រូថ ២:១-២៣

  • រូថ​ប្រមូល​ស្រូវ​នៅ​ស្រែ​របស់​បូអូស (​១​-​៣)

  • រូថ​និង​បូអូស​ជួប​គ្នា (​៤​-​១៦)

  • រូថ​ប្រាប់​ណាអូមី​អំពី​ចិត្ត​សប្បុរស​របស់​បូអូស (​១៧​-​២៣)

 ណាអូមី​មាន​សាច់​ញាតិ​ខាង​ប្ដី​ម្នាក់​ឈ្មោះ​បូអូស។+ គាត់​ជា​អ្នក​មាន​ស្តុកស្តម្ភ ហើយ​គាត់​ជា​សាច់​ញាតិ​របស់​អេលីម៉ាឡេក។ ២  រូថ​ជា​ជន​ជាតិ​ម៉ូអាប់​និយាយ​ទៅ​ណាអូមី​ថា​៖ ​«​សូម​អ្នក​ម្ដាយ​ឲ្យ​ខ្ញុំ​ទៅ​ស្រែ​ផ្សេង​ៗ ដើម្បី​ប្រមូល​ស្រូវ​ដែល​នៅ​សល់+ពី​ក្រោយ​គេ តាម​ដែល​គេ​មេត្តា​ចំពោះ​ខ្ញុំ​»។ ដូច្នេះ ណាអូមី​ប្រាប់​រូថ​ថា​៖ ​«​ទៅ​ចុះ​កូន​ស្រី​»។ ៣  រូថ​ក៏​ចេញ​ទៅ​ឯ​ស្រែ ហើយ​ប្រមូល​ស្រូវ​តាម​ក្រោយ​ពួក​អ្នក​ច្រូត​កាត់។ ប៉ុន្តែ ចៃដន្យ​នាង​បាន​ប្រមូល​ស្រូវ ចំស្រែមួយ​របស់​បូអូស+ដែល​ជា​សាច់​ញាតិ​របស់​អេលីម៉ាឡេក។+ ៤  ពេល​នោះ​បូអូស​មក​ពី​ក្រុង​បេថ្លេហិម​វិញ គាត់​ទៅ​ឯ​ស្រែ ហើយ​និយាយ​ទៅ​ពួក​អ្នក​ច្រូត​កាត់​ថា​៖ ​«​សូម​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​»​។ ពួក​គេ​តប​វិញ​ថា​៖ ​«​សូម​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​លោក​»​។ ៥  រួច​មក បូអូស​សួរ​យុវជន​ដែល​មើល​ការ​ខុស​ត្រូវ​លើ​ពួក​អ្នក​ច្រូត​កាត់​ថា​៖ ​«​តើ​នាង​នោះ​ជា​កូន​ចៅ​អ្នក​ណា?​»។ ៦  យុវជន​នោះ​ឆ្លើយ​ថា​៖ ​«​នាង​នោះ​ជា​ជន​ជាតិ​ម៉ូអាប់+ នាង​មក​ពី​ស្រុក​ម៉ូអាប់​ជា​មួយ​នឹង​ណាអូមី។+ ៧  នាង​បាន​សុំ​ថា​៖ ‹សូម​ឲ្យ​ខ្ញុំ​ដើរ​តាម​ក្រោយ​ពួក​អ្នក​ច្រូត​កាត់ ហើយ​ប្រមូល​ស្រូវ​ដែល​នៅ​សល់*+ផង›។ នាង​បាន​មក​តាំង​ពី​ព្រឹក ហើយ​ប្រមូល​រហូត​ដល់​ពេល​នេះ។ នាង​សម្រាក​តែ​មួយ​ស្របក់​ប៉ុណ្ណោះ​»។ ៨  បន្ទាប់​មក បូអូស​និយាយ​ទៅ​កាន់​រូថ​ថា​៖ ​«​កូន​ស្រី​អើយ សូម​ស្ដាប់​ខ្ញុំ! កុំ​ទៅ​ប្រមូល​ផល​នៅ​ស្រែ​ណា​ឬ​កន្លែង​ណា​ទៀត​ឡើយ។ ចូរ​រើស​ស្រូវ​នៅ​ជិត​ពួក​នារី​ៗ​ដែល​ធ្វើ​ការ​ឲ្យ​ខ្ញុំ​ចុះ។+ ៩  ចូរ​នាង​ចាំ​មើល បើ​ឃើញ​ពួក​នារី​ទៅ​ច្រូត​នៅ​កន្លែង​ណា នាង​ទៅ​កន្លែង​នោះ​ដែរ​ទៅ។ ខ្ញុំ​បាន​បង្គាប់​ពួក​យុវជន​មិន​ឲ្យ​ធ្វើ​បាប​នាង​ឡើយ។ ពេល​នាង​ស្រេក​ទឹក នាង​អាច​ទៅ​ផឹក​ទឹក​ក្នុង​ក្អម​ដែល​ពួក​គេ​បាន​ដង​ទុក​»។ ១០  ឮ​ដូច្នោះ នាង​ក៏​ក្រាប​ក្បាល​ដល់​ដី ហើយ​និយាយ​ទៅ​គាត់​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​លោក​អាណិត​មេត្តា ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​ដែល​ជា​ជន​បរទេស​ដូច្នេះ?​»។+ ១១  បូអូស​តប​ថា​៖ ​«​ខ្ញុំ​បាន​ឮ​រឿង​ទាំង​អស់​របស់​នាង និង​ការ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ធ្វើ​ចំពោះ​ម្ដាយ​ក្មេក ក្រោយ​ពី​ប្ដី​នាង​ស្លាប់។ នាង​បាន​ចាក​ចេញ​ពី​ឪ​ពុក​ម្ដាយ និង​ពី​ស្រុក​កំណើត ហើយ​មក​រស់​នៅ​ជា​មួយ​នឹង​ប្រជា​ជាតិ​ដែល​នាង​មិន​ធ្លាប់​ស្គាល់​ពី​មុន។+ ១២  សូម​ព្រះ​យេហូវ៉ា​ផ្ដល់​រង្វាន់​ដល់​នាង​ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​នាង+ ហើយ​សូម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ពរ​ជា​បរិបូរ​ដល់​នាង ដោយ​សារ​នាង​បាន​មក​ជ្រក​ក្រោម​ស្លាប​របស់​លោក​»។+ ១៣  នាង​និយាយ​ថា​៖ ​«​សូម​ឲ្យ​ខ្ញុំ​បន្ត​ទទួល​ក្ដី​មេត្តា​ពី​លោក​ម្ចាស់ ព្រោះ​លោក​បាន​សម្រាល​ទុក្ខ​ខ្ញុំ និង​លើក​ទឹក​ចិត្ត​ខ្ញុំ​ដូច​ខ្ញុំ​ជា​អ្នក​បម្រើ​លោក ទោះ​ជា​តាម​ពិត​ខ្ញុំ​មិន​មែន​ជា​អ្នក​បម្រើ​លោក​ក៏​ដោយ​»។ ១៤  លុះ​ដល់​ពេល​បរិភោគ​អាហារ បូអូស​និយាយ​ទៅ​រូថ​ថា​៖ ​«​សូម​នាង​មក​ទី​នេះ មក​បរិភោគ​នំ​ប៉័ង ហើយ​ជ្រលក់​ក្នុង​ទឹក​ខ្មេះ​នេះ​ចុះ​»។ ដូច្នេះ នាង​ក៏​មក​អង្គុយ​ក្បែរ​ពួក​អ្នក​ច្រូត​កាត់ រួច​បូអូស​ហុច​លាជ​ខ្លះ​ទៅ​ឲ្យ​នាង។ នាង​បរិភោគ​រហូត​ដល់​ឆ្អែត ថែម​ទាំង​នៅ​សល់​អាហារ​ខ្លះ​ទៀត​ផង។ ១៥  ពេល​នាង​ក្រោក​ឡើង​ទៅ​ប្រមូល​ស្រូវ+ បូអូស​បញ្ជា​ពួក​យុវជន​ថា​៖ ​«​ចូរ​ឲ្យ​នាង​ប្រមូល​ទាំង​ផល​ចម្រូត​ដែល​ជ្រុះ*ផង កុំ​ធ្វើ​បាប​នាង​ឡើយ។+ ១៦  ម្យ៉ាង​ទៀត អ្នក​គួរ​ហូត​ស្រូវ​ខ្លះ​ពី​កណ្ដាប់​ទុក​ឲ្យ​នាង​រើស​ផង ហើយ​កុំ​ថា​អ្វី​ឲ្យ​នាង​ឡើយ​»។ ១៧  ដូច្នេះ នាង​បន្ត​ប្រមូល​ស្រូវ​ក្នុង​ស្រែ​រហូត​ដល់​ល្ងាច។+ រួច​នាង​យក​ស្រូវ​ដែល​នាង​បាន​ប្រមូល​ទាំង​អស់​ទៅ​បោក ហើយ​បាន​ប្រហែល​មួយ​អេហ្វា។* ១៨  រួច​មក នាង​យក​ស្រូវ​ត្រឡប់​ទៅ​ក្រុង​វិញ ហើយ​បង្ហាញ​ម្ដាយ​ក្មេក។ នាង​ថែម​ទាំង​យក​អាហារ​ដែល​នាង​បាន​ទុក+ក្រោយ​នាង​បរិភោគ​ឆ្អែត មក​ជូន​ម្ដាយ​ក្មេក​ពិសា​ទៀត​ផង។ ១៩  បន្ទាប់​មក ម្ដាយ​ក្មេក​សួរ​រូថ​ថា​៖ ​«​ថ្ងៃ​នេះ តើ​កូន​ទៅ​ប្រមូល​ស្រូវ​នៅ​ឯ​ណា? ហើយ​តើ​កូន​ធ្វើ​ការ​នៅ​កន្លែង​ណា? សូម​ឲ្យ​អ្នក​ដែល​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​កូន​បាន​ទទួល​ពរ​»។+ រូថ​ប្រាប់​ម្ដាយ​ក្មេក​ថា​៖ ​«​ថ្ងៃ​នេះ​ខ្ញុំ​បាន​ប្រមូល​ស្រូវ​ក្នុង​ស្រែ​របស់​បូអូស​»។ ២០  ពេល​ណាអូមី​ឮ​ដូច្នោះ នាង​និយាយ​ទៅ​កូន​ប្រសា​ថា​៖ ​«​សូម​ឲ្យ​គាត់​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​តែង​តែ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​មនុស្ស​រស់​និង​មនុស្ស​ស្លាប់​»។+ ណាអូមី​និយាយ​ថែម​ទៀត​ថា​៖ ​«​គាត់​ជា​សាច់​ញាតិ​របស់​យើង+ ហើយ​ក៏​ជា​អ្នក​ដែល​មាន​សិទ្ធិ​លោះ​យើង​ដែរ​»។+ ២១  នាង​រូថ​និយាយ​ថា​៖ ​«​គាត់​បាន​ប្រាប់​ខ្ញុំ​ទៀត​ថា​៖ ‹សូម​ធ្វើ​ការ​នៅ​ជិត​ពួក​អ្នក​ចម្រូត​របស់​ខ្ញុំ រហូត​ដល់​ផុត​រដូវ​ច្រូត​កាត់›​»។+ ២២  ណាអូមី​ក៏​និយាយ​ទៅ​រូថ​ជា​កូន​ប្រសា​ថា​៖ ​«​ល្អ​ហើយ​កូន​ស្រី ដែល​កូន​ទៅ​ធ្វើ​ការ​នៅ​ជិត​ពួក​នារី​ៗ​ក្នុង​ស្រែ​របស់​គាត់ ជា​ជាង​ទៅ​ធ្វើ​ការ​ក្នុង​ស្រែ​របស់​អ្នក​ឯ​ទៀត ក្រែង​លោ​គេ​ធ្វើ​បាប​កូន​»។ ២៣  ដូច្នេះ រូថ​ក៏​ធ្វើ​ការ​នៅ​ជិត​ពួក​នារី​ៗ​របស់​បូអូស រហូត​ដល់​ផុត​រដូវ​ច្រូត​ស្រូវ​បាលី+និង​ស្រូវ​សាលី។ នាង​បន្ត​រស់​នៅ​ជា​មួយ​នឹង​ម្ដាយ​ក្មេក​រហូត​ត​ទៅ។+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ប្រមូល​ស្រូវ​ពី​គំនរ​កណ្ដាប់​ស្រូវ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ប្រមូល​ស្រូវ​ពី​គំនរ​កណ្ដាប់​ស្រូវ​»​
ប្រហែលជា​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤