រូថ ៤:១-២២

  • បូអូស​ធ្វើ​ជា​អ្នក​ដែល​មាន​សិទ្ធិ​លោះ (​១​-​១២)

  • បូអូស​និង​រូថ​កើត​បាន​កូន​ឈ្មោះ​អូបិឌ (​១៣​-​១៧)

  • វង្ស​ត្រកូល​របស់​ដាវីឌ (​១៨​-​២២)

 បូអូស​បាន​ធ្វើ​ដំណើរ​ទៅ​ទ្វារ​កំពែង​ក្រុង+ ហើយ​អង្គុយ​នៅ​ទី​នោះ។ ពេល​នោះ បុរស​ដែល​បូអូស​និយាយ​ថា​ជា​សាច់​ញាតិ​ដែល​មាន​សិទ្ធិ​លោះ+ បាន​ដើរ​កាត់​តាម​ផ្លូវ​នោះ។ បូអូស​និយាយ​ទៅ​កាន់​បុរស​នោះ​ថា​៖ ​«​សូម​មក​អង្គុយ​នៅ​ទី​នេះ​សិន​»។ បុរស​នោះ​ក៏​មក​អង្គុយ។ ២  រួច​បូអូស​អញ្ជើញ​បុរស​ចាស់​ទុំ​១០​នាក់​ពី​ក្រុង​នោះ​មក+ ហើយ​គាត់​ក៏​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​សូម​អស់​លោក​អញ្ជើញ​អង្គុយ​នៅ​ទី​នេះ​»។ ដូច្នេះ ពួក​គេ​ក៏​អង្គុយ​ចុះ។ ៣  បូអូស​និយាយ​ទៅ​អ្នក​ដែល​មាន​សិទ្ធិ​លោះ​នោះ​ថា​៖+ ​«​ណាអូមី​ដែល​បាន​ត្រឡប់​មក​ពី​ស្រុក​ម៉ូអាប់​វិញ+ គាត់​ចាំ​បាច់​ត្រូវ​លក់​ស្រែ​ចម្ការ​របស់​អេលីម៉ាឡេក​ដែល​ជា​សាច់​ញាតិ​របស់​យើង។+ ៤  ដូច្នេះ ខ្ញុំ​គិត​ថា​ខ្ញុំ​គួរ​ប្រាប់​អ្នក​ឲ្យ​ដឹង​ថា​៖ ‹សូម​លោះ​ស្រែ​នោះ​នៅ​ចំពោះ​មុខ​អ្នក​ក្រុង​នេះ​និង​ពួក​បុរស​ចាស់​ទុំ។+ បើ​អ្នក​ចង់​លោះ សូម​លោះ​ចុះ។ ប៉ុន្តែ បើ​អ្នក​មិន​ចង់​ទេ សូម​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ផង ព្រោះ​អ្នក​មាន​សិទ្ធិ​លោះ​ច្រើន​ជាង​ខ្ញុំ ហើយ​ខ្ញុំ​មាន​សិទ្ធិ​លោះ​បន្ទាប់​ពី​អ្នក›​»។ បុរស​នោះ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​នឹង​លោះ​ស្រែ​នោះ​»។+ ៥  រួច​បូអូស​និយាយ​ថា​៖ ​«​នៅ​ថ្ងៃ​ដែល​អ្នក​ទិញ​ស្រែ​ចម្ការ​ពី​ណាអូមី អ្នក​ក៏​ត្រូវ​ទិញ​ពី​រូថ​ជន​ជាតិ​ម៉ូអាប់ ជា​ប្រពន្ធ​របស់​បុរស​ដែល​បាន​ស្លាប់​នោះ​ដែរ ដើម្បី​រក្សា​មត៌ក​របស់​គាត់​ទុក​ឲ្យ​កូន​ចៅ​គាត់​ត​ទៅ​»។+ ៦  អ្នក​ដែល​មាន​សិទ្ធិ​លោះ​នោះ​ក៏​តប​វិញ​ថា​៖ ​«​ខ្ញុំ​មិន​អាច​លោះ​បាន​ទេ ព្រោះ​ខ្ញុំ​ខ្លាច​ថា​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​មត៌ក​របស់​ខ្ញុំ។ ខ្ញុំ​ប្រគល់​សិទ្ធិ​លោះ​របស់​ខ្ញុំ​ឲ្យ​ទៅ​អ្នក សូម​អ្នក​លោះ​យក​ចុះ ព្រោះ​ខ្ញុំ​មិន​អាច​លោះ​បាន​ទេ​»។ ៧  តាម​ទំនៀម​ទម្លាប់​ក្នុង​ស្រុក​អ៊ីស្រាអែល​ពី​បុរាណ ពេល​អ្នក​ណា​ម្នាក់​ចង់​ដោះ​ដូរ​ឬ​លោះ​អ្វី​ណា​មួយ អ្នក​នោះ​ត្រូវ​ដោះ​ស្បែក​ជើង​ម្ខាង+ ហើយ​ហុច​ឲ្យ​ភាគី​មួយ​ទៀត ទុក​ជា​ការ​បញ្ជាក់​ថា​ពួក​គេ​បាន​ព្រម​ព្រៀង​គ្នា។ ៨  ម្ល៉ោះ​ហើយ ពេល​អ្នក​ដែល​មាន​សិទ្ធិ​លោះ​នោះ​ប្រាប់​បូអូស​ថា​៖ ​«​សូម​អ្នក​លោះ​យក​ចុះ​»​ នោះ​គាត់​បាន​ដោះ​ស្បែក​ជើង​ម្ខាង​របស់​គាត់។ ៩  រួច​មក បូអូស​និយាយ​ទៅ​កាន់​ពួក​បុរស​ចាស់​ទុំ​និង​បណ្ដា​ជន​ទាំង​អស់​ដែល​នៅ​ទី​នោះ​ថា​៖ ​«​នៅ​ថ្ងៃ​នេះ អ្នក​ទាំង​អស់​គ្នា​ជា​សាក្សី+ថា​ខ្ញុំ​បាន​ទិញ​អ្វី​ៗ​ទាំង​អស់​ដែល​ជា​កម្មសិទ្ធិ​របស់​អេលីម៉ាឡេក និង​របស់​គីលាន ព្រម​ទាំង​របស់​ម៉ាឡិន ពី​ណាអូមី។ ១០  ម្យ៉ាង​ទៀត ខ្ញុំ​នឹង​យក​រូថ​ជន​ជាតិ​ម៉ូអាប់​ដែល​ជា​ប្រពន្ធ​របស់​ម៉ាឡិន មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្ញុំ ដើម្បី​នាង​អាច​មាន​កូន​ស្នង​ត្រកូល​និង​ស្នង​មត៌ក​របស់​ម៉ាឡិន​ដែល​បាន​ស្លាប់​ទៅ​នោះ។+ យ៉ាង​នេះ បង​ប្អូន​សាច់​ញាតិ​របស់​គាត់​និង​មនុស្ស​ក្នុង​ក្រុង​នេះ​នឹង​មិន​ភ្លេច​ឈ្មោះ​របស់​គាត់​ឡើយ។ នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​ខ្ញុំ​»។+ ១១  ដូច្នេះ បណ្ដា​ជន​ទាំង​អស់​ដែល​នៅ​ទ្វារ​កំពែង​ក្រុង និង​ពួក​បុរស​ចាស់​ទុំ​ក៏​និយាយ​ថា​៖ ​«​យើង​ជា​សាក្សី​អំពី​រឿង​នេះ! សូម​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ដល់​ប្រពន្ធ​ដែល​ចូល​ក្នុង​ផ្ទះ​របស់​អ្នក ឲ្យ​បាន​ដូច​ជា​រ៉ាជែល​និង​លេអា ព្រោះ​ស្ត្រី​ទាំង​ពីរ​នោះ​ជា​មាតា​នៃ​ជន​ជាតិ​អ៊ីស្រាអែល។+ សូម​ឲ្យ​អ្នក​បាន​ចម្រុង​ចម្រើន​នៅ​ក្រុង​អេប្រាតា+ និង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​ក្រុង​បេថ្លេហិម។+ ១២  សូម​ឲ្យ​កូន​ចៅ​ដែល​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​អ្នក​តាម​រយៈ​នារី​នោះ ធ្វើ​ឲ្យ​ពូជ​ពង្ស​របស់​អ្នក​បាន​ដូច​ជា​ពូជ​ពង្ស​របស់​ពេរេស+ ដែល​ជា​កូន​ប្រុស​របស់​ថេម៉ា​និង​យូដា​»។+ ១៣  បូអូស​បាន​យក​រូថ​ធ្វើ​ជា​ប្រពន្ធ ហើយ​គាត់​បាន​រួម​ដំណេក​ជា​មួយ​នឹង​នាង។ រួច​មក ព្រះ​យេហូវ៉ា​បាន​ឲ្យ​នាង​មាន​ផ្ទៃ​ពោះ ហើយ​នាង​កើត​បាន​កូន​ប្រុស​មួយ។ ១៤  ពួក​ស្ត្រី​និយាយ​ទៅ​កាន់​ណាអូមី​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ ព្រោះ​ថ្ងៃ​នេះ​លោក​ឲ្យ​អ្នក​មាន​អ្នក​លោះ​ម្នាក់។ សូម​ឲ្យ​កូន​នេះ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ក្នុង​ស្រុក​អ៊ីស្រាអែល! ១៥  កូន​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​មាន​ជីវិត*ថ្មី ហើយ​កូន​នេះ​នឹង​មើល​ថែ​រក្សា​អ្នក​ពេល​ដែល​អ្នក​ចាស់​ទៅ ព្រោះ​កូន​នេះ​បាន​កើត​ពី​កូន​ប្រសា​ស្រី​ដែល​ស្រឡាញ់​អ្នក។+ កូន​ប្រសា​នេះ​វិសេស​ជាង​ការ​ដែល​អ្នក​មាន​កូន​ប្រុស​៧​នាក់​ទៅ​ទៀត​»។ ១៦  ណាអូមី​ក៏​យក​កូន​តូច​នោះ​មក​បី​ឱប​នឹង​ដើម​ទ្រូង ហើយ​នាង​មើល​ថែ​កូន​នោះ។ ១៧  ពួក​ស្ត្រី​ជា​អ្នក​ជិត​ខាង​ពោល​ថា​៖ ​«​ណាអូមី​មាន​កូន​ប្រុស​មួយ​ហើយ​»​ រួច​ពួក​គេ​ដាក់​ឈ្មោះ​ឲ្យ​កូន​នោះ​ថា​អូបិឌ។+ អូបិឌ​ជា​ឪពុក​អ៊ីសាយ+ អ៊ីសាយ​ជា​ឪពុក​របស់​ដាវីឌ។ ១៨  វង្ស​ត្រកូល​របស់​ពេរេស​មាន​ដូច​ត​ទៅ​៖+ ពេរេស​ជា​ឪពុក​របស់​ហេស្រុន+ ១៩  ហេស្រុន​ជា​ឪពុក​របស់​រ៉ាម រ៉ាម​ជា​ឪពុក​របស់​អាមីណាដាប+ ២០  អាមីណាដាប+ជា​ឪពុក​របស់​ណាសូន ណាសូន​ជា​ឪពុក​របស់​សាលម៉ូន ២១  សាលម៉ូន​ជា​ឪពុក​របស់​បូអូស បូអូស​ជា​ឪពុក​របស់​អូបិឌ ២២  អូបិឌ​ជា​ឪពុក​របស់​អ៊ីសាយ+ ហើយ​អ៊ីសាយ​ជា​ឪពុក​របស់​ដាវីឌ។+

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​