សាការី ៦:១-១៥

  • ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​លើក​ទី​៨: រទេះ​ចម្បាំង​បួន (​១​-​៨)

  • ពន្លក​បាន​ទៅ​ជា​ស្ដេច​និង​សង្ឃ (​៩​-​១៥)

 រួច​មក ខ្ញុំ​បាន​ងើប​មុខ​ឡើង​ម្ដង​ទៀត ហើយ​ឃើញ​រទេះ​ចម្បាំង​បួន​ដែល​កំពុង​ចេញ​មក​ពី​ចន្លោះ​រវាង​ភ្នំ​ពីរ។ ភ្នំ​ទាំង​ពីរ​នោះ​ជា​ភ្នំ​ស្ពាន់។ ២  រទេះ​ចម្បាំង​ទី​១​ទឹម​ដោយ​សេះ​សម្បុរ​ក្រហម ហើយ​រទេះ​ចម្បាំង​ទី​២​ទឹម​ដោយ​សេះ​សម្បុរ​ខ្មៅ។+ ៣  ឯ​រទេះ​ចម្បាំង​ទី​៣​ទឹម​ដោយ​សេះ​សម្បុរ​ស ហើយ​រទេះ​ចម្បាំង​ទី​៤​ទឹម​ដោយ​សេះ​សម្បុរ​ពព្លាក់​និង​សេះ​សម្បុរ​ពពាល។+ ៤  ខ្ញុំ​ក៏​សួរ​ទេវតា​ដែល​សន្ទនា​ជា​មួយ​នឹង​ខ្ញុំ​ថា​៖ ​«​លោក​ម្ចាស់ តើ​អ្វី​ទាំង​នេះ​មាន​អត្ថន័យ​អ្វី?​»។ ៥  ទេវតា​នោះ​បាន​ឆ្លើយ​ថា​៖ ​«​នេះ​ជា​កង​កម្លាំង​បួន+នៃ​ស្ថាន​សួគ៌​ដែល​ចេញ​ដំណើរ​ទៅ ក្រោយ​ពី​បាន​ឈរ​នៅ​ចំពោះ​មុខ​ម្ចាស់​នៃ​ផែនដី​ទាំង​មូល។+ ៦  រទេះ​ចម្បាំង​ដែល​ទឹម​ដោយ​សេះ​សម្បុរ​ខ្មៅ​ចេញ​ទៅ​ទឹក​ដី​ខាង​ជើង+ ហើយ​សេះ​សម្បុរ​ស​ចេញ​ទៅ​ឯ​ទឹក​ដី​ដែល​នៅ​ឆ្ងាយ​ហួស​សមុទ្រ។ ចំណែក​សេះ​សម្បុរ​ពព្លាក់​ចេញ​ទៅ​ទឹក​ដី​ខាង​ត្បូង។ ៧  រួច​សេះ​សម្បុរ​ពពាល​នោះ​ពិត​ជា​ចង់​ធ្វើ​ដំណើរ​ខ្លាំង​ណាស់ ទៅ​ទឹក​ដី​ដែល​បាន​ត្រូវ​កំណត់​ឲ្យ​ទៅ​»។ ដូច្នេះ គាត់​ប្រាប់​ថា​៖ ​«​ចូរ​ធ្វើ​ដំណើរ​ឲ្យ​សព្វ​ទឹក​ដី​ដែល​បាន​ត្រូវ​កំណត់​ឲ្យ​ចុះ​»។ ម្ល៉ោះ​ហើយ ពួក​គេ​ក៏​តាំង​ធ្វើ​ដំណើរ​ពេញ​ទឹក​ដី​ទាំង​នោះ។ ៨  បន្ទាប់​មក គាត់​បាន​ហៅ​ខ្ញុំ ហើយ​ប្រាប់​ថា​៖ ​«​ឃើញ​ទេ ពួក​អ្នក​ដែល​ចេញ​ទៅ​ទឹក​ដី​ខាង​ជើង​បាន​ធ្វើ​ឲ្យ​កំហឹង​របស់​ព្រះ​យេហូវ៉ា​ស្ងប់​រម្ងាប់​នៅ​ទឹក​ដី​នោះ​»។* ៩  ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ម្ដង​ទៀត។ លោក​ប្រាប់​ថា​៖ ១០  ​«​ចូរ​ទៅ​ទទួល​របស់​ពី​ហេលដាយ ថូបាយយ៉ា និង​យេដាយយ៉ា ជា​របស់​ដែល​ពួក​គេ​បាន​មក​ពី​បណ្ដា​ជន​និរទេស។ នៅ​ថ្ងៃ​ដដែល​នោះ អ្នក​ត្រូវ​ទៅ​ផ្ទះ​របស់​យ៉ូសៀស​ជា​កូន​សេផានា រួម​ជា​មួយ​នឹង​មនុស្ស​ទាំង​នេះ​ដែល​មក​ពី​ស្រុក​បាប៊ីឡូន។ ១១  ចូរ​អ្នក​យក​ប្រាក់​និង​មាស​ទៅ​ធ្វើ​មកុដ*មួយ ហើយ​បំពាក់​មកុដ​នោះ​លើ​ក្បាល​យ៉ូស្វេ+ដែល​ជា​សម្ដេច​សង្ឃ និង​ជា​កូន​របស់​យេហូសាដាក។ ១២  រួច​មក អ្នក​ត្រូវ​ប្រាប់​យ៉ូស្វេ​ថា​៖ ​«​‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​នេះ​ជា​បុរស​ឈ្មោះ​ពន្លក។+ គាត់​នឹង​ឡើង​ចេញ​ពី​កន្លែង​របស់​គាត់​ដូច​ជា​ពន្លក ហើយ​គាត់​នឹង​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា។+ ១៣  គាត់​នេះ​ហើយ​ជា​អ្នក​ដែល​នឹង​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា ហើយ​គាត់​ក៏​ជា​អ្នក​ដែល​នឹង​ទទួល​ភាព​រុង​រឿង​ដែរ។ គាត់​នឹង​អង្គុយ​លើ​បល្ល័ង្ក​របស់​ខ្លួន គ្រប់​គ្រង​ជា​ស្ដេច​និង​ជា​សង្ឃ+ ហើយ​គាត់​នឹង​បំពេញ​តួ​នាទី​ទាំង​ពីរ​នេះ​ដើម្បី​លើក​ស្ទួយ​សេចក្ដី​សុខ​សាន្ត។* ១៤  រីឯ​មកុដ​នោះ​នឹង​ត្រូវ​រក្សា​ទុក​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា ដើម្បី​ជា​ការ​រំលឹក*អំពី​ហេលេម ថូបាយយ៉ា យេដាយយ៉ា+ និង​ហេន​ដែល​ជា​កូន​សេផានា។ ១៥  ចំណែក​អស់​អ្នក​ដែល​នៅ​ឆ្ងាយ ពួក​គេ​នឹង​មក​ចូល​រួម​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា​»។ អ្នក​នឹង​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក។ អ្វី​ទាំង​អស់​នេះ​នឹង​កើត​ឡើង បើ​អ្នក​ស្ដាប់​សំឡេង​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក›​»។

កំណត់សម្គាល់

ន័យ​ត្រង់​«​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​សណ្ឋិត​នៅ​ទឹក​ដី​ខាង​ជើង​»​
ឬ​«​មកុដ​ដ៏​រុង​រឿង​»​
ឬ​«​ហើយ​តួ​នាទី​ទាំង​ពីរ​នេះ​នឹង​ដំណើរ​ការ​ទៅ​យ៉ាង​រលូន​»​
ឬ​«​ការ​នឹក​ចាំ​»​