សៀវភៅលូកា ៥:១-៣៩

  • ការ​ចាប់​ត្រី​ដោយ​អព្ភូតហេតុ។ ពួក​អ្នក​កាន់​តាម​ដំបូង (​១​-​១១)

  • ការ​ធ្វើ​ឲ្យ​បុរស​កើត​ជំងឺ​ឃ្លង់​ម្នាក់​ជា​សះ​ស្បើយ (​១២​-​១៦)

  • លោក​យេស៊ូ​ធ្វើ​ឲ្យ​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ជា​សះ​ស្បើយ (​១៧​-​២៦)

  • លោក​យេស៊ូ​ហៅ​លេវី (​២៧​-​៣២)

  • សំណួរ​អំពី​ការ​តម​អាហារ (​៣៣​-​៣៩)

 នៅ​គ្រា​មួយ បណ្ដា​ជន​កំពុង​ស្ដាប់​លោក​យេស៊ូ​បង្រៀន​បណ្ដាំ​របស់​ព្រះ​នៅ​ក្បែរ​បឹង​កេណិសារ៉ែត។* ពេល​នោះ បណ្ដា​ជន​ខំ​ប្រជ្រៀត​គ្នា​ចូល​ទៅ​ជិត​លោក។+ ២  ខណៈ​នោះ លោក​ឃើញ​ទូក​នេសាទ​ពីរ​ចត​នៅ​មាត់​បឹង តែ​ពួក​អ្នក​នេសាទ​បាន​ឡើង​ពី​ទូក​ទៅ​លាង​អួន​របស់​ពួក​គេ។+ ៣  លោក​ក៏​ចុះ​ក្នុង​ទូក​មួយ​របស់​ស៊ីម៉ូន ហើយ​សុំ​គាត់​ឲ្យ​ចេញ​ទូក​ទៅ​ឆ្ងាយ​បន្តិច​ពី​មាត់​បឹង។ រួច​លោក​អង្គុយ​ចុះ ហើយ​ចាប់​ផ្ដើម​បង្រៀន​បណ្ដា​ជន​ពី​ក្នុង​ទូក​នោះ។ ៤  លុះ​បង្រៀន​រួច​ហើយ លោក​ក៏​ប្រាប់​ស៊ីម៉ូន​ថា​៖ ​«​ចូរ​ទៅ​កន្លែង​ដែល​មាន​ទឹក​ជ្រៅ ហើយ​ទម្លាក់​អួន​នៅ​ទី​នោះ​»។ ៥  ក៏​ប៉ុន្តែ ស៊ីម៉ូន​តប​វិញ​ថា​៖ ​«​លោក​គ្រូ យើង​បាន​ខំ​ប្រឹង​អស់​មួយ​យប់ តែ​ចាប់​មិន​បាន​អ្វី​សោះ។+ ប៉ុន្តែ ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ប្រសាសន៍​លោក​»។ ៦  ពេល​ទម្លាក់​អួន​តាម​ប្រសាសន៍​លោក ពួក​គេ​ចាប់​បាន​ត្រី​ច្រើន​សន្ធឹក​ណាស់ រហូត​ដល់​អួន​របស់​ពួក​គេ​ចាប់​ផ្ដើម​ធ្លាយ។+ ៧  ដូច្នេះ ពួក​គេ​ធ្វើ​សញ្ញា​ឲ្យ​ដៃ​គូ​របស់​ពួក​គេ​ដែល​នៅ​ក្នុង​ទូក​ផ្សេង​ទៀត​មក​ជួយ។ អ្នក​ទាំង​នោះ​ក៏​មក រួច​ពួក​គេ​ដាក់​ត្រី​ពេញ​ទូក​ទាំង​ពីរ គឺ​ត្រី​ច្រើន​ដល់​ម្ល៉េះ​បាន​ជា​ទូក​ហៀប​នឹង​លិច។ ៨  ឃើញ​ដូច្នេះ ស៊ីម៉ូន​ពេត្រុស​លុត​ជង្គង់​នៅ​មុខ​លោក​យេស៊ូ ហើយ​និយាយ​ថា​៖ ​«​លោក​ម្ចាស់ សូម​ចេញ​ពី​ខ្ញុំ​ទៅ ពី​ព្រោះ​ខ្ញុំ​ជា​មនុស្ស​មាន​ភាព​ខុស​ឆ្គង​»។ ៩  ព្រោះ​ក្រោយ​ពី​ចាប់​បាន​ត្រី​ច្រើន​ដូច្នេះ ស៊ីម៉ូន​ពេត្រុស​និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នឹង​គាត់ បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ក្រៃ​លែង ១០  ហើយ​កូន​ប្រុស​ពីរ​នាក់​របស់​សេបេដេ គឺ​យ៉ាកុប​និង​យ៉ូហាន+ដែល​ជា​ដៃ​គូ​របស់​ស៊ីម៉ូន ក៏​នឹក​អស្ចារ្យ​ដែរ។ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ស៊ីម៉ូន​ថា​៖ ​«​កុំ​ខ្លាច​ឡើយ។ ចាប់​តាំង​ពី​ឥឡូវ​នេះ​ទៅ អ្នក​នឹង​នេសាទ​មនុស្ស​វិញ​»។+ ១១  ដូច្នេះ ពួក​គេ​បាន​អុំទូក​មក​ដី​គោក​វិញ រួច​ទុក​អ្វី​ៗ​ទាំង​អស់​ចោល ហើយ​ទៅ​តាម​លោក។+ ១២  នៅ​គ្រា​មួយ​ផ្សេង​ទៀត ពេល​លោក​នៅ​ក្រុង​មួយ មើល! មាន​បុរស​ម្នាក់​កើត​ឃ្លង់​ពេញ​ខ្លួន! កាល​ដែល​បុរស​នោះ​ឃើញ​លោក​យេស៊ូ គាត់​ក៏​ទៅ​ជិត រួច​ក្រាប​គោរព​លោក ហើយ​អង្វរ​ថា​៖ ​«​លោក​ម្ចាស់ បើ​លោក​ចង់​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត លោក​អាច​ធ្វើ​បាន​»។+ ១៣  ដូច្នេះ លោក​ក៏​លូក​ដៃ​ទៅ​ពាល់​គាត់ ហើយ​ពោល​ថា​៖ ​«​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​អ្នក​ជា​ស្អាត​មែន! សូម​ឲ្យ​ជា​ស្អាត​ចុះ​»។ រំពេច​នោះ ជំងឺ​ឃ្លង់​បាន​បាត់​ពី​ខ្លួន​គាត់​ទៅ។+ ១៤  រួច​មក លោក​បង្គាប់​បុរស​នោះ​កុំ​ឲ្យ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ ហើយ​លោក​បាន​ប្រាប់​ទៀត​ថា​៖ ​«​ដោយ​សារ​អ្នក​បាន​ជា​ស្អាត ចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​ពួក​សង្ឃ ហើយ​ជូន​គ្រឿង​បូជា​ដូច​ដែល​ច្បាប់​ម៉ូសេ​បាន​បង្គាប់+ ដើម្បី​ឲ្យ​ពួក​សង្ឃ​អាច​ឃើញ​ថា​អ្នក​បាន​ជា​ស្អាត​ហើយ​»។+ ១៥  ប៉ុន្តែ ដំណឹង​នោះ​បាន​ឮ​សុសសាយ រួច​មនុស្ស​បាន​មូល​គ្នា​ជា​ក្រុម​ធំ​ៗ មក​ស្ដាប់​លោក ហើយ​សុំ​លោក​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ​ពី​ជំងឺ។+ ១៦  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ជា​រឿយ​ៗ លោក​ទៅ​កន្លែង​ដាច់​ឆ្ងាយ​ពី​គេ​ដើម្បី​អធិដ្ឋាន។ ១៧  នៅ​ថ្ងៃ​មួយ ពេល​លោក​កំពុង​បង្រៀន ពួក​ផារិស៊ី*និង​ពួក​អ្នក​បង្រៀន​ច្បាប់* ដែល​មក​ពី​គ្រប់​ភូមិ​នៃ​ស្រុកកាលីឡេ​និង​តំបន់​យូឌា និង​ពី​ក្រុង​យេរូសាឡិម ក៏​អង្គុយ​នៅ​ទី​នោះ​ដែរ ហើយ​ព្រះ​យេហូវ៉ា*បាន​ឲ្យ​ឫទ្ធានុភាព​ដល់​លោក​យេស៊ូ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ។+ ១៨  មើល! មាន​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​ដេក​នៅ​លើ​គ្រែ​ស្នែង ហើយ​ពួក​អ្នក​ដែល​សែង​គាត់ កំពុង​រក​ផ្លូវ​នាំ​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ ដើម្បី​ដាក់​គាត់​នៅ​មុខ​លោក​យេស៊ូ។+ ១៩  ប៉ុន្តែ ដោយ​សារ​មាន​មនុស្ស​ច្រើន​កក​កុញ ពួក​គេ​មិន​អាច​រក​ផ្លូវ​នាំ​បុរស​នោះ​ចូល​ទៅ​ក្នុង​បាន​ឡើយ។ ដូច្នេះ ពួក​គេ​ក៏​ឡើង​ទៅ​លើ​ដំបូល រួច​បើក​ក្បឿង ហើយ​សម្រូត​គាត់​លើ​គ្រែ​ស្នែង ចុះ​នៅ​ខាង​មុខ​លោក​យេស៊ូ​តែ​ម្ដង។ ២០  ពេល​លោក​ឃើញ​ជំនឿ​របស់​ពួក​គេ លោក​មាន​ប្រសាសន៍​ទៅ​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ថា​៖ ​«​ការ​ខុស​ឆ្គង​របស់​អ្នក​បាន​ត្រូវ​អភ័យ​ទោស​ឲ្យ​ហើយ​»។+ ២១  ឮ​ដូច្នេះ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​ចាប់​ផ្ដើម​រិះ​គិត​ក្នុង​ចិត្ត​ថា​៖ ​«​តើ​អ្នក​ដែល​កំពុង​និយាយ​ប្រមាថ​ព្រះ​នេះ​ជា​អ្នក​ណា? ក្រៅ​ពី​ព្រះ តើ​អ្នក​ណា​អាច​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​បាន?​»។+ ២២  ប៉ុន្តែ លោក​យេស៊ូ​បាន​ជ្រាប​អំពី​អ្វី​ដែល​ពួក​គេ​កំពុង​រិះ​គិត។ លោក​ក៏​សួរ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​រិះ​គិត​បែប​នេះ? ២៣  តើ​មួយ​ណា​ស្រួល​ជាង? និយាយ​ថា​៖ ‹ការ​ខុស​ឆ្គង​របស់​អ្នក​បាន​ត្រូវ​អភ័យ​ទោស​ឲ្យ​ហើយ› ឬ​និយាយ​ថា​៖ ‹ចូរ​ងើប​ឡើង ហើយ​ដើរ​ទៅ​ចុះ›។ ២៤  ក៏​ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នៅ​ផែនដី​ដើម្បី​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​»។ រួច​លោក​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ងើប​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ទៅ​ផ្ទះ​ចុះ​»។+ ២៥  រំពេច​នោះ គាត់​ក៏​ងើប​ឡើង​នៅ​មុខ​ពួក​គេ ហើយ​យក​គ្រែ​ស្នែង​របស់​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ព្រម​ទាំង​សរសើរ​តម្កើង​ព្រះ។ ២៦  បណ្ដា​ជន​គ្រប់​គ្នា​រំភើប​ចិត្ត​ក្រៃ​លែង ក៏​ចាប់​ផ្ដើម​សរសើរ​តម្កើង​ព្រះ ហើយ​ពួក​គេ​បាន​កោត​ស្ងើច​ជា​ខ្លាំង ដោយ​និយាយ​ថា​៖ ​«​ថ្ងៃ​នេះ យើង​បាន​ឃើញ​ការ​អស្ចារ្យ​ណាស់!​»។ ២៧  បន្ទាប់​ពី​នេះ លោក​បាន​ចេញ​ទៅ ហើយ​ឃើញ​អ្នក​យក​ពន្ធ​ម្នាក់​ឈ្មោះ​លេវី កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំ​»។*+ ២៨  ឮ​ដូច្នេះ លេវី​ក៏​ទុក​អ្វី​ៗ​ទាំង​អស់​ចោល ហើយ​ក្រោក​ឡើង​ទៅ​តាម​លោក។ ២៩  រួច​មក លេវី​បាន​រៀបចំ​ពិធី​ជប់​លៀង​ដ៏​ធំ​មួយ​នៅ​ផ្ទះ​របស់​គាត់។ ក្នុង​ពិធី​នោះ មាន​អ្នក​យក​ពន្ធ​មួយ​ក្រុម​ធំ និង​អ្នក​ឯ​ទៀត​កំពុង​អង្គុយ​រួម​តុ​ជា​មួយ​នឹង​ពួក​គាត់។+ ៣០  ឃើញ​ដូច្នេះ ពួក​ផារិស៊ី​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ចាប់​ផ្ដើម​រអ៊ូ​រទាំ​ដាក់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​ផឹក​និង​បរិភោគ​ជា​មួយ​នឹង​អ្នក​យក​ពន្ធ​និង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដូច្នេះ?​»។+ ៣១  លោក​យេស៊ូ​តប​ឆ្លើយ​ថា​៖ ​«​មនុស្ស​ដែល​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ តែ​អ្នក​ដែល​ឈឺ ទើប​ត្រូវ​ការ​គ្រូ​ពេទ្យ។+ ៣២  ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ តែ​បាន​មក​ដើម្បី​ហៅ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​ប្រែ​ចិត្ត​វិញ​»។+ ៣៣  ពួក​គេ​ជម្រាប​លោក​ថា​៖ ​«​ពួក​អ្នក​កាន់​តាម​យ៉ូហាន​តម​អាហារ​ជា​ញឹក​ញយ ថែម​ទាំង​អធិដ្ឋាន​អង្វរ​សុំ ហើយ​ពួក​អ្នក​កាន់​តាម​ពួក​ផារិស៊ី​ក៏​ធ្វើ​ដូច្នេះ​ដែរ។ ប៉ុន្តែ ពួក​អ្នក​កាន់​តាម​លោក​បែរ​ជា​ផឹក​និង​បរិភោគ​ទៅ​វិញ​»។+ ៣៤  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​អាច​បង្ខំ​មិត្ត​ភក្ដិ​របស់​កូន​កំលោះ​ឲ្យ​តម​អាហារ​ទេ ដរាប​ណា​កូន​កំលោះ​នៅ​ជា​មួយ​នឹង​ពួក​គេ មែន​ទេ? ៣៥  ក៏​ប៉ុន្តែ នឹង​មាន​គ្រា​មក​ដល់ ពេល​ដែល​កូន​កំលោះ+នឹង​ត្រូវ​គេ​ពង្រាត់​ចេញ​ពី​មិត្ត​ភក្ដិ ហើយ​នៅ​គ្រា​នោះ​ពួក​គេ​នឹង​តម​អាហារ​»។+ ៣៦  លោក​ក៏​លើក​ឧទាហរណ៍​មួយ​ទៀត​ថា​៖ ​«​គ្មាន​អ្នក​ណា​កាត់​ក្រណាត់​ពី​សម្លៀក​បំពាក់​ថ្មី យក​មក​ប៉ះ​សម្លៀក​បំពាក់​ចាស់​ទេ។ បើ​ធ្វើ​ដូច្នេះ ក្រណាត់​ថ្មី​នឹង​ធ្វើ​ឲ្យ​សម្លៀក​បំពាក់​ចាស់​រហែក ហើយ​ក្រណាត់​ថ្មី​នោះ​ក៏​មិន​សម​នឹង​សម្លៀក​បំពាក់​ចាស់​ដែរ។+ ៣៧  ម្យ៉ាង​ទៀត គ្មាន​អ្នក​ណា​យក​ស្រា​ថ្មី​មក​ដាក់​ក្នុង​ថង់​ស្បែក​ចាស់​ទេ។ បើ​ធ្វើ​ដូច្នោះ ថង់​ស្បែក​នឹង​ធ្លាយ ស្រា​ក៏​ហូរ​ចេញ​អស់ ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ដែរ។ ៣៨  ផ្ទុយ​ទៅ​វិញ គេ​ដាក់​ស្រា​ថ្មី​ក្នុង​ថង់​ស្បែក​ថ្មី។ ៣៩  អ្នក​ណា​ដែល​ពិសា​ស្រា​ចាស់ មិន​ដែល​ចង់​ពិសា​ស្រា​ថ្មី​ឡើយ ព្រោះ​អ្នក​នោះ​និយាយ​ថា​៖ ‹ស្រា​ចាស់​មាន​គុណ​ភាព​ល្អ​ជាង›​»។

កំណត់សម្គាល់

នេះ​សំដៅ​លើ​សមុទ្រ​កាលីឡេ
នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ផារិស៊ី​គឺ​ជា​និកាយ​ដ៏​ធំ​មួយ​នៃ​សាសនា​យូដា​នៅ​សតវត្សរ៍​ទី​១ គ.ស.
ក្នុង​ខ​នេះ ពាក្យ​ថា​«​មក​តាម​ខ្ញុំ​»​សំដៅ​លើ​ការ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ