សកម្មភាពរបស់ពួកសាវ័ក ២៥:១-២៧

  • ការ​កាត់​ក្ដី​ប៉ូល​នៅ​ចំពោះ​មុខ​ភេស្ទុស (​១​-​១២)

    • «​ខ្ញុំ​សុំ​លើក​រឿង​ក្ដី​ទៅ​សេសារ!​»​ (​១១)

  • ភេស្ទុស​ពិភាក្សា​ជា​មួយ​នឹង​ស្ដេច​អាគ្រីប៉ា (​១៣​-​២២)

  • ប៉ូល​នៅ​ចំពោះ​មុខ​អាគ្រីប៉ា (​២៣​-​២៧)

២៥  ដូច្នេះ បន្ទាប់​ពី​ភេស្ទុស+ចូល​មក​គ្រប់​គ្រង​ខេត្ត​នោះ​បាន​បី​ថ្ងៃ គាត់​ក៏​ចេញ​ពី​ក្រុង​សេសារៀ ហើយ​ឡើង​ទៅ​ក្រុង​យេរូសាឡិម។ ២  ពេល​ឮ​ដូច្នោះ ពួក​សង្ឃនាយក​និង​ពួក​បុរស​ដែល​មាន​មុខ​មាន​មាត់​ក្នុង​ចំណោម​ជនជាតិ​យូដា បាន​ប្ដឹង​ប៉ូល+ទៅ​ភេស្ទុស។ ពួក​គេ​ចាប់​ផ្ដើម​អង្វរ​ភេស្ទុស ៣  ឲ្យ​ចាត់​គេ​នាំ​ប៉ូល​មក​ក្រុង​យេរូសាឡិម។ ប៉ុន្តែ ក្នុង​អំឡុង​ពេល​នោះ​ពួក​គេ​កំពុង​រៀបចំ​ឲ្យ​គេ​ពួន​ចាំ​សម្លាប់​ប៉ូល​នៅ​តាម​ផ្លូវ។+ ៤  ក៏​ប៉ុន្តែ ភេស្ទុស​ប្រាប់​ថា​ប៉ូល​ត្រូវ​នៅ​ជាប់​ឃុំ​ក្នុង​ក្រុង​សេសារៀ ហើយ​ថា​មិន​យូរ​ទៀត​ខ្លួន​គាត់​នឹង​ទៅ​ក្រុង​នោះ​ដែរ។ ៥  គាត់​និយាយ​ថា​៖ ​«​ប្រសិន​បើ​បុរស​នោះ​មាន​កំហុស​មែន ចូរ​ឲ្យ​ពួក​អ្នក​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា​ចុះ​ទៅ​ជា​មួយ​នឹង​ខ្ញុំ ហើយ​ចោទ​ប្រកាន់​គាត់​នៅ​ទី​នោះ​ចុះ​»។+ ៦  ម្ល៉ោះ​ហើយ ភេស្ទុស​នៅ​ក្រុង​យេរូសាឡិម​ត្រឹម​តែ​៨​ឬ​១០​ថ្ងៃ​ប៉ុណ្ណោះ រួច​គាត់​ចុះ​ទៅ​ក្រុង​សេសារៀ។ លុះ​ស្អែក​ឡើង គាត់​អង្គុយ​នៅ​កន្លែង​វិនិច្ឆ័យ​ក្ដី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​ប៉ូល​ចូល​មក។ ៧  កាល​ដែល​ប៉ូល​មក​ដល់ ជនជាតិ​យូដា​ដែល​បាន​ចុះ​មក​ពី​ក្រុង​យេរូសាឡិម​ក៏​ឈរ​ជុំវិញ​គាត់ ហើយ​ចោទ​ប្រកាន់​គាត់​អំពី​រឿង​ធ្ងន់​ធ្ងរ​ជា​ច្រើន តែ​ពួក​គេ​មិន​អាច​រក​ភ័ស្តុតាង​មក​បញ្ជាក់​បាន​ឡើយ។+ ៨  ប៉ុន្តែ ប៉ូល​និយាយ​ការ​ពារ​ខ្លួន​ថា​៖ ​«​ខ្ញុំ​មិន​បាន​ធ្វើ​ខុស​ច្បាប់*របស់​ជនជាតិ​យូដា​ទេ ហើយ​ក៏​មិន​បាន​ប្រឆាំង​វិហារ​ឬ​សេសារ*ដែរ​»។+ ៩  ដោយ​សារ​ភេស្ទុស​ចង់​ផ្គាប់​ចិត្ត​ជនជាតិ​យូដា+ គាត់​តប​ទៅ​ប៉ូល​ថា​៖ ​«​តើ​អ្នក​ចង់​ឡើង​ទៅ​ក្រុង​យេរូសាឡិម ដើម្បី​ឲ្យ​ខ្ញុំ​វិនិច្ឆ័យ​រឿង​ក្ដី​របស់​អ្នក​នៅ​ទី​នោះ​ទេ?​»។ ១០  ប៉ុន្តែ ប៉ូល​និយាយ​ថា​៖ ​«​ខ្ញុំ​កំពុង​ឈរ​នៅ​កន្លែង​វិនិច្ឆ័យ​ក្ដី​របស់​សេសារ​ហើយ ជា​កន្លែង​ដែល​ខ្ញុំ​គួរ​ទទួល​ការ​វិនិច្ឆ័យ។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ជនជាតិ​យូដា​ទេ ដូច​លោក​បាន​ឃើញ​ច្បាស់​ហើយ។ ១១  ប្រសិន​បើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស​មែន ហើយ​បាន​ធ្វើ​អ្វី​ដែល​សម​នឹង​ទទួល​ទោស​ដល់​ស្លាប់+ នោះ​ខ្ញុំ​សុខ​ចិត្ត​ស្លាប់​ទៅ​ចុះ។ ក៏​ប៉ុន្តែ ប្រសិន​បើ​រឿង​ដែល​បុរស​ទាំង​នេះ​ចោទ​ប្រកាន់​ខ្ញុំ​មិន​មែន​ជា​ការ​ពិត​ទេ នោះ​គ្មាន​អ្នក​ណា​មាន​សិទ្ធិ​ប្រគល់​ខ្ញុំ​ដើម្បី​ផ្គាប់​ចិត្ត​ពួក​គេ​ឡើយ។ ខ្ញុំ​សុំ​លើក​រឿង​ក្ដី​ទៅ​សេសារ!​»។+ ១២  ដូច្នេះ ភេស្ទុស​ក៏​ពិគ្រោះ​ជា​មួយ​នឹង​ពួក​ទី​ប្រឹក្សា រួច​មក​គាត់​តប​ថា​៖ ​«​ដោយ​សារ​អ្នក​បាន​សុំ​លើក​រឿង​ក្ដី​ទៅ​សេសារ អ្នក​ប្រាក​ជា​នឹង​បាន​ជួប​សេសារ​»។ ១៣  ក្រោយ​ច្រើន​ថ្ងៃ​កន្លង​ផុត​ទៅ ស្ដេច​អាគ្រីប៉ា​និង​ប៊ឺនីស​បាន​មក​ដល់​ក្រុង​សេសារៀ ដើម្បី​ចូល​ទៅ​ជួប​ភេស្ទុស​សម្ដែង​ការ​គួរ​សម។ ១៤  ដោយ​សារ​ពួក​គេ​នឹង​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ ដូច្នេះ​ភេស្ទុស​រៀប​រាប់​ប្រាប់​ស្ដេច​អំពី​រឿង​ប៉ូល​ថា​៖ ​«​មាន​បុរស​ម្នាក់​ដែល​ភេលីច​បាន​ទុក​ឲ្យ​ជាប់​គុក។ ១៥  កាល​ដែល​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម ពួក​សង្ឃនាយក​និង​ពួក​បុរស​ចាស់​ទុំ​នៃ​ជនជាតិ​យូដា បាន​ប្ដឹង​បុរស​នោះ+ ដោយ​សុំ​ឲ្យ​ដាក់​ទោស​គាត់។ ១៦  ប៉ុន្តែ ខ្ញុំ​ប្រាប់​ពួក​គេ​ថា​ច្បាប់​រ៉ូម​មិន​អនុញ្ញាត​ឲ្យ​ប្រគល់​មនុស្ស​ណា​ម្នាក់​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ណា​ឡើយ ទាល់​តែ​ចុង​ចោទ​បាន​ជួប​ដើម​ចោទ​ដោយ​ផ្ទាល់ ហើយ​មាន​ឱកាស​និយាយ​ការ​ពារ​ខ្លួន​ស្ដី​អំពី​រឿង​ដែល​គេ​ចោទ​ប្រកាន់។+ ១៧  ដូច្នេះ ពេល​ដែល​ពួក​គេ​បាន​មក​ជួប​ជុំ​គ្នា​នៅ​ទី​នេះ ខ្ញុំ​បាន​ចាត់​វិធានការ​ភ្លាម​ៗ គឺ​ស្អែក​ឡើង​ខ្ញុំ​បាន​អង្គុយ​នៅ​កន្លែង​វិនិច្ឆ័យ​ក្ដី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​បុរស​នោះ​មក។ ១៨  កាល​ដែល​ពួក​អ្នក​ចោទ​ប្រកាន់​ឡើង​និយាយ ពួក​គេ​មិន​បាន​ចោទ​ប្រកាន់​គាត់​អំពី​ការ​អាក្រក់​ណា​មួយ ដូច​ខ្ញុំ​បាន​គិត​ស្មាន​នោះ​ទេ។+ ១៩  ពួក​គេ​គ្រាន់​តែ​មាន​ទំនាស់​ជា​មួយ​នឹង​បុរស​នោះ​អំពី​សាសនា​របស់​ពួក​គេ+ និង​អំពី​បុរស​ម្នាក់​ឈ្មោះ​យេស៊ូ​ដែល​បាន​ស្លាប់​ហើយ តែ​ប៉ូល​ចេះ​តែ​អះអាង​ថា​នៅ​រស់។+ ២០  ដោយ​សារ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ដោះ​ស្រាយ​ទំនាស់​នេះ​យ៉ាង​ណា នោះ​ខ្ញុំ​ក៏​សួរ​គាត់​ថា​ចង់​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ទទួល​ការ​វិនិច្ឆ័យ​ក្ដី​អំពី​រឿង​ទាំង​នេះ​ឬ​ទេ។+ ២១  ប៉ុន្តែ ពេល​ដែល​ប៉ូល​សុំ​នៅ​ជាប់​ឃុំ​ត​ទៅ​ទៀត រហូត​ដល់​គាត់​បាន​ទទួល​ការ​វិនិច្ឆ័យ​ក្ដី​ពី​អធិរាជ*+ នោះ​ខ្ញុំ​ក៏​បង្គាប់​ឲ្យ​គេ​ឃុំ​គាត់ រហូត​ដល់​ខ្ញុំ​បញ្ជូន​គាត់​ឡើង​ទៅ​ជួប​សេសារ​»។ ២២  រួច​មក អាគ្រីប៉ា​និយាយ​ទៅ​ភេស្ទុស​ថា​៖ ​«​ខ្ញុំ​ចង់​ស្ដាប់​បុរស​នោះ​ដោយ​ផ្ទាល់​»។+ ភេស្ទុស​និយាយ​ថា​៖ ​«​ថ្ងៃ​ស្អែក​លោក​នឹង​បាន​ស្ដាប់​គាត់​»។ ២៣  ដូច្នេះ ស្អែក​ឡើង​អាគ្រីប៉ា​និង​ប៊ឺនីស​បាន​មក​យ៉ាង​អធិកអធម​ទាំង​មាន​ឫក​ខ្ពស់ ហើយ​ចូល​សាល​សវនាការ​ជា​មួយ​នឹង​ពួក​មេ​បញ្ជាការ និង​ពួក​អ្នក​ដែល​មាន​មុខ​មាន​មាត់​ក្នុង​ក្រុង​នោះ។ ពេល​ដែល​ភេស្ទុស​ចេញ​បញ្ជា នោះ​គេ​ក៏​នាំ​ប៉ូល​ចូល​មក។ ២៤  រួច​ភេស្ទុស​និយាយ​ថា​៖ ​«​ស្ដេច​អាគ្រីប៉ា​និង​អស់​លោក​ដែល​មាន​វត្តមាន​នៅ​ទី​នេះ ខ្ញុំ​សូម​ជម្រាប​ថា បុរស​នេះ​ឯង​ដែល​ជនជាតិ​យូដា​ទាំង​ឡាយ​បាន​មក​ប្ដឹង​ដល់​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម​និង​នៅ​ទី​នេះ ហើយ​នាំ​គ្នា​ស្រែក​ថា​គាត់​មិន​សម​នឹង​រស់​ត​ទៅ​ទៀត​ឡើយ។+ ២៥  ប៉ុន្តែ ខ្ញុំ​យល់​ឃើញ​ថា​គាត់​មិន​បាន​ធ្វើ​អ្វី​សម​នឹង​ទទួល​ទោស​ដល់​ស្លាប់​ទេ។+ ដូច្នេះ ពេល​ដែល​បុរស​នេះ​សុំ​លើក​រឿង​ក្ដី​ទៅ​អធិរាជ ខ្ញុំ​ក៏​សម្រេច​ចិត្ត​បញ្ជូន​គាត់​ទៅ។ ២៦  ប៉ុន្តែ មិន​មាន​អ្វី​ដែល​ខ្ញុំ​អាច​សរសេរ​ទៅ​កាន់​អធិរាជ*ស្ដី​អំពី​បុរស​នេះ​ទេ។ ហេតុ​នេះ ខ្ញុំ​បាន​នាំ​គាត់​មក​ឲ្យ​ឈរ​នៅ​មុខ​អ្នក​រាល់​គ្នា ជា​ពិសេស​នៅ​មុខ​ស្ដេច​អាគ្រីប៉ា ដើម្បី​ឲ្យ​មាន​ការ​សួរ​ចម្លើយ​គាត់។ យ៉ាង​នេះ ខ្ញុំ​អាច​សរសេរ​របាយការណ៍​ទៅ​អធិរាជ។ ២៧  ព្រោះ​ចំពោះ​ខ្ញុំ គឺ​មិន​សម​ហេតុ​សម​ផល​ទេ ប្រសិន​បើ​បញ្ជូន​អ្នក​ទោស​ទៅ​ដោយ​មិន​បញ្ជាក់​ថា អ្នក​នោះ​ត្រូវ​គេ​ចោទ​ប្រកាន់​អំពី​រឿង​អ្វី​»។

កំណត់សម្គាល់

នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ
ន័យ​ត្រង់​«​អធិរាជ​»​
ន័យ​ត្រង់​«​សេសារ​អូគូស​»​
ន័យ​ត្រង់​«​ទៅ​កាន់​លោក​ម្ចាស់​របស់​ខ្ញុំ​»​