សៀវភៅលូកា ១៤:១-៣៥

  • ធ្វើ​ឲ្យ​បុរស​ម្នាក់​កើត​រោគ​ហើម​ជា​សះ​ស្បើយ​នៅ​ថ្ងៃ​ឈប់​សម្រាក (​១​-​៦)

  • ចូរ​ធ្វើ​ជា​ភ្ញៀវ​ដែល​មាន​ចិត្ត​រាប​ទាប (​៧​-​១១)

  • ចូរ​អញ្ជើញ​អស់​អ្នក​ដែល​មិន​អាច​តប​ស្នង​អ្នក​វិញ (​១២​-​១៤)

  • ឧទាហរណ៍​អំពី​ភ្ញៀវ​ដែល​ដោះ​សា (​១៥​-​២៤)

  • ការ​លះបង់​ក្នុង​នាម​ជា​អ្នក​កាន់​តាម (​២៥​-​៣៣)

  • អំបិល​ដែល​បាត់​បង់​ជាតិ​ប្រៃ (​៣៤, ៣៥)

១៤  នៅ​ថ្ងៃ​មួយ​ជា​ថ្ងៃ​ឈប់​សម្រាក លោក​យេស៊ូ​បាន​ចូល​ទៅ​ពិសា​អាហារ​ក្នុង​ផ្ទះ​របស់​មេ​ដឹក​នាំ​ម្នាក់​នៃ​ពួក​ផារិស៊ី ហើយ​អស់​អ្នក​ដែល​នៅ​ទី​នោះ​បាន​សង្កេត​មើល​លោក។ ២  មើល! នៅ​ពី​មុខ​លោក មាន​បុរស​ម្នាក់​ដែល​កើត​រោគ​ហើម។ ៣  ដូច្នេះ លោក​យេស៊ូ​សួរ​ពួក​អ្នក​ចេះ​ច្បាប់*ស្ទាត់​និង​ពួក​ផារិស៊ី​ថា​៖ ​«​តើ​មាន​ច្បាប់​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​នៅ​ថ្ងៃ​ឈប់​សម្រាក​ឬ​ទេ?​»។+ ៤  ប៉ុន្តែ ពួក​គេ​នៅ​ស្ងៀម។ លោក​យេស៊ូ​ក៏​ដាក់​ដៃ​លើ​បុរស​នោះ ធ្វើ​ឲ្យ​គាត់​ជា​សះ​ស្បើយ រួច​ឲ្យ​គាត់​ចេញ​ទៅ។ ៥  បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​ប្រុស​ឬ​គោ​ឈ្មោល​របស់​ខ្លួន​ធ្លាក់​អណ្ដូង​នៅ​ថ្ងៃ​ឈប់​សម្រាក+ តើ​មាន​អ្នក​ណា​ដែល​មិន​លើក​ចេញ​ភ្លាម​ទេ​ឬ?​»។+ ៦  ដូច្នេះ ពួក​គេ​មិន​អាច​តប​ឆ្លើយ​ទៅ​លោក​អំពី​រឿង​នោះ​បាន​ឡើយ។ ៧  រួច​មក ពេល​លោក​សង្កេត​ឃើញ​ពួក​បុរស​ដែល​ជា​ភ្ញៀវ​កំពុង​រើស​យក​កន្លែង​លេច​មុខ​លេច​មាត់​ជាង​គេ+ នោះ​លោក​លើក​ឧទាហរណ៍​មួយ​ប្រាប់​ពួក​គេ​ថា​៖ ៨  ​«​ពេល​ដែល​មាន​គេ​អញ្ជើញ​អ្នក​ទៅ​ពិសា​ភោជនាហារ​អបអរ​អាពាហ៍ពិពាហ៍ កុំ​ទៅ​អង្គុយ​នៅ​កន្លែង​លេច​មុខ​លេច​មាត់​ជាង​គេ​ឡើយ+ ក្រែង​លោ​គេ​បាន​អញ្ជើញ​ភ្ញៀវ​ណា​ម្នាក់​ដែល​មាន​កិត្តិយស​ជាង​អ្នក ឲ្យ​មក​ចូល​រួម​ដែរ។ ៩  បន្ទាប់​មក អ្នក​ដែល​បាន​អញ្ជើញ​អ្នក​និង​ភ្ញៀវ​នោះ នឹង​មក​ប្រាប់​អ្នក​ថា​៖ ‹សូម​ឲ្យ​បុរស​នេះ​អង្គុយ​នៅ​ទី​នេះ​វិញ›។ រួច​អ្នក​ត្រូវ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​គេ​បង្អស់​ទាំង​អាម៉ាស់​មុខ។ ១០  ប៉ុន្តែ ពេល​ដែល​មាន​គេ​អញ្ជើញ​អ្នក ចូរ​ទៅ​អង្គុយ​នៅ​កន្លែង​ខាង​ក្រោយ​បង្អស់។ ដូច្នេះ ពេល​បុរស​ដែល​អញ្ជើញ​អ្នក​បាន​មក​ដល់ គាត់​នឹង​ប្រាប់​អ្នក​ថា​៖ ‹សម្លាញ់ សូម​ទៅ​អង្គុយ​នៅ​កន្លែង​ខាង​មុខ›។ រួច​អ្នក​នឹង​មាន​កិត្តិយស​នៅ​មុខ​ភ្ញៀវ​ទាំង​អស់។+ ១១  អ្នក​ណា​ដែល​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​តម្កើង​ឡើង​»។+ ១២  បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​បុរស​ដែល​បាន​អញ្ជើញ​លោក​មក​ថា​៖ ​«​ពេល​ដែល​អ្នក​រៀបចំ​ភោជនាហារ​ថ្ងៃ​ត្រង់​ឬ​ពេល​ល្ងាច កុំ​អញ្ជើញ​មិត្ត​ភក្ដិ បង​ប្អូន ញាតិ​សន្ដាន ឬ​អ្នក​ជិត​ខាង​ដែល​ជា​អ្នក​មាន​ឡើយ។ ប្រហែល​ជា​នៅ​ពេល​ណា​មួយ ពួក​គេ​នឹង​អញ្ជើញ​អ្នក​វិញ​ដើម្បី​តប​ស្នង។ ១៣  ប៉ុន្តែ ពេល​ដែល​អ្នក​រៀបចំ​ភោជនាហារ ចូរ​អញ្ជើញ​អ្នក​ក្រ អ្នក​ខ្វិន អ្នក​ពិការ អ្នក​ងងឹត​ភ្នែក+ ១៤  នោះ​អ្នក​នឹង​មាន​សុភមង្គល ពី​ព្រោះ​ពួក​គេ​មិន​អាច​តប​ស្នង​អ្នក​បាន​ឡើយ តែ​អ្នក​នឹង​ទទួល​ការ​តប​ស្នង ពេល​ដែល​មនុស្ស​សុចរិត​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។+ ១៥  ឮ​ដូច្នេះ ភ្ញៀវ​ម្នាក់​បាន​ជម្រាប​លោក​ថា​៖ ​«​អ្នក​ណា​ដែល​បរិភោគ​ភោជនាហារ​ក្នុង​រាជាណាចក្រ​របស់​ព្រះ អ្នក​នោះ​នឹង​មាន​សុភមង្គល​»។ ១៦  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​អ្នក​នោះ​ថា​៖ ​«​បុរស​ម្នាក់​បាន​រៀបចំ​ពិធី​ពិសា​ភោជនាហារ​ដ៏​ធំ​មួយ+ ហើយ​បាន​អញ្ជើញ​ភ្ញៀវ​ជា​ច្រើន។ ១៧  រួច​មក នៅ​ម៉ោង​ដែល​ត្រូវ​ពិសា​ភោជនាហារ គាត់​បាន​ចាត់​ខ្ញុំ​បម្រើ​ឲ្យ​ប្រាប់​ភ្ញៀវ​ថា​៖ ‹អញ្ជើញ​មក​ចុះ អ្វី​ៗ​បាន​ត្រូវ​រៀបចំ​រួច​ជា​ស្រេច›។ ១៨  ប៉ុន្តែ ពួក​គេ​ចាប់​ផ្ដើម​និយាយ​ដោះ​សា​គ្រប់​គ្នា។+ ភ្ញៀវ​មួយ​និយាយ​ថា​៖ ‹ខ្ញុំ​បាន​ទិញ​ចម្ការ​មួយ ហើយ​ត្រូវ​ទៅ​ពិនិត្យ​មើល ដូច្នេះ​សូម​អភ័យ​ទោស​ផង›។ ១៩  ភ្ញៀវ​មួយ​ទៀត​និយាយ​ថា​៖ ‹ខ្ញុំ​បាន​ទិញ​គោ​ប្រាំ​នឹម ហើយ​ត្រូវ​ទៅ​ពិនិត្យ​មើល ដូច្នេះ​សូម​អភ័យ​ទោស​ផង›។+ ២០  ភ្ញៀវ​មួយ​ផ្សេង​ទៀត​និយាយ​ថា​៖ ‹ខ្ញុំ​ទើប​តែ​រៀប​ការ​រួច ដូច្នេះ​ខ្ញុំ​មិន​អាច​ទៅ​បាន​ទេ›។ ២១  ម្ល៉ោះ​ហើយ ខ្ញុំ​បម្រើ​បាន​មក​ជម្រាប​ម្ចាស់​របស់​គាត់​អំពី​រឿង​ទាំង​នោះ។ រួច​មក ម្ចាស់​ផ្ទះ​បាន​ខឹង​ជា​ខ្លាំង ក៏​បាន​ប្រាប់​ខ្ញុំ​បម្រើ​ថា​៖ ‹ចូរ​ប្រញាប់​ចេញ​ទៅ​ផ្លូវ​ទាំង​ធំ​ទាំង​តូច​នៅ​ក្នុង​ក្រុង ហើយ​នាំ​អ្នក​ក្រ អ្នក​ខ្វិន អ្នក​ងងឹត​ភ្នែក និង​អ្នក​ពិការ​ចូល​មក​ទី​នេះ​ចុះ›។ ២២  ក្រោយ​មក ខ្ញុំ​បម្រើ​នោះ​ជម្រាប​ថា​៖ ‹លោក​ម្ចាស់ ខ្ញុំ​បាន​ធ្វើ​តាម​បង្គាប់​របស់​លោក​ហើយ តែ​នៅ​សល់​កន្លែង​អង្គុយ​ទៀត›។ ២៣  ដូច្នេះ ម្ចាស់​ប្រាប់​ខ្ញុំ​បម្រើ​ថា​៖ ‹ចូរ​ចេញ​ទៅ​ឯ​ផ្លូវ​ធំ​និង​ផ្លូវ​តូច​ទាំង​ប៉ុន្មាន រួច​ជំរុញ​មនុស្ស​ឲ្យ​ចូល​មក ដើម្បី​ឲ្យ​ផ្ទះ​របស់​ខ្ញុំ​បាន​ពេញ។+ ២៤  ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ចំណោម​ពួក​បុរស​ដែល​ខ្ញុំ​បាន​អញ្ជើញ​លើក​ដំបូង ខ្ញុំ​មិន​ឲ្យ​អ្នក​ណា​ម្នាក់​បរិភោគ​ភោជនាហារ​របស់​ខ្ញុំ​ឡើយ›​»។+ ២៥  មាន​មនុស្ស​សន្ធឹក​ណាស់​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​តាម​លោក​យេស៊ូ ហើយ​លោក​បែរ​ទៅ​មាន​ប្រសាសន៍​ប្រាប់​ពួក​គេ​ថា​៖ ២៦  ​«​បើ​អ្នក​ណា​មក​ឯ​ខ្ញុំ តែ​ស្រឡាញ់​ខ្ញុំ​តិច​ជាង​ស្រឡាញ់*ឪពុក ម្ដាយ ប្រពន្ធ កូន បង​ប្អូន​ប្រុស​ស្រី និង​ជីវិត*ខ្លួន+ អ្នក​នោះ​មិន​អាច​ធ្វើ​ជា​អ្នក​កាន់​តាម​ខ្ញុំ​បាន​ទេ។+ ២៧  អ្នក​ណា​ដែល​មិន​លី​បង្គោល​ទារុណកម្ម*របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ អ្នក​នោះ​មិន​អាច​ធ្វើ​ជា​អ្នក​កាន់​តាម​ខ្ញុំ​បាន​ទេ។+ ២៨  ជា​ឧទាហរណ៍ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​ចង់​សង់​ប៉ម​មួយ តើ​មាន​អ្នក​ណា​ដែល​មិន​អង្គុយ​គិត​គូរ​ជា​មុន​សិន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​សង់​ឲ្យ​បាន​រួច​រាល់? ២៩  បើ​មិន​ដូច្នេះ​ទេ អ្នក​នោះ​ប្រហែល​ជា​ចាក់​គ្រឹះ តែ​មិន​អាច​បង្ហើយ​សំណង់​បាន​ឡើយ រួច​អស់​អ្នក​ដែល​កំពុង​មើល​នឹង​ចាប់​ផ្ដើម​ចំអក​ឲ្យ​អ្នក​នោះ។ ៣០  ពួក​គេ​នឹង​ចំអក​ថា​៖ ‹បុរស​នេះ​ចាប់​ផ្ដើម​សង់ តែ​មិន​អាច​បង្ហើយ​សំណង់​បាន​ទេ›។ ៣១  ម្យ៉ាង​ទៀត បើ​ស្ដេច​ណា​ចេញ​ទៅ​ធ្វើ​សង្គ្រាម​នឹង​ស្ដេច​មួយ​ទៀត តើ​ស្ដេច​នោះ​នឹង​មិន​អង្គុយ​ប្រឹក្សា​ជា​មុន​សិន​ឲ្យ​ដឹង​ថា គាត់​អាច​នាំ​ទាហាន​១០.០០០​នាក់ ទៅ​ត​ទល់​នឹង​សត្រូវ​ដែល​មាន​ទាហាន​២០.០០០​នាក់​បាន​ឬ​ទេ? ៣២  បើ​ពិត​ជាត​ទល់​មិន​បាន ស្ដេច​នោះ​ចាត់​ទូត​មួយ​ចំនួន​ឲ្យ​ទៅ​សុំ​ចរចា​រក​សន្តិភាព កាល​ដែល​ស្ដេច​មួយ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។ ៣៣  ដូច្នេះ កុំ​ច្រឡំ​ឡើយ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ម្នាក់​មិន​លះ​បង់​របស់​ទាំង​អស់​ដែល​ខ្លួន​មាន អ្នក​នោះ​មិន​អាច​ធ្វើ​ជា​អ្នក​កាន់​តាម​ខ្ញុំ​បាន​ទេ។+ ៣៤  ​«​អំបិល​គឺ​ល្អ​ពិត​មែន។ ប៉ុន្តែ បើ​អំបិល​បាត់​បង់​ជាតិ​ប្រៃ តើ​អ្នក​អាច​ដាក់​អ្វី​លើ​អំបិល​នោះ​ដើម្បី​ធ្វើ​ឲ្យ​មាន​ជាតិ​ប្រៃ​ឡើង​វិញ​បាន?+ ៣៥  អំបិល​នោះ​គ្មាន​ប្រយោជន៍​ដល់​ដី​ឬ​ជី​ទេ។ គេ​បោះ​វា​ចោល​វិញ។ អ្នក​ណា​ដែល​មាន​ត្រចៀក​អាច​ស្ដាប់​ឮ ចូរ​ស្ដាប់​ចុះ​»។+

កំណត់សម្គាល់

នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ
ន័យ​ត្រង់​«​តែ​មិន​ស្អប់​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​