សកម្មភាពរបស់ពួកសាវ័ក ១៣:១-៥២

  • បាណាបាស​និង​សុល​បាន​ត្រូវ​ចាត់​ជា​សាសនទូត (​១​-​៣)

  • កិច្ច​បម្រើ​នៅ​កោះ​គីប្រុស (​៤​-​១២)

  • សុន្ទរកថា​របស់​ប៉ូល​នៅ​ក្រុង​អាន់ទីយ៉ូក​ក្នុង​តំបន់​ភីស៊ីឌា (​១៣​-​៤១)

  • បង្គាប់​ដែល​ជា​ទំនាយ​ឲ្យ​ទៅ​ឯ​ប្រជា​ជាតិ​នានា (​៤២​-​៥២)

១៣  ក្នុង​ក្រុម​ជំនុំ​នៅ​ក្រុង​អាន់ទីយ៉ូក មាន​ពួក​អ្នក​ប្រកាស​ទំនាយ​និង​ពួក​អ្នក​បង្រៀន+ ពោល​គឺ​បាណាបាស និង​ស៊ីម៉ូន​ដែល​ហៅ​ថា​ណៃកឺ លូសៀស​ពី​ក្រុង​គីរេន និង​ម៉ាណាអេន​ដែល​ធ្លាប់​រៀន​ជា​មួយ​នឹង​ហេរ៉ូឌ​ជា​អភិបាល​ស្រុក ព្រម​ទាំង​សុល។ ២  កាល​ដែល​ពួក​គាត់​កំពុង​បម្រើ​ព្រះ​យេហូវ៉ា* ព្រម​ទាំង​តម​អាហារ នោះ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​បាន​ប្រាប់​ថា​៖ ​«​ចូរ​ទុក​បាណាបាស​និង​សុល+ដោយ​ឡែក​ឲ្យ​ខ្ញុំ ដើម្បី​ឲ្យ​ពួក​គាត់​បំពេញ​កិច្ចការ​ដែល​ខ្ញុំ​បាន​ហៅ​ឲ្យ​មក​ធ្វើ​»។+ ៣  បន្ទាប់​ពី​ពួក​គាត់​តម​អាហារ​និង​អធិដ្ឋាន​រួច ពួក​គាត់​ដាក់​ដៃ​លើ​បាណាបាស​និង​សុល រួច​ឲ្យ​ចេញ​ដំណើរ​ទៅ។ ៤  ម្ល៉ោះ​ហើយ បុរស​ទាំង​នេះ​ដែល​ឫទ្ធានុភាព​បរិសុទ្ធ​បាន​ចាត់​ឲ្យ​ទៅ ក៏​ចុះ​ទៅ​ក្រុង​សេលូសៀ រួច​ពួក​គាត់​ចុះ​ទូក​ក្ដោង​នៅ​កន្លែង​នោះ ហើយ​ទៅ​កោះ​គីប្រុស។ ៥  លុះ​ទៅ​ដល់​ក្រុង​សាឡាមីស ពួក​គាត់​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​បណ្ដាំ​របស់​ព្រះ​នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​របស់​ជនជាតិ​យូដា។ យ៉ូហាន​ក៏​បាន​នៅ​ជា​មួយ​ដើម្បី​បម្រើ*ពួក​គាត់​ដែរ។+ ៦  ក្រោយ​ពី​ពួក​គាត់​បាន​ធ្វើ​ដំណើរ​ពេញ​កោះ​នោះ​រហូត​ដល់​ក្រុង​ប៉ាផូស ពួក​គាត់​បាន​ប្រទះ​បុរស​ជនជាតិ​យូដា​ម្នាក់​ឈ្មោះ​បារយេស៊ូ ជា​គ្រូ​ធ្មប់ និង​ជា​អ្នក​ប្រកាស​ទំនាយ​មិន​ពិត។ ៧  គាត់​នៅ​ជា​មួយ​នឹង​ស៊ើគាស​ប៉ូឡូស​ដែល​ជា​អភិបាល​ខេត្ត និង​ជា​អ្នក​មាន​ប្រាជ្ញា។ ស៊ើគាស​ប៉ូឡូស​បាន​ហៅ​បាណាបាស​និង​សុល​ឲ្យ​មក​ឯ​គាត់ ព្រោះ​គាត់​ចង់​ឮ​បណ្ដាំ​របស់​ព្រះ​ខ្លាំង​ណាស់។ ៨  ប៉ុន្តែ អេលីម៉ាស​ដែល​ជា​គ្រូ​ធ្មប់ (​ឈ្មោះ​របស់​គាត់​មាន​ន័យ​ថា​គ្រូ​ធ្មប់​) ចាប់​ផ្ដើម​ប្រឆាំង​ពួក​គាត់ ដោយ​ខំ​បំបែរ​ស៊ើគាស​ប៉ូឡូស​ចេញ​ពី​ជំនឿ។ ៩  រួច​សុល​ដែល​ហៅ​ថា​ប៉ូល បាន​ពេញ​ទៅ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ ក៏​សម្លឹង​មើល​ចំ​អេលីម៉ាស ១០  ហើយ​និយាយ​ថា​៖ ​«​ឱ​មនុស្ស​ដែល​ពេញ​ទៅ​ដោយ​ភាព​ក្លែង​បន្លំ និង​សេចក្ដី​ខូច​អាក្រក់​សព្វ​បែប​យ៉ាង​អើយ អ្នក​ជា​កូន​មេកំណាច*+ និង​ជា​សត្រូវ​នៃ​អ្វី​ៗ​ទាំង​អស់​ដែល​សុចរិត តើ​អ្នក​មិន​ព្រម​ឈប់​ពង្វាង​ផ្លូវ​ត្រង់​របស់​ព្រះ​យេហូវ៉ា*ទេ​ឬ? ១១  មើល! ដៃ​របស់​ព្រះ​យេហូវ៉ា*នៅ​លើ​អ្នក ហើយ​អ្នក​នឹង​ងងឹត​ភ្នែក មើល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​អស់​មួយ​រយៈ​»។ រំពេច​នោះ អ្វី​ដែល​មើល​ទៅ​ដូច​ជា​អ័ព្ទ​បាន​ធ្វើ​ឲ្យ​ភ្នែក​គាត់​មើល​មិន​ឃើញ រួច​គាត់​ក៏​ងងឹត​ភ្នែក​ទៅ ហើយ​បាន​ដើរ​វិល​វល់​រក​គេ​ដឹក​ដៃ​គាត់។ ១២  លុះ​អភិបាល​ខេត្ត​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង គាត់​ក៏​ទៅ​ជា​អ្នក​ជឿ ព្រោះ​គាត់​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​នឹង​សេចក្ដី​បង្រៀន​របស់​ព្រះ​យេហូវ៉ា។* ១៣  បន្ទាប់​មក ប៉ូល​និង​បុរស​ទាំង​នោះ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក ចេញ​ពី​ក្រុង​ប៉ាផូស​ទៅ​ដល់​ក្រុង​ពើកា​នៅ​ខេត្ត​ប៉ាមភីលៀ។ ប៉ុន្តែ យ៉ូហាន+បាន​ចាក​ចេញ​ពី​ពួក​គាត់ ហើយ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។+ ១៤  ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​គាត់​បាន​បន្ត​ដំណើរ​ពី​ក្រុង​ពើកា​ទៅ​ក្រុង​អាន់ទីយ៉ូក​នៅ​តំបន់​ភីស៊ីឌា រួច​បាន​ចូល​អង្គុយ​ក្នុង​សាលា​ប្រជុំ+នៅ​ថ្ងៃ​ឈប់​សម្រាក។ ១៥  បន្ទាប់​ពី​បាន​អាន​ច្បាប់*+និង​សៀវភៅ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ចប់ ពួក​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ពួក​គាត់​ថា​៖ ​«​បង​ប្អូន​អើយ ប្រសិន​បើ​មាន​អ្វី​ដែល​អាច​និយាយ​លើក​ទឹក​ចិត្ត​បណ្ដា​ជន សូម​ប្រាប់​មក​»។ ១៦  ដូច្នេះ ប៉ូល​ក្រោក​ឡើង​លើក​ដៃ​ធ្វើ​សញ្ញា រួច​និយាយ​ថា​៖ ​«​ឱ​ជន​ជាតិ​អ៊ីស្រាអែល​និង​អ្នក​ឯ​ទៀត​ដែល​កោត​ខ្លាច​ព្រះ សូម​ស្ដាប់​ខ្ញុំ។ ១៧  ព្រះ​នៃ​បណ្ដា​ជន​អ៊ីស្រាអែល​នេះ​បាន​ជ្រើស​រើស​ពួក​បុព្វ​បុរស​របស់​យើង ហើយ​លោក​បាន​តម្កើង​បណ្ដា​ជន​នេះ​ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​ស្នាក់​នៅ​ជា​ជន​បរទេស​ក្នុង​ស្រុក​អេហ្ស៊ីប ហើយ​លោក​បាន​នាំ​ពួក​គេ​ចេញ​មក​ដោយ​ឫទ្ធានុភាព​ខ្លាំង​ក្លា។*+ ១៨  អស់​រយៈ​ពេល​ប្រហែល​៤០​ឆ្នាំ​នៅ​តំបន់​ស្ងាត់​ជ្រងំ លោក​បាន​ទ្រាំ​នឹង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។+ ១៩  បន្ទាប់​ពី​បាន​បំផ្លាញ​អស់​ប្រជា​ជាតិ​៧​នៅ​ស្រុក​កាណាន លោក​ក៏​ប្រគល់​ទឹក​ដី​ទាំង​នោះ​ឲ្យ​ពួក​បុព្វ​បុរស​របស់​យើង​ជា​មត៌ក។+ ២០  ការ​ទាំង​អស់​នោះ​កើត​ឡើង​ក្នុង​រយៈ​ពេល​ប្រហែល​៤៥០​ឆ្នាំ។ ​«​ក្រោយ​ពី​ការ​ទាំង​នេះ លោក​បាន​ឲ្យ​ពួក​អ្នក​សម្រេច​ក្ដី​ដល់​ពួក​គេ រហូត​ដល់​មាន​សាំយូអែល ជា​អ្នក​ប្រកាស​ទំនាយ។+ ២១  ប៉ុន្តែ​ក្រោយ​មក ពួក​គេ​ទាម​ទារ​ឲ្យ​មាន​ស្ដេច+ រួច​ព្រះ​បាន​ឲ្យ​សុល​ជា​កូន​ប្រុស​គីស ពី​កុល​សម្ព័ន្ធ​បេនយ៉ាមីន+ឲ្យ​គ្រប់​គ្រង​លើ​ពួក​គេ​អស់​រយៈ​ពេល​៤០​ឆ្នាំ។ ២២  បន្ទាប់​ពី​បាន​ដក​សុល​ពី​តំណែង លោក​បាន​តាំង​ដាវីឌ​ឡើង​ជា​ស្ដេច+ ហើយ​លោក​បាន​បញ្ជាក់​អំពី​គាត់​ថា​៖ ‹ខ្ញុំ​បាន​រក​ឃើញ​ដាវីឌ ជា​កូន​អ៊ីសាយ+ និង​ជា​អ្នក​ដែល​ខ្ញុំ​ពេញ​ចិត្ត+ គាត់​នឹង​ធ្វើ​អ្វី​ៗ​ទាំង​អស់​តាម​បំណង​ចិត្ត​ខ្ញុំ›។ ២៣  តាម​រយៈ​កូន​ចៅ*របស់​បុរស​នេះ ព្រះ​បាន​ឲ្យ​អ៊ីស្រាអែល​មាន​អ្នក​សង្គ្រោះ​ម្នាក់​ដូច​លោក​បាន​សន្យា ពោល​គឺ​លោក​យេស៊ូ។+ ២៤  មុន​លោក​មក​ដល់ យ៉ូហាន​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ដល់​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ឲ្យ​ប្រែ​ចិត្ត ដោយ​ទទួល​ការ​ជ្រមុជ​ទឹក។*+ ២៥  ប៉ុន្តែ ពេល​ដែល​យ៉ូហាន​ជិត​បញ្ចប់​កិច្ច​បម្រើ​របស់​គាត់ គាត់​តែង​និយាយ​ថា​៖ ‹តើ​អ្នក​រាល់​គ្នា​គិត​ថា​ខ្ញុំ​ជា​អ្វី? ខ្ញុំ​មិន​មែន​ជា​លោក​ទេ។ ប៉ុន្តែ​មើល! មាន​មនុស្ស​ម្នាក់​ដែល​នឹង​មក​ក្រោយ​ខ្ញុំ ខ្ញុំ​មិន​សម​នឹង​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក​ឡើយ›។+ ២៦  ​«​បង​ប្អូន​ដែល​ជា​កូន​ចៅ​អាប្រាហាំ និង​អ្នក​ឯ​ទៀត​ដែល​កោត​ខ្លាច​ព្រះ​អើយ បណ្ដាំ​របស់​ព្រះ​ស្ដី​អំពី​សេចក្ដី​សង្គ្រោះ​បាន​ត្រូវ​ផ្ញើ​មក​យើង។+ ២៧  ព្រោះ​អ្នក​ក្រុង​យេរូសាឡិម​និង​ពួក​អ្នក​គ្រប់​គ្រង​មិន​បាន​ស្គាល់​លោក​ទេ តែ​ពេល​ដែល​ពួក​គេ​វិនិច្ឆ័យ​លោក នោះ​ពួក​គេ​បាន​សម្រេច​អ្វី​ៗ​ដែល​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​ប្រាប់​ទុក​ជា​មុន+ ជា​អ្វី​ៗ​ដែល​គេ​អាន​ឲ្យ​ស្ដាប់​រាល់​ថ្ងៃ​ឈប់​សម្រាក។ ២៨  ទោះ​ជា​ពួក​គេ​បាន​ឃើញ​ថា​លោក​គ្មាន​ទោស​អ្វី​គួរ​នឹង​ស្លាប់​ក៏​ដោយ+ ក៏​ពួក​គេ​ទាម​ទារ​ឲ្យ​ពីឡាត​ប្រហារ​ជីវិត​លោក​ដែរ។+ ២៩  ក្រោយ​ពី​ពួក​គេ​បាន​សម្រេច​ការ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​អំពី​លោក​ហើយ ពួក​គេ​ក៏​យក​លោក​ចុះ​ពី​បង្គោល​ឈើ រួច​ដាក់​ក្នុង​ទី​បញ្ចុះ​សព។+ ៣០  ប៉ុន្តែ ព្រះ​បាន​ប្រោស​លោក​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ+ ៣១  រួច​អស់​ជា​ច្រើន​ថ្ងៃ លោក​បាន​លេច​មក​ជួប​ពួក​អ្នក​ដែល​បាន​ឡើង​ពី​ស្រុកកាលីឡេ​ទៅ​ក្រុង​យេរូសាឡិម​ជា​មួយ​នឹង​លោក។ ពួក​អ្នក​ទាំង​នេះ​កំពុង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​ប្រាប់​បណ្ដា​ជន។+ ៣២  ​«​ដូច្នេះ យើង​កំពុង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​នូវ​ដំណឹង​ល្អ​អំពី​សេចក្ដី​សន្យា​ដែល​ព្រះ​បាន​ឲ្យ​ដល់​ពួក​បុព្វ​បុរស។ ៣៣  ព្រះ​បាន​សម្រេច​សេចក្ដី​សន្យា​នោះ​យ៉ាង​ពេញ​លេញ​ដើម្បី​យើង ដែល​ជា​កូន​របស់​បុព្វ​បុរស​ទាំង​នោះ ដោយ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ+ ដូច​បាន​ត្រូវ​សរសេរ​ក្នុង​ចម្រៀង​សរសើរ​ព្រះ ទំនុក​ទី​២​ថា​៖ ‹អ្នក​ជា​កូន​របស់​ខ្ញុំ ហើយ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ ខ្ញុំ​ជា​ឪពុក​របស់​អ្នក›។+ ៣៤  ព្រះ​បាន​បញ្ជាក់​ថា​លោក​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​មិន​ឲ្យ​លោក​ត្រឡប់​ទៅ​មាន​រូប​កាយ​ដែល​ខូច​ទៅ​បាន​ឡើយ ពេល​ដែល​លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដែល​ខ្ញុំ​បាន​សន្យា​នឹង​ដាវីឌ ហើយ​នោះ​ជា​អ្វី​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត›។+ ៣៥  ដូច្នេះ ទំនុក​មួយ​ទៀត​ក្នុង​ចម្រៀង​សរសើរ​ព្រះ​ចែង​ថា​៖ ‹លោក​នឹង​មិន​ឲ្យ​អ្នក​ស្មោះ​ត្រង់​របស់​លោក​ឃើញ​សេចក្ដី​ខូច​រលួយ​ឡើយ›។+ ៣៦  ឯ​ដាវីឌ​វិញ គាត់​បាន​បម្រើ​ព្រះ​ពេល​ដែល​គាត់​នៅ​រស់ រួច​ពេល​ដែល​គាត់​ស្លាប់ គេ​បាន​ដាក់​សព​គាត់​ជា​មួយ​នឹង​ពួក​បុព្វ​បុរស​របស់​គាត់ ហើយ​សព​គាត់​បាន​ខូច​រលួយ​ទៅ។+ ៣៧  ចំណែក​លោក​ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​មិន​បាន​ឃើញ​សេចក្ដី​ខូច​រលួយ​ទេ។+ ៣៨  ​«​ដូច្នេះ​បង​ប្អូន​អើយ សូម​ជ្រាប​ថា តាម​រយៈ​លោក​នោះ​ហើយ​ដែល​យើងកំពុង​ផ្សព្វ​ផ្សាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ការ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង។+ ៣៩  តាម​រយៈ​លោក​ដែរ អស់​អ្នក​ណា​ដែល​ជឿ​ក៏​រាប់​ថា​គ្មាន​ទោស+ ពី​ការ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​មិន​អាច​ត្រូវ​រាប់​ថា​គ្មាន​ទោស​តាម​ច្បាប់​ម៉ូសេ។+ ៤០  ម្ល៉ោះ​ហើយ អ្នក​រាល់​គ្នា​ត្រូវ​ប្រយ័ត្ន កុំ​ឲ្យ​អ្វី​ដែល​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​ចែង​ទុក​ជា​មុន កើត​ឡើង​ចំពោះ​អ្នក​រាល់​គ្នា ពោល​គឺ​៖ ៤១  ‹ឱ​ពួក​អ្នក​ដែល​មើល​ងាយ​អើយ ចូរ​មើល ហើយ​កោត​ស្ងើច​ចុះ ហើយ​ចូរ​បាត់​សូន្យ​ទៅ ពី​ព្រោះ​ខ្ញុំ​នឹង​ធ្វើ​ការ​មួយ​នៅ​គ្រា​របស់​អ្នក​រាល់​គ្នា ជា​ការ​ដែល​អ្នក​រាល់​គ្នា​នឹង​មិន​ជឿ​សោះ ទោះ​ជា​មាន​គេ​រៀប​រាប់​ប្រាប់​យ៉ាង​ល្អិត​ល្អន់​ក៏​ដោយ›​»។+ ៤២  កាល​ដែល​ពួក​គាត់​កំពុង​ចេញ​ទៅ បណ្ដា​ជន​ចាប់​ផ្ដើម​អង្វរ​ពួក​គាត់​ឲ្យ​ប្រាប់​រឿង​ទាំង​នេះ​នៅ​ថ្ងៃ​ឈប់​សម្រាក​បន្ទាប់។ ៤៣  ដូច្នេះ បន្ទាប់​ពី​អង្គប្រជុំ​ចប់​ហើយ ជនជាតិ​យូដា​និង​អ្នក​ដូរ​សាសនា*ជា​ច្រើន​នាក់​ដែល​គោរព​ប្រណិប័តន៍​ព្រះ ក៏​បាន​ទៅ​តាម​ប៉ូល​និង​បាណាបាស ហើយ​ពួក​គាត់​បាន​ព្យាយាម​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​បន្ត​ធ្វើ​ជា​មនុស្ស​ដែល​សម​នឹង​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​ពី​ព្រះ។+ ៤៤  នៅ​ថ្ងៃ​ឈប់​សម្រាក​បន្ទាប់ អ្នក​ក្រុង​សឹង​តែ​ទាំង​អស់​បាន​នាំ​គ្នា​មក​ស្ដាប់​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា។* ៤៥  នៅ​ពេល​ដែល​ជនជាតិ​យូដា​ឃើញ​មនុស្ស​សន្ធឹក​យ៉ាង​នេះ ពួក​គេ​មាន​ចិត្ត​ច្រណែន​ក្រៃ​លែង ក៏​ចាប់​ផ្ដើម​និយាយ​ប្រឆាំង​ប៉ូល​ដោយ​ប្រើ​សម្ដី​ប្រមាថ​មើល​ងាយ។+ ៤៦  ដូច្នេះ ប៉ូល​និង​បាណាបាស​បាន​និយាយ​ដោយ​ក្លាហាន​ថា​៖ ​«​ជា​ការ​ចាំ​បាច់​ដែល​យើង​ប្រាប់​បណ្ដាំ​របស់​ព្រះ​ដល់​អ្នក​រាល់​គ្នា​មុន​គេ។+ ប៉ុន្តែ​ដោយ​សារ​អ្នក​រាល់​គ្នា​កំពុង​ច្រាន​ចោល​បណ្ដាំ​នោះ ហើយ​បង្ហាញថាខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ មើល! យើង​បែរ​ទៅ​ជន​ជាតិ​ដទៃវិញ។+ ៤៧  ព្រោះ​ព្រះ​យេហូវ៉ា*បាន​បង្គាប់​យើង​ដោយ​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​ប្រជា​ជាតិ​ទាំង​ឡាយ ដើម្បី​ឲ្យ​អ្នក​ធ្វើ​ជា​សេចក្ដី​សង្គ្រោះ​រហូត​ដល់​ចុង​បំផុត​ផែនដី›​»។+ ៤៨  ពេល​ដែល​ជន​ជាតិ​ដទៃ​ឮ​ដូច្នេះ ពួក​គេ​ក៏​ត្រេក​អរ ហើយ​ចាប់​ផ្ដើម​តម្កើង​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា* រួច​អស់​អ្នក​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ បាន​ក្លាយ​ទៅ​ជា​អ្នក​ជឿ។ ៤៩  ម្យ៉ាង​ទៀត បណ្ដាំ​របស់​ព្រះ​យេហូវ៉ា*បាន​ត្រូវ​ផ្សាយ​នៅ​គ្រប់​កន្លែង​ក្នុង​ស្រុក​នោះ។ ៥០  ប៉ុន្តែ ជនជាតិ​យូដា​បាន​បញ្ចុះ​បញ្ចូល​ពួក​ស្ត្រី​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្បី និង​ជា​អ្នក​កោត​ខ្លាច​ព្រះ ព្រម​ទាំង​បញ្ចុះ​បញ្ចូល​ពួក​បុរស​ដែល​មាន​មុខ​មាន​មាត់​នៅ​ក្រុង​នោះ រួច​អ្នក​ទាំង​នោះ​បាន​ញុះញង់​គេ​ឲ្យ​បៀត​បៀន+ប៉ូល​និង​បាណាបាស ហើយ​បាន​បោះ​ពួក​គាត់​ទៅ​ក្រៅ​ដែន​ដី​របស់​ពួក​គេ។ ៥១  បន្ទាប់​មក ពួក​គាត់​បាន​រលាស់​ធូលី​ដី​ពី​ជើង​ពួក​គាត់​ចេញ​ទុក​ជា​ការ​ដាស់​តឿន​ពួក​គេ រួច​បាន​ទៅ​ក្រុង​អ៊ីកូនាម។+ ៥២  ឯ​ពួក​អ្នក​កាន់​តាម​បាន​ពោរ​ពេញ​ទៅ​ដោយ​អំណរ+និង​ឫទ្ធានុភាព​បរិសុទ្ធ​ជា​និច្ច។

កំណត់សម្គាល់

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ឬ​«​ជួយ​»​
ភាសា​ក្រិច​«​ឌីអាបូឡូស​»​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ
ន័យ​ត្រង់​«​ដោយ​ដៃ​ដែល​បាន​លើក​ខ្ពស់​»​
ន័យ​ត្រង់​«​ពូជ​»​
ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា
ឬ​«​អ្នក​ដែល​ចូល​សាសនា​យូដា​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥