រូថ ៣:១-១៨

  • ណាអូមី​ជួយ​ណែនាំ​រូថ (​១​-​៤)

  • រូថ​និង​បូអូស​នៅ​ទី​លាន​បញ្ជាន់​ស្រូវ (​៥​-​១៥)

  • រូថ​ត្រឡប់​ទៅ​ឯ​ណាអូមី (​១៦​-​១៨)

 នៅ​ថ្ងៃ​មួយ ណាអូមី​ជា​ម្ដាយ​ក្មេក​និយាយ​ទៅ​រូថ​ថា​៖ ​«​កូន​ស្រី​អើយ ម្ដាយ​នឹង​រក​បុរស​ម្នាក់​ឲ្យ​រៀប​ការ​ជា​មួយ​នឹង​កូន+ ដើម្បី​កូន​អាច​មាន​ទី​ពឹង​ពំនាក់។* ២  បូអូស​ជា​សាច់​ញាតិ​របស់​យើង។+ គាត់​ជា​អ្នក​ដែល​បាន​ឲ្យ​កូន​ធ្វើ​ការ​ជា​មួយ​នឹង​ពួក​នារី​ៗ​របស់​គាត់។ យប់​នេះ គាត់​នឹង​ទៅ​រោយ​ស្រូវ​បាលី​នៅ​ទី​លាន​បញ្ជាន់​ស្រូវ។ ៣  ដូច្នេះ ចូរ​កូន​ទៅ​ជម្រះ​កាយ ហើយ​លាប​ប្រេង​ក្រអូប រួច​ស្លៀក​ពាក់​ចេញ​ទៅ​ទី​លាន​បញ្ជាន់​ស្រូវ​ចុះ។ ប៉ុន្តែ កូន​មិន​ត្រូវ​ឲ្យ​គាត់​ឃើញ​ឡើយ ចាំ​រហូត​ដល់​គាត់​ពិសា​អាហារ​ពិសា​ស្រា​ហើយ។ ៤  ពេល​គាត់​ចូល​ដេក កូន​ត្រូវ​ចំណាំ​កន្លែង​ដែល​គាត់​ដេក។ បន្ទាប់​មក ចូរ​កូន​ទៅ​កន្លែង​នោះ ហើយ​បើក​ក្រណាត់​ដែល​ដណ្ដប់​ជើង​គាត់ ហើយ​ដេក​នៅ​ទី​នោះ​ចុះ។ គាត់​នឹង​ប្រាប់​កូន​នូវ​អ្វី​ដែល​កូន​គួរ​ធ្វើ​»។ ៥  រូថ​តប​វិញ​ថា​៖ ​«​កូន​នឹង​ធ្វើ​តាម​សម្ដី​ទាំង​អស់​ដែល​អ្នក​ម្ដាយ​ប្រាប់​កូន​»។ ៦  ម្ល៉ោះ​ហើយ រូថ​ចេញ​ទៅ​ទី​លាន​បញ្ជាន់​ស្រូវ ហើយ​ធ្វើ​តាម​ពាក្យ​សម្ដី​ទាំង​អស់​របស់​ម្ដាយ​ក្មេក។ ៧  ក្រោយ​ពី​បូអូស​ពិសា​អាហារ​ពិសា​ស្រា​ដោយ​ចិត្ត​សប្បាយ​រីក​រាយ​ហើយ គាត់​បាន​ចូល​ទៅ​ដេក​នៅ​ក្បែរ​គំនរ​ស្រូវ។ ពេល​នោះ​រូថ​ដើរ​លប​ៗ​ចូល​ទៅ​ជិត ហើយ​បើក​ក្រណាត់​ដែល​ដណ្ដប់​ជើង​គាត់ រួច​ដេក​នៅ​ទី​នោះ។ ៨  លុះ​ដល់​ពាក់​កណ្ដាល​អធ្រាត្រ បូអូស​ភ្ញាក់​ឡើង​ទាំង​ញ័រ​ខ្លួន ហើយ​ងើប​មក​ឃើញ​ស្ត្រី​ម្នាក់​កំពុង​ដេក​នៅ​ចុង​ជើង​គាត់។ ៩  គាត់​សួរ​ថា​៖ ​«​តើ​អ្នក​ជា​នរណា?​»។ នាង​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​គឺ​រូថ​ជា​អ្នក​បម្រើ​លោក។ សូម​ឲ្យ​ខ្ញុំ​ដណ្ដប់​ក្រណាត់​របស់​លោក​ផង ព្រោះ​លោក​ជា​អ្នក​មាន​សិទ្ធិ​លោះ​»។+ ១០  ឮ​ដូច្នោះ បូអូស​និយាយ​ថា​៖ ​«​កូន​ស្រី​អើយ សូម​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​នាង។ លើក​នេះ​នាង​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ ខ្លាំង​ជាង​លើក​មុន​ទៅ​ទៀត+ ព្រោះ​នាង​មិន​បាន​ទៅ​រក​បុរស​ក្មេង​ៗ ទោះ​ជា​បុរស​នោះ​ជា​អ្នក​ក្រ​ឬ​ជា​អ្នក​មាន​ក៏​ដោយ។ ១១  ដូច្នេះ កូន​ស្រី​អើយ កុំ​ភ័យ​ព្រួយ​ឡើយ! ខ្ញុំ​នឹង​ធ្វើ​តាម​សម្ដី​ទាំង​អស់​របស់​នាង+ ដោយ​សារ​គ្រប់​គ្នា​ក្នុង​ក្រុង​នេះ​ដឹង​ថា​នាង​ជា​ស្ត្រី​ល្អ​ប្រសើរ​ម្នាក់។ ១២  ពិត​មែន​តែ​ខ្ញុំ​ជា​អ្នក​មាន​សិទ្ធិ​លោះ+ តែ​មាន​អ្នក​មាន​សិទ្ធិ​លោះ​ម្នាក់​ទៀត​ដែល​ជា​សាច់​ញាតិ​ជិត​ជាង​ខ្ញុំ។+ ១៣  យប់​នេះ សូម​នាង​ដេក​នៅ​ទី​នេះ​សិន។ ព្រឹក​ស្អែក ខ្ញុំ​នឹង​ទៅ​ជួប​គាត់ ហើយ​បើ​គាត់​ចង់​លោះ​នាង សូម​ឲ្យ​គាត់​លោះ​នាង​ចុះ។+ ប៉ុន្តែ បើ​គាត់​មិន​ចង់​លោះ​នាង​ទេ ខ្ញុំ​សូម​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ថា ខ្ញុំ​នឹង​លោះ​នាង​ដោយ​ផ្ទាល់។ ឥឡូវ សូម​នាង​ដេក​នៅ​ទី​នេះ​រហូត​ដល់​ព្រឹក​ចុះ​»។ ១៤  ម្ល៉ោះ​ហើយ រូថ​ក៏​ដេក​នៅ​ចុង​ជើង​គាត់​រហូត​ដល់​ព្រឹក។ នាង​បាន​ក្រោក​ឡើង​ពេល​មេឃ​ទៀប​ភ្លឺ មុន​មនុស្ស​ឯ​ទៀត​មើល​មុខ​គ្នា​ស្គាល់។ រួច​បូអូស​ពោល​ថា​៖ ​«​មិន​ត្រូវ​ឲ្យ​អ្នក​ណា​ដឹង​ថា​មាន​ស្ត្រី​ចូល​មក​ទី​លាន​បញ្ជាន់​ស្រូវ​ឡើយ​»។ ១៥  គាត់​និយាយ​ថែម​ទៀត​ថា​៖ ​«​សូម​ត្រដាង​អាវ​ក្រៅ​របស់​នាង​មក ហើយ​កាន់​ឲ្យ​ជាប់​»។ ដូច្នេះ នាង​ក៏​ត្រដាង​អាវ​របស់​នាង រួច​គាត់​ដាក់​ស្រូវ​បាលី​៦​រង្វាល់*ក្នុង​អាវ​នោះ​ឲ្យ​នាង​យក​ទៅ។ ក្រោយ​មក គាត់​ធ្វើ​ដំណើរ​ចូល​ទៅ​ក្រុង។ ១៦  ពេល​រូថ​ត្រឡប់​ទៅ​ជួប​ម្ដាយ​ក្មេក​វិញ ម្ដាយ​សួរ​នាង​ថា​៖ ​«​តើ​យ៉ាង​ដូច​ម្ដេច​ហើយ​កូន​ស្រី?​»។ រូថ​ក៏​រៀប​រាប់​ប្រាប់​ម្ដាយ​នូវ​អ្វី​ទាំង​អស់​ដែល​បូអូស​បាន​ធ្វើ​ដើម្បី​នាង។ ១៧  នាង​បន្ថែម​ថា​៖ ​«​គាត់​បាន​ឲ្យ​ស្រូវ​បាលី​៦​រង្វាល់​នេះ​មក​ខ្ញុំ ដោយ​និយាយ​ថា​៖ ‹សូម​កុំ​ទៅ​ឯ​ម្ដាយ​ក្មេក​នាង​វិញ​ដោយ​ដៃ​ទទេ​ឡើយ›​»។ ១៨  រួច​មក ណាអូមី​និយាយ​ថា​៖ ​«​ចូរ​កូន​រង់​ចាំ​សិន ទាល់​តែ​ដឹង​ថា​រឿង​នេះ​ទៅ​ជា​យ៉ាង​ណា។ បូអូស​នឹង​មិន​នៅ​ស្ងៀម​ទេ លុះ​ត្រា​តែ​គាត់​ចាត់​ការ​គ្រប់​យ៉ាង​ឲ្យ​បាន​រៀប​រយ​នៅ​ថ្ងៃ​នេះ​»។

កំណត់សម្គាល់

ន័យ​ត្រង់​«​មាន​ទី​សម្រាក​»​
ប្រហែល​ជា​៦​សៀ ឬ​ប្រហែល​ជា​៤៤​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤