សៀវភៅលូកា ២១:១-៣៨

  • កាក់​ពីរ​របស់​ស្ត្រី​មេម៉ាយ​ក្រី​ក្រ (​១​-​៤)

  • សញ្ញា​សម្គាល់​នៃ​អ្វី​ដែល​នឹង​មក​ដល់ (​៥​-​៣៦)

    • សង្គ្រាម ការ​រញ្ជួយ​ដី រោគ​រាត​ត្បាត ការ​អត់​ឃ្លាន (​១០, ១១)

    • ក្រុង​យេរូសាឡិម​បាន​ត្រូវ​ឡោម​ព័ទ្ធ​ដោយ​កងទ័ព (​២០)

    • គ្រា​កំណត់​នៃ​ប្រជា​ជាតិ​នា​នា (​២៤)

    • កូន​មនុស្ស​មក (​២៧)

    • ឧទាហរណ៍​អំពី​ដើម​ល្វា​តូច (​២៩​-​៣៣)

    • ចូរ​ចាំ​យាម (​៣៤​-​៣៦)

  • លោក​យេស៊ូ​បង្រៀន​នៅ​ក្នុង​វិហារ (​៣៧, ៣៨)

២១  ពេល​ដែល​លោក​ក្រឡេក​ភ្នែក​ទៅ លោក​ក៏​ឃើញ​ពួក​អ្នក​មាន​កំពុង​ដាក់​អំណោយ​ជា​ប្រាក់ ក្នុង​ប្រដាប់​ដាក់​កាក់​សម្រាប់​ឃ្លាំង​ប្រាក់។+ ២  រួច​លោក​ឃើញ​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ម្នាក់​ដាក់​កាក់​តូច​ពីរ​ដែល​មាន​តម្លៃ​តិច​ណាស់។*+ ៣  លោក​ក៏​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ពិត​មែន​តែ​ស្ត្រី​មេម៉ាយ​នេះ​ក្រី​ក្រ តែ​នាង​បាន​ដាក់​ច្រើន​ជាង​ពួក​គេ​ទាំង​អស់។+ ៤  ព្រោះ​ពួក​គេ​បាន​ដាក់​ប្រាក់​សំណល់​របស់​ខ្លួន​ជា​អំណោយ ចំណែក​ឯ​នាង​វិញ ពិត​មែន​តែ​នាង​ខ្វះ​ខាត* តែ​នាង​បាន​ដាក់​ប្រាក់​ទាំង​អស់​ដែល​នាង​មាន​សម្រាប់​ចិញ្ចឹម​ជីវិត​»។+ ៥  លុះ​ក្រោយ​មក ពេល​ដែល​អ្នក​ខ្លះ​កំពុង​និយាយ​អំពី​របៀប​ដែល​វិហារ​បាន​តុប​តែង​ដោយ​ថ្ម​ល្អ​ប្រណីត​និង​អ្វី​ៗ​​ដែល​ទុក​ជូន​ព្រះ+ ៦  នោះ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចំណែក​ឯ​អ្វី​ៗ​ទាំង​នេះ​ដែល​អ្នក​រាល់​គ្នា​ឃើញ នឹង​មាន​គ្រា​មក​ដល់​ពេល​ដែល​ថ្ម​ទាំង​អស់​នៅ​ទី​នេះ​នឹង​ត្រូវ​ទម្លាក់​ចុះ​ដល់​ដី ហើយ​នឹង​គ្មាន​ថ្ម​ណា​នៅ​ត្រួត​លើ​ថ្ម​ណា​ទៀត​ឡើយ​»។+ ៧  រួច​មក ពួក​គាត់​សួរ​លោក​ថា​៖ ​«​លោក​គ្រូ តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? ហើយ​តើ​អ្វី​នឹង​ជា​សញ្ញា​សម្គាល់​នៅ​ពេល​ដែល​ការ​ទាំង​នេះ​ជិត​កើត​ឡើង?​»។+ ៨  លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​បំភាន់​អ្នក​រាល់​គ្នា​ឡើយ+ ព្រោះ​មនុស្ស​ជា​ច្រើន​នឹង​មក​ដោយ​អាង​ឈ្មោះ​ខ្ញុំ ហើយ​ពោល​ថា​៖ ‹ខ្ញុំ​នេះ​ហើយ​ជា​អ្នក​នោះ› ក៏​នឹង​ថា​៖ ‹ពេល​កំណត់​គឺ​ជិត​ដល់​ហើយ›។ ដូច្នេះ កុំ​ទៅ​តាម​ពួក​គេ​ឡើយ។+ ៩  ម្យ៉ាង​ទៀត ពេល​ដែល​អ្នក​ឮ​អំពី​សង្គ្រាម​និង​ចលាចល កុំ​ភ័យ​ស្លុត​ឡើយ ព្រោះ​ការ​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង​ជា​មុន​សិន។ ប៉ុន្តែ ទី​បញ្ចប់​នឹង​មិន​មក​ដល់​ភ្លាម​ទេ​»។+ ១០  បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ប្រជា​ជាតិ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ+ ហើយ​រាជាណាចក្រ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​រាជាណាចក្រ​មួយ+ ១១  ក៏​នឹង​មាន​រញ្ជួយ​ដី​ជា​ខ្លាំង​នៅ​កន្លែង​ផ្សេង​ៗ ថែម​ទាំង​មាន​ការ​អត់​ឃ្លាន​និង​រោគ​រាត​ត្បាត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ+ ហើយ​មនុស្ស​នឹង​ឃើញ​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច ព្រម​ទាំង​ឃើញ​សញ្ញា​សម្គាល់​ដ៏​អស្ចារ្យ​នៅ​លើ​មេឃ។* ១២  ​«​ប៉ុន្តែ មុន​ការ​ទាំង​អស់​នេះ​កើត​ឡើង មនុស្ស​នឹង​ចាប់​អ្នក​រាល់​គ្នា​ថែម​ទាំង​បៀត​បៀន+ ក៏​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​សាលា​ប្រជុំ​និង​ទៅ​គុក។ អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​នាំ​ទៅ​ឯ​ស្ដេច​និង​ពួក​អភិបាល ព្រោះ​តែ​ឈ្មោះ​ខ្ញុំ។+ ១៣  ក៏​ប៉ុន្តែ ការ​នោះ​នឹង​ហុច​ឱកាស​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​សាក្សី។ ១៤  ដូច្នេះ ចូរ​តាំង​ចិត្ត​ថា អ្នក​មិន​ហាត់​របៀប​និយាយ​ការ​ពារ​ខ្លួន​ទុក​ជា​មុន​ឡើយ+ ១៥  ព្រោះ​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ពាក្យ​និយាយ​និង​ប្រាជ្ញា ទោះ​ជា​ពួក​អ្នក​ប្រឆាំង​រួម​គ្នា​ក៏​ដោយ ក៏​ពួក​គេ​មិន​អាច​ជំទាស់​ឬ​ប្រកែក​ឈ្នះ​បាន​ដែរ។+ ១៦  បន្ថែម​ទៅ​ទៀត សូម្បី​តែ​ឪពុក​ម្ដាយ បង​ប្អូន ញាតិ​សន្ដាន និង​មិត្ត​ភក្ដិ ក៏​នឹង​ក្បត់​អ្នក​រាល់​គ្នា​ដែរ ហើយ​អ្នក​រាល់​គ្នា​ខ្លះ​នឹង​ត្រូវ​គេ​សម្លាប់។+ ១៧  មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​ឈ្មោះ​ខ្ញុំ។+ ១៨  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ សូម្បី​តែ​សក់​អ្នក​រាល់​គ្នា​មួយ​សរសៃ នឹង​មិន​វិនាស​បាត់​ទៅ​សោះ​ឡើយ។+ ១៩  បើ​អ្នក​រាល់​គ្នា​ស៊ូ​ទ្រាំ​ដល់​ទី​បញ្ចប់ នោះ​អ្នក​រាល់​គ្នា​នឹង​រក្សា​ជីវិត​ខ្លួន។+ ២០  ​«​ម្យ៉ាង​ទៀត ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​កង​ទ័ព​បោះ​ជំរំ​ជុំវិញ​ក្រុង​យេរូសាឡិម+ ចូរ​ដឹង​ថា​នាង​ជិត​ត្រូវ​បំផ្លិច​បំផ្លាញ​ហើយ។+ ២១  ដូច្នេះ ចូរ​ឲ្យ​អ្នក​ដែល​នៅ​តំបន់​យូឌា​ចាប់​ផ្ដើម​រត់​ទៅ​តំបន់​ភ្នំ+ ចូរ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ក្នុង​នាង​ចាក​ចេញ​ទៅ ហើយ​កុំ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ជនបទ​ចូល​ក្នុង​នាង​ឡើយ ២២  ពី​ព្រោះ​នោះ​ជា​គ្រា​ដែល​ព្រះ​នឹង​សង​សឹក ដើម្បី​ឲ្យ​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​ទុក​ក្លាយ​ជា​ការ​ពិត។ ២៣  នៅ​គ្រា​នោះ ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​និង​ស្ត្រី​ដែល​នៅ​បំបៅ​កូន ត្រូវ​វេទនា​ណាស់!+ ព្រោះ​នឹង​មាន​ទុក្ខ​វេទនា​ខ្លាំង​ក្រៃ​លែង​នៅ​ក្នុង​ស្រុក ហើយ​បណ្ដា​ជន​នេះ​នឹង​ទទួល​ទោស។ ២៤  ពួក​គេ​ក៏​នឹង​ដួល​ស្លាប់​ដោយ​ដាវ ហើយ​នឹង​ត្រូវ​ចាប់​ជា​ឈ្លើយ​នាំ​ទៅ​ប្រទេស​ទាំង​ឡាយ+ ឯ​ក្រុង​យេរូសាឡិម​នឹង​ត្រូវ​ជាន់​ឈ្លី​ដោយ​ប្រជា​ជាតិ​នា​នា* រហូត​ដល់​គ្រា​កំណត់​នៃ​ប្រជា​ជាតិ​នា​នា​បាន​ចប់​សព្វ​គ្រប់។+ ២៥  ​«​ម្យ៉ាង​ទៀត នឹង​មាន​សញ្ញា​សម្គាល់​នៅ​លើ​ថ្ងៃ ខែ និង​ផ្កាយ+ ហើយ​នៅ​លើ​ផែនដី​ប្រជា​ជាតិ​នា​នា​នឹង​ព្រួយ​បារម្ភ​ជា​ខ្លាំង ក៏​ទាល់​គំនិត​ដោយ​សារ​សូរ​គ្រាំ​គ្រេង​នៃ​សមុទ្រ​ដែល​កំពុង​បក់​បោក។ ២៦  ពី​ព្រោះ​កម្លាំង​ធម្មជាតិ​នៅ​លើ​មេឃ​នឹង​ត្រូវ​អង្រួន នោះ​មនុស្ស​នឹង​សន្លប់​បាត់​ស្មារតី​ដោយ​សារ​ភ័យ​ខ្លាច​និង​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល​ជិត​កើត​ឡើង​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី។ ២៧  នៅ​ពេល​នោះ ពួក​គេ​នឹង​ឃើញ​កូន​មនុស្ស+មក​ក្នុង​ពពក ទាំង​មាន​ឫទ្ធានុភាព​និង​សិរី​រុង​រឿង​អស្ចារ្យ។+ ២៨  ប៉ុន្តែ ពេល​ដែល​ការ​ទាំង​នេះ​ចាប់​ផ្ដើម​កើត​ឡើង ចូរ​ឈរ​ឲ្យ​ត្រង់​ខ្លួន ហើយ​ងើប​មុខ​ឡើង ព្រោះ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​គឺ​ជិត​ដល់​ហើយ​»។ ២៩  រួច​មក លោក​លើក​ឧទាហរណ៍​មួយ​ប្រាប់​ពួក​គាត់​ថា​៖ ​«​ចូរ​កត់​សម្គាល់​ដើម​ល្វា​តូច​និង​ដើម​ឈើ​ឯ​ទៀត។+ ៣០  ពេល​ដែល​អ្នក​ឃើញ​ពួក​វា​ចេញ​ពន្លក នោះ​អ្នក​ដឹង​ថា​រដូវ​ក្ដៅ​គឺ​ជិត​ដល់​ហើយ។ ៣១  ដូច​គ្នា​ដែរ ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ​កំពុង​កើត​ឡើង ចូរ​ដឹង​ថា​រាជាណាចក្រ​របស់​ព្រះ​គឺ​ជិត​ដល់​ហើយ។ ៣២  ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ជំនាន់​នេះ​នឹង​មិន​កន្លង​បាត់​ឡើយ ទាល់​តែ​ការ​ទាំង​អស់​កើត​ឡើង។+ ៣៣  មេឃ​និង​ផែនដី​នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​កន្លង​បាត់​ឡើយ។+ ៣៤  ​«​ប៉ុន្តែ កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ ក្រែង​លោ​ការ​ផឹក​និង​ការ​បរិភោគ​ហួស​ប្រមាណ+ និង​កង្វល់​អំពី​ជីវិត​ពង្វក់​ចិត្ត​អ្នក​រាល់​គ្នា+ ស្រាប់​តែ​ថ្ងៃ​នោះ​មក​ដល់​ភ្លាម​មួយ​រំពេច ៣៥  ដូច​ជា​លប់+ ព្រោះ​ថ្ងៃ​នោះ​នឹង​មក​គ្រប​លើ​មនុស្ស​ទាំង​អស់​នៅ​ផែនដី។ ៣៦  ដូច្នេះ ចូរ​ចាំ​យាម​ជា​និច្ច+ ព្រម​ទាំង​អធិដ្ឋាន​អង្វរ​សុំ​គ្រប់​ពេល​វេលា+ ដើម្បី​ឲ្យ​រួច​ផុត​ពី​ការ​ទាំង​អស់​នេះ​ដែល​ត្រូវ​កើត​ឡើង និង​ដើម្បី​ឲ្យ​បាន​ឈរ​នៅ​មុខ​កូន​មនុស្ស​»។+ ៣៧  ម្ល៉ោះ​ហើយ ពេល​ថ្ងៃ​លោក​បង្រៀន​នៅ​ឯ​វិហារ តែ​ពេល​យប់​លោក​ចេញ​ទៅ​ស្នាក់​នៅ​ឯ​ភ្នំ​ហៅ​ថា​ភ្នំ​ដើម​អូលីវ។ ៣៨  បណ្ដា​ជន​ទាំង​ឡាយ​តែង​តែ​ចូល​ក្នុង​វិហារ​តាំង​ពី​ព្រលឹម​ដើម្បី​ស្ដាប់​លោក។

កំណត់សម្គាល់

ន័យ​ត្រង់​«​ពីរ​ឡិបតា​»។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​«​ក្រី​ក្រ​»​
ឬ​«​ស្ថាន​សួគ៌​»​
ឬ​«​ជន​ជាតិ​ដទៃ​»​