ជូនចំពោះគ្រិស្តសាសនិកនៅក្រុងរ៉ូម ២:១-២៩

  • ការ​វិនិច្ឆ័យ​របស់​ព្រះ​ចំពោះ​ជនជាតិ​យូដា​និង​ជន​ជាតិ​ក្រិច (​១​-​១៦)

    • តួ​នាទី​របស់​សមត្ថភាព​វិនិច្ឆ័យ (​១៤, ១៥)

  • ជនជាតិ​យូដា​និង​ច្បាប់ (​១៧​-​២៤)

  • ការ​កាត់​ចុង​ស្បែក​នៅ​លើ​ចិត្ត (​២៥​-​២៩)

 ដូច្នេះ បង​ប្អូន​អើយ ទោះ​បី​អ្នក​ជា​នរណា​ក៏​ដោយ+ ប្រសិន​បើ​អ្នក​វិនិច្ឆ័យ​គេ អ្នក​មិន​អាច​ដោះ​សាបាន​ឡើយ។ ព្រោះ​ពេល​អ្នក​វិនិច្ឆ័យ​គេ​អំពី​រឿង​ណា អ្នក​ក៏​ផ្ដន្ទា​ទោស​ខ្លួន​អំពី​រឿង​នោះ​ដែរ ដោយ​ហេតុ​ថា​អ្នក​វិនិច្ឆ័យ​គេ តែ​ខ្លួន​អ្នក​ប្រព្រឹត្ត​អំពើ​នោះ​ដូច​គ្នា។+ ២  យើង​ដឹង​ថា​ព្រះ​វិនិច្ឆ័យ​ទោស​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែប​នោះ​ស្រប​តាម​សេចក្ដី​ពិត។ ៣  ប៉ុន្តែ បង​ប្អូន​អើយ ពេល​អ្នក​វិនិច្ឆ័យ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែប​នោះ តែ​ខ្លួន​អ្នក​ក៏​ប្រព្រឹត្ត​អំពើ​បែប​នោះ​ដែរ តើ​អ្នក​គិត​ថា​ខ្លួន​នឹង​រួច​ពី​ការ​វិនិច្ឆ័យ​របស់​ព្រះ​ឬ? ៤  តើ​អ្នក​មើល​ងាយ​ចិត្ត​សប្បុរស+ ចិត្ត​អធ្យាស្រ័យ*+ និង​ចិត្ត​អត់​ធ្មត់+ដ៏បរិបូរ​របស់​លោក​ឬ? តើ​អ្នក​មិន​ដឹង​ទេ​ឬ ថា​សេចក្ដី​សប្បុរស​របស់​ព្រះ​កំពុង​ព្យាយាម​ជំរុញ​អ្នក​ឲ្យ​ប្រែ​ចិត្ត?+ ៥  ប៉ុន្តែ ដោយ​សារ​អ្នក​ជា​មនុស្ស​រឹង​រូស ហើយ​មិន​ព្រម​ប្រែចិត្ត នោះ​អ្នក​កំពុង​ប្រមូល​កំហឹង​របស់​ព្រះ​ទុក​សម្រាប់​ខ្លួន​ហើយ។ ព្រះ​នឹង​បង្ហាញ​កំហឹង​នោះ​នៅ​ថ្ងៃ​វិនិច្ឆ័យ​ដ៏​សុចរិត​យុត្តិធម៌​របស់​លោក។+ ៦  លោក​នឹង​សង​ដល់​មនុស្ស​ម្នាក់​ៗ​ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​គេ​រៀង​ខ្លួន+ ៧  គឺ​លោក​នឹង​ឲ្យ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​អស់​អ្នក​ដែល​កំពុង​ស្វែង​រក​សិរី​រុង​រឿង កិត្តិយស និង​រូប​កាយ​ដែល​មិន​អាច​ខូច​ទៅ+ ដោយ​សារ​ពួក​គេ​កាន់​ខ្ជាប់​អំពើ​ល្អ។ ៨  ក៏​ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​ចេះ​តែ​បង្ក​ជម្លោះ ហើយ​មិន​ធ្វើ​តាម​សេចក្ដី​ពិត តែ​ធ្វើ​តាម​សេចក្ដី​មិន​សុចរិត អ្នក​ទាំង​នោះ​នឹង​បាន​សេចក្ដី​ក្រោធ​និង​កំហឹង​វិញ។+ ៩  សេចក្ដី​វេទនា​និង​ទុក្ខ​កង្វល់​នឹង​កើត​មាន​ដល់​មនុស្ស​គ្រប់​រូប​ដែល​ធ្វើ​អំពើ​អាក្រក់ មុន​ដំបូង​ដល់​ពួក​យូដា រួច​មក​ពួក​ក្រិច។ ១០  ប៉ុន្តែ សិរី​រុង​រឿង កិត្តិយស និង​សេចក្ដី​សុខ​សាន្ត នឹង​កើត​មាន​ដល់​អស់​អ្នក​ដែល​ធ្វើ​អំពើ​ល្អ មុន​ដំបូង​ដល់​ពួក​យូដា+ រួច​មក​ពួក​ក្រិច។+ ១១  ពី​ព្រោះ​ព្រះ​មិន​រើស​មុខ​ឡើយ។+ ១២  អស់​អ្នក​ណា​ដែល​មិន​នៅ​ក្រោម​ច្បាប់ តែ​ធ្វើ​ខុស អ្នក​ទាំង​នោះ​នឹង​ស្លាប់ ទោះ​ជា​មិន​នៅ​ក្រោម​ច្បាប់​ក៏​ដោយ។+ ប៉ុន្តែ អស់​អ្នក​ដែល​ធ្វើ​ខុស ពេល​នៅ​ក្រោម​ច្បាប់ អ្នក​ទាំង​នោះ​នឹង​ត្រូវ​វិនិច្ឆ័យ​ស្រប​តាម​ច្បាប់​នោះ។+ ១៣  ព្រោះ​ចំពោះ​ព្រះ ពួក​អ្នក​ដែល​សុចរិត មិន​មែន​ជា​អ្នក​ដែល​ឮ​ច្បាប់​ទេ តែ​ជា​អ្នក​ដែល​ធ្វើ​តាម​ច្បាប់​វិញ។ ដូច្នេះ ពួក​គេ​ជា​អ្នក​ដែល​ព្រះ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត។+ ១៤  ទោះ​ជា​ជន​ជាតិ​ដទៃ​មិន​ស្គាល់​ច្បាប់​របស់​ព្រះ​ក៏​ដោយ+ ពួក​គេ​នៅ​តែ​ធ្វើ​អ្វី​ៗ​តាម​ច្បាប់​ទាំង​នោះ។ នេះ​បង្ហាញ​ថា​ពួក​គេ​មាន​ច្បាប់​ទាំង​នោះ​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ​ពី​ធម្មជាតិ។ ១៥  ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ស​ឲ្យ​ឃើញ​ថា​ខ្លឹម​សារ​នៃ​ច្បាប់​បាន​ត្រូវ​ចារ​ទុក​ក្នុង​ចិត្ត​របស់​ពួក​គេ ហើយ​សមត្ថភាព​វិនិច្ឆ័យ​របស់​ពួក​គេ​រួម​ធ្វើ​ជា​សាក្សី​បញ្ជាក់​ថា ការ​ប្រព្រឹត្ត​របស់​ពួក​គេ​គឺ​ខុស​ឬ​ត្រូវ រួច​គំនិត​របស់​ពួក​គេ​ប្រកាន់​ទោស​ពួក​គេ ឬ​ថា​ពួក​គេ​គ្មាន​ទោស​ទេ។ ១៦  ការ​នេះ​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ដែល​ព្រះ​វិនិច្ឆ័យ​រឿង​អាថ៌​កំបាំង​របស់​មនុស្សជាតិ តាម​រយៈ​គ្រិស្ត​យេស៊ូ+ ស្រប​ទៅ​តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ប្រកាស។ ១៧  ប្រសិន​បើ​អ្នក​មាន​ឈ្មោះ​ថា​ជា​ជនជាតិ​យូដា+ ហើយ​កំពុង​ពឹង​ផ្អែក​លើ​ច្បាប់ និង​មាន​មោទនភាព​ដោយ​សារ​ព្រះ ១៨  ហើយ​អ្នក​ស្គាល់​បំណង​ប្រាថ្នា​របស់​លោក ក៏​ចេះ​សម្គាល់​អ្វី​ៗ​ដែល​ល្អ​ប្រសើរ ពី​ព្រោះ​អ្នក​បាន​ត្រូវ​អប់រំ*អំពី​ច្បាប់+ ១៩  ហើយ​អ្នក​ជឿ​ជាក់​ថា​ខ្លួន​ជា​អ្នក​នាំ​ផ្លូវ​មនុស្ស​ងងឹត​ភ្នែក និង​ជា​ពន្លឺ​សម្រាប់​មនុស្ស​ដែល​នៅ​ក្នុង​ភាព​ងងឹត ២០  ក៏​ជា​អ្នក​កែ​តម្រង់​មនុស្ស​ឥត​វិចារណញ្ញាណ និង​ជា​អ្នក​បង្រៀន​ក្មេង​តូច​ៗ ថែម​ទាំង​ជា​អ្នក​ដែល​យល់​លក្ខណៈ​សំខាន់​ៗ​នៃ​ចំណេះ​និង​សេចក្ដី​ពិត​ក្នុង​ច្បាប់ ២១  ដូច្នេះ បើ​អ្នក​បង្រៀន​អ្នក​ឯ​ទៀត តើ​អ្នក​មិន​បង្រៀន​ខ្លួន​អ្នក​ទេ​ឬ?+ បើ​អ្នក​ផ្សព្វ​ផ្សាយ​ថា​៖ ​«​កុំ​លួច​»​+ តើ​ខ្លួន​អ្នក​លួច​ឬ? ២២  បើ​អ្នក​ប្រាប់​ថា​៖ ​«​កុំ​ផិត​ក្បត់​»​+ តើ​ខ្លួន​អ្នក​ផិត​ក្បត់​ឬ? បើ​អ្នក​ស្អប់​ខ្ពើម​រូប​ព្រះ តើ​ខ្លួន​អ្នក​ប្លន់​វិហារ​ឬ? ២៣  បើ​អ្នក​មាន​មោទនភាព​ដោយ​សារ​ច្បាប់ តើ​ខ្លួនអ្នក​បង្ខូច​កិត្តិយស​ព្រះ​ដោយ​ប្រព្រឹត្ត​រំលង​ច្បាប់​ឬ? ២៤  ពី​ព្រោះ​«​ក្នុង​ប្រជាជាតិ​នា​នា​គេ​កំពុង​ប្រមាថ​នាម​របស់​ព្រះ ដោយ​សារ​តែ​អ្នក​រាល់​គ្នា​»​ ដូច​បទ​គម្ពីរ​បាន​ចែង។+ ២៥  តាម​ពិត ការ​កាត់​ចុង​ស្បែក*+មាន​ប្រយោជន៍ លុះ​ត្រា​តែ​អ្នក​ប្រព្រឹត្ត​តាម​ច្បាប់។+ ក៏​ប៉ុន្តែ ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​រំលង​ច្បាប់ ការ​ដែល​អ្នក​បាន​ទទួល​ការ​កាត់​ចុង​ស្បែក គឺ​ដូច​ជា​អ្នក​មិន​បាន​ទទួល​ការ​កាត់​ចុង​ស្បែក​វិញ។ ២៦  ដូច្នេះ ប្រសិន​បើ​អ្នក​ណា​ម្នាក់​ដែល​មិន​ទាន់​ទទួល​ការ​កាត់​ចុង​ស្បែក+ តែ​កាន់​តាម​តម្រូវ​ការ​ដ៏​សុចរិត​របស់​ច្បាប់ អ្នក​នោះ​នឹង​ត្រូវ​ចាត់​ទុក​ដូច​ជា​អ្នក​ដែល​បាន​ទទួល​ការ​កាត់​ចុង​ស្បែក​ហើយ មែន​ទេ?+ ២៧  ពេល​អ្នក​ណា​ម្នាក់​ដែល​មិន​កាត់​ចុង​ស្បែក តែ​ប្រព្រឹត្ត​តាម​ច្បាប់ អ្នក​នោះ​បង្ហាញ​ថា​អ្នក​ធ្វើ​ខុស​ច្បាប់ ទោះ​ជា​អ្នក​មាន​ច្បាប់​ជា​លាយ​លក្ខណ៍​អក្សរ និង​កាត់​ចុង​ស្បែក​ហើយ​ក៏​ដោយ។ ២៨  ព្រោះ​មិន​មែន​សម្បក​ក្រៅ​ទេ ដែល​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ជា​ជនជាតិ​យូដា​ពិត​ប្រាកដ+ ហើយ​ការ​កាត់​ចុង​ស្បែក​របស់​អ្នក​នោះ ក៏​មិន​មែន​នៅ​លើ​រូប​កាយ​របស់​គាត់​ដែរ។+ ២៩  ប៉ុន្តែ គឺ​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​វិញ ដែល​ធ្វើ​ឲ្យ​អ្នក​នោះ​ជា​ជនជាតិ​យូដា​ពិត​ប្រាកដ+ ហើយ​ការ​កាត់​ចុង​ស្បែក​របស់​អ្នក​នោះ គឺ​នៅ​លើ​ចិត្ត+របស់​គាត់​ដោយ​ឫទ្ធានុភាព​របស់​ព្រះ មិន​មែន​ដោយ​ក្បួន​ច្បាប់​ជា​លាយ​លក្ខណ៍​អក្សរ​ទេ។+ អ្នក​នោះ​ទទួល​សេចក្ដី​សរសើរ​ពី​ព្រះ មិន​មែន​ពី​មនុស្ស​ឡើយ។+

កំណត់សម្គាល់

ឬ​«​ចិត្ត​ស៊ូ​ទ្រាំ​»​
នេះ​សំដៅ​លើ​ការ​បង្រៀន​ដោយ​មាត់​ទទេ
មើល​និយម​ន័យ​ពាក្យ​«​ការ​កាត់​ចុង​ស្បែក​»​