ជូនចំពោះគ្រិស្តសាសនិកនៅក្រុងរ៉ូម ១:១-៣២

  • ការ​សួរ​សុខ​ទុក្ខ (​១​-​៧)

  • ប៉ូល​មាន​បំណង​ទៅ​លេង​ក្រុង​រ៉ូម (​៨​-​១៥)

  • មនុស្ស​សុចរិត​នឹង​រស់​ដោយ​សារ​ជំនឿ (​១៦, ១៧)

  • អ្នក​ដែល​មិន​គោរព​កោត​ខ្លាច​ព្រះ មិន​អាច​ដោះ​សា​ឡើយ (​១៨​-​៣២)

    • គុណ​សម្បត្តិ​របស់​ព្រះ​បាន​ត្រូវ​បង្ហាញ​ឲ្យឃើញតាម​រយៈ​អ្វី​ដែល​លោក​បង្កើត (​២០)

 ពី​ខ្ញុំ ប៉ូល ជា​ខ្ញុំ​បម្រើ​របស់​គ្រិស្ត​យេស៊ូ។ ខ្ញុំ​បាន​ត្រូវ​ហៅ​ឲ្យ​ធ្វើ​ជា​សាវ័ក* ដើម្បី​ប្រកាស*ដំណឹង​ល្អ​របស់​ព្រះ+ ២  ដែល​លោក​បាន​សន្យា​ទុក​ជា​មុន​ក្នុង​បទ​គម្ពីរ​បរិសុទ្ធ តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​លោក ៣  ពោល​គឺ​ដំណឹង​ល្អ​អំពី​បុត្រ​របស់​លោក ដែល​កើត​មក​ជា​មនុស្ស​ពី​កូន​ចៅ*របស់​ដាវីឌ។+ ៤  ប៉ុន្តែ តាម​រយៈ​ឫទ្ធានុភាព​បរិសុទ្ធ បុត្រ​នោះ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ+ ហើយ​នេះ​បង្ហាញ​ថា​លោក​ជា​បុត្រ​របស់​ព្រះ។+ បុត្រ​នោះ​គឺ​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង។ ៥  តាម​រយៈ​លោក យើង​បាន​ទទួល​គុណ​ដ៏​វិសេស​លើស​លប់ និង​មុខ​ងារ​ជា​សាវ័ក+ ដើម្បី​ឲ្យ​ប្រជាជាតិ​នា​នា+បង្ហាញ​ជំនឿ ហើយ​ធ្វើ​តាម​លោក និង​លើក​តម្កើង​នាម​របស់​លោក។ ៦  ក្នុង​ចំណោម​ប្រជាជាតិ​ទាំង​នោះ អ្នក​រាល់​គ្នា​ក៏​បាន​ត្រូវ​ហៅ​ឲ្យ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត​ដែរ។ ៧  ជូន​ចំពោះ​អស់​អ្នក​ជា​ទី​ស្រឡាញ់​របស់​ព្រះ​នៅ​ក្រុង​រ៉ូម ដែល​បាន​ត្រូវ​ហៅ​ឲ្យ​ធ្វើ​ជា​អ្នក​បរិសុទ្ធ​៖ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់ និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ជា​បិតា​របស់​យើង និង​ពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។ ៨  ជា​បឋម តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត ខ្ញុំ​សូម​អរគុណ​ព្រះ​អំពី​អ្នក​រាល់​គ្នា ពី​ព្រោះ​គេ​តែង​តែ​និយាយ​អំពី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ពេញ​ពិភព​លោក​ទាំង​មូល។ ៩  ខ្ញុំ​កំពុង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​ព្រះ​យ៉ាង​អស់​ពី​ដួង​ចិត្ត ដោយ​ប្រកាស​ដំណឹង​ល្អ​អំពី​បុត្រ​របស់​លោក។ ព្រះ​ជា​សាក្សី​ថា ខ្ញុំ​តែង​អធិដ្ឋាន​អំពី​អ្នក​រាល់​គ្នា​ជា​និច្ច។+ ១០  ខ្ញុំ​អធិដ្ឋាន​អង្វរ​សុំ​ឲ្យ​ខ្ញុំ​មាន​ឱកាស​ទៅ​ឯ​អ្នក​រាល់​គ្នា ប្រសិន​បើ​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ ១១  ព្រោះ​ខ្ញុំ​ចង់​ជួប​អ្នក​រាល់​គ្នា​ខ្លាំង​ណាស់ ដើម្បី​ខ្ញុំ​អាច​ឲ្យ​ពរ​ពី​ព្រះ​ដល់​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​រឹង​មាំ ១២  ឬ​ដើម្បី​យើង​ម្នាក់​ៗ​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក+ ដោយ​ជំនឿ​របស់​យើង គឺ​ជំនឿ​របស់​អ្នក​រាល់​គ្នា និង​ជំនឿ​របស់​ខ្ញុំ។ ១៣  ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ដឹង​ច្បាស់​ថា ខ្ញុំ​មាន​បំណង​ទៅ​ឯ​អ្នក​រាល់​គ្នា​ជា​ច្រើន​ដង​ហើយ តែ​រហូត​មក​ដល់​ពេល​នេះ មាន​អ្វី​ដែល​បាន​រា​រាំង​ខ្ញុំ​មិន​ឲ្យ​ទៅ។ ទោះជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​មាន​បំណង​ទៅ​ឯ​អ្នក​រាល់​គ្នា ដើម្បី​ខ្ញុំ​អាច​ទទួល​ផល​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដូច​ផល​ដែល​ខ្ញុំ​បាន​ទទួល​ក្នុង​ចំណោម​ប្រជាជាតិ​ឯ​ទៀត​ដែរ។ ១៤  ខ្ញុំ​ជំពាក់​ទាំង​ពួក​ក្រិច ទាំង​ពួក​ជន​បរទេស* ទាំង​ពួក​អ្នក​ប្រាជ្ញ ទាំង​ពួក​អ្នក​អវិជ្ជា។ ១៥  ហេតុ​នេះ ខ្ញុំ​ក៏​ចង់​ប្រកាស​ដំណឹង​ល្អ​យ៉ាង​ខ្លាំង​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​រ៉ូម​ដែរ។+ ១៦  ព្រោះ​ខ្ញុំ​មិន​អៀន​ខ្មាស​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​ឡើយ+ តាម​ការ​ពិត​នោះ​ជា​ឫទ្ធានុភាព​របស់​ព្រះ​ដើម្បី​សង្គ្រោះ​អស់​អ្នក​ដែល​មាន​ជំនឿ+ មុន​ដំបូង​ពួក​យូដា+ រួច​មក​ពួក​ក្រិច។+ ១៧  ព្រោះ​ដំណឹង​ល្អ​បាន​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​មាន​ជំនឿ​ឃើញ​ភាព​សុចរិត*របស់​ព្រះ ហើយ​នេះ​ពង្រឹង​ជំនឿ​របស់​ពួក​គេ+ ដូច​បទ​គម្ពីរ​ចែង​ថា​៖ ​«​ប៉ុន្តែ អ្នក​ដែល​សុចរិត​នឹង​រស់​នៅ ដោយ​សារ​មាន​ជំនឿ​»។+ ១៨  ព្រោះ​ព្រះ​នៅ​ស្ថាន​សួគ៌​កំពុង​បង្ហាញ​ឲ្យ​ឃើញ​កំហឹង​របស់​លោក+ ទាស់​នឹង​អស់​អ្នក​ដែល​មិន​គោរព​កោត​ខ្លាច​លោក និង​អស់​អ្នក​ដែល​មិន​សុចរិត។ ពួក​គេ​ប្រព្រឹត្ត​អំពើ​មិន​សុចរិត ដើម្បី​រា​រាំង​មនុស្ស​ឯ​ទៀត​មិន​ឲ្យ​ស្គាល់​សេចក្ដី​ពិត។+ ១៩  ពួក​គេ​គួរ​តែ​ស្គាល់​ព្រះ ពី​ព្រោះ​លោក​បាន​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ​អ្វី​ៗ​ជា​ច្រើន​យ៉ាង​ជាក់​ស្ដែង។+ ២០  ទោះ​ជា​មនុស្ស​មើល​មិន​ឃើញ​ព្រះ​ក៏​ដោយ តែ​ពេល​ពួក​គេ​ពិចារណា​មើល​អ្វី​ៗ​ដែល​លោក​បាន​បង្កើត នោះ​ពួក​គេ​ឃើញ​ច្បាស់​នូវ​គុណ​សម្បត្តិ​របស់​លោក+ តាំង​ពី​ពេល​ដែល​លោក​បាន​បង្កើត​ពិភព​លោក​មក​ម្ល៉េះ ពោល​គឺឫទ្ធានុភាព​ដែល​ស្ថិត​ស្ថេរ​ជា​រៀង​រហូត+និង​ឋានៈ​របស់​លោក​ជា​ព្រះ។+ ដូច្នេះ ពួក​គេ​មិន​អាច​ដោះ​សាបាន​ឡើយ។ ២១  ទោះ​ជា​ពួក​គេ​ស្គាល់​ព្រះ​ក៏​ដោយ ពួក​គេ​មិន​បាន​លើក​តម្កើង​លោក​ជា​ព្រះ​ទេ ហើយ​ក៏​មិន​បាន​អរគុណ​លោក​ដែរ។ ប៉ុន្តែ ពួក​គេ​បែរ​ជា​មាន​គំនិត​អសារ​ឥត​ការ ហើយ​ចិត្ត​គំនិត​របស់​ពួក​គេ​ដែល​គ្មាន​ការ​យល់​ដឹង​បាន​ទៅ​ជា​ងងឹត។+ ២២  ទោះ​ជា​ពួក​គេ​អះអាង​ថា​ខ្លួន​មាន​ប្រាជ្ញា​ក៏​ដោយ ពួក​គេ​បែរ​ជា​ល្ងង់​ខ្លៅ​វិញ។ ២៣  មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​បាន​យក​រូប​មនុស្ស​ដែល​រមែង​ខូច​ទៅ និង​រូប​សត្វ​ស្លាប និង​រូប​សត្វ​ជើង​បួន និង​រូប​សត្វ​លូន​វារ មក​ធ្វើ​ជា​តំណាង​សិរី​រុង​រឿង​នៃ​ព្រះ​ដែល​មិន​អាច​ខូច​ទៅ។+ ២៤  ម្ល៉ោះ​ហើយ ព្រះ​បាន​ទុក​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ស្មោក​គ្រោក​តាម​ចិត្ត​ប៉ង​ប្រាថ្នា​របស់​ពួក​គេ។ យ៉ាង​នេះ ពួក​គេ​បន្ថោក​រូប​កាយ​របស់​ខ្លួន។ ២៥  ពួក​គេ​បាន​ប្ដូរ​សេចក្ដី​ពិត​អំពី​ព្រះ​យក​សេចក្ដី​ភូត​ភរ ក៏​បាន​គោរព​បូជា​និង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​ដល់​អ្វី​ៗ​ដែល​បាន​ត្រូវ​បង្កើត​មក ជា​ជាង​ជូន​ដល់​ព្រះ​ដែល​បាន​បង្កើត​អ្វី​ៗ​ទាំង​នោះ ជា​ព្រះ​ដែល​សម​នឹង​ទទួល​ការ​សរសើរ​តម្កើង​ជា​រៀង​រហូត។ អាមេន។ ២៦  ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​ទុក​ឲ្យ​ពួក​គេ​បំពេញ​ចំណង់​ដ៏​គួរ​ស្អប់​ខ្ពើម​ខាង​ផ្លូវ​ភេទ+ ព្រោះ​ពួក​ស្រី​ៗ​ក្នុង​ចំណោម​ពួក​គេ​បាន​លះ​បង់​ការ​រួម​ភេទ​តាម​ធម្មជាតិ ទៅ​ប្រព្រឹត្ត​ផ្ទុយ​ពី​ធម្មជាតិ​វិញ។+ ២៧  ស្រដៀង​គ្នា​ដែរ ពួក​ប្រុស​ៗ​បាន​លះ​បង់​ការរួម​ភេទ​តាម​ធម្មជាតិ​ជា​មួយ​នឹង​ស្រី ហើយ​ក៏​មាន​ភ្លើង​តណ្ហា​ក្ដៅ​គគុក​ជា​មួយ​នឹង​ប្រុស​ឯ​ទៀត គឺ​ប្រុស​និង​ប្រុស+ប្រព្រឹត្ត​អំពើ​អាសអាភាស ហើយ​ពួក​គេ​នឹង​ទទួល​ទោស*យ៉ាង​ពេញ​លេញ​សម​នឹង​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ។+ ២៨  ដោយ​សារ​ពួក​គេ​មិន​ចង់​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ នោះ​ព្រះ​បាន​ទុក​ឲ្យ​ពួក​គេ​មាន​របៀប​គិត​គូរ​ដែល​លោក​មិន​ពេញ​ចិត្ត និង​ទុក​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អ្វី​ដែល​មិន​សម​រម្យ។+ ២៩  ពួក​គេ​ពោរ​ពេញ​ទៅ​ដោយ​ភាព​មិន​សុចរិត+ ភាព​ទុច្ចរិត ភាព​លោភ​លន់*+ និង​ភាព​អាក្រក់​សព្វ​បែប​យ៉ាង ក៏​ពេញ​ទៅ​ដោយ​ការ​ច្រណែន+ ការ​ធ្វើ​ឃាតកម្ម+ ការ​ឈ្លោះ​ប្រកែក​គ្នា ការ​បោក​បញ្ឆោត+ ការ​គិត​ធ្វើ​អាក្រក់+ ការ​និយាយ​ដើម​គេ ៣០  បង្កាច់​បង្ខូច+ ស្អប់​ព្រះ គ្មាន​ការ​គោរព ក្រអឺត​ក្រទម អួតអាង គ្រោង​ធ្វើ​អាក្រក់ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ+ ៣១  គ្មាន​សមត្ថភាព​យល់​ដឹង+ ក្បត់​សន្យា គ្មាន​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ​ជា​មនុស្ស និង​គ្មាន​មេត្តា។ ៣២  ទោះ​ជា​អ្នក​ទាំង​នេះ​ស្គាល់​យ៉ាង​ច្បាស់​អំពី​ច្បាប់​ដ៏​សុចរិត​យុត្តិធម៌​របស់​ព្រះ​ដែល​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែប​នេះ*គួរ​តែ​ស្លាប់​ក៏​ដោយ+ ពួក​គេ​នៅ​តែ​បន្ត​ប្រព្រឹត្ត​អំពើ​ទាំង​នោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​ក៏​ពេញ​ចិត្ត​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ដែរ។

កំណត់សម្គាល់

ន័យ​ត្រង់​«​ញែក​ទុក​ដើម្បី​ប្រកាស​»​
ភាសា​ក្រិច​«​អាប៉ូស្តូឡូស​»​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​»​
ន័យ​ត្រង់​«​ពូជ​»​
ឬ​«​អ្នក​ដែល​មិន​មែន​ជា​ពួក​ក្រិច​»។ ន័យ​ត្រង់​«​បាបារាន​»​
ឬ​«​ខ្នាត​តម្រា​សុចរិត​»​
ឬ​«​ទទួល​រង្វាន់​»​
ឬ​«​ចិត្ត​ច្រណែន​ចង់​បាន​របស់​អ្នក​ដទៃ​»​
សំដៅ​លើ​ការ​ប្រព្រឹត្ត​ជា​ទម្លាប់