សៀវភៅលូកា ១៩:១-៤៨
១៩ ក្រោយមក លោកបានចូលក្រុងយេរីខូ ហើយធ្វើដំណើរកាត់ក្រុងនោះ។
២ នៅទីនោះមានបុរសម្នាក់ឈ្មោះសាខេ គាត់ជាប្រធានមួយរូបលើពួកអ្នកយកពន្ធ ហើយគាត់ជាអ្នកមានស្ដុកស្ដម្ភ។
៣ គាត់ចង់ឃើញលោកយេស៊ូណាស់ តែគាត់មើលមិនឃើញពីព្រោះគាត់ទាប ហើយបណ្ដាជនកំពុងចោមរោមលោក។
៤ ដូច្នេះ គាត់ក៏រត់ទៅមុនពួកគេ ហើយឡើងដើមល្វាព្រៃដើម្បីអាចឃើញលោក ពីព្រោះលោកជិតដើរកាត់តាមផ្លូវនោះ។
៥ ពេលដែលលោកយេស៊ូទៅដល់កន្លែងនោះ លោកក៏មើលទៅលើ រួចមានប្រសាសន៍ទៅសាខេថា៖ «សាខេ សូមប្រញាប់ចុះមក ព្រោះថ្ងៃនេះខ្ញុំត្រូវស្នាក់នៅផ្ទះរបស់អ្នក»។
៦ ឮដូច្នេះ គាត់ក៏ប្រញាប់ចុះមក ហើយបានទទួលលោកជាភ្ញៀវដោយចិត្តត្រេកអរ។
៧ ប៉ុន្តែ ពេលបណ្ដាជនឃើញដូច្នេះ ពួកគេតាំងរអ៊ូរទាំថា៖ «មើល! លោកចូលទៅស្នាក់នៅជាមួយនឹងបុរសម្នាក់ដែលជាអ្នកប្រព្រឹត្តអំពើខុសឆ្គង»។+
៨ ប៉ុន្តែ សាខេក្រោកឈរឡើង ហើយជម្រាបលោកម្ចាស់ថា៖ «លោកម្ចាស់! ខ្ញុំកំពុងចែកទ្រព្យសម្បត្តិរបស់ខ្ញុំពាក់កណ្ដាលដល់អ្នកក្រីក្រ ហើយអ្វីក៏ដោយដែលខ្ញុំបានមកដោយការបោកបញ្ឆោត* នោះខ្ញុំកំពុងសងគេវិញ១ជា៤»។+
៩ ឮដូច្នេះ លោកយេស៊ូមានប្រសាសន៍ថា៖ «ថ្ងៃនេះ សេចក្ដីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ពីព្រោះគាត់ក៏ជាកូនចៅរបស់អាប្រាហាំដែរ។
១០ ព្រោះកូនមនុស្សបានមកដើម្បីស្វែងរក ហើយជួយសង្គ្រោះពួកអ្នកដែលបានបាត់បង់ទៅ»។+
១១ កាលដែលពួកអ្នកកាន់តាមកំពុងស្ដាប់ប្រសាសន៍ទាំងនេះ លោកក៏បានលើកឧទាហរណ៍មួយទៀត ពីព្រោះលោកនៅជិតក្រុងយេរូសាឡិម ហើយពួកអ្នកកាន់តាមគិតថារាជាណាចក្ររបស់ព្រះនឹងលេចមកភ្លាមមួយរំពេច។+
១២ ដូច្នេះ លោកមានប្រសាសន៍ថា៖ «បុរសម្នាក់ដែលកើតក្នុងរាជវង្ស បានធ្វើដំណើរទៅប្រទេសឆ្ងាយ+ ដើម្បីទទួលអំណាចគ្រប់គ្រងជាស្ដេច រួចត្រឡប់មកវិញ។
១៣ បុរសនោះហៅខ្ញុំបម្រើ១០នាក់មក រួចឲ្យ១០មិណា*ដល់ពួកគេ ហើយប្រាប់ថា៖ ‹ចូរអ្នករាល់គ្នារកស៊ីរហូតដល់ខ្ញុំមកវិញ›។+
១៤ ប៉ុន្តែ ជនរួមជាតិរបស់លោកបានស្អប់លោក ក៏ចាត់ទូតមួយចំនួនឲ្យទៅតាមលោក ដើម្បីប្រាប់ថា៖ ‹យើងមិនចង់ឲ្យបុរសនេះគ្រប់គ្រងជាស្ដេចលើយើងឡើយ›។
១៥ «លុះបានទទួលអំណាចគ្រប់គ្រងជាស្ដេចហើយ បុរសនោះបានវិលត្រឡប់មកវិញ ក៏បានហៅពួកខ្ញុំបម្រើទាំងប៉ុន្មាន ដែលលោកបានឲ្យប្រាក់នោះមក ដើម្បីដឹងថាពួកគេរកស៊ីចំណេញបានប៉ុន្មាន។+
១៦ ដូច្នេះ ខ្ញុំបម្រើទី១បានចូលមកជិតលោក ក៏ជម្រាបថា៖ ‹លោកម្ចាស់ មិណារបស់លោកបានចំណេញ១០មិណាទៀត›។+
១៧ លោកមានប្រសាសន៍ទៅគាត់ថា៖ ‹ខ្ញុំបម្រើដ៏ល្អអើយ! អ្នកធ្វើការបានល្អណាស់! អ្នកបានបង្ហាញថាអ្នកស្មោះត្រង់ក្នុងកិច្ចការបន្តិចបន្តួច។ ដូច្នេះ ចូរគ្រប់គ្រងលើក្រុង១០›។+
១៨ បន្ទាប់មក ខ្ញុំបម្រើទី២បានមកជម្រាបថា៖ ‹លោកម្ចាស់ មិណារបស់លោកបានចំណេញប្រាំមិណាទៀត›។+
១៩ លោកក៏មានប្រសាសន៍ទៅគាត់ដែរថា៖ ‹ចូរកាន់កាប់លើក្រុងប្រាំ›។
២០ ប៉ុន្តែ ខ្ញុំបម្រើម្នាក់ទៀតបានមកជម្រាបថា៖ ‹លោកម្ចាស់ នេះជាមិណារបស់លោកដែលខ្ញុំបានលាក់ទុកក្នុងកន្សែង
២១ ព្រោះខ្ញុំខ្លាចលោក ដោយសារលោកជាមនុស្សតឹងរ៉ឹងណាស់។ លោកដកលុយដែលលោកមិនបានដាក់ ហើយច្រូតកាត់អ្វីដែលលោកមិនបានសាបព្រោះ›។+
២២ លោកមានប្រសាសន៍ទៅគាត់ថា៖ ‹ខ្ញុំបម្រើទុច្ចរិត ខ្ញុំវិនិច្ឆ័យអ្នកតាមសម្ដីរបស់អ្នក។ បើអ្នកដឹងថាខ្ញុំជាមនុស្សតឹងរ៉ឹងណាស់ ហើយថាខ្ញុំដកលុយដែលខ្ញុំមិនបានដាក់ ថែមទាំងច្រូតកាត់អ្វីដែលខ្ញុំមិនបានសាបព្រោះ+
២៣ ចុះហេតុអ្វីបានជាអ្នកមិនបានយកប្រាក់របស់ខ្ញុំទៅដាក់នឹងអ្នកចងការ?* យ៉ាងនោះ ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំអាចទទួលប្រាក់របស់ខ្ញុំព្រមទាំងការប្រាក់ផង›។
២៤ «រួចមក លោកប្រាប់ពួកអ្នកដែលកំពុងឈរនៅក្បែរនោះថា៖ ‹ចូរយកមិណាពីគាត់ ហើយឲ្យទៅអ្នកដែលមាន១០មិណាវិញ›។+
២៥ ប៉ុន្តែ ពួកគេជម្រាបលោកថា៖ ‹លោកម្ចាស់ គាត់មាន១០មិណាហើយ!›។
២៦ លោកតបឆ្លើយថា៖ ‹ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលមាន នឹងទទួលថែមទៀត តែអ្នកណាដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះមាន ក៏នឹងត្រូវដកហូតដែរ។+
២៧ ម្យ៉ាងទៀត ពួកសត្រូវរបស់ខ្ញុំទាំងនេះ ដែលមិនចង់ឲ្យខ្ញុំគ្រប់គ្រងជាស្ដេចលើពួកគេ ចូរយកពួកគេមកសម្លាប់ចោលនៅមុខខ្ញុំ›»។
២៨ ក្រោយពីលោកមានប្រសាសន៍អ្វីទាំងនេះហើយ លោកក៏ចាប់ផ្ដើមបន្តដំណើរឡើងទៅក្រុងយេរូសាឡិម។
២៩ លុះទៅជិតដល់ភូមិបេតផាជីនិងភូមិបេថានី នៅភ្នំហៅថាភ្នំដើមអូលីវហើយ+ លោកក៏ចាត់អ្នកកាន់តាមពីរនាក់+
៣០ ដោយប្រាប់ថា៖ «ចូរទៅភូមិនៅខាងមុខនុះ។ ពេលអ្នកចូលទៅ អ្នកនឹងឃើញលាស្ទាវមួយក្បាលដែលគេបានចងទុក ហើយមិនទាន់មានមនុស្សធ្លាប់ជិះវាឡើយ។ ចូរស្រាយវា ហើយដឹកមក។
៣១ ប៉ុន្តែ ប្រសិនបើអ្នកណាសួរថា៖ ‹ហេតុអ្វីអ្នកស្រាយវា?› អ្នកត្រូវប្រាប់ថា៖ ‹លោកម្ចាស់ត្រូវការវា›»។
៣២ ដូច្នេះ ពួកអ្នកដែលលោកបានចាត់ក៏ចេញទៅ ហើយឃើញអ្វីៗដូចដែលលោកបានមានប្រសាសន៍។+
៣៣ ប៉ុន្តែ ពេលដែលពួកគាត់កំពុងស្រាយលាស្ទាវនោះ ពួកម្ចាស់របស់វាបានសួរថា៖ «ហេតុអ្វីអ្នកស្រាយសត្វលានេះ?»។
៣៤ ពួកគាត់ឆ្លើយថា៖ «លោកម្ចាស់ត្រូវការវា»។
៣៥ បន្ទាប់មក ពួកគាត់ដឹកសត្វលានោះមកឯលោកយេស៊ូ រួចយកសម្លៀកបំពាក់ក្រៅរបស់ពួកគាត់ក្រាលលើខ្នងវា ហើយឲ្យលោកយេស៊ូជិះលើវា។+
៣៦ បណ្ដាជនបន្តក្រាលសម្លៀកបំពាក់ក្រៅរបស់ខ្លួននៅលើផ្លូវដែលលោកធ្វើដំណើរទៅ។+
៣៧ ពេលលោកទៅជិតដល់ផ្លូវចុះពីភ្នំដើមអូលីវភ្លាម នោះអ្នកកាន់តាមទាំងឡាយចាប់ផ្ដើមត្រេកអរ ហើយបន្លឺសំឡេងសរសើរព្រះអំពីការដែលប្រកបដោយឫទ្ធានុភាពទាំងប៉ុន្មានដែលពួកគេបានឃើញ។
៣៨ ពួកគេបន្លឺឡើងថា៖ «អ្នកដែលមកជាស្ដេចក្នុងនាមព្រះយេហូវ៉ា មានពរហើយ! សូមឲ្យស្ថានសួគ៌មានសន្តិភាព ហើយសូមឲ្យលោកដែលនៅស្ថានសួគ៌មានសិរីរុងរឿង!»។+
៣៩ ក៏ប៉ុន្តែ ពួកផារិស៊ីខ្លះក្នុងចំណោមបណ្ដាជនបានជម្រាបលោកថា៖ «លោកគ្រូ ចូរស្ដីបន្ទោសពួកអ្នកកាន់តាមលោក»។+
៤០ ប៉ុន្តែ លោកតបឆ្លើយថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម ដុំថ្មនឹងស្រែកឡើង»។
៤១ លុះទៅជិតដល់ហើយ លោកមើលក្រុងនោះ ក៏យំសោកអំពីក្រុងនោះ។+
៤២ លោកមានប្រសាសន៍ថា៖ «នៅគ្រានេះ គួរណាស់តែអ្នកបានពិចារណាឲ្យយល់អ្វីៗដែលនឹងនាំឲ្យអ្នកមានសន្តិភាព។ ប៉ុន្តែឥឡូវនេះ អ្វីៗទាំងនោះបានត្រូវលាក់បាំងពីភ្នែកអ្នកហើយ។+
៤៣ ពីព្រោះនឹងមានគ្រាមកដល់ ពេលដែលពួកសត្រូវរបស់អ្នកនឹងបោះរបងបង្គោលសម្រួចចុងនៅជុំវិញអ្នក ក៏នឹងឡោមព័ទ្ធធ្វើទុក្ខអ្នកពីគ្រប់ទិសទី។+
៤៤ ពួកគេនឹងបោះទម្លាក់អ្នក ព្រមទាំងកូនដែលនៅក្នុងអ្នកទៅដី+ ហើយនឹងមិនទុកថ្មណានៅក្នុងអ្នកឲ្យត្រួតលើថ្មណាទៀតទេ+ ពីព្រោះអ្នកមិនបានពិចារណាឲ្យយល់អំពីគ្រាដែលព្រះនឹងមកវិនិច្ឆ័យ*អ្នកឡើយ»។
៤៥ រួចលោកចូលក្នុងវិហារ ហើយចាប់ផ្ដើមបណ្ដេញពួកអ្នកលក់+
៤៦ ដោយមានប្រសាសន៍ទៅពួកគេថា៖ «បទគម្ពីរចែងថា៖ ‹វិហាររបស់ខ្ញុំនឹងត្រូវហៅថាកន្លែងសម្រាប់អធិដ្ឋាន›។+ ប៉ុន្តែ អ្នករាល់គ្នាបានយកធ្វើជាសម្បុកចោរវិញ»។+
៤៧ លោកបន្តបង្រៀនក្នុងវិហាររៀងរាល់ថ្ងៃ។ ឯពួកសង្ឃនាយក ពួកអ្នកជំនាញខាងច្បាប់ និងពួកអ្នកខ្លះដែលមានមុខមាត់ក្នុងបណ្ដាជនវិញ ពួកគេបានខំរិះរកវិធីសម្លាប់លោកចោល។+
៤៨ ក៏ប៉ុន្តែ ពួកគេនៅតែរកវិធីសម្លាប់លោកមិនបាន ព្រោះបណ្ដាជនគ្រប់រូបកំពុងចោមរោមជក់ស្ដាប់លោកមានប្រសាសន៍។+
កំណត់សម្គាល់
^ ឬ«ដោយចោទប្រកាន់គេមិនពិត»
^ មួយមិណារបស់ក្រិចមានទម្ងន់៣៤០ក្រាម ហើយមានតម្លៃស្មើនឹង១០០ដ្រាកម៉ា។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ ឬ«ដាក់ធនាគារ»
^ ន័យត្រង់«មកត្រួតពិនិត្យមើល»