​ចាក​ចេញ​ពី​ទី​នេះ ខ្ញុំ​មាន​សព្វ​គ្រប់ តែ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ខ្ញុំ​ត្រឡប់​មក​វិញ​ដោយ​ដៃ​ទទេ។ ខ្ញុំ​មិន​សម​ឲ្យ​អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា​ណាអូមី​ទេ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​បាន​ទាស់​នឹង​ខ្ញុំ ហើយ​លោក​ឲ្យ​ខ្ញុំ​រង​ទុក្ខ​វេទនា​»។+ ២២  នេះ​ជា​ដំណើរ​រឿង​របស់​ណាអូមី​ពេល​គាត់​បាន​ចេញ​ពី​ស្រុក​ម៉ូអាប់+ ទាំង​មាន​រូថ​ជន​ជាតិ​ម៉ូអាប់​ជា​កូន​ប្រសា​ស្រី​ទៅ​ជា​មួយ​ផង។ ពួក​គាត់​បាន​ទៅ​ដល់​ក្រុង​បេថ្លេហិម នៅ​ដើម​រដូវ​ច្រូត​កាត់​ស្រូវ​បាលី។+

កំណត់សម្គាល់

មាន​ន័យ​ថា​«​ព្រះ​របស់​ខ្ញុំ​ជា​ស្ដេច​»​
មាន​ន័យ​ថា​«​ជា​ទី​រីក​រាយ​របស់​ខ្ញុំ​»​
ប្រហែល​ជា​មក​ពី​ពាក្យ​ហេប្រឺ​មាន​ន័យ​ថា​«​ចុះ​ខ្សោយ ឬ​ឈឺ​»​
មាន​ន័យ​ថា​«​អ្នក​ដែល​បរាជ័យ ឬ​អ្នក​ដែល​មក​ដល់​ទី​បញ្ចប់​»​
ន័យ​ត្រង់​«​នំ​ប៉័ង​»​
ន័យ​ត្រង់​«​មាន​ទី​សម្រាក​»​
មាន​ន័យ​ថា​«​ជា​ទី​រីក​រាយ​របស់​ខ្ញុំ​»​
មាន​ន័យ​ថា​«​ជូរ​ចត់​»​