សាការី ១១:១-១៧
១១ «ឱលីបង់អើយ ចូរបើកទ្វាររបស់អ្នកដើម្បីឲ្យភ្លើងឆេះដើមស៊ីដាររបស់អ្នក។
២ ដើមយូនីពើអើយ ចូរទ្រហោយំ ព្រោះដើមស៊ីដារបានដួលរលំហើយ។
ដើមឈើធំខ្ពស់បានត្រូវបំផ្លាញចោល!
ដើមអូកនៅតំបន់បាសានអើយ ចូរទ្រហោយំចុះ!
ព្រោះព្រៃក្រាស់បានត្រូវវិនាសអស់គ្មានសល់!
៣ សូមស្ដាប់សំឡេងទ្រហោយំរបស់ពួកគង្វាល!
ព្រោះភាពខ្ពង់ខ្ពស់របស់ពួកគេបានវិនាសអន្តរាយ។
សូមស្ដាប់សូរគ្រហឹមរបស់តោស្ទាវ!
ព្រោះគុម្ពោតព្រៃដ៏ក្រាស់ដែលនៅតាមដងទន្លេយ៉ូដាន់បានត្រូវបំផ្លាញចោល។
៤ «ព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំមានប្រសាសន៍ថា៖ ‹ចូរទៅឃ្វាលហ្វូងចៀមដែលគេទុកដើម្បីសម្លាប់+
៥ ជាចៀមដែលអ្នកទិញយកទៅសម្លាប់+ ហើយអ្នកទិញគ្មានទោសទេ។ ចំណែកពួកអ្នកដែលលក់ចៀមទាំងនោះ+ ពួកគេនិយាយថា៖ «សូមឲ្យព្រះយេហូវ៉ាទទួលការលើកតម្កើង ព្រោះខ្ញុំនឹងក្លាយទៅជាអ្នកមាន»។ ពួកគង្វាលទាំងនោះគ្មានចិត្តអាណិតមេត្តាចំពោះហ្វូងចៀមទាល់តែសោះ›។+
៦ «ព្រះយេហូវ៉ាប្រកាសថា៖ ‹ខ្ញុំនឹងលែងបង្ហាញសេចក្ដីអាណិតមេត្តាដល់បណ្ដាជនក្នុងស្រុកទៀត។ ដូច្នេះ ខ្ញុំនឹងធ្វើឲ្យពួកគេម្នាក់ៗធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់អ្នកជិតខាងនិងស្ដេចរបស់ពួកគេ។ ពួកគេនឹងបំផ្លាញស្រុកនោះ ហើយខ្ញុំនឹងមិនជួយសង្គ្រោះពួកគេឡើយ›»។
៧ ឱហ្វូងចៀមដែលរងទុក្ខវេទនា ជាហ្វូងចៀមដែលគេទុកដើម្បីសម្លាប់អើយ ដើម្បីជួយអ្នករាល់គ្នា ខ្ញុំក៏ចាប់ផ្ដើមឃ្វាលអ្នករាល់គ្នា។+ ខ្ញុំបានយកដំបងពីរ ហើយដាក់ឈ្មោះដំបងមួយថា«ពេញចិត្ត» និងដំបងមួយទៀតថា«មិត្តភាព»+ រួចខ្ញុំក៏ចាប់ផ្ដើមឃ្វាលហ្វូងចៀម។
៨ ក្នុងមួយខែ ខ្ញុំបានបណ្ដេញគង្វាលអស់បីនាក់ ព្រោះខ្ញុំអស់ចិត្តអត់ធ្មត់នឹងពួកគេ ហើយពួកគេក៏ស្អប់ខ្ពើមខ្ញុំដែរ។
៩ រួចខ្ញុំនិយាយថា៖ «ខ្ញុំឈប់ឃ្វាលអ្នករាល់គ្នាហើយ។ បើអ្នកណាជិតស្លាប់ ឲ្យស្លាប់ចុះ ហើយបើអ្នកណាជិតវិនាស ឲ្យវិនាសទៅ។ រីឯអស់អ្នកដែលនៅសេសសល់ ចូរឲ្យពួកគេស៊ីសាច់ហុតឈាមគ្នាចុះ»។
១០ ដូច្នេះ ខ្ញុំបានយកដំបងឈ្មោះ«ពេញចិត្ត»+មកកាត់ជាបំណែកៗ ក្នុងបំណងផ្ដាច់កិច្ចព្រមព្រៀងដែលខ្ញុំបានធ្វើជាមួយនឹងរាស្ត្ររបស់ខ្ញុំ។
១១ ហេតុនេះ កិច្ចព្រមព្រៀងបានត្រូវផ្ដាច់នៅថ្ងៃនោះ ហើយហ្វូងចៀមដែលរងទុក្ខវេទនា ជាហ្វូងចៀមដែលកំពុងមើលខ្ញុំបានដឹងថា នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា។
១២ បន្ទាប់មក ខ្ញុំនិយាយទៅពួកគេថា៖ «បើអ្នករាល់គ្នាគិតថាសមនឹងបង់ថ្លៃឈ្នួលឲ្យខ្ញុំ ក៏ចូរបង់មក តែបើមិនចង់ មិនចាំបាច់បង់ទេ»។ ម្ល៉ោះហើយ ពួកគេបានបង់ថ្លៃឈ្នួលឲ្យខ្ញុំ ចំនួន៣០កាក់ប្រាក់។+
១៣ រួចព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖ «ចូរបោះកាក់ប្រាក់ទាំងនោះទៅក្នុងឃ្លាំងប្រាក់ចុះ គឺជាតម្លៃដ៏លើសលប់ដែលពួកគេគិតថាសមនឹងខ្ញុំ»។+ ដូច្នេះ ខ្ញុំបានយក៣០កាក់ប្រាក់នោះទៅបោះក្នុងឃ្លាំងប្រាក់នៅវិហាររបស់ព្រះយេហូវ៉ា។+
១៤ រួចមក ខ្ញុំបានយកដំបងទី២ឈ្មោះ«មិត្តភាព»មកកាត់ជាបំណែកៗ+ ក្នុងបំណងផ្ដាច់ភាពជាបងប្អូនរវាងយូដានិងអ៊ីស្រាអែល។+
១៥ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖ «ឥឡូវ ចូរទៅយកឧបករណ៍របស់គង្វាលដែលឥតបានការមក។+
១៦ ព្រោះខ្ញុំអនុញ្ញាតឲ្យមានគង្វាលម្នាក់គ្រប់គ្រងស្រុកនោះ។ គាត់នឹងមិនមើលថែចៀមដែលជិតវិនាសទេ។+ គាត់នឹងមិនតាមរកកូនចៀមដែលវង្វេងបាត់ ហើយក៏មិនព្យាបាលចៀមដែលរងរបួស+ ឬឲ្យចំណីដល់ចៀមដែលមាំមួនដែរ។ ផ្ទុយទៅវិញ គាត់នឹងស៊ីបំផ្លាញចៀមធាត់ៗ+ ថែមទាំងហែកក្រចកជើងរបស់ចៀមទៀតផង។+
១៧ គង្វាលដែលឥតបានការនឹងត្រូវវេទនា!+ ព្រោះគាត់បោះបង់ចោលហ្វូងចៀម។+
ដាវនឹងប្រហារដៃនិងភ្នែកស្ដាំរបស់គាត់។
ដៃរបស់គាត់នឹងស្វិតក្រញង់ហើយភ្នែកស្ដាំរបស់គាត់នឹងងងឹតសូន្យសុង»។