ជូនចំពោះគ្រិស្តសាសនិកនៅក្រុងរ៉ូម ១៥:១-៣៣
១៥ ក៏ប៉ុន្តែ យើងដែលជាអ្នកមានជំនឿខ្លាំង គួរទ្រាំទ្រពួកអ្នកដែលមានជំនឿខ្សោយ+ ហើយយើងមិនត្រូវរកបំពេញចិត្តខ្លួនយើងឡើយ។+
២ ចូរយើងម្នាក់ៗបំពេញចិត្តអ្នកជិតខាង ដោយការប្រព្រឹត្តល្អដែលពង្រឹងជំនឿរបស់គេ។+
៣ ព្រោះសូម្បីតែគ្រិស្តមិនបានរកបំពេញចិត្តខ្លួនលោកទេ+ ប៉ុន្តែដូចបទគម្ពីរចែងថា៖ «ពាក្យជេរប្រមាថរបស់ពួកអ្នកដែលកំពុងជេរប្រមាថលោក បានធ្លាក់មកលើខ្ញុំវិញ»។+
៤ ព្រោះអ្វីៗទាំងអស់ដែលបានត្រូវសរសេរទុកជាមុន បានត្រូវសរសេរទុកដើម្បីណែនាំយើង+ ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹម+ តាមរយៈការស៊ូទ្រាំរបស់យើង+ និងការសម្រាលទុក្ខពីបទគម្ពីរ។
៥ សូមព្រះដែលផ្ដល់សមត្ថភាពស៊ូទ្រាំនិងការសម្រាលទុក្ខ ជួយអ្នកទាំងអស់គ្នាឲ្យមានចិត្តគំនិតដូចគ្រិស្តយេស៊ូ
៦ ដើម្បីឲ្យអ្នករាល់គ្នាមានចិត្តព្រមព្រៀងគ្នា+ដោយសំឡេងតែមួយ សរសើរតម្កើងលោកដែលជាព្រះ និងជាបិតារបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង។
៧ ដូច្នេះ ចូរទទួលស្វាគមន៍គ្នាទៅវិញទៅមក+ ដូចគ្រិស្តបានទទួលស្វាគមន៍អ្នករាល់គ្នា+ ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង។
៨ ព្រោះខ្ញុំសូមប្រាប់ថា គ្រិស្តបានទៅជាអ្នកបម្រើរបស់ពួកអ្នកដែលបានទទួលការកាត់ចុងស្បែក*+ ដើម្បីសឲ្យឃើញថាព្រះគឺពិតត្រង់ និងដើម្បីបញ្ជាក់សេចក្ដីសន្យាទាំងប៉ុន្មានរបស់ព្រះចំពោះពួកបុព្វបុរសរបស់ពួកគេ+
៩ និងដើម្បីឲ្យប្រជាជាតិនានាសរសើរតម្កើងព្រះ ដោយសារសេចក្ដីមេត្តាករុណារបស់លោក។+ ដូចបទគម្ពីរចែងថា៖ «ហេតុនេះហើយបានជាខ្ញុំនឹងប្រកាសទទួលស្គាល់លោកជាចំហនៅក្នុងចំណោមប្រជាជាតិនានា ហើយខ្ញុំនឹងច្រៀងសរសើរដល់នាមរបស់លោក»។+
១០ បទគម្ពីរចែងទៀតថា៖ «ប្រជាជាតិទាំងឡាយអើយ ចូរអរសប្បាយជាមួយនឹងរាស្ដ្រលោកចុះ»។+
១១ បទគម្ពីរមួយទៀតចែងថា៖ «ប្រជាជាតិទាំងឡាយអើយ ចូរសរសើរព្រះយេហូវ៉ា* ហើយចូរឲ្យជនជាតិទាំងឡាយសរសើរលោកចុះ»។+
១២ ម្យ៉ាងទៀត អេសាយនិយាយថា៖ «ឫសរបស់អ៊ីសាយ+នឹងលេចមក គឺនឹងមានលោកម្នាក់មកដល់ដើម្បីគ្រប់គ្រងប្រជាជាតិនានា+ ហើយពួកគេនឹងសង្ឃឹមលើលោក»។+
១៣ សូមព្រះដែលផ្ដល់សេចក្ដីសង្ឃឹម ធ្វើឲ្យអ្នករាល់គ្នាពោរពេញទៅដោយអំណរនិងសេចក្ដីសុខសាន្តគ្រប់ប្រការ ដោយសារអ្នករាល់គ្នាទុកចិត្តលោក ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមដ៏បរិបូរតាមរយៈកម្លាំងនៃឫទ្ធានុភាពបរិសុទ្ធរបស់លោក។+
១៤ បងប្អូនខ្ញុំអើយ ខ្ញុំជឿជាក់ថាអ្នករាល់គ្នាពោរពេញទៅដោយគុណធម៌ ក៏ពោរពេញទៅដោយចំណេះសព្វគ្រប់ដែរ ហើយថាអ្នករាល់គ្នាអាចដាស់តឿន*គ្នាទៅវិញទៅមកទៀតផង។
១៥ ក៏ប៉ុន្តែ ខ្ញុំសរសេរមកអ្នករាល់គ្នាយ៉ាងត្រង់ៗអំពីចំណុចខ្លះ ទុកជាការរំលឹកដល់អ្នករាល់គ្នាម្ដងទៀត ដោយសារខ្ញុំបានទទួលគុណដ៏វិសេសលើសលប់ពីព្រះ។
១៦ ម្យ៉ាងទៀត ព្រះបានជ្រើសរើសខ្ញុំឲ្យធ្វើជាអ្នកបម្រើ*របស់គ្រិស្តយេស៊ូ ដើម្បីខ្ញុំអាចផ្សព្វផ្សាយដំណឹងល្អរបស់ព្រះដល់ប្រជាជាតិនានា។+ ខ្ញុំកំពុងចូលរួមក្នុងកិច្ចការដ៏បរិសុទ្ធនេះ+ ដើម្បីឲ្យប្រជាជាតិនានាអាចទៅជាគ្រឿងបូជា ដែលល្អគួរទទួលយក និងដែលបានត្រូវញែកជាបរិសុទ្ធដោយឫទ្ធានុភាពរបស់ព្រះ។
១៧ ដូច្នេះ បើគិតពីកិច្ចបម្រើព្រះ ខ្ញុំមានហេតុត្រេកអរក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ។
១៨ ខ្ញុំមិនហ៊ានប្រាប់អ្វីសោះ លើកលែងតែអ្វីដែលគ្រិស្តបានធ្វើតាមរយៈខ្ញុំដើម្បីឲ្យប្រជាជាតិនានាស្ដាប់បង្គាប់ ដោយពាក្យនិងការប្រព្រឹត្តរបស់ខ្ញុំ
១៩ ដោយសញ្ញាសម្គាល់និងការអស្ចារ្យ+ ព្រមទាំងដោយឫទ្ធានុភាពបរិសុទ្ធ។ ជាលទ្ធផល ខ្ញុំបានផ្សាយដំណឹងល្អអំពីគ្រិស្តយ៉ាងសព្វគ្រប់ តាំងពីក្រុងយេរូសាឡិមរហូតដល់អ៊ីលីរីកុម។+
២០ យ៉ាងនេះ ខ្ញុំបានតាំងចិត្តមិនប្រកាសដំណឹងល្អនៅកន្លែងដែលគេបានឮនាមរបស់គ្រិស្តទេ ដើម្បីកុំឲ្យខ្ញុំសង់លើគ្រឹះដែលអ្នកផ្សេងទៀតបានចាក់រួចហើយ
២១ ដូចបទគម្ពីរចែងថា៖ «ពួកអ្នកដែលមិនបានទទួលដំណឹងអំពីលោកនឹងឃើញលោក ហើយពួកអ្នកដែលមិនបានឮនឹងយល់»។+
២២ ហេតុនេះ ខ្ញុំបានត្រូវរារាំងជាច្រើនដង មិនឲ្យទៅឯអ្នករាល់គ្នា។
២៣ ប៉ុន្តែ ពេលនេះ ខ្ញុំបានផ្សព្វផ្សាយយ៉ាងសព្វគ្រប់ក្នុងតំបន់ទាំងនេះ ហើយអស់ជាច្រើនឆ្នាំ*ខ្ញុំចង់ទៅជួបអ្នករាល់គ្នាយ៉ាងខ្លាំង។
២៤ ដូច្នេះ ខ្ញុំសង្ឃឹមថាអាចជួបអ្នករាល់គ្នា ពេលដែលខ្ញុំធ្វើដំណើរទៅស្រុកអេស្ប៉ាញ ហើយក៏សង្ឃឹមថាក្រោយពីខ្ញុំបានចំណាយពេលមួយរយៈជាមួយនឹងអ្នករាល់គ្នា ខ្ញុំសុំអ្នករាល់គ្នាជូនដំណើរខ្ញុំមួយកំណាត់ផ្លូវទៅស្រុកនោះ។
២៥ ប៉ុន្តែ ឥឡូវនេះខ្ញុំហៀបនឹងចេញដំណើរទៅក្រុងយេរូសាឡិមដើម្បីបម្រើពួកអ្នកបរិសុទ្ធ។+
២៦ ព្រោះអស់អ្នកដែលនៅតំបន់ម៉ាសេដូននិងខេត្តអាខេយ៉ា បានជួយផ្ដល់វិភាគទានដោយអំណរសម្រាប់ពួកអ្នកបរិសុទ្ធដែលក្រីក្រនៅក្រុងយេរូសាឡិម។+
២៧ ពិតមែន ពួកគាត់ពេញចិត្តធ្វើដូច្នេះ ហើយពួកគាត់ដឹងច្បាស់ថាពួកគាត់ជំពាក់ពួកអ្នកបរិសុទ្ធនៅក្រុងយេរូសាឡិម ព្រោះប្រសិនបើប្រជាជាតិនានាបានរួមចំណែកក្នុងអ្វីៗពីព្រះ ដែលពួកគាត់បានទទួលពីពួកអ្នកបរិសុទ្ធ នោះពួកគាត់ក៏មានភារកិច្ចជួយបំពេញសេចក្ដីត្រូវការរបស់ពួកអ្នកបរិសុទ្ធដែរ។+
២៨ ដូច្នេះ បន្ទាប់ពីខ្ញុំបានសម្រេចកិច្ចការនេះ ហើយបានប្រគល់វិភាគទាននេះដល់ដៃពួកគាត់ ខ្ញុំនឹងចេញដំណើរទៅស្រុកអេស្ប៉ាញ ហើយនៅតាមផ្លូវ ខ្ញុំនឹងទៅជួបអ្នករាល់គ្នា។
២៩ ម្យ៉ាងទៀត ខ្ញុំដឹងថាពេលខ្ញុំទៅជួបអ្នករាល់គ្នា ខ្ញុំនឹងនាំយកពរដ៏បរិបូរពីគ្រិស្តទៅជាមួយដែរ។
៣០ បងប្អូនអើយ ឥឡូវខ្ញុំសូមជំរុញចិត្តអ្នករាល់គ្នាតាមរយៈលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង និងតាមរយៈសេចក្ដីស្រឡាញ់ពីឫទ្ធានុភាពរបស់ព្រះ ឲ្យអធិដ្ឋានអង្វរព្រះឥតឈប់ដើម្បីខ្ញុំ ដូចខ្ញុំកំពុងធ្វើដែរ។+
៣១ យ៉ាងនោះ ខ្ញុំអាចរួច+ពីពួកអ្នកមិនជឿនៅតំបន់យូឌា ហើយដើម្បីឲ្យពួកអ្នកបរិសុទ្ធក្នុងក្រុងយេរូសាឡិម ពេញចិត្តទទួលជំនួយដែលខ្ញុំនាំយកទៅ។+
៣២ ជាលទ្ធផល តាមរយៈបំណងប្រាថ្នារបស់ព្រះ ខ្ញុំនឹងទៅជួបអ្នករាល់គ្នាដោយអំណរ ហើយយើងនឹងទទួលកម្លាំងចិត្តពីគ្នាទៅវិញទៅមក។
៣៣ សូមព្រះដែលផ្ដល់សេចក្ដីសុខសាន្តនៅជាមួយនឹងអ្នកទាំងអស់គ្នា។+ អាមេន។
កំណត់សម្គាល់
^ មើលនិយមន័យពាក្យ«ការកាត់ចុងស្បែក»
^ ឬ«ណែនាំ»
^ ឬ«អ្នកបម្រើសាធារណជន»
^ ឬប្រហែលជាមានន័យថា«អស់ប៉ុន្មានឆ្នាំ»