សកម្មភាពរបស់ពួកសាវ័ក ១៧:១-៣៤
១៧ ឥឡូវពួកគាត់ធ្វើដំណើរកាត់ក្រុងអាំភីពើលិសនិងក្រុងអាប៉ូឡូនា ទៅដល់ក្រុងថែស្សាឡូនិច+ ហើយនៅទីនោះមានសាលាប្រជុំមួយរបស់ជនជាតិយូដា។
២ ដូច្នេះ ប៉ូលបានចូលទៅជួបពួកគេតាមទម្លាប់របស់គាត់+ ហើយបានលើកបទគម្ពីរមកជជែកវែកញែកជាមួយនឹងពួកគេអស់បីថ្ងៃឈប់សម្រាក។+
៣ គាត់ពន្យល់និងបញ្ជាក់ភ័ស្តុតាងដោយផ្អែកលើអ្វីដែលបានត្រូវសរសេរ ដើម្បីឲ្យពួកគេយល់ថាគ្រិស្តត្រូវរងទុក្ខ+ ហើយរស់ពីស្លាប់ឡើងវិញ។+ គាត់និយាយថា៖ «លោកយេស៊ូដែលខ្ញុំកំពុងផ្សព្វផ្សាយប្រាប់អ្នករាល់គ្នា គឺជាគ្រិស្តនោះឯង»។
៤ ជាលទ្ធផល ពួកគេខ្លះបានទៅជាអ្នកជឿ ហើយបានសេពគប់ជាមួយនឹងប៉ូលនិងស៊ីឡាស។+ ពួកក្រិចច្រើនសន្ធឹកដែលគោរពប្រណិប័តន៍ព្រះ និងស្ត្រីជាច្រើនដែលមានមុខមានមាត់ ក៏បានធ្វើដូច្នោះដែរ។
៥ ប៉ុន្តែ ជនជាតិយូដាតាំងមានចិត្តច្រណែន+ ក៏ប្រមូលបុរសទុច្ចរិតមួយចំនួនពីចំណោមមនុស្សត្រែតត្រតដែលនៅតាមផ្សារ ហើយបង្កើតជាក្រុមមួយបង្កចលាចលក្នុងក្រុង។ ពួកគេសម្រុកចូលក្នុងផ្ទះយេសុន ដើម្បីរកចាប់ប៉ូលនិងស៊ីឡាសយកទៅប្រគល់ឲ្យមនុស្សទាំងនោះ។
៦ លុះរកពួកគាត់មិនឃើញ ពួកគេអូសយេសុននិងបងប្រុសៗខ្លះទៅឯពួកអ្នកគ្រប់គ្រងក្រុងនោះ ដោយស្រែកឡើងថា៖ «ពួកបុរសដែលបានបង្កឲ្យមានភាពជ្រួលច្របល់នៅគ្រប់ទីកន្លែង ក៏នៅទីនេះដែរ+
៧ ហើយយេសុនបានទទួលពួកគាត់ឲ្យស្នាក់នៅ។ បុរសទាំងអស់នេះបំពានលើបញ្ញត្ដិរបស់សេសារ* ដោយនិយាយថាមានស្ដេចមួយទៀត គឺយេស៊ូ»។+
៨ ឮដូច្នេះ បណ្ដាជននិងពួកអ្នកគ្រប់គ្រងក្រុងបានជ្រួលច្របល់ក្នុងចិត្ត
៩ ហើយបន្ទាប់ពីបានយកប្រាក់ធានាគ្រប់គ្រាន់ពីយេសុននិងបងប្រុសៗទាំងនោះ ពួកគេក៏ដោះលែងពួកគាត់ទៅ។
១០ ពេលយប់ភ្លាម បងប្អូនបានឲ្យប៉ូលនិងស៊ីឡាសចេញទៅក្រុងបេរៀ។ លុះទៅដល់ហើយ ពួកគាត់ក៏ចូលក្នុងសាលាប្រជុំរបស់ជនជាតិយូដា។
១១ ជនជាតិយូដានៅក្រុងបេរៀមានសន្ដានចិត្តល្អជាងពួកអ្នកនៅក្រុងថែស្សាឡូនិច ព្រោះពួកគេទទួលយកបណ្ដាំរបស់ព្រះដោយក្ដីរំភើប ហើយបានពិនិត្យមើលបទគម្ពីររាល់ថ្ងៃ ដើម្បីឲ្យដឹងថាការទាំងនោះជាការពិតឬមិនពិត។
១២ ដូច្នេះ ពួកគេជាច្រើននាក់បានទៅជាអ្នកជឿ ហើយបុរសស្ត្រីក្រិចជាច្រើននាក់ដែលមានមុខមានមាត់ក៏បានធ្វើដូច្នេះដែរ។
១៣ ប៉ុន្តែ កាលដែលជនជាតិយូដាពីក្រុងថែស្សាឡូនិចដឹងថា ប៉ូលកំពុងផ្សព្វផ្សាយបណ្ដាំរបស់ព្រះនៅក្រុងបេរៀដែរ ពួកគេក៏បានទៅទីនោះដើម្បីអុជអាលមហាជនឲ្យជ្រួលច្របល់។+
១៤ ដូច្នេះ ភ្លាមៗបងប្អូនឲ្យប៉ូលចេញដំណើរឆ្ពោះទៅមាត់សមុទ្រ+ ឯស៊ីឡាសនិងធីម៉ូថេនៅទីនោះតទៅទៀត។
១៥ ក៏ប៉ុន្តែ ពួកអ្នកដែលជូនដំណើរប៉ូលបាននាំគាត់រហូតដល់ក្រុងអាថែន។ រួចមក ប៉ូលផ្ដាំពួកគាត់ឲ្យទៅប្រាប់ស៊ីឡាសនិងធីម៉ូថេ+ឲ្យមកជួបគាត់ជាប្រញាប់។
១៦ កាលដែលប៉ូលកំពុងរង់ចាំពួកគាត់នៅក្រុងអាថែន គាត់ចាប់ផ្ដើមទើសចិត្តដោយសារឃើញថាក្រុងនោះពេញទៅដោយរូបព្រះ។
១៧ ដូច្នេះ គាត់ចាប់ផ្ដើមជជែកវែកញែកជាមួយនឹងជនជាតិយូដានៅសាលាប្រជុំ ជាមួយនឹងមនុស្សឯទៀតដែលគោរពប្រណិប័តន៍ព្រះ ហើយក៏ជជែកវែកញែករៀងរាល់ថ្ងៃជាមួយនឹងអស់អ្នកដែលគាត់ជួបនៅឯផ្សារដែរ។
១៨ ប៉ុន្តែ អ្នកខ្លះពីចំណោមពួកទស្សនវិទូអេពីគួ* និងទស្សនវិទូស្តូអ៊ីក* ចាប់ផ្ដើមជជែកតវ៉ាជាមួយនឹងប៉ូល ហើយពួកគេខ្លះបាននិយាយថា៖ «តើអ្នកព្រោកប្រាជ្ញនេះចង់និយាយអ្វី?»។ អ្នកឯទៀតថា៖ «តាមមើលទៅ គាត់ផ្សព្វផ្សាយអំពីព្រះដទៃ»។ នេះគឺដោយសារគាត់ប្រកាសដំណឹងល្អអំពីលោកយេស៊ូ និងអំពីការប្រោសឲ្យរស់ឡើងវិញ។+
១៩ ដូច្នេះ ពួកគេនាំយកគាត់ទៅឯអារីយ៉ូស* ហើយនិយាយថា៖ «តើយើងអាចស្គាល់សេចក្ដីបង្រៀនថ្មីនេះដែលអ្នកកំពុងប្រាប់បានទេ?
២០ ព្រោះអ្នកកំពុងនិយាយអំពីរឿងចម្លែកណាស់។ ដូច្នេះ យើងចង់ដឹងថារឿងទាំងនោះមានន័យដូចម្ដេច»។
២១ ការពិតនៅពេលទំនេរ អ្នកក្រុងអាថែននិងជនបរទេសដែលស្នាក់នៅក្រុងនោះ ពួកគេមិនធ្វើអ្វីទេក្រៅពីនិយាយឬស្ដាប់រឿងថ្មីៗប៉ុណ្ណោះ។
២២ ឥឡូវប៉ូលបានឈរនៅកណ្ដាលអារីយ៉ូស+ ហើយនិយាយថា៖
«អ្នកក្រុងអាថែនអើយ ខ្ញុំសង្កេតឃើញថា អ្នករាល់គ្នាហាក់ដូចជាមានចិត្តកោតខ្លាចព្រះផ្សេងៗជាងអ្នកឯទៀត។+
២៣ ជាឧទាហរណ៍ កាលដែលខ្ញុំបានដើរនៅទីនេះ ខ្ញុំបានសង្កេតមើលអ្វីៗដែលអ្នករាល់គ្នាគោរពបូជា ហើយឃើញទីបូជាមួយដែលមានអក្សរចារឹកថា‹ជូនព្រះដែលគេមិនស្គាល់›។ ដូច្នេះ ខ្ញុំកំពុងផ្សព្វផ្សាយប្រាប់អ្នករាល់គ្នាអំពីលោកដែលអ្នករាល់គ្នាកំពុងគោរពបូជាដោយមិនស្គាល់នោះ។
២៤ ព្រះដែលបានបង្កើតពិភពលោកនិងអ្វីៗទាំងអស់ក្នុងពិភពលោក មិននៅក្នុងវិហារដែលធ្វើដោយដៃមនុស្សឡើយ+ ព្រោះលោកជាម្ចាស់មេឃនិងផែនដី+
២៥ ហើយលោកក៏មិនត្រូវការឲ្យមនុស្សបម្រើលោក ហាក់បីដូចជាលោកត្រូវការអ្វីមួយដែរ+ ពីព្រោះគឺលោកហើយដែលផ្ដល់ជីវិត ដង្ហើម+ និងអ្វីៗទាំងអស់ដល់មនុស្សគ្រប់រូប។
២៦ លោកបានបង្កើតជនជាតិទាំងឡាយពីបុរសតែមួយ+ ដើម្បីឲ្យអាស្រ័យនៅពេញផែនដី+ ហើយបានចេញបញ្ជាស្ដីអំពីគ្រាកំណត់ ក៏បានដាក់កម្រិតលើទីអាស្រ័យនៅរបស់មនុស្សជាតិ+
២៧ ដើម្បីឲ្យពួកគេរកព្រះ ប្រសិនបើពួកគេស្វះស្វែងរកលោក នោះពួកគេនឹងរកលោកឃើញ+ ព្រោះតាមពិត លោកមិននៅឆ្ងាយពីយើងម្នាក់ៗទេ។
២៨ ព្រោះគឺដោយសារលោកទើបមានយើង ហើយគឺដោយសារលោក ទើបយើងមានជីវិត ក៏អាចធ្វើចលនាផង ដូចកវីខ្លះរបស់អ្នករាល់គ្នាថា៖ ‹ព្រោះយើងក៏ជាកូន*របស់លោកដែរ›។
២៩ «ដូច្នេះ ដោយសារយើងជាកូន*របស់ព្រះ+ យើងមិនគួរគិតថាព្រះគឺដូចជាមាស ឬប្រាក់ ឬថ្ម ដូចអ្វីដែលបានត្រូវឆ្លាក់តាមការនឹកឃើញរបស់មនុស្សទេ។+
៣០ ពិតមែនតែព្រះមិនបានប្រកាន់ទោសមនុស្សឡើយក្នុងគ្រាដែលពួកគេខ្វះចំណេះដឹង+ ប៉ុន្តែឥឡូវនេះ លោកកំពុងប្រាប់មនុស្សជាតិនៅគ្រប់ទីកន្លែងថា ពួកគេត្រូវប្រែចិត្ត។
៣១ ពីព្រោះលោកបានកំណត់ថ្ងៃមួយដែលលោកមានគោលបំណងវិនិច្ឆ័យ+ពិភពលោកដោយសេចក្ដីសុចរិត តាមរយៈបុរសម្នាក់ដែលលោកបានតែងតាំង ហើយលោកបានផ្ដល់ការធានាដល់មនុស្សគ្រប់រូប ដោយប្រោសបុរសនោះឲ្យរស់ពីស្លាប់ឡើងវិញ»។+
៣២ ពេលដែលឮអំពីការប្រោសឲ្យរស់ពីស្លាប់ឡើងវិញ ពួកគេខ្លះចាប់ផ្ដើមចំអកឲ្យគាត់+ ឯអ្នកខ្លះទៀតនិយាយថា៖ «យើងនឹងស្ដាប់អ្នកនិយាយអំពីរឿងនេះតទៅទៀតនៅពេលក្រោយ»។
៣៣ ដូច្នេះ ប៉ូលចេញពីចំណោមពួកគេទៅ។
៣៤ ប៉ុន្តែ អ្នកខ្លះនៅជាប់នឹងគាត់ ហើយក៏បានទៅជាអ្នកជឿ រួមមានឌីយ៉ូនីស ជាចៅក្រមម្នាក់នៅតុលាការអារីយ៉ូស និងស្ត្រីម្នាក់ឈ្មោះដាម៉ារីស ក៏មានអ្នកឯទៀតផងដែរ។
កំណត់សម្គាល់
^ ន័យត្រង់«អធិរាជ»
^ ក្រុមអ្នកកាន់តាមទស្សនវិទូឈ្មោះអេពីគួរូស ដែលមានជំនឿថាមនុស្សគួរតែរកការសប្បាយច្រើនបំផុតក្នុងជីវិត
^ ក្រុមអ្នកកាន់តាមទស្សនវិទូឈ្មោះស៊ីណូ ដែលមានជំនឿថាមនុស្សគួរតែរស់នៅស្របតាមវិចារណញ្ញាណ ហើយតាំងចិត្តនៅកណ្ដាល មិនព្រួយលំបាក ហើយក៏មិនសប្បាយ
^ ទួលមួយនៅក្រុងអាថែន ហើយជាកន្លែងដែលតុលាការកំពូលជួបជុំគ្នានៅសម័យបុរាណ
^ ឬ«ពូជពង្ស»
^ ឬ«ពូជពង្ស»