សៀវភៅលូកា ១៥:១-៣២

  • ឧទាហរណ៍​អំពី​ចៀម​ដែល​វង្វេង​បាត់ (​១​-​៧)

  • ឧទាហរណ៍​អំពី​កាក់​ប្រាក់​ដែល​បាត់ (​៨​-​១០)

  • ឧទាហរណ៍​អំពី​កូន​ប្រុស​ដែល​វង្វេង​បាត់ (​១១​-​៣២)

១៥  ឯ​ពួក​អ្នក​យក​ពន្ធ​និង​ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង កំពុង​ចូល​ទៅ​ជិត​លោក​ឥត​ដាច់ ដើម្បី​ស្ដាប់​លោក។+ ២  ឃើញ​ដូច្នេះ ពួក​ផារិស៊ី​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​រអ៊ូ​រទាំ​ឥត​ឈប់​ថា​៖ ​«​បុរស​នេះ​ទទួល​ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ក៏​បរិភោគ​ជា​មួយ​នឹង​ពួក​គេ​ដែរ​»។ ៣  រួច​មក លោក​លើក​ឧទាហរណ៍​ប្រាប់​ពួក​គេ​ថា​៖ ៤  ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ម្នាក់​មាន​ចៀម​១០០​ក្បាល តែ​បាត់​ចៀម​មួយ តើ​មិន​ទុក​ចៀម​៩៩​ក្បាល​ទៀត​នៅ​តំបន់​ស្ងាត់​ជ្រងំ រួច​ទៅ​រក​ចៀម​ដែល​បាត់​នោះ​ទាល់​តែ​ឃើញ​ទេ​ឬ?+ ៥  លុះ​រក​ឃើញ​ហើយ អ្នក​នោះ​ក៏​ត្រេក​អរ ហើយ​លើក​ចៀម​នោះ​ដាក់​នៅ​លើ ក​របស់​គាត់។ ៦  ក្រោយ​ពី​បាន​ត្រឡប់​មក​ផ្ទះ​វិញ អ្នក​នោះ​ក៏​ហៅ​មិត្ត​ភក្ដិ​និង​អ្នក​ជិត​ខាង​មក​ជុំ​គ្នា ហើយ​ប្រាប់​ថា​៖ ‹សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ពី​ព្រោះ​ចៀម​របស់​ខ្ញុំ​ដែល​បាត់​នោះ ខ្ញុំ​បាន​រក​ឃើញ​ហើយ›។+ ៧  ដូច​គ្នា​ដែរ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថាន​សួគ៌​នឹង​មាន​អំណរ​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ម្នាក់​ដែល​ប្រែ​ចិត្ត+ ខ្លាំង​ជាង​ចំពោះ​មនុស្ស​សុចរិត​៩៩​នាក់​ដែល​មិន​ត្រូវ​ការ​ការ​ប្រែ​ចិត្ត​ទៅ​ទៀត។ ៨  ​«​ចុះ​បើ​មាន​ស្ត្រី​ម្នាក់​ដែល​មាន​កាក់​ប្រាក់*១០ តែ​បាត់​កាក់​ប្រាក់​មួយ តើ​នាង​មិន​អុជ​ចង្កៀង បោស​ផ្ទះ រក​យ៉ាង​ហ្មត់​ចត់​ទាល់​តែ​ឃើញ​ទេ​ឬ? ៩  លុះ​រក​ឃើញ​ហើយ នាង​ហៅ​ពួក​ស្ត្រី​ជា​មិត្ត​ភក្ដិ​និង​អ្នក​ជិត​ខាង​របស់​នាង​មក​ជុំ​គ្នា ហើយ​ប្រាប់​ថា​៖ ‹សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ពី​ព្រោះ​កាក់​ប្រាក់​ដែល​ខ្ញុំ​បាត់​នោះ ខ្ញុំ​បាន​រក​ឃើញ​ហើយ›។ ១០  ដូច​គ្នា​ដែរ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បណ្ដា​ទេវតា​របស់​ព្រះ​មាន​អំណរ ពេល​ដែល​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​សូម្បី​តែ​ម្នាក់​ប្រែ​ចិត្ត​»។+ ១១  រួច​មក លោក​មាន​ប្រសាសន៍​ថា​៖ ​«​បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ​នាក់។ ១២  កូន​ប្អូន​សុំ​ឪពុក​ថា​៖ ‹លោក​ឪពុក សូម​ប្រគល់​ទ្រព្យ​សម្បត្តិ​ដែល​ជា​ចំណែក​របស់​ខ្ញុំ​ឲ្យ​មក​ខ្ញុំ​មក›។ ដូច្នេះ ឪពុក​ក៏​បែង​ចែក​ទ្រព្យ​សម្បត្តិ​ឲ្យ​កូន​ប្រុស​ទាំង​ពីរ។ ១៣  ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក កូន​ប្អូន​បាន​ប្រមូល​អ្វី​ៗ​ទាំង​អស់​ដែល​ជា​របស់​ខ្លួន ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ។ នៅ​ទី​នោះ គាត់​បង្ហិន​ទ្រព្យ​សម្បត្តិ​ខ្លួន​ដោយ​ប្រព្រឹត្ត​អំពើ​អបាយមុខ។ ១៤  ក្រោយ​មក​គាត់​បាន​ចាយ​វាយ​អស់​គ្មាន​សល់ គាត់​ក៏​ចាប់​ផ្ដើម​ខ្វះ​ខាត ជួន​ជា​ស្រុក​នោះ​កើត​ការ​អត់​ឃ្លាន​ជា​ខ្លាំង​នៅ​គ្រប់​កន្លែង។ ១៥  រួច​គាត់​ទៅ​ធ្វើ​ជា​កូន​ឈ្នួល​របស់​ពលរដ្ឋ​ម្នាក់​នៅ​ស្រុក​នោះ រួច​អ្នក​នោះ​ចាត់​គាត់​ឲ្យ​ទៅ​ឃ្វាល​ជ្រូក​នៅ​ឯ​វាល។+ ១៦  ប៉ុន្តែ គ្មាន​អ្នក​ណា​ឲ្យ​អ្វី​ដល់​គាត់​បរិភោគ​សោះ ហើយ​គាត់​ឃ្លាន​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គាត់​ចង់​ចម្អែត​ក្រពះ​ដោយ​ចំណី​ជ្រូក​ទាំង​នោះ។ ១៧  ​«​ពេល​ដែល​គាត់​ភ្ញាក់​ខ្លួន គាត់​ប្រាប់​ខ្លួន​ឯង​ថា​៖ ‹ពួក​កូន​ឈ្នួល​ទាំង​ប៉ុន្មាន​របស់​ឪពុក​ខ្ញុំ​មាន​នំ​ប៉័ង​បរិបូរ តែ​ខ្ញុំ​វិញ ខ្ញុំ​ជិត​ដាច់​ពោះ​ស្លាប់​នៅ​ទី​នេះ​ហើយ! ១៨  ខ្ញុំ​នឹង​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​រក​ឪពុក​ខ្ញុំ ហើយ​ជម្រាប​ថា​៖ ​«​លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​ខុស​នឹង​ព្រះ* និង​លោក​ឪពុក។ ១៩  ខ្ញុំ​មិន​សម​នឹង​ហៅ​ជា​កូន​របស់​លោក​ឪពុក​ទៀត​ទេ។ សូម​ឲ្យ​ខ្ញុំ​ធ្វើ​ជា​កូន​ឈ្នួល​របស់​លោក​ឪពុក​វិញ​»​›។ ២០  ដូច្នេះ គាត់​ក្រោក​ឡើង ហើយ​ធ្វើ​ដំណើរ​ទៅ​រក​ឪពុក។ ពេល​ដែល​គាត់​នៅ​ឆ្ងាយ​នៅ​ឡើយ ឪពុក​គាត់​ក្រឡេក​ទៅ​ឃើញ ក៏​មាន​ចិត្ត​ក្ដួល​អាណិត រួច​រត់​ទៅ​ឱប​កូន ហើយ​ថើប​ដោយ​ក្ដី​ស្រឡាញ់។ ២១  កូន​ប្រុស​នោះ​ជម្រាប​ឪពុក​ថា​៖ ‹លោក​ឪពុក ខ្ញុំ​បានធ្វើ​ខុស​នឹង​ព្រះ* និង​លោក​ឪពុក។+ ខ្ញុំ​មិន​សម​នឹង​ហៅ​ជា​កូន​របស់​លោកឪពុក​ទៀត​ទេ›។ ២២  ប៉ុន្តែ ឪពុក​ប្រាប់​ពួក​ខ្ញុំ​បម្រើ​ថា​៖ ‹ចូរ​ប្រញាប់​ទៅ​យក​អាវ​ផាយ​ដ៏​ល្អ​បំផុត​បំពាក់​ឲ្យ​គាត់ រួច​យក​ចិញ្ចៀន​មួយ​វង់​និង​ស្បែក​ជើង​មក​បំពាក់​ឲ្យ​ផង។ ២៣  ចូរ​យក​កូន​គោ​ធាត់​មក​កាប់​ដែរ រួច​យើង​ជប់​លៀង​អប​អរ​សប្បាយ​ជា​មួយ​គ្នា ២៤  ព្រោះ​កូន​ប្រុស​ខ្ញុំ​នេះ​បាន​ស្លាប់ តែ​បាន​រស់​ឡើង​វិញ+ ក៏​បាន​បាត់ តែ​បាន​ត្រូវ​រក​ឃើញ​វិញ​ហើយ›។ រួច​មក ពួក​គេ​ចាប់​ផ្ដើម​ជប់​លៀង​យ៉ាង​សប្បាយ។ ២៥  ​«​ពេល​នោះ កូន​ប្រុស​បង​នៅ​ឯ​ស្រែ​ចម្ការ​នៅ​ឡើយ។ ពេល​ដែល​គាត់​មក​ជិត​ដល់​ផ្ទះ គាត់​បាន​ឮ​សំឡេង​ច្រៀង​រាំ​និង​ភ្លេង។ ២៦  ដូច្នេះ គាត់​ហៅ​អ្នក​បម្រើ​ម្នាក់​មក ហើយ​សួរ​ថា​មាន​អ្វី​កំពុង​កើត​ឡើង។ ២៧  អ្នក​បម្រើ​នោះ​ប្រាប់​គាត់​ថា​៖ ‹ប្អូន​ប្រុស​របស់​អ្នក​បាន​មក​វិញ ហើយ​ឪពុក​របស់​អ្នក​បាន​ឲ្យ​គេ​កាប់​កូន​គោ​ធាត់ ពី​ព្រោះ​ប្អូន​អ្នក​មក​វិញ​ដោយ​សុវត្ថិភាព›។* ២៨  ប៉ុន្តែ គាត់​បែរ​ជា​ខឹង​យ៉ាង​ខ្លាំង ហើយ​មិន​ព្រម​ចូល​ទៅ​ក្នុង​ទេ។ រួច​មក ឪពុក​របស់​គាត់​ក៏​ចេញ​មក​អង្វរ​គាត់។ ២៩  គាត់​តប​ទៅ​ឪពុក​ថា​៖ ‹មើល! ខ្ញុំ​បាន​ធ្វើ​ការ​ជូន​លោក​ឪពុក​ដូច​ជា​ខ្ញុំ​បម្រើ​អស់​ជា​ច្រើន​ឆ្នាំ ហើយ​មិន​ដែល​ធ្វើ​ខុស​នឹង​បង្គាប់​របស់​លោក​ឪពុក​ម្ដង​ណា​ឡើយ តែ​លោក​ឪពុក​មិន​ដែល​ឲ្យ​ខ្ញុំ​សូម្បី​តែ​កូន​ពពែ​មួយ ដើម្បី​ឲ្យ​ខ្ញុំ​អរ​សប្បាយ​ជា​មួយ​នឹង​មិត្ត​ភក្ដិ​របស់​ខ្ញុំ​ទេ។ ៣០  ក៏​ប៉ុន្តែ ពេល​កូន​ប្រុស​នេះ​របស់​លោក​ឪពុក ដែល​បង្ហិន​បង្ហោច​ទ្រព្យ​សម្បត្តិ​របស់​លោក​ឪពុក​ជា​មួយ​នឹង​ស្រី​ពេស្យា មក​ដល់​ភ្លាម នោះ​លោក​ឪពុក​ក៏​ឲ្យ​គេ​កាប់​កូន​គោ​ធាត់​ដើម្បី​ទទួល​គាត់›។ ៣១  រួច​ឪពុក​តប​ទៅ​កូន​ថា​៖ ‹កូន​អើយ កូន​បាន​នៅ​ជា​មួយ​នឹង​ឪពុក​រហូត ហើយ​អ្វី​ៗ​ទាំង​អស់​របស់​ឪពុក ក៏​ជា​របស់​កូន​ដែរ។ ៣២  ប៉ុន្តែ យើង​ត្រូវ​តែ​ជប់​លៀង​អប​អរ​សប្បាយ ពី​ព្រោះ​ប្អូន​ប្រុស​របស់​កូន​បាន​ស្លាប់ តែ​បាន​រស់​ឡើង​វិញ ក៏​បាន​បាត់ តែ​បាន​ត្រូវ​រក​ឃើញ​វិញ​ហើយ›​»។

កំណត់សម្គាល់

ន័យ​ត្រង់​«​កាក់​ដ្រាកម៉ា​»។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ន័យ​ត្រង់​«​ធ្វើ​ខុស​នឹង​ស្ថាន​សួគ៌​»​
ន័យ​ត្រង់​«​ធ្វើ​ខុស​នឹង​ស្ថាន​សួគ៌​»​
ន័យ​ត្រង់​«​ដោយ​មាន​សុខភាព​ល្អ​»​