សកម្មភាពរបស់ពួកសាវ័ក ២:១-៤៧
២ ក្នុងអំឡុងបុណ្យថ្ងៃទី៥០+ ពួកគាត់ទាំងអស់បានមកជួបជុំគ្នានៅកន្លែងតែមួយ។
២ ស្រាប់តែមានសូរសំឡេងពីលើមេឃ ដូចសន្ធឹកខ្យល់បក់យ៉ាងខ្លាំង ឮពេញផ្ទះដែលពួកគាត់កំពុងអង្គុយ។+
៣ រួចពួកគាត់ឃើញអ្វីដែលមើលទៅដូចជាអណ្ដាតភ្លើងជាច្រើនលេចមក ហើយទៅសណ្ឋិតលើពួកគាត់ម្នាក់មួយៗ។
៤ បន្ទាប់មក ពួកគាត់គ្រប់គ្នាក៏បានពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ+ ហើយចាប់ផ្ដើមនិយាយជាភាសាផ្សេងៗ តាមដែលឫទ្ធានុភាពនោះបានឲ្យពួកគាត់និយាយ។+
៥ ពេលនោះ ជនជាតិយូដាដែលជាអ្នកកោតខ្លាចព្រះពីគ្រប់ជនជាតិក្នុងពិភពលោក បានមកក្រុងយេរូសាឡិម។+
៦ ដូច្នេះ ពេលដែលបណ្ដាជនឮសូរសំឡេងនោះ ពួកគេបានមកជុំគ្នា ហើយតាំងងឿងឆ្ងល់ ពីព្រោះពួកគេម្នាក់ៗកំពុងឮពួកគាត់និយាយភាសារបស់ពួកគេរៀងៗខ្លួន។
៧ ពួកគេបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនិយាយថា៖ «មើល! អ្នកទាំងអស់នេះជាអ្នកស្រុកកាលីឡេ+ មែនទេ?
៨ ចុះហេតុអ្វីបានជាយើងកំពុងឮពួកគេនិយាយភាសាកំណើតរបស់យើងម្នាក់ៗដូច្នេះ?
៩ ក្នុងចំណោមយើងមាន ជនជាតិផាធា មេឌី+ អេឡាំ+ និងអ្នកមកពីតំបន់មេសូប៉ូតាមា តំបន់យូឌា កាប៉ាដូគា ប៉ុនតុស ខេត្តអាស៊ី*+
១០ ព្រីគា ប៉ាមភីលៀ អេហ្ស៊ីប តំបន់នៃលីប៊ីនៅជិតគីរេន និងអ្នកដែលធ្វើដំណើរមកពីក្រុងរ៉ូម ទាំងជនជាតិយូដាទាំងអ្នកដូរសាសនា*+
១១ ហើយក៏មានអ្នកកោះក្រេត និងជនជាតិអារ៉ាប់ដែរ គឺយើងកំពុងឮពួកគេនិយាយអំពីការដ៏រុងរឿងរបស់ព្រះ ជាភាសារបស់យើង»។
១២ ពួកគេទាំងអស់គ្នាបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ងឿងឆ្ងល់ ហើយនិយាយគ្នាថា៖ «តើការនេះមានន័យដូចម្ដេច?»។
១៣ ប៉ុន្តែ អ្នកឯទៀតបានចំអកឲ្យពួកគាត់ ហើយនិយាយថា៖ «ពួកគេស្រវឹងស្រាផ្អែម*ទេ»។
១៤ ប៉ុន្តែ ពេត្រុសបានក្រោកឈរឡើងជាមួយនឹងសាវ័ក១១នាក់ទៀត+ ហើយបន្លឺសំឡេងទៅកាន់ពួកគេថា៖ «អ្នកតំបន់យូឌា និងអ្នកក្រុងយេរូសាឡិមទាំងឡាយអើយ សូមប្រុងស្ដាប់ពាក្យរបស់ខ្ញុំ ហើយសូមជ្រាបថា
១៥ ការពិត អ្នកទាំងនេះមិនស្រវឹងស្រាដូចអ្នករាល់គ្នាគិតស្មាននោះទេ ពីព្រោះទើបតែម៉ោងទី៣*ប៉ុណ្ណោះ។
១៦ ផ្ទុយទៅវិញ នេះជាអ្វីដែលបានត្រូវប្រកាសតាមរយៈយ៉ូអែល ជាអ្នកប្រកាសទំនាយថា៖
១៧ ‹ព្រះមានប្រសាសន៍ថា៖ «នៅគ្រាចុងក្រោយបង្អស់ ខ្ញុំនឹងចាក់ឫទ្ធានុភាពខ្លះរបស់ខ្ញុំទៅលើមនុស្សគ្រប់ប្រភេទ ហើយកូនប្រុសនិងកូនស្រីរបស់អ្នករាល់គ្នានឹងប្រកាសទំនាយ ឯពួកយុវជនរបស់អ្នករាល់គ្នានឹងទទួលការបើកបង្ហាញឲ្យឃើញក្នុងគំនិត ហើយពួកបុរសវ័យចាស់របស់អ្នករាល់គ្នានឹងទទួលការយល់សប្ដិពិសេស។+
១៨ នៅគ្រានោះ សូម្បីតែខ្ញុំបម្រើប្រុសស្រីរបស់ខ្ញុំ ក៏ខ្ញុំនឹងចាក់ឫទ្ធានុភាពខ្លះរបស់ខ្ញុំទៅលើពួកគេដែរ រួចពួកគេនឹងប្រកាសទំនាយ។+
១៩ ខ្ញុំនឹងធ្វើការអស្ចារ្យនៅលើមេឃ និងសញ្ញាសម្គាល់នៅផែនដី គឺឈាម ភ្លើង និងកំសួលផ្សែង។
២០ ដួងអាទិត្យនឹងទៅជាងងឹត ហើយដួងខែនឹងក្រហមដូចជាឈាម មុនថ្ងៃដ៏ធំនិងរុងរឿងរបស់ព្រះយេហូវ៉ា*មកដល់។
២១ ឯអស់អ្នកណាដែលហៅរកនាមព្រះយេហូវ៉ា* អ្នកទាំងនោះនឹងត្រូវសង្គ្រោះ»›។+
២២ «ជនជាតិអ៊ីស្រាអែលអើយ ចូរស្ដាប់ពាក្យទាំងនេះ៖ ព្រះបានបើកបង្ហាញឲ្យអ្នករាល់គ្នាឃើញច្បាស់ថា លោកយេស៊ូពីក្រុងណាសារ៉ែតជាបុរសដែលព្រះបានចាត់ឲ្យមក ដោយឲ្យលោកធ្វើអព្ភូតហេតុ និងការអស្ចារ្យផ្សេងៗក្នុងចំណោមអ្នករាល់គ្នា+ ដូចអ្នករាល់គ្នាបានដឹងហើយ។
២៣ បុរសនេះបានត្រូវប្រគល់ឲ្យអ្នករាល់គ្នាតាមបំណងប្រាថ្នានិងការដឹងទុកជាមុនរបស់ព្រះ+ ហើយអ្នករាល់គ្នាបានយកលោកទៅបោះដែកគោលភ្ជាប់នឹងបង្គោលឈើ ក៏បានសម្លាប់លោកដោយដៃរបស់មនុស្សប្រឆាំងច្បាប់។+
២៤ ប៉ុន្តែ ព្រះបានប្រោសលោកឲ្យរស់ឡើងវិញ+ ដោយរំដោះឲ្យរួចពីអំណាច*នៃសេចក្ដីស្លាប់ ពីព្រោះលោកមិនអាចត្រូវចងទុកដោយសេចក្ដីស្លាប់តទៅទៀតបានឡើយ។+
២៥ ព្រោះដាវីឌបាននិយាយអំពីលោកថា៖ ‹ខ្ញុំរមែងគិតអំពីព្រះយេហូវ៉ា* ដោយសារលោកនៅខាងស្ដាំដៃខ្ញុំ នោះខ្ញុំនឹងមិនរង្គោះរង្គើឡើយ។
២៦ ហេតុនេះ ចិត្តខ្ញុំក៏រីករាយ ហើយមាត់ខ្ញុំនិយាយដោយត្រេកអរក្រៃលែង។ ម្យ៉ាងទៀត ខ្ញុំនឹងរស់ដោយមានសេចក្ដីសង្ឃឹម
២៧ ពីព្រោះលោកនឹងមិនទុកខ្ញុំចោលក្នុងផ្នូរ*ឡើយ ហើយលោកក៏នឹងមិនឲ្យរូបកាយរបស់អ្នកដែលមានភក្ដីភាពចំពោះលោកត្រូវខូចទៅដែរ។+
២៨ លោកបានធ្វើឲ្យខ្ញុំស្គាល់ផ្លូវដែលនាំទៅឯជីវិត។ ពេលលោកមើលមកខ្ញុំដោយក្ដីពេញចិត្ត ខ្ញុំត្រេកអរពន់ពេក›។+
២៩ «បងប្អូនអើយ ខ្ញុំសូមនិយាយដោយក្លាហានទៅកាន់អ្នករាល់គ្នាអំពីដាវីឌជាប្រមុខក្រុមគ្រួសារថា គាត់បានស្លាប់ ហើយបានត្រូវបញ្ចុះ+ ឯទីបញ្ចុះសពរបស់គាត់ ក៏នៅជាមួយនឹងយើងរហូតដល់ថ្ងៃនេះដែរ។
៣០ ដាវីឌជាអ្នកប្រកាសទំនាយ ហើយគាត់ដឹងថាព្រះបានស្បថនឹងគាត់ថា លោកនឹងតែងតាំងម្នាក់ពីពូជពង្សរបស់គាត់ឲ្យអង្គុយលើបល្ល័ង្ក។+
៣១ គាត់បានឃើញទុកជាមុនអំពីការប្រោសគ្រិស្តឲ្យរស់ឡើងវិញ ហើយក៏បាននិយាយអំពីការនោះថា គ្រិស្តមិនបានត្រូវទុកចោលក្នុងផ្នូរ*ទេ ហើយសាច់របស់លោកក៏មិនបានខូចទៅដែរ។+
៣២ ព្រះបានប្រោសលោកយេស៊ូនេះឲ្យរស់ឡើងវិញ ហើយយើងទាំងអស់គ្នាជាសាក្សីអំពីការពិតនោះ។+
៣៣ ដូច្នេះ ដោយសារលោកយេស៊ូបានត្រូវតម្កើងឲ្យនៅខាងស្ដាំព្រះ+ ហើយបានទទួលឫទ្ធានុភាពបរិសុទ្ធពីបិតានៅស្ថានសួគ៌ដូចដែលបានត្រូវសន្យា+ នោះលោកយេស៊ូបានចាក់ឫទ្ធានុភាពនេះមកលើយើង ដូចអ្នករាល់គ្នាកំពុងឃើញនិងឮ។
៣៤ ដាវីឌមិនបានឡើងទៅស្ថានសួគ៌ឡើយ ប៉ុន្តែគាត់បាននិយាយដោយផ្ទាល់ថា៖ ‹ព្រះយេហូវ៉ា*មានប្រសាសន៍ទៅលោកម្ចាស់របស់ខ្ញុំថា៖ «ចូរអង្គុយនៅខាងស្ដាំខ្ញុំ
៣៥ រហូតដល់ខ្ញុំដាក់ពួកសត្រូវរបស់អ្នក ជាកំណល់កល់ជើងអ្នក»›។+
៣៦ ដូច្នេះ ចូរឲ្យពូជពង្សអ៊ីស្រាអែលទាំងអស់ដឹងយ៉ាងច្បាស់ថា លោកយេស៊ូដែលអ្នករាល់គ្នាបានប្រហារជីវិតលើបង្គោលឈើ+ លោកជាអ្នកដែលព្រះបានតែងតាំងជាលោកម្ចាស់+និងជាគ្រិស្ត»។
៣៧ ពេលឮដូច្នេះ ពួកគេក៏សោកស្ដាយជាខ្លាំង ហើយបាននិយាយទៅកាន់ពេត្រុសនិងពួកសាវ័កឯទៀតថា៖ «បងប្អូនអើយ តើយើងគួរធ្វើយ៉ាងណា?»។
៣៨ ពេត្រុសនិយាយទៅកាន់ពួកគេថា៖ «ចូរប្រែចិត្ត+ ហើយអ្នករាល់គ្នាម្នាក់ៗត្រូវទទួលការជ្រមុជទឹក*+ ដោយនូវនាមលោកយេស៊ូគ្រិស្ត ដើម្បីឲ្យការខុសឆ្គងរបស់អ្នករាល់គ្នាបានត្រូវអភ័យទោសឲ្យ+ រួចអ្នករាល់គ្នានឹងទទួលឫទ្ធានុភាពបរិសុទ្ធរបស់ព្រះជាអំណោយទាន។
៣៩ ព្រោះនេះជាអ្វីដែលបានត្រូវសន្យា+ដល់អ្នករាល់គ្នា កូនចៅរបស់អ្នករាល់គ្នា និងអស់អ្នកដែលនៅឆ្ងាយ គឺអស់អ្នកដែលព្រះយេហូវ៉ា*ជាព្រះរបស់យើង ហៅឲ្យមកឯលោក»។+
៤០ ពេត្រុសបាននិយាយពាក្យជាច្រើនទៀតដើម្បីបញ្ជាក់ឲ្យបានសព្វគ្រប់ ក៏ដាស់តឿនពួកគេម្ដងហើយម្ដងទៀតថា៖ «ចូរញែកខ្លួនចេញពីមនុស្សជំនាន់នេះដែលមានចិត្តវៀចវេរ កុំឲ្យអ្នករាល់គ្នាត្រូវបំផ្លាញចោល»។+
៤១ ដូច្នេះ អស់អ្នកដែលពេញចិត្តទទួលយកពាក្យសម្ដីរបស់គាត់ បានទទួលការជ្រមុជទឹក+ ហើយនៅថ្ងៃនោះមានប្រហែល៣.០០០នាក់ថែមទៀតបានទៅជាអ្នកកាន់តាម។+
៤២ ពួកគេបន្តប្រុងស្ដាប់សេចក្ដីបង្រៀនរបស់ពួកសាវ័ក ក៏បានសេពគប់គ្នា* ហើយបរិភោគជាមួយគ្នា+ ព្រមទាំងអធិដ្ឋានជាមួយគ្នា។+
៤៣ ពួកសាវ័កបានធ្វើសញ្ញាសម្គាល់និងអព្ភូតហេតុជាច្រើន។ មនុស្សគ្រប់គ្នាដែលបានឃើញការទាំងនេះ ពួកគេក៏មានចិត្តកោតខ្លាចព្រះ។+
៤៤ អស់អ្នកណាដែលទៅជាអ្នកជឿបាននៅជាមួយគ្នា ហើយចែកអ្វីៗទាំងអស់ជាមួយគ្នា។
៤៥ ពួកគេក៏លក់ដីនិងទ្រព្យសម្បត្តិដែលខ្លួនមាន+ រួចយកប្រាក់មកចែកដល់គ្រប់គ្នា តាមសេចក្ដីត្រូវការរបស់ពួកគេម្នាក់ៗ។+
៤៦ ជារៀងរាល់ថ្ងៃ ពួកគេបានជួបជុំគ្នានៅឯវិហារដោយមានគោលបំណងតែមួយ ក៏បានបរិភោគអាហារជាមួយគ្នាក្នុងផ្ទះរបស់ពួកគេ ដោយចិត្តស្មោះនិងចិត្តត្រេកអរជាខ្លាំង
៤៧ ព្រមទាំងសរសើរព្រះ។ ម្យ៉ាងទៀត ពួកគេបានទទួលការពេញចិត្តពីបណ្ដាជនទាំងឡាយ។ ជារៀងរាល់ថ្ងៃ ព្រះយេហូវ៉ា*បានបន្តនាំមនុស្សកាន់តែច្រើនឲ្យមកចូលរួមជាមួយនឹងពួកគេ គឺអស់អ្នកដែលកំពុងត្រូវសង្គ្រោះ។+
កំណត់សម្គាល់
^ មើលនិយមន័យពាក្យ«អាស៊ី»
^ ឬ«អ្នកដែលចូលសាសនាយូដា»
^ ឬ«ស្រាថ្មី»
^ ប្រហែលជាម៉ោង៩ព្រឹក
^ ឬប្រហែលជាមានន័យថា«ចំណង»
^ ឬ«ហាដេស»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
^ ឬ«ហាដេស»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
^ ការជ្រមុជទឹកជាពិធីសាសនា
^ ឬ«ក៏បានចែកអ្វីៗទាំងអស់ជាមួយគ្នា»