សៀវភៅលូកា ១២:១-៥៩

  • ដំបែ​របស់​ពួក​ផារិស៊ី (​១​-​៣)

  • កោត​ខ្លាច​ព្រះ មិន​មែន​មនុស្ស​ទេ (​៤​-​៧)

  • ការ​ទទួល​ស្គាល់​អំពី​ការ​រួប​រួម​ជា​មួយ​គ្រិស្ត (​៨​-​១២)

  • ឧទាហរណ៍​អំពី​បុរស​អ្នក​មាន​ដែល​ឥត​ចេះ​គិត​ពិចារណា (​១៣​-​២១)

  • ឈប់​ខ្វល់​ខ្វាយ (​២២​-​៣៤)

    • ហ្វូង​តូច (​៣២)

  • ការ​ចាំ​យាម (​៣៥​-​៤០)

  • អ្នក​ចាត់​ចែង​ដ៏​ស្មោះ​ត្រង់ និង​អ្នក​ចាត់​ចែង​ដែល​មិន​ស្មោះ​ត្រង់ (​៤១​-​៤៨)

  • មិន​មែន​ធ្វើ​ឲ្យ​មាន​សន្តិភាព​ទេ តែ​ធ្វើ​ឲ្យ​បែក​បាក់​គ្នា​វិញ (​៤៩​-​៥៣)

  • ត្រូវ​ចេះ​ពិចារណា​អំពី​គ្រា​នេះ (​៥៤​-​៥៦)

  • ការ​ដោះ​ស្រាយ​ទំនាស់ (​៥៧​-​៥៩)

១២  នៅ​គ្រា​នោះ ក្រោយ​ពី​មនុស្ស​ជា​ច្រើន​រាប់​ពាន់​នាក់​បាន​មក​ជួប​ជុំ​រហូត​ដល់​ជាន់​ជើង​គ្នា លោក​ចាប់​ផ្ដើម​មាន​ប្រសាសន៍​ដោយ​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី ពោល​គឺ​ពុត​ត្បុត​របស់​ពួក​គេ។+ ២  ប៉ុន្តែ អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​បិទ​បាំង​យ៉ាង​ជិត​ល្អ នឹង​ត្រូវ​បើក​បង្ហាញ ហើយ​អ្វី​ៗ​ទាំង​អស់​ដែល​ជា​អាថ៌​កំបាំង នឹង​ត្រូវ​គេ​ដឹង។+ ៣  ហេតុ​នេះ អ្វី​ដែល​អ្នក​រាល់​គ្នា​និយាយ​ក្នុង​ទី​ងងឹត នោះ​នឹង​ត្រូវ​គេ​ឮ​នៅ​កន្លែង​ភ្លឺ ហើយ​អ្វី​ដែល​អ្នក​រាល់គ្នា​ខ្សឹប​នៅ​ក្នុង​បន្ទប់ នោះ​នឹង​ត្រូវ​ផ្សាយ​ពី​លើ​ដំបូល​ផ្ទះ​វិញ។ ៤  ម្យ៉ាង​ទៀត សម្លាញ់​ខ្ញុំ​អើយ+ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​រូប​កាយ តែ​មិន​អាច​ធ្វើ​អ្វី​លើស​ពី​នោះ​ឡើយ។+ ៥  ផ្ទុយ​ទៅ​វិញ ខ្ញុំ​នឹង​ប្រាប់​អ្នក​រាល់​គ្នា​ថា​ត្រូវ​ខ្លាច​អ្នក​ណា គឺ​ត្រូវ​ខ្លាច​លោក​ដែល​មាន​អំណាច​សម្លាប់​អ្នក​ដោយ​បោះ​អ្នក​ទៅ​ក្នុង​កេហេណា។*+ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គឺ​លោក​ហើយ​ដែល​អ្នក​ត្រូវ​ខ្លាច។+ ៦  គេ​លក់​ចាប​ពូក​ប្រាំ​ក្បាល​ថ្លៃ​ពីរ​សេន* មែន​ទេ? ប៉ុន្តែ ព្រះ​មិន​ភ្លេច​ចាប​ទាំង​នោះ​ឡើយ ទោះ​ជា​ចាប​មួយ​ក៏​ដោយ។+ ៧  សូម្បី​តែ​ចំនួន​សរសៃ​សក់​នៅ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​លោក​ជ្រាប​ដែរ។+ កុំ​ខ្លាច​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​ជាង​ចាប​ពូក​ជា​ច្រើន​ទៅ​ទៀត។+ ៨  ​«​ម្ល៉ោះ​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​ទទួល​ស្គាល់​ខ្ញុំ​នៅ​មុខ​មនុស្ស+ កូន​មនុស្ស​ក៏​នឹង​ទទួល​ស្គាល់​អ្នក​នោះ​នៅ​មុខ​បណ្ដា​ទេវតា​របស់​ព្រះ​ដែរ។+ ៩  ប៉ុន្តែ អ្នក​ណា​ដែល​មិន​ទទួល​ស្គាល់​ខ្ញុំ​នៅ​មុខ​មនុស្ស កូន​មនុស្ស​ក៏​នឹង​មិន​ទទួល​ស្គាល់​អ្នកនោះ​នៅ​មុខ​បណ្ដា​ទេវតា​របស់​ព្រះ​ដែរ។+ ១០  ចំណែក​អ្នក​ណា​ដែល​ពោល​ពាក្យ​ប្រឆាំង​កូន​មនុស្ស អ្នក​នោះ​នឹង​ត្រូវ​អភ័យ​ទោស​ឲ្យ ប៉ុន្តែ​អ្នក​ណា​ដែល​ពោល​ពាក្យ​ប្រមាថ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ អ្នក​នោះ​នឹង​មិន​ត្រូវ​អភ័យ​ទោស​ឲ្យ​ទេ។+ ១១  ពេល​ដែល​គេ​បញ្ជូន​អ្នក​ទៅ​ឯ​ការ​ប្រជុំ​សាធារណៈ* ទៅ​ឯ​ពួក​មន្ត្រី​រាជការ និង​ពួក​អាជ្ញាធរ កុំ​ខ្វល់​ចិត្ត​ថា​អ្នក​ត្រូវ​និយាយ​អ្វី ឬ​និយាយ​យ៉ាង​ណា​ដើម្បី​ការ​ពារ​ខ្លួន​នោះ​ឡើយ+ ១២  ព្រោះ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​នឹង​បង្រៀន​អ្នក​រាល់​គ្នា​អំពី​អ្វី​ដែល​អ្នក​ត្រូវ​និយាយ​នៅ​ពេល​នោះ​ឯង​»។+ ១៣  ក្រោយ​មក បុរស​ម្នាក់​ពី​ចំណោម​បណ្ដា​ជន​បាន​សុំ​លោក​ថា​៖ ​«​លោក​គ្រូ សូម​ប្រាប់​បង​ប្រុស​ខ្ញុំ​ឲ្យ​ចែក​មត៌ក​មក​ខ្ញុំ​ផង​»។ ១៤  លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​តើ​អ្នក​ណា​បាន​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅ​ក្រម ឬ​ជា​អាជ្ញា​កណ្ដាល​រវាង​អ្នក​ទាំង​ពីរ?​»។ ១៥  រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ចូរ​ប្រុង​ប្រៀប​ស្មារតី​ជានិច្ច ហើយ​ប្រុង​ប្រយ័ត្ន​នឹង​ការ​លោភ​លន់*គ្រប់​យ៉ាង+ ពី​ព្រោះ​ទោះ​ជា​មនុស្ស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាង​ណា​ក៏​ដោយ គាត់​មិន​បាន​ជីវិត​ពី​ទ្រព្យ​ទាំង​នោះ​ទេ​»។+ ១៦  រួច​លោក​លើក​ឧទាហរណ៍​មួយ​ប្រាប់​ពួក​គេ​ថា​៖ ​«​ស្រែ​ចម្ការ​របស់​បុរស​អ្នក​មាន​ម្នាក់​បាន​បង្កើត​ផល​ជា​ច្រើន។ ១៧  ម្ល៉ោះ​ហើយ គាត់​ចាប់​ផ្ដើម​រិះ​គិត​ក្នុង​ចិត្ត​ថា​៖ ‹ឥឡូវ​ខ្ញុំ​គ្មាន​កន្លែង​ទុក​ផល​ដំណាំ​របស់​ខ្ញុំ​ទេ។ ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៅ?›។ ១៨  រួច​គាត់​និយាយ​ថា​៖ ‹ខ្ញុំ​ត្រូវ​ធ្វើ​ដូច្នេះ​វិញ+ ខ្ញុំ​នឹង​រុះ​ឃ្លាំង​ទាំង​អស់​របស់​ខ្ញុំ ហើយ​ធ្វើ​ឃ្លាំង​ធំ​ៗ​ជាង រួច​មក​ខ្ញុំ​នឹង​ទុក​ស្រូវ​សាលី​និង​របស់​ល្អ​ទាំង​អស់​របស់​ខ្ញុំ​នៅ​ក្នុង​នោះ ១៩  ហើយ​ខ្ញុំ​នឹង​ប្រាប់​ខ្លួន​ខ្ញុំ​ថា​៖ ​«​ខ្ញុំ​អើយ! ខ្ញុំ​បាន​ប្រមូល​ទុក​របស់​ល្អ​ជា​ច្រើន ល្មម​សម្រាប់​យូរ​ឆ្នាំ​ទៀត ចូរ​សម្រាក​ចុះ ហើយ​បរិភោគ​និង​ផឹក​ឲ្យ​សប្បាយ​ទៅ​»​›។ ២០  ប៉ុន្តែ ព្រះ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ‹មនុស្ស​ឥត​ចេះ​គិត​ពិចារណា​អើយ នៅ​យប់​នេះ​ឯង គេ​នឹង​ទាម​ទារ​ជីវិត*របស់​អ្នក​ហើយ។ ដូច្នេះ តើ​អ្នក​ណា​នឹង​ទទួល​អ្វី​ៗ​ដែល​អ្នក​បាន​ប្រមូល​ទុក​នោះ?›។+ ២១  អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន តែ​មិន​មែន​ជា​អ្នក​មាន​ចំពោះ​ព្រះ អ្នក​នោះ​ក៏​ដូច្នោះ​ដែរ​»។+ ២២  បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ឈប់​ខ្វល់​ខ្វាយ​អំពី​ជីវិត*ខ្លួន​ថា នឹង​បាន​អ្វី​បរិភោគ ឬ​ខ្វល់​ខ្វាយ​អំពី​រូប​កាយ​ថា នឹង​បាន​អ្វី​ស្លៀក​ពាក់​ឡើយ។+ ២៣  ព្រោះ​ជីវិត​មាន​តម្លៃ​ជាង​ម្ហូប​អាហារ ហើយ​រូប​កាយ​មាន​តម្លៃ​ជាង​សម្លៀក​បំពាក់។ ២៤  ចូរ​កត់​សម្គាល់​ថា សត្វ​ក្អែក​មិន​សាប​ព្រោះ​ឬ​ច្រូត​កាត់​ទេ ហើយ​ក៏​គ្មាន​ជង្រុក​ឬ​ឃ្លាំង​ដែរ តែ​ព្រះ​ផ្ដល់​ចំណី​ឲ្យ​វា។+ ទម្រាំ​តែ​អ្នក​រាល់​គ្នា តើ​មិន​មាន​តម្លៃ​ជាង​សត្វ​ស្លាប​ទេ​ឬ?+ ២៥  ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ខ្វល់​ខ្វាយ តើ​អ្នក​អាច​ធ្វើ​ឲ្យ​អាយុ​ជីវិត​ខ្លួន​វែង​ជាង សូម្បី​តែ​បន្តិច*បាន​ទេ? ២៦  ម្ល៉ោះ​ហើយ បើ​អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​ការ​ដ៏​តូច​នេះ​បាន​ទេ ហេតុ​អ្វី​អ្នក​រាល់​គ្នា​ត្រូវ​ខ្វល់​ខ្វាយ​អំពី​រឿង​ក្រៅ​ពី​នោះ?+ ២៧  ចូរ​កត់​សម្គាល់​របៀប​ដែល​ផ្កា​ដុះ​ឡើង​នៅ​ឯ​វាល។ វា​មិន​ធ្វើ​ការ​នឿយ​ហត់​ទេ ក៏​មិន​ត្បាញ​រវៃ​ដែរ។ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​សាឡូម៉ូន​ដែល​បាន​តែង​ខ្លួន​ល្អ​ប្រណីត​បំផុត ក៏​មិន​ស្មើ​នឹង​ផ្កា​មួយ​ទង​បែប​នោះ​ផង។+ ២៨  ព្រះ​តុបតែង​រុក្ខជាតិ​ដែល​ដុះ​នៅ​ឯ​វាល​នៅ​ថ្ងៃ​នេះ ហើយ​នៅ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ឡ។ បើ​ដូច្នេះ ព្រះ​ប្រាកដ​ជា​នឹង​ផ្ដល់​សម្លៀក​បំពាក់​លើស​ជាង​នោះ​ទៅ​ទៀត​ឲ្យ​អ្នក​រាល់​គ្នា ដែល​ជា​អ្នក​មាន​ជំនឿ​តិច! ២៩  ដូច្នេះ ឈប់​ខ្វល់​ខ្វាយ​ថា នឹង​បាន​អ្វី​បរិភោគ ឬ​នឹង​បាន​អ្វី​ផឹក ហើយ​ឈប់​ព្រួយ​បារម្ភ+ ៣០  ព្រោះ​របស់​ទាំង​អស់​នេះ​ជា​អ្វី​ដែល​មនុស្ស*ក្នុង​ពិភព​លោក​នេះ​កំពុង​ស្វះ​ស្វែង​រក។ ប៉ុន្តែ បិតា​របស់​អ្នក​ដឹង​ថា​អ្នក​ត្រូវ​ការ​របស់​ទាំង​នេះ។+ ៣១  ផ្ទុយ​ទៅ​វិញ ចូរ​បន្ត​ស្វែង​រក​រាជាណាចក្រ​របស់​លោក ហើយ​លោក​នឹង​ផ្ដល់​របស់​ទាំង​នេះ​ឲ្យ​អ្នក។+ ៣២  ​«​ហ្វូង​តូច​អើយ កុំ​ខ្លាច​ឡើយ+ ពី​ព្រោះ​បិតា​របស់​អ្នក​ពេញ​ចិត្ត​ឲ្យ​រាជាណាចក្រ​ដល់​អ្នក។+ ៣៣  ចូរ​លក់​របស់​ដែល​អ្នក​រាល់​គ្នា​មាន ហើយ​ធ្វើ​ទាន។+ ចូរ​ធ្វើ​ថង់​ប្រាក់​ដែល​មិន​ចេះ​សឹក​រេច​រឹល ពោល​គឺ​ទ្រព្យ​ដែល​មិន​ចេះ​អស់​នៅ​ស្ថាន​សួគ៌+ ជា​កន្លែង​ដែល​ចោរ​មិន​ទៅ​ជិត ហើយ​សត្វ​ល្អិត​មិន​ស៊ី​បំផ្លាញ។ ៣៤  ព្រោះ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​ក៏​នៅ​កន្លែង​នោះ​ដែរ។ ៣៥  ​«​ចូរ​ស្លៀក​ពាក់​និង​ប្រុង​ប្រៀប​ខ្លួន*+ ហើយ​ឲ្យ​ចង្កៀង​របស់​អ្នក​រាល់​គ្នា​នៅ​ឆេះ+ ៣៦  ព្រម​ទាំង​ធ្វើ​ដូច​ពួក​បុរស​ដែល​កំពុង​រង់​ចាំ​ម្ចាស់​របស់​ពួក​គេ​វិល​ត្រឡប់​មក+ពី​ពិធី​រៀប​ការ+ ដូច្នេះ​ពួក​គេ​អាច​បើក​ទ្វារ​ជូន​លោក​ភ្លាម ពេល​ដែល​លោក​មកដល់​ហើយ​គោះ​ទ្វារ។ ៣៧  ខ្ញុំ​បម្រើ​ណា​ដែល​ម្ចាស់​ឃើញ​ថា​កំពុង​ចាំ​យាមពេល​លោក​មក​ដល់ ខ្ញុំ​បម្រើ​នោះ​នឹង​មាន​សុភមង្គល! ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា លោក​នឹង​ពាក់​ឯកសណ្ឋាន*ធ្វើ​ការ ហើយ​ឲ្យ​ពួក​គេ​អង្គុយ​នៅ​តុ រួច​លោក​នឹង​ចូល​មក​ជិត​បម្រើ​ពួក​គេ។ ៣៨  ទោះ​ជា​លោក​មក​ដល់​នៅ​យាម​ទី​២* ឬ​យាម​ទី​៣*ក៏​ដោយ ហើយ​ឃើញ​ថា​ពួក​ខ្ញុំ​បម្រើ​កំពុង​ធ្វើ​ដូច្នោះ នោះ​ពួក​គេ​នឹង​មាន​សុភមង្គល! ៣៩  ប៉ុន្តែ ចូរ​ដឹង​ថា បើ​ម្ចាស់​ផ្ទះ​បាន​ដឹង​ថា​ចោរ​នឹង​មក​នៅ​ម៉ោង​ណា នោះ​ម្ចាស់​ផ្ទះ​មុខ​ជា​មិន​ឲ្យ​ចោរ​ចូល​ផ្ទះ​គាត់​ឡើយ។+ ៤០  អ្នក​រាល់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច​ដូច្នេះ​ដែរ ពី​ព្រោះ​កូន​មនុស្ស​នឹង​មក​នៅ​ម៉ោង​ដែល​អ្នក​រាល់​គ្នា​មិន​នឹក​ស្មាន​»។+ ៤១  រួច​មក ពេត្រុស​សួរ​ថា​៖ ​«​លោក​ម្ចាស់ តើ​លោក​កំពុង​លើក​ឧទាហរណ៍​នេះ​សម្រាប់​យើង​តែ​ប៉ុណ្ណោះ ឬ​ក៏​សម្រាប់​ទាំង​អស់​គ្នា?​»។ ៤២  លោក​ម្ចាស់​តប​ថា​៖ ​«​តើ​អ្នក​ណា​ជា​អ្នក​ចាត់​ចែង*ដ៏​ស្មោះ​ត្រង់ ហើយ​ចេះ​ពិចារណា* ដែល​ម្ចាស់​នឹង​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ពួក​អ្នក​បម្រើ​របស់​លោក ដើម្បី​ឲ្យ​អាហារ​ពួក​គេ​បរិភោគ​គ្រប់​គ្រាន់​នៅ​ពេល​ត្រឹម​ត្រូវ?+ ៤៣  ខ្ញុំ​បម្រើ​នោះ​មាន​សុភមង្គលហើយ! ប្រសិន​បើ​ម្ចាស់​មក​ដល់ ហើយ​ឃើញ​ថា​គាត់​កំពុង​ធ្វើ​ដូច្នោះ​មែន។ ៤៤  ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា លោក​នឹង​តែង​តាំង​គាត់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​លោក។ ៤៥  ក៏​ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​បម្រើ​នោះ​គិត​ក្នុង​ចិត្ត​ថា​៖ ‹ម្ចាស់​ខ្ញុំ​កំពុង​បង្អង់​យូរ› រួច​ចាប់​ផ្ដើម​វាយ​ពួក​ខ្ញុំ​បម្រើ​ប្រុស​ស្រី ហើយ​ស៊ី​ផឹក​ស្រវឹង+ ៤៦  នោះ​ម្ចាស់​របស់​គាត់​នឹង​មក​វិញ​នៅ​ថ្ងៃ​ដែល​គាត់​មិន​នឹក​ស្មាន និង​នៅ​ម៉ោង​ដែល​គាត់​មិន​ដឹង ហើយ​នឹង​ដាក់​ទោស​គាត់​ធ្ងន់​បំផុត ក៏​រាប់​បញ្ចូល​គាត់​ក្នុង​ចំណោម​មនុស្ស​មិន​ស្មោះ​ត្រង់។ ៤៧  រួច​មក ខ្ញុំ​បម្រើ​ដែល​បាន​យល់​បំណង​ប្រាថ្នា​របស់​ម្ចាស់ តែ​មិន​បាន​ត្រៀម​ខ្លួន​ឬ​ធ្វើ​តាម​អ្វី​ដែល​លោក​សុំ* នឹង​ត្រូវ​វាយ​ជា​ច្រើន​រំពាត់។+ ៤៨  ក៏​ប៉ុន្តែ ខ្ញុំ​បម្រើ​ដែល​មិន​បាន​យល់ ហើយ​បាន​ធ្វើ​អ្វី​គួរ​នឹង​ត្រូវ​រំពាត់ នឹង​ត្រូវ​វាយ​តិច។ ដូច្នេះ អ្នក​ណា​ដែល​ទទួល​ច្រើន គេ​នឹង​តម្រូវ​ច្រើន​ពី​អ្នក​នោះ ហើយ​អ្នក​ណា​ដែល​គេ​ប្រគល់​កិច្ច​ការ​ជា​ច្រើន​ឲ្យ​មើល​ការ​ខុស​ត្រូវ គេ​នឹង​តម្រូវ​ពី​អ្នក​នោះ​ច្រើន​លើស​ពី​ធម្មតា។+ ៤៩  ​«​ខ្ញុំ​បាន​មក​ដើម្បី​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​នៅ​ផែនដី។ បើ​ភ្លើង​នោះ​កំពុង​ឆេះ​ហើយ តើ​ចាំ​បាច់​ឲ្យ​ខ្ញុំ​ប្រាថ្នា​អ្វី​ទៀត? ៥០  មាន​ការ​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល​ពិត​មែន ហើយ​ខ្ញុំ​កំពុង​កើត​ទុក្ខ​យ៉ាង​ខ្លាំង​រហូត​ដល់​ការ​ជ្រមុជ​នោះ​ចប់!+ ៥១  តើ​អ្នក​គិត​ថា​ខ្ញុំ​បាន​មក​ដើម្បី​នាំ​ឲ្យ​មាន​សន្តិភាព​លើ​ផែនដី​ឬ? មិន​មែន​ទេ! ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មក​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​គ្នា​វិញ។+ ៥២  ព្រោះ​ចាប់​តាំង​ពី​ពេល​នេះ​ទៅ នឹង​មាន​មនុស្ស​ប្រាំ​នាក់​ក្នុង​ផ្ទះ​មួយ ហើយ​អ្នក​ទាំង​ប្រាំ​នោះ​នឹង​បែក​បាក់​ទាស់​ទែង​គ្នា គឺ​បី​នាក់​ទាស់​នឹង​ពីរ​នាក់ ហើយ​ពីរ​នាក់​ទាស់​នឹង​បី​នាក់។ ៥៣  ពួក​គេ​នឹង​បែក​បាក់​គ្នា គឺ​ឪពុក​ទាស់​នឹង​កូន​ប្រុស ហើយ​កូន​ប្រុស​ទាស់​នឹង​ឪពុក ម្ដាយ​ទាស់​នឹង​កូន​ស្រី ហើយ​កូន​ស្រី​ទាស់​នឹង​ម្ដាយ ម្ដាយ​ក្មេក​ទាស់​នឹង​កូន​ប្រសា​ស្រី ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្ដាយ​ក្មេក​»។+ ៥៤  បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដា​ជន​ថា​៖ ​«​កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ពពក​ឡើង​នៅ​ទិស​ខាង​លិច អ្នក​និយាយ​ភ្លាម​ថា​៖ ‹នឹង​មាន​ព្យុះ​ភ្លៀង› ហើយ​ក៏​កើត​មាន​ព្យុះ​ភ្លៀង​មែន។ ៥៥  កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ថា​ខ្យល់​បក់​មក​ពី​ទិស​ខាង​ត្បូង នោះ​អ្នក​និយាយ​ថា​៖ ‹នឹង​មាន​អាកាសធាតុ​ក្ដៅ› ហើយ​ក៏​កើត​ឡើង​មែន។ ៥៦  មនុស្ស​លាក់​ពុត! អ្នក​រាល់​គ្នា​ចេះ​សម្គាល់​លក្ខណៈ​នៃ​ផ្ទៃ​មេឃ និង​ផែនដី តែ​ហេតុ​អ្វី​បាន​ជា​មិន​ចេះ​ពិចារណា​អត្ថន័យ​នៃ​អ្វី​ដែល​កំពុងកើត​ឡើង​នៅ​គ្រា​នេះ?+ ៥៧  ហេតុ​អ្វី​ក៏​អ្នក​រាល់​គ្នា​មិន​ពិចារណា​ដោយ​ខ្លួន​ឯង​ដែរ​ថា អ្វី​គឺ​សុចរិត? ៥៨  ជា​ឧទាហរណ៍ កាល​ដែល​អ្នក​កំពុង​ធ្វើ​ដំណើរ​ទៅ​ជួប​អាជ្ញាធរ​ជា​មួយ​នឹង​សត្រូវ​ដែល​រក​ប្ដឹង​អ្នក​តាម​ច្បាប់ ចូរ​ព្យាយាម​ដោះ​ស្រាយ​ទំនាស់​នោះ​ជា​មួយ​នឹង​គាត់​តាម​ផ្លូវ​ទៅ ក្រែង​លោ​គាត់​បញ្ជូន​អ្នក​ទៅ​ចៅ​ក្រម រួច​ចៅ​ក្រម​ប្រគល់​អ្នក​ទៅ​មន្ត្រី​ជំនួយ​តុលាការ ហើយ​មន្ត្រី​ជំនួយ​តុលាការ​ដាក់​អ្នក​ក្នុង​គុក។+ ៥៩  ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ប្រាកដ​ជា​មិន​បាន​ចេញ​ពី​គុក​ទេ ទាល់​តែ​បាន​សង​បំណុល​អស់​គ្មាន​ខ្វះ​មួយ​សេន​»។*

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​
ន័យ​ត្រង់​«​ពីរ​អាសេរីយ៉ូន​»​ គឺ​១​ភាគ​១៦​នៃ​ប្រាក់​ឈ្នួល​មួយ​ថ្ងៃ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ទៅ​មុខ​សាលា​ប្រជុំ​»​
ឬ​«​ចិត្ត​ច្រណែន​ចង់​បាន​របស់​អ្នក​ដទៃ​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
ន័យ​ត្រង់​«​សូម្បី​តែ​មួយ​ហត្ថ​»។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​«​ប្រជា​ជាតិ​នា​នា​»។ សំដៅ​លើ​អស់​អ្នក​ដែល​មិន​បម្រើ​ព្រះ​ពិត
ន័យ​ត្រង់​«​ចូរ​ចុក​ក្បិន​»​
ន័យ​ត្រង់​«​លោក​នឹង​ចុក​ក្បិន​»​
ពី​ពាក់​កណ្ដាល​អធ្រាត្រ​ប្រហែល​ដល់​ម៉ោង​បី​ព្រឹក
ប្រហែល​ពី​ម៉ោង​៩​យប់​ដល់​ពាក់​កណ្ដាល​អធ្រាត្រ
ឬ​«​អ្នក​ចាត់​ចែង​កិច្ច​ការ​ផ្ទះ​»​
ឬ​«​មាន​ប្រាជ្ញា​»​
ឬ​«​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​»​
ន័យ​ត្រង់​«​គ្មាន​ខ្វះ​មួយ​ឡិបតុន​»។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤