សកម្មភាពរបស់ពួកសាវ័ក ២០:១-៣៨
២០ ពេលភាពចលាចលបានស្ងប់ស្ងាត់ ប៉ូលហៅពួកអ្នកកាន់តាមឲ្យមក។ រួចគាត់បានលើកទឹកចិត្តនិងលាពួកគាត់ ហើយចេញដំណើរទៅតំបន់ម៉ាសេដូន។
២ បន្ទាប់ពីគាត់ធ្វើដំណើរកាត់តំបន់ទាំងនោះ ព្រមទាំងលើកទឹកចិត្តពួកអ្នកកាន់តាមដែលនៅទីនោះដោយពាក្យជាច្រើនហើយ គាត់ក៏ចូលស្រុកក្រិច។
៣ គាត់នៅទីនោះអស់បីខែ ប៉ុន្តែពេលដែលគាត់ហៀបនឹងចុះទូកចេញដំណើរទៅស្រុកស៊ីរី គាត់បានដឹងថាជនជាតិយូដាសមគំនិតគ្នាដើម្បីសម្លាប់គាត់។+ ដូច្នេះ គាត់ក៏សម្រេចចិត្តធ្វើដំណើរកាត់តាមតំបន់ម៉ាសេដូនវិញ។
៤ អ្នកដែលរួមដំណើរជាមួយនឹងគាត់មាន សូប៉ាទែរជាកូនប្រុសពីរូសដែលមកពីក្រុងបេរៀ ក៏មានអារីស្ដាក+និងសេគុនដុសពីក្រុងថែស្សាឡូនិច កៃយុសពីក្រុងឌើបេ ធីម៉ូថេ+ ហើយមានទីឃីកុស+និងត្រូភីមឹស+ពីខេត្តអាស៊ី។*
៥ អ្នកទាំងនោះបានទៅមុន រួចបានរង់ចាំយើងនៅក្រុងត្រូអាស។
៦ ប៉ុន្តែ បន្ទាប់ពីបុណ្យនំប៉័ងឥតដំបែ+ យើងបានចេញដំណើរពីក្រុងភីលីពតាមផ្លូវទឹក។ លុះប្រាំថ្ងៃក្រោយមក យើងបានមកឯពួកគាត់នៅក្រុងត្រូអាស រួចយើងចំណាយពេល៧ថ្ងៃនៅទីនោះ។
៧ នៅថ្ងៃដំបូងនៃសប្ដាហ៍ កាលដែលយើងបានជួបជុំគ្នាដើម្បីបរិភោគអាហារ នោះប៉ូលចាប់ផ្ដើមថ្លែងសុន្ទរកថាជូនពួកគាត់ស្ដាប់ រហូតដល់ពាក់កណ្ដាលអធ្រាត្រ ដោយសារថ្ងៃស្អែកគាត់នឹងចាកចេញ។
៨ ចំណែកបន្ទប់ខាងលើដែលយើងបានមកជួបជុំគ្នា មានចង្កៀងជាច្រើន។
៩ កាលដែលប៉ូលកំពុងថ្លែងសុន្ទរកថា យុវជនម្នាក់ឈ្មោះអឺទីកុសដែលកំពុងអង្គុយនៅមាត់បង្អួច ក៏បានដេកលក់ទៅ រួចធ្លាក់ពីជាន់ទី៣ចុះទៅក្រោម។ កាលដែលគេលើកគាត់ឡើង គេឃើញថាគាត់ស្លាប់បាត់ហើយ។
១០ ប៉ូលក៏បានចុះទៅក្រោម ហើយទ្រោបលើយុវជននោះ រួចឱបគាត់+ ហើយនិយាយថា៖ «ឈប់ជ្រួលច្របល់ទៅ ព្រោះគាត់នៅរស់ទេ»។+
១១ រួចប៉ូលឡើងទៅលើវិញ ហើយចាប់ផ្ដើមបរិភោគ។* ក្រោយពីគាត់បានសន្ទនាយ៉ាងយូររហូតដល់ថ្ងៃរះ នោះគាត់ក៏ចាកចេញទៅ។
១២ រួចមក ពួកគាត់យកយុវជនដែលរស់ឡើងវិញនោះត្រឡប់ទៅវិញ ទាំងធូរស្រាលក្នុងចិត្តពន់ពេកក្រៃ។
១៣ ក្រោយមក យើងចុះទូកចេញដំណើរទៅក្រុងអាសុស តែប៉ូលបានដើរទៅក្រុងនោះវិញ។ ក្រុងនោះជាកន្លែងដែលយើងនឹងទទួលប៉ូលឲ្យចូលទូក ព្រោះគាត់បានផ្ដាំយើងឲ្យធ្វើដូច្នេះ។
១៤ ម្ល៉ោះហើយ ពេលដែលគាត់មកជួបយើងនៅក្រុងអាសុស យើងក៏ទទួលគាត់ឲ្យចូលទូក រួចធ្វើដំណើរទៅក្រុងមីទូលេន។
១៥ លុះស្អែកឡើង យើងចេញដំណើរពីក្រុងនោះ ទៅដល់កន្លែងទល់មុខកោះឃីយ៉ូស។ ប៉ុន្តែនៅថ្ងៃបន្ទាប់ យើងបានឈប់មួយស្របក់នៅកោះសាម៉ូស ហើយនៅថ្ងៃបន្ទាប់ពីនោះទៀត យើងបានទៅដល់ក្រុងមីលេតូស។
១៦ ប៉ូលបានសម្រេចចិត្តធ្វើដំណើរហួសក្រុងអេភេសូរ+ ព្រោះគាត់មិនចង់ចំណាយពេលនៅខេត្តអាស៊ីទេ ដោយសារគាត់កំពុងប្រញាប់ទៅក្រុងយេរូសាឡិម+ឲ្យទាន់បុណ្យថ្ងៃទី៥០ បើអាចធ្វើទៅបាន។
១៧ ក៏ប៉ុន្តែ នៅក្រុងមីលេតូស ប៉ូលផ្ញើសារទៅក្រុងអេភេសូរ ដើម្បីហៅពួកបុរសចាស់ទុំក្នុងក្រុមជំនុំនៅទីនោះឲ្យមក។
១៨ កាលដែលពួកគាត់មកឯប៉ូលហើយ ប៉ូលនិយាយទៅពួកគាត់ថា៖ «តាំងពីថ្ងៃដំបូងដែលខ្ញុំឈានជើងចូលខេត្តអាស៊ី+ អ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំបានប្រើជីវិតយ៉ាងណាពេលដែលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា។
១៩ ខ្ញុំបានធ្វើការយ៉ាងនឿយហត់+ដើម្បីបម្រើលោកម្ចាស់ដោយចិត្តរាបទាប ទាំងស្រក់ទឹកភ្នែក និងទាំងរងទុក្ខលំបាកដោយសារគម្រោងការអាក្រក់របស់ជនជាតិយូដា។
២០ នៅពេលដំណាលគ្នានោះ ខ្ញុំមិនបានខានប្រាប់អ្នករាល់គ្នាអំពីអ្វីៗដែលមានប្រយោជន៍ទេ ហើយក៏មិនបានខានបង្រៀនអ្នករាល់គ្នាជាសាធារណៈ+ និងពីផ្ទះមួយទៅផ្ទះមួយដែរ។+
២១ ប៉ុន្តែ ខ្ញុំបានធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ប្រាប់ពួកយូដានិងពួកក្រិចថា ពួកគេត្រូវប្រែចិត្ត+ បែរមកគោរពប្រណិប័តន៍ព្រះ ហើយមានជំនឿលើលោកយេស៊ូ ដែលជាលោកម្ចាស់របស់យើង។+
២២ មើល! ឫទ្ធានុភាពរបស់ព្រះជំរុញខ្ញុំឲ្យធ្វើដំណើរទៅក្រុងយេរូសាឡិម ទោះជាខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងដល់ខ្ញុំនៅក្រុងនោះក៏ដោយ។
២៣ ខ្ញុំគ្រាន់តែដឹងថាពីក្រុងមួយទៅក្រុងមួយ ឫទ្ធានុភាពបរិសុទ្ធបញ្ជាក់ប្រាប់ខ្ញុំម្ដងហើយម្ដងទៀតថា គុកនិងទុក្ខលំបាកកំពុងរង់ចាំខ្ញុំ។+
២៤ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំមិនចាត់ទុកថាជីវិត*ខ្ញុំគឺសំខាន់*ចំពោះខ្ញុំទេ សុំឲ្យតែខ្ញុំបានរត់ក្នុងការប្រណាំងនេះរហូតដល់ទីបញ្ចប់+ ហើយបង្ហើយកិច្ចបម្រើដែលខ្ញុំបានទទួលពីលោកម្ចាស់យេស៊ូ នោះគ្រប់គ្រាន់ហើយ ពោលគឺការធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ពីដំណឹងល្អស្ដីអំពីគុណដ៏វិសេសលើសលប់របស់ព្រះ។
២៥ «មើល! ខ្ញុំដឹងថាអ្នកទាំងអស់គ្នា ជាអ្នកដែលខ្ញុំបានផ្សព្វផ្សាយប្រាប់អំពីរាជាណាចក្ររបស់ព្រះ តែអ្នករាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតទេ។
២៦ ដូច្នេះ នៅថ្ងៃនេះ ខ្ញុំយកអ្នករាល់គ្នាធ្វើជាសាក្សីថា ខ្ញុំគ្មានទោសចំពោះឈាមរបស់មនុស្សណាម្នាក់ទេ+
២៧ ព្រោះខ្ញុំមិនបានខានប្រាប់អ្នករាល់គ្នាអំពីឱវាទណាមួយ*របស់ព្រះឡើយ។+
២៨ ចូរប្រយ័ត្នខ្លួនអ្នក+ ហើយមើលការខុសត្រូវហ្វូងចៀម ដោយសារឫទ្ធានុភាពបរិសុទ្ធបានតែងតាំងអ្នករាល់គ្នាឲ្យធ្វើជាអ្នកត្រួតពិនិត្យ+ ដើម្បីឃ្វាលក្រុមជំនុំរបស់ព្រះ+ ដែលលោកបានទិញដោយឈាមរបស់បុត្រលោកផ្ទាល់។+
២៩ ខ្ញុំដឹងថា ក្រោយពីខ្ញុំចាកចេញទៅនឹងមានមនុស្សខ្លះដែលប្រៀបដូចជាឆ្កែចចកដ៏សាហាវ* ចូលមកក្នុងចំណោមអ្នករាល់គ្នា+ ហើយពួកគេនឹងមិនប្រព្រឹត្តដោយស្លូតបូតចំពោះហ្វូងចៀមទេ
៣០ ហើយពីចំណោមអ្នករាល់គ្នានឹងមានអ្នកខ្លះក្រោកឡើងនិយាយបង្ខុសសេចក្ដីពិត ដើម្បីអូសទាញពួកអ្នកកាន់តាមឲ្យទៅតាមពួកគេវិញ។+
៣១ «ហេតុនេះ ចូរចាំយាម ហើយចាំជានិច្ចថា+ ខ្ញុំបានដាស់តឿនអ្នករាល់គ្នាម្នាក់ៗដោយស្រក់ទឹកភ្នែកទាំងយប់ទាំងថ្ងៃអស់បីឆ្នាំ។
៣២ ឥឡូវ ខ្ញុំផ្ញើអ្នករាល់គ្នាទុកនឹងព្រះនិងបណ្ដាំស្ដីអំពីគុណដ៏វិសេសលើសលប់របស់លោក ជាបណ្ដាំដែលអាចធ្វើឲ្យអ្នករាល់គ្នាមាំមួនឡើង ហើយឲ្យអ្នករាល់គ្នាទទួលមត៌កជាមួយនឹងអស់អ្នកដែលបានត្រូវញែកជាបរិសុទ្ធ។+
៣៣ ខ្ញុំមិនដែលប្រាថ្នាចង់បានប្រាក់ ឬមាស ឬសម្លៀកបំពាក់របស់អ្នកណាម្នាក់ទេ។+
៣៤ អ្នករាល់គ្នាដឹងថា ដៃរបស់ខ្ញុំនេះបានផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ+និងរបស់អ្នកដែលនៅជាមួយនឹងខ្ញុំ។
៣៥ ខ្ញុំបានបង្ហាញអ្នករាល់គ្នាក្នុងការទាំងអស់ថា អ្នករាល់គ្នាត្រូវជួយអស់អ្នកដែលខ្សោយដោយខំប្រឹងធ្វើការនឿយហត់យ៉ាងដូច្នោះដែរ+ ហើយអ្នករាល់គ្នាត្រូវចាំប្រសាសន៍របស់លោកម្ចាស់យេស៊ូ ដែលថា៖ ‹ការឲ្យគេ+ នោះមានសុភមង្គលច្រើនជាងការទទួល›»។
៣៦ លុះនិយាយការទាំងនេះចប់ គាត់ក៏លុតជង្គង់ជាមួយនឹងពួកគាត់ រួចអធិដ្ឋាន។
៣៧ បន្ទាប់មក ពួកគាត់ទាំងអស់គ្នាហូរទឹកភ្នែក រួចពួកគាត់ឱបប៉ូល ហើយថើបលាគាត់ដោយក្ដីស្រឡាញ់*
៣៨ ពីព្រោះពួកគាត់ព្រួយចិត្តជាខ្លាំង ពេលដែលប៉ូលនិយាយថាពួកគាត់នឹងលែងឃើញមុខគាត់ទៀត។+ រួចមក ពួកគាត់ជូនដំណើរប៉ូលទៅចុះទូក។
កំណត់សម្គាល់
^ មើលនិយមន័យពាក្យ«អាស៊ី»
^ ន័យត្រង់«ចាប់ផ្ដើមកាច់នំប៉័ងបរិភោគ»
^ ឬ«វិសេស»
^ មើលនិយមន័យពាក្យ«ជីវិត»
^ ឬ«គោលបំណងទាំងអស់»
^ ន័យត្រង់«ជិះជាន់»
^ ឬ«ថើបថ្នមៗ»