សៀវភៅលូកា ១៣:១-៣៥

  • ប្រែ​ចិត្ត ឬ​ក៏​ត្រូវ​បំផ្លាញ (​១​-​៥)

  • ឧទាហរណ៍​អំពី​ដើម​ល្វា​តូច​ដែល​គ្មាន​ផ្លែ (​៦​-​៩)

  • ស្ត្រី​កោង​ខ្នង​បាន​ត្រូវ​ធ្វើ​ឲ្យ​ជា​នៅ​ថ្ងៃ​ឈប់​សម្រាក (​១០​-​១៧)

  • ឧទាហរណ៍​អំពី​គ្រាប់​មូស្ដាត​និង​ដំបែ (​១៨​-​២១)

  • ខំ​ប្រឹង​ឲ្យ​ខ្លាំង​ដើម្បី​ចូល​តាម​ទ្វារ​ចង្អៀត (​២២​-​៣០)

  • ហេរ៉ូឌ​ជា​«​មនុស្ស​ក្រឡេច​ក្រឡុច​»​ (​៣១​-​៣៣)

  • លោក​យេស៊ូ​សោកសៅ​អំពី​ក្រុង​យេរូសាឡិម (​៣៤, ៣៥)

១៣  នៅ​ពេល​នោះ​ដែរ មាន​អ្នក​ខ្លះ​នៅ​ទី​នោះ​ជម្រាប​លោក​ថា ពីឡាត​បាន​សម្លាប់​អ្នក​ស្រុកកាលីឡេ​ដែល​កំពុង​ជូន​គ្រឿង​បូជា។ ២  ដូច្នេះ លោក​តប​ទៅ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​គិត​ថា អ្នក​ស្រុកកាលីឡេ​ទាំង​នោះ​រង​គ្រោះ ដោយ​សារ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ច្រើន​ជាង​អ្នក​ស្រុកកាលីឡេ​ឯ​ទៀត​ឬ? ៣  ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គឺ​មិន​មែន​ដូច្នោះ​ទេ។ ប៉ុន្តែ ប្រសិន​បើ​អ្នក​មិន​ប្រែ​ចិត្ត​ទេ អ្នក​ទាំង​អស់​គ្នា​នឹង​ត្រូវ​បំផ្លាញ​ចោល​ដូច​អ្នក​ទាំង​នោះ​ដែរ។+ ៤  រីឯ​មនុស្ស​១៨​នាក់​ដែល​ស្លាប់​ដោយ​សារ​ប៉ម​នៅ​ស៊ីឡូម​បាន​រលំ​លើ​ពួក​គេ តើ​អ្នក​រាល់​គ្នា​គិត​ថា​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ច្រើន​ជាង​មនុស្ស​ឯ​ទៀត​នៅ​ក្រុង​យេរូសាឡិម​ឬ? ៥  ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គឺ​មិន​មែន​ដូច្នោះ​ទេ។ ប៉ុន្តែ ប្រសិន​បើ​អ្នក​មិន​ប្រែ​ចិត្ត​ទេ អ្នក​ទាំង​អស់​គ្នា​នឹង​ត្រូវ​បំផ្លាញ​ចោល​ដូច​អ្នក​ទាំង​នោះ​ដែរ​»។ ៦  រួច​មក លោក​លើក​ឧទាហរណ៍​មួយ​ប្រាប់​ពួក​គេ​ថា​៖ ​«​មាន​បុរស​ម្នាក់​មាន​ដើម​ល្វា​តូច*នៅ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​គាត់ ហើយ​គាត់​មក​រក​បេះ​ផ្លែ​ពី​ដើម​ល្វា​នោះ តែ​ដើម​នោះ​គ្មាន​ផ្លែ​ទេ។+ ៧  នោះ​គាត់​ប្រាប់​អ្នក​ថែ​ចម្ការ​ទំពាំង​បាយ​ជូរ​ថា​៖ ‹ខ្ញុំ​បាន​មក​រក​បេះ​ផ្លែ​ពី​ដើម​ល្វា​តូច​នេះ​អស់​បី​ឆ្នាំ​ហើយ តែ​ដើម​នេះ​គ្មាន​ផ្លែ​សោះ។ ចូរ​កាប់​វា​ចោល! មិន​ចាំ​បាច់​ទុក​ឲ្យ​ខាត​ដី​ត​ទៅ​ទៀត​ទេ›។ ៨  អ្នក​ថែ​ចម្ការ​ទំពាំង​បាយ​ជូរ​តប​ថា​៖ ‹លោក​ម្ចាស់ សូម​លោក​ទុក​ដើម​នោះ​ឲ្យ​នៅ​មួយ​ឆ្នាំ​ទៀត ចាំ​ខ្ញុំ​ជ្រួយ​ដី​នៅ​ជុំវិញ ហើយ​ដាក់​ជី។ ៩  រួច​បើ​នៅ​ថ្ងៃ​មុខ ដើម​នោះ​មាន​ផ្លែ ជា​ការ​ល្អ​ហើយ តែ​បើ​វា​គ្មាន​ផ្លែ​ទេ សឹម​កាប់​វា​ចោល​ចុះ›​»។+ ១០  ក្រោយ​មក នៅ​ថ្ងៃ​ឈប់​សម្រាក​លោក​កំពុង​បង្រៀន​ក្នុង​សាលា​ប្រជុំ​មួយ។ ១១  មើល! មាន​ស្ត្រី​ម្នាក់​ឈឺ​អស់​១៨​ឆ្នាំ ដោយ​សារ​ឥទ្ធិពល​នៃ​វិញ្ញាណ​កំណាច។ នាង​កោង​ខ្នង​យ៉ាង​ខ្លាំង ហើយ​មិន​អាច​ងើប​ត្រង់​បាន​ឡើយ។ ១២  នៅ​ពេល​លោក​យេស៊ូ​ឃើញ​នាង លោក​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​នាង​អើយ នាង​បាន​ត្រូវ​រំដោះ​ពី​ជំងឺ​របស់​នាង​ហើយ​»។+ ១៣  រួច​លោក​ដាក់​ដៃ​លើ​នាង នាង​ក៏​ងើប​ត្រង់​ភ្លាម ហើយ​ចាប់​ផ្ដើម​លើក​តម្កើង​ព្រះ។ ១៤  ប៉ុន្តែ ពេល​ដែល​អ្នក​ទទួល​ខុស​ត្រូវ​នៅ​សាលា​ប្រជុំ​ឃើញ​ដូច្នេះ គាត់​ទាស់​ចិត្ត ពី​ព្រោះ​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​នាង​ជា​នៅ​ថ្ងៃ​ឈប់​សម្រាក រួច​គាត់​ប្រាប់​បណ្ដា​ជន​ថា​៖ ​«​មាន​៦​ថ្ងៃ​សម្រាប់​ធ្វើ​ការ។+ ដូច្នេះ ចូរ​មក​នៅ​ថ្ងៃ​ទាំង​នោះ​ដើម្បី​ជា​ពី​ជំងឺ មិន​មែន​នៅ​ថ្ងៃ​ឈប់​សម្រាក​ទេ​»។+ ១៥  ក៏​ប៉ុន្តែ លោក​ម្ចាស់​តប​ទៅ​គាត់​ថា​៖ ​«​មនុស្ស​លាក់​ពុត!+ នៅ​ថ្ងៃ​ឈប់​សម្រាក អ្នក​រាល់​គ្នា​តែង​តែ​ស្រាយ​គោ​ឈ្មោល​ឬ​លា​របស់​ខ្លួន រួច​ដឹក​ចេញ​ពី​ក្រោល​ទៅ​ឲ្យ​ផឹក​ទឹក មែន​ទេ?+ ១៦  បើ​ដូច្នេះ ចុះ​ស្ត្រី​នេះ​ដែល​ជា​កូន​ចៅ​អាប្រាហាំ ហើយ​ដែល​បាន​ជាប់​ចំណង​របស់​សាថាន*អស់​១៨​ឆ្នាំ​ហើយ តើ​មិន​ត្រូវ​ស្រាយ​នាង​ឲ្យ​រួច​ពី​ចំណង​នេះ​នៅ​ថ្ងៃ​ឈប់​សម្រាក​ទេ​ឬ?​»។ ១៧  ពេល​ដែល​លោក​មាន​ប្រសាសន៍​ដូច្នេះ អស់​អ្នក​ដែល​ប្រឆាំង​លោក​ក៏​មាន​សេចក្ដី​ខ្មាស តែ​បណ្ដា​ជន​ទាំង​អស់​ចាប់​ផ្ដើម​ត្រេក​អរ​វិញ ដោយ​ឃើញ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ធ្វើ។+ ១៨  ម្ល៉ោះ​ហើយ លោក​បន្ត​មាន​ប្រសាសន៍​ថា​៖ ​«​តើ​រាជាណាចក្រ​របស់​ព្រះ​ប្រៀប​ដូច​ជា​អ្វី? តើ​ខ្ញុំ​អាច​ប្រៀប​ប្រដូច​រាជាណាចក្រ​របស់​ព្រះ​ទៅ​នឹង​អ្វី? ១៩  រាជាណាចក្រ​របស់​ព្រះ​គឺ​ប្រៀប​ដូច​ជា​គ្រាប់​មូស្ដាត* ដែល​បុរស​ម្នាក់​បាន​យក​ទៅ​ដាំ​ក្នុង​សួន​របស់​ខ្លួន រួច​ក៏​ដុះ​ឡើង​ទៅ​ជា​ដើម​ឈើ ហើយ​សត្វ​ស្លាប​ពី​លើ​មេឃ​បាន​មក​ទំ​អាស្រ័យ​នៅ​លើ​មែក​របស់​វា​»។+ ២០  លោក​មាន​ប្រសាសន៍​ម្ដង​ទៀត​ថា​៖ ​«​តើ​ខ្ញុំ​អាច​ប្រៀប​ប្រដូច​រាជាណាចក្រ​របស់​ព្រះ​ទៅ​នឹង​អ្វី? ២១  រាជាណាចក្រ​របស់​ព្រះ​គឺ​ប្រៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់​បាន​យក​ទៅ​លាយ​ក្នុង​ម្សៅ​បី​រង្វាល់* ទាល់​តែ​ម្សៅ​ទាំង​អស់​នោះ​បាន​ដោរ​ឡើង​»។+ ២២  កាល​ដែល​លោក​យេស៊ូ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម លោក​បាន​បង្រៀន​បណ្ដា​ជន​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ និង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ។ ២៣  មាន​បុរស​ម្នាក់​សួរ​លោក​ថា​៖ ​«​លោក​ម្ចាស់ តើ​មនុស្ស​ដែល​នឹង​ត្រូវ​សង្គ្រោះ​មាន​ចំនួន​តិច​ឬ?​»។ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ២៤  ​«​ចូរ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ឲ្យខ្លាំង​ដើម្បី​ចូល​តាម​ទ្វារ​ចង្អៀត+ ពី​ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មនុស្ស​ជា​ច្រើន​នឹង​ខំ​ចូល តែ​ចូល​មិន​បាន​ទេ។ ២៥  ពេល​ដែល​ម្ចាស់​ផ្ទះ​ក្រោក​ឡើង​ទៅ​ចាក់​សោ​ទ្វារ អ្នក​រាល់​គ្នា​នឹង​ឈរ​ខាង​ក្រៅ រួច​គោះ​ទ្វារ​ថា​៖ ‹លោក​ម្ចាស់ សូម​បើក​ទ្វារ​ឲ្យយើង​ចូល​ផង›។+ ប៉ុន្តែ លោក​នឹង​ឆ្លើយ​ទៅ​អ្នក​រាល់​គ្នា​ថា​៖ ‹ខ្ញុំ​មិន​ដឹង​ថា​អ្នក​មក​ពី​ណា​ទេ›។ ២៦  បន្ទាប់​មក អ្នក​រាល់​គ្នា​នឹង​ចាប់​ផ្ដើម​និយាយ​ថា​៖ ‹យើង​ធ្លាប់​ពិសា​អាហារ​ពិសា​ស្រា​ជា​មួយ​នឹង​លោក ហើយ​លោក​ធ្លាប់​បង្រៀន​យើង​នៅ​ផ្លូវ​ធំ​ៗ​›។+ ២៧  ប៉ុន្តែ លោក​នឹង​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ‹ខ្ញុំ​មិន​ដឹង​ថា​អ្នក​មក​ពី​ណា​ទេ។ ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ! ចូរ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!›។ ២៨  ពេល​អ្នក​រាល់​គ្នា​ឃើញ​អាប្រាហាំ អ៊ីសាក យ៉ាកុប និង​ពួក​អ្នក​ប្រកាស​ទំនាយ​គ្រប់​រូប​នៅ​ក្នុង​រាជាណាចក្រ​របស់​ព្រះ តែ​អ្នក​រាល់​គ្នា​បែរ​ជា​ត្រូវ​បោះ​ទៅ​ខាង​ក្រៅ​វិញ នោះ​អ្នក​រាល់​គ្នា​នឹង​យំ ហើយ​សង្កៀត​ធ្មេញ​នៅ​ទី​នោះ។+ ២៩  បន្ថែម​ទៀត មនុស្ស​ពី​ទិស​ខាង​កើត និង​ពី​ទិស​ខាង​លិច ហើយ​ពី​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង នឹង​មក​អង្គុយ​នៅ​តុ​ក្នុង​រាជាណាចក្រ​របស់​ព្រះ។ ៣០  មើល! អ្នក​ក្រោយ​គេ​ខ្លះ នឹង​ទៅ​ជា​អ្នក​មុន​គេ ហើយ​អ្នក​មុន​គេ​ខ្លះ នឹង​ទៅ​ជា​អ្នក​ក្រោយ​គេ​វិញ​»។+ ៣១  នៅ​វេលា​នោះ​ឯង ពួក​ផារិស៊ី​ខ្លះ​បាន​ចូល​មក​ជិត​លោក ហើយ​ជម្រាប​ថា​៖ ​«​ចូរ​ចេញ​ពី​កន្លែង​នេះ​ទៅ ពី​ព្រោះ​ហេរ៉ូឌ​ចង់​សម្លាប់​អ្នក​»។ ៣២  លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ចូរ​ទៅ​ប្រាប់​មនុស្ស​ក្រឡេច​ក្រឡុច*នោះ​ថា​៖ ‹មើល! ថ្ងៃ​នេះ​និង​ថ្ងៃ​ស្អែក ខ្ញុំ​បន្ត​បណ្ដេញ​វិញ្ញាណ​កំណាច ហើយ​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ រួច​នៅ​ថ្ងៃ​ទី​៣ ខ្ញុំ​នឹង​បញ្ចប់​កិច្ច​ការ​របស់​ខ្ញុំ›។ ៣៣  ទោះ​ជា​យ៉ាង​នោះ​ក៏ដោយ ខ្ញុំត្រូវធ្វើ​ដំណើរ​នៅ​ថ្ងៃ​នេះ ថ្ងៃ​ស្អែក និង​ខាន​ស្អែក ពី​ព្រោះ​អ្នក​ប្រកាស​ទំនាយ​មិន​អាច​ត្រូវ​គេ​សម្លាប់​នៅ​ខាង​ក្រៅ​ក្រុង​យេរូសាឡិម​បាន​ឡើយ។+ ៣៤  ក្រុង​យេរូសាឡិម ក្រុង​យេរូសាឡិម​អើយ! គឺ​នាង​ហើយ​ដែល​បាន​សម្លាប់​ពួក​អ្នក​ប្រកាស​ទំនាយ ហើយ​បាន​គប់​ដុំ​ថ្ម​សម្លាប់​អ្នក​ដែល​បាន​ត្រូវ​ចាត់​មក​ឯ​នាង!+ ច្រើន​ដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូន​របស់​នាង​មក ដូច​មេ​មាន់​ក្រុង​កូន​ក្រោម​ស្លាប​វា។ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ព្រម​សោះ!+ ៣៥  មើល! វិហារ*នេះ​នឹង​ត្រូវ​បោះ​បង់​ចោល+ ហើយ​ទុក​ឲ្យ​អ្នក​រាល់​គ្នា​វិញ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​នឹង​មិន​ឃើញ​ខ្ញុំ​ឡើយ រហូត​ដល់​អ្នក​ថា​៖ ‹អ្នក​ដែល​មក​ក្នុង​នាម​ព្រះ​យេហូវ៉ា* មាន​ពរ​ហើយ!›​»។+

កំណត់សម្គាល់

ផ្លែ​ឈើ​ម្យ៉ាង​ដែល​មាន​តម្លៃ​ខ្ពស់​នៅ​សម័យ​ដែល​គេ​សរសេរ​គម្ពីរ ពេល​ផ្លែ​នោះ​ទុំ​មិន​កើត​មាន​មមង់​នៅ​ក្នុង​ផ្លែ​នោះ​ទេ
ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​
គ្រាប់​ពូជ​តូច​ល្អិត​ម្យ៉ាង​ដែល​មាន​នៅ​ស្រុក​ប៉ាឡេស្ទីន អាច​ដុះ​បែក​មែក​សាខា ហើយ​មាន​កម្ពស់​ដល់​បួន​ម៉ែត្រ
ន័យ​ត្រង់​«​រង្វាល់​សៀ​»។ មួយ​សៀ​ស្មើ​នឹង​៧,៣៣​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ន័យ​ត្រង់​«​សត្វ​កញ្ជ្រោង​»​ ជា​សត្វ​ឆ្លាត​មួយ​នៅ​ស្រុក​អ៊ីស្រាអែល
ន័យ​ត្រង់​«​ផ្ទះ​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥