សាការី ១:១-២១

  • ការ​ហៅ​ឲ្យ​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ (​១​-​៦)

    • ‹ចូរ​ត្រឡប់​មក​រក​ខ្ញុំ​វិញ ហើយ​ខ្ញុំ​នឹង​ត្រឡប់​ទៅ​រក​អ្នក​រាល់​គ្នា​ដែរ› (​)

  • ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​លើក​ទី​១: អ្នកជិះ​សេះ​នៅ​កណ្ដាល​ដើម​មើថល (​៧​-​១៧)

    • ‹ព្រះ​យេហូវ៉ា​នឹង​សម្រាល​ទុក្ខ​ស៊ីយ៉ូន​ម្ដង​ទៀត› (​១៧)

  • ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​លើក​ទី​២: ស្នែង​បួន​និង​សិប្បករ​បួន​នាក់ (​១៨​-​២១)

 នៅ​ខែ​ទី​៨ ក្នុង​ឆ្នាំ​ទី​២​នៃ​ការ​គ្រប់​គ្រង​របស់​ដារីយុស+ ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់​សាការី*+ដែល​ជា​អ្នក​ប្រកាស​ទំនាយ គាត់​ជា​កូន​របស់​បេរេគា និង​ជា​ចៅ​របស់​អ៊ីតដូ។ ព្រះ​មាន​ប្រសាសន៍​ថា​៖ ២  ​«​ព្រះ​យេហូវ៉ា​បាន​ខឹង​ឪពុក​របស់​អ្នក​រាល់​គ្នា​ខ្លាំង​ណាស់។+ ៣  ​«​ចូរ​ទៅ​ប្រាប់​ពួក​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​‹ចូរ​ត្រឡប់​មក​រក​ខ្ញុំ​វិញ›។ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹ហើយ​ខ្ញុំ​នឹង​ត្រឡប់​ទៅ​រក​អ្នក​រាល់​គ្នា​ដែរ›។+ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ដូច្នេះ​»​›។ ៤  ​«​‹កុំ​ប្រព្រឹត្ត​ដូច​ឪពុក​របស់​អ្នក​រាល់​គ្នា​ឲ្យ​សោះ។ ខ្ញុំ​ធ្លាប់​ប្រើ​ពួក​អ្នក​ប្រកាស​ទំនាយ​នៅ​ជំនាន់​មុន​ឲ្យ​ទៅ​ប្រាប់​ថា​៖ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​បែរ​ចេញ*ពី​ផ្លូវ​អាក្រក់ ហើយ​លះ​ចោល​អំពើ​អាក្រក់›​»​›។+ ​«​‹ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់​ទេ ហើយ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​សម្ដី​របស់​ខ្ញុំ​ដែរ›។+ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ដូច្នេះ។ ៥  ​«​‹ឥឡូវ តើ​ឪពុក​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា? ហើយ​តើ​ពួក​អ្នក​ប្រកាស​ទំនាយ​នៅ​ជំនាន់​មុន នៅ​តែ​មាន​ជីវិត​ឬ? ៦  ខ្ញុំ​បាន​ប្រាប់​អំពី​ក្រឹត្យ​ក្រម​ដល់​ឪពុក​អ្នក​រាល់​គ្នា​រួច​ហើយ។ ខ្ញុំ​ថែម​ទាំង​បាន​ចាត់​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​ឲ្យ​ទៅ​ដាស់​តឿន​ពួក​គេ​ឲ្យ​ដឹង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ដល់​ពួក​គេ បើ​ពួក​គេ​មិន​ធ្វើ​តាម​ក្រឹត្យ​ក្រម​ទាំង​នោះ​ទេ។ អ្វី​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រកាស​ទុក​ពិត​ជា​បាន​កើត​ឡើង មែន​ទេ?›។+ ដូច្នេះ ពួក​គេ​បាន​ត្រឡប់​មក​រក​ខ្ញុំ​វិញ ហើយ​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​ប្រព្រឹត្ត​មក​លើ​ពួក​យើង​ស្រប​តាម​ទង្វើ​របស់​ពួក​យើង ដូច​ដែល​លោក​បាន​មាន​ប្រសាសន៍​មែន›​»។+ ៧  នៅ​ថ្ងៃ​ទី​២៤ ខែ​ទី​១១ ជា​ខែ​សេបាត* ក្នុង​ឆ្នាំ​ទី​២​នៃ​ការ​គ្រប់​គ្រង​របស់​ដារីយុស+ ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់​សាការី​ដែល​ជា​អ្នក​ប្រកាស​ទំនាយ គាត់​ជា​កូន​របស់​បេរេគា និង​ជា​ចៅ​របស់​អ៊ីតដូ។ ៨  សាការី​និយាយ​ថា​៖ ​«​នៅ​ពេល​យប់ ខ្ញុំ​បាន​ឃើញ​ការ​បើក​បង្ហាញ​ពី​ព្រះ។ ខ្ញុំ​ឃើញ​បុរស​ម្នាក់​កំពុង​ជិះ​សេះ​សម្បុរ​ក្រហម ហើយ​គាត់​បាន​ឈប់​នៅ​កណ្ដាល​ដើម​មើថល ត្រង់​ច្រក​ភ្នំ។ នៅ​ពី​ក្រោយ​គាត់ មាន​អ្នក​ជិះ​សេះ​សម្បុរ​ក្រហម សេះ​សម្បុរ​ក្រហម​ក្រមៅ និង​សេះ​សម្បុរ​ស​»។ ៩  ដូច្នេះ ខ្ញុំ​បាន​សួរ​ថា​៖ ​«​លោក​ម្ចាស់ តើ​ពួក​គេ​ទាំង​នេះ​ជា​នរណា?​»។ ទេវតា​ដែល​កំពុង​និយាយ​ជា​មួយ​នឹង​ខ្ញុំ បាន​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​នឹង​បង្ហាញ​អ្នក​ឲ្យ​ដឹង​ថា​ពួក​គេ​ជា​នរណា​»។ ១០  រួច​មក បុរស​ដែល​ឈរ​នៅ​កណ្ដាល​ដើម​មើថល បាន​ប្រាប់​ថា​៖ ​«​ពួក​គេ​គឺ​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ចាត់​ឲ្យ​មក​ដើរ​ល្បាត​ផែនដី​»។ ១១  ពួក​គេ​និយាយ​ទៅ​កាន់​ទេវតា​របស់​ព្រះ​យេហូវ៉ា​ដែល​កំពុង​ឈរ​នៅ​កណ្ដាល​ដើម​មើថល​ថា​៖ ​«​យើង​បាន​ដើរ​ល្បាត​ផែនដី​រួច​ហើយ។ មើល! ផែនដី​ទាំង​មូល​នៅ​ស្ងប់​ស្ងាត់ និង​គ្មាន​អ្វី​នាំ​ឲ្យ​មាន​ភាព​វឹកវរ​ឡើយ​»។+ ១២  ដូច្នេះ ទេវតា​របស់​ព្រះ​យេហូវ៉ា​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ តើ​ដល់​ពេល​ណា​ទើប​លោក​អាណិត​មេត្តា​ដល់​យេរូសាឡិម* និង​ក្រុង​ផ្សេង​ៗ​របស់​យូដា?+ លោក​ខឹង​ពួក​គេ​អស់​៧០​ឆ្នាំ​ហើយ​»។+ ១៣  ព្រះ​យេហូវ៉ា​ក៏​តប​ឆ្លើយ​ទៅ​ទេវតា​ដែល​កំពុង​និយាយ​ជា​មួយ​នឹង​ខ្ញុំ។ លោក​តប​ឆ្លើយ​ដោយ​សប្បុរស​និង​ដោយ​សម្ដី​សម្រាល​ទុក្ខ។ ១៤  រួច​មក ទេវតា​ដែល​កំពុង​និយាយ​ជា​មួយ​នឹង​ខ្ញុំ បាន​ប្រាប់​ខ្ញុំ​ថា​៖ ​«​ចូរ​ទៅ​ប្រកាស​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​តាំង​ចិត្ត​ការ​ពារ​យេរូសាឡិម​និង​ស៊ីយ៉ូន។+ ១៥  ខ្ញុំ​ខឹង​ប្រជា​ជាតិ​ដែល​ក្រអឺតក្រអោង​ទាំង​នោះ​ខ្លាំង​ណាស់។+ ខ្ញុំ​ចង់​ដាក់​ទោស​រាស្ត្រ​របស់​ខ្ញុំ​តែ​បន្តិច​ទេ+ ប៉ុន្តែ​ប្រជា​ជាតិ​ទាំង​នោះ​បែរ​ជា​ធ្វើ​ឲ្យ​រាស្ត្រ​របស់​ខ្ញុំ​អន្តរាយ​ទាំង​ស្រុង​វិញ​»​›។+ ១៦  ​«​ម្ល៉ោះ​ហើយ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹​«​ខ្ញុំ​នឹង​បែរ​មក​អាណិត​មេត្តា​ដល់​យេរូសាឡិម+ ហើយ​សង់​វិហារ​របស់​ខ្ញុំ​ដែល​នៅ​ក្នុង​នាង​ឡើង​វិញ។+ ម្យ៉ាង​ទៀត នឹង​មាន​ការ​ទាញ​ខ្សែ​វាស់​យេរូសាឡិម​សា​ជា​ថ្មី​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌›។+ ១៧  ​«​ចូរ​អ្នក​ទៅ​ប្រកាស​ម្ដង​ទៀត​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​ក្រុង​នា​នា​របស់​ខ្ញុំ​នឹង​បាន​ទទួល​សេចក្ដី​ល្អ*យ៉ាង​បរិបូរ​ម្ដង​ទៀត ហើយ​ព្រះ​យេហូវ៉ា​នឹង​សម្រាល​ទុក្ខ​ស៊ីយ៉ូន+ ព្រម​ទាំង​ជ្រើស​រើស​យេរូសាឡិម​សា​ជា​ថ្មី​ផង​»​›​»។+ ១៨  រួច​មក ពេល​ខ្ញុំ​ងើប​មុខ​ឡើង ខ្ញុំ​ឃើញ​ស្នែង​បួន។+ ១៩  ខ្ញុំ​ក៏​សួរ​ទេវតា​ដែល​កំពុង​និយាយ​ជា​មួយ​នឹង​ខ្ញុំ​ថា​៖ ​«​តើ​ស្នែង​ទាំង​នេះ​មាន​អត្ថន័យ​អ្វី?​»។ គាត់​បាន​តប​ថា​៖ ​«​ស្នែង​ទាំង​នេះ​ជា​ស្នែង​ដែល​បាន​កម្ចាត់​កម្ចាយ​យូដា+ អ៊ីស្រាអែល+ និង​យេរូសាឡិម​»។+ ២០  បន្ទាប់​មក​ទៀត ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​សិប្បករ​បួន​នាក់។ ២១  ដូច្នេះ ខ្ញុំ​ក៏​សួរ​ថា​៖ ​«​តើ​បុរស​ទាំង​នេះ​មក​ធ្វើ​អ្វី?​»។ គាត់​ប្រាប់​ថា​៖ ​«​ស្នែង​ទាំង​នោះ​បាន​កម្ចាត់​កម្ចាយ​យូដា រហូត​ដល់​គ្មាន​អ្នក​ណា​អាច​ងើប​ក្បាល​រួច។ ប៉ុន្តែ បុរស​ទាំង​នេះ​នឹង​មក​ដើម្បី​ធ្វើ​ឲ្យ​ស្នែង​ទាំង​នោះ​ភ័យ​តក់​ស្លុត ហើយ​ដើម្បី​បំផ្លាញ​ស្នែង​របស់​ប្រជា​ជាតិ​ដែល​ធ្លាប់​តែ​លើក​ស្នែង​ឡើង​ប្រឆាំង​ស្រុក​យូដា​ធ្វើ​ឲ្យ​នាង​ខ្ចាត់​ខ្ចាយ​ទៅ​»។

កំណត់សម្គាល់

មាន​ន័យ​ថា​«​ព្រះ​យេហូវ៉ា​បាន​នឹក​ចាំ​»​
ឬ​«​វិល​ត្រឡប់​មក​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥
សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម
ឬ​«​គុណធម៌​»​