សាការី ៤:១-១៤

  • ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​លើក​ទី​៥: ជើង​ចង្កៀង​មួយ​និង​ដើម​អូលីវ​ពីរ​ដើម (​១​-​១៤)

    • «​មិន​មែន​ដោយ​អំណាច​ទេ តែ​ដោយ​ឫទ្ធានុភាព​របស់​ខ្ញុំ​»​ (​)

    • កុំ​មើល​ងាយ​ការ​ចាប់​ផ្ដើម​បន្តិច​បន្តួច (​១០)

 ទេវតា​ដែល​បាន​ពោល​មក​កាន់​ខ្ញុំ ក៏​ត្រឡប់​មក​វិញ ហើយ​ដាស់​ខ្ញុំ​ឲ្យ​ភ្ញាក់ ដូច​គេ​ដាស់​មនុស្ស​ឲ្យ​ក្រោក​ពី​ដំណេក។ ២  រួច​ទេវតា​សួរ​ខ្ញុំ​ថា​៖ ​«​តើ​អ្នក​ឃើញ​អ្វី?​»។ ខ្ញុំ​ឆ្លើយ​ថា​៖ ​«​មើល! ខ្ញុំ​ឃើញ​ជើង​ចង្កៀង​មួយ​ធ្វើ​ពី​មាស+ មាន​ទាំង​ចង្កៀង​៧​នៅ​ពី​លើ​ផង+ ហើយ​ក៏​មាន​ចាន​គោម​មួយ​នៅ​ពី​លើ​ចង្កៀង​ទាំង​នោះ​ដែរ។ ម្យ៉ាង​ទៀត មាន​បំពង់​៧​ដែល​ត​ភ្ជាប់​ពី​ចាន​គោម​ទៅ​ចង្កៀង​ទាំង​៧​នោះ។ ៣  នៅ​ក្បែរ​ជើង​ចង្កៀង​និង​ចាន​គោម​នោះ មាន​ដើម​អូលីវ​ពីរ​ដើម+ មួយ​នៅ​ខាង​ស្ដាំ មួយ​នៅ​ខាង​ឆ្វេង​»។ ៤  រួច​ខ្ញុំ​ក៏​សួរ​ទេវតា​ដែល​កំពុង​សន្ទនា​នឹង​ខ្ញុំ​ថា​៖ ​«​លោក​ម្ចាស់ តើ​អ្វី​ទាំង​នេះ​មាន​អត្ថន័យ​អ្វី?​»។ ៥  ទេវតា​នោះ​សួរ​ខ្ញុំ​ថា​៖ ​«​តើ​អ្នក​មិន​ដឹង​អំពី​អត្ថន័យ​ទេ​ឬ?​»។ ខ្ញុំ​តប​វិញ​ថា​៖ ​«​ខ្ញុំ​មិន​ដឹង​ទេ​លោក​ម្ចាស់​»។ ៦  ទេវតា​នោះ​និយាយ​ថា​៖ ​«​នេះ​ជា​ប្រសាសន៍​ដែល​ព្រះ​យេហូវ៉ា​ពោល​ទៅ​កាន់​សេរ៉ូបាបិល​គឺ​៖ ‹​«​អ្វី​ទាំង​នេះ​នឹង​កើត​ឡើង មិន​មែន​ដោយ​កម្លាំង​កង​ទ័ព ហើយ​ក៏​មិន​មែន​ដោយ​អំណាច​ទេ+ តែ​ដោយ​ឫទ្ធានុភាព​របស់​ខ្ញុំ​»។+ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ដូច្នោះ។ ៧  ឱ​ភ្នំ​ធំ​អើយ តើ​អ្នក​ជា​នរណា? នៅ​ចំពោះ​សេរ៉ូបាបិល+ អ្នក​នឹង​ក្លាយ​ទៅ​ជា​ដី​រាប​ស្មើ។+ គាត់​នឹង​នាំ​ថ្ម​កំពូល​នៃ​វិហារ​មក ហើយ​អស់​អ្នក​ដែល​ឃើញ​នឹង​បន្លឺ​សំឡេង​ថា​៖ ​«​ស្អាត​ខ្លាំង​ណាស់! ស្អាត​ខ្លាំង​ណាស់!​»​›​»។ ៨  ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ទៀត​ថា​៖ ៩  ​«​សេរ៉ូបាបិល​ជា​អ្នក​ដែល​ដាក់​គ្រឹះ​វិហារ​នេះ​ដោយ​ដៃ​របស់​គាត់+ ហើយ​គាត់​ក៏​នឹង​សង់​បង្ហើយ​ដោយ​ដៃ​របស់​គាត់​ដែរ។+ យ៉ាង​នេះ អ្នក​នឹង​ដឹង​ថា​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ១០  តើ​អ្នក​ណា​នឹង​មើល​ងាយ​ការ​ចាប់​ផ្ដើម​បន្តិច​បន្តួច?+* ពួក​គេ​នឹង​រីករាយ​ត្រេក​អរ​ដោយ​ឃើញ​ខ្សែ​ប្រយោល*នៅ​ក្នុង​ដៃ​របស់​សេរ៉ូបាបិល។ រីឯ​ភ្នែក​ទាំង​៧​នេះ ជា​ភ្នែក​របស់​ព្រះ​យេហូវ៉ា​ដែល​កំពុង​សម្លឹង​មើល​ពាស​ពេញ​ផែនដី​»។+ ១១  រួច​ខ្ញុំ​សួរ​គាត់​ថា​៖ ​«​តើ​ដើម​អូលីវ​ពីរ​ដើម​ដែល​មួយ​នៅ​ខាង​ស្ដាំ និង​មួយ​នៅ​ខាង​ឆ្វេង​ជើង​ចង្កៀង​នោះ មាន​អត្ថន័យ​អ្វី?​»។+ ១២  ខ្ញុំ​ក៏​សួរ​គាត់​ជា​លើក​ទី​២​ថា​៖ ​«​តើ​មែក​ពីរ*នៃ​ដើម​អូលីវ​ដែល​បង្ហូរ​ប្រេង​ពណ៌​មាស​ចេញ​តាម​បំពង់​មាស​ពីរ​នោះ មាន​អត្ថន័យ​អ្វី?​»។ ១៣  ដូច្នេះ ទេវតា​នោះ​ក៏​សួរ​ខ្ញុំ​ថា​៖ ​«​តើ​អ្នក​មិន​ដឹង​អំពី​អត្ថន័យ​ទេ​ឬ?​»។ ខ្ញុំ​តប​វិញ​ថា​៖ ​«​ខ្ញុំ​មិន​ដឹង​ទេ​លោក​ម្ចាស់​»។ ១៤  គាត់​និយាយ​ថា​៖ ​«​នោះ​គឺ​ជា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង។ ពួក​គេ​ទាំង​ពីរ​កំពុង​ឈរ​អម​សង​ខាង​ម្ចាស់​នៃ​ផែនដី​ទាំង​មូល​»។+

កំណត់សម្គាល់

ឬ​«​ការ​តូច​តាច​»​
ជា​ខ្សែ​ដែល​ចង​ដុំ​អ្វី​មួយ​សម្រាប់​សំយុង​ស្ទង់​ជំហរ
មែក​ពីរ​នេះ​ពេញ​ដោយ​ផ្លែ