សាការី ៧:១-១៤

  • ព្រះ​យេហូវ៉ា​ផ្ដន្ទា​ទោស​ការ​តម​អាហារ​ដែល​មិន​ស្មោះ (​១​-​១៤)

    • ‹តើ​អ្នក​រាល់​គ្នា​ពិត​ជា​តម​អាហារ​ដើម្បី​ខ្ញុំ​ឬ?› (​)

    • ‹ចូរ​ប្រព្រឹត្ត​ចំពោះ​គ្នា​ដោយ​យុត្តិធម៌ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ និង​សេចក្ដី​មេត្តា​ករុណា› (​)

 នៅ​ថ្ងៃ​ទី​៤ ខែ​ទី​៩ គឺ​ជា​ខែ​គីស្លេវ* ក្នុង​ឆ្នាំ​ទី​៤​នៃ​ការ​គ្រប់​គ្រង​របស់​ស្ដេច​ដារីយុស នោះ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់​សាការី។+ ២  បណ្ដា​ជន​ក្រុង​បេតអែល​បាន​ចាត់​សារេសឺ និង​រេគេមម៉ាឡេក ព្រម​ទាំង​ពួក​បុរស​របស់​គាត់ ឲ្យ​ទៅ​អង្វរ​សុំ​សេចក្ដី​មេត្តា​ករុណា​ពី​ព្រះ​យេហូវ៉ា។ ៣  ពួក​គេ​សួរ​ពួក​សង្ឃ​នៅ​វិហារ​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ពួក​អ្នក​ប្រកាស​ទំនាយ​ថា​៖ ​«​តើ​គួរ​ឲ្យ​ខ្ញុំ​យំ ហើយ​មិន​បរិភោគ​អាហារ​ក្នុង​ខែ​ទី​៥+ ដូច​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ឬ?​»។ ៤  ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​មក​ដល់​ខ្ញុំ​ម្ដង​ទៀត​ថា​៖ ៥  ​«​ចូរ​ទៅ​ប្រាប់​បណ្ដា​ជន​ទាំង​អស់​និង​ពួក​សង្ឃ​ថា​៖ ‹កាល​ដែល​អ្នក​រាល់​គ្នា​តម​អាហារ ហើយ​ស្រែក​យំ​ក្នុង​ខែ​ទី​៥​និង​ខែ​ទី​៧+ អស់​៧០​ឆ្នាំ​នោះ+ តើ​អ្នក​រាល់​គ្នា​ពិត​ជា​ធ្វើ​ដើម្បី​ខ្ញុំ​ឬ? ៦  ពេល​ដែល​អ្នក​រាល់​គ្នា​បរិភោគ​ហើយ​ផឹក អ្នក​រាល់​គ្នា​ធ្វើ​ដើម្បី​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ មែន​ទេ? ៧  អ្នក​រាល់​គ្នា​គួរ​ធ្វើ​តាម​ប្រសាសន៍​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ប្រាប់​តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​នៅ​ជំនាន់​មុន+ ក្នុង​កាល​ដែល​យេរូសាឡិម​និង​ក្រុង​ផ្សេង​ៗ​ដែល​នៅ​ជុំវិញ មាន​មនុស្ស​រស់​នៅ​ដោយ​សន្តិភាព និង​ក្នុង​កាល​ដែល​តំបន់​ណេកេប​និង​តំបន់​សេភីឡា​នៅ​មាន​មនុស្ស​អាស្រ័យ​នៅ មែន​ទេ?›​»។ ៨  ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់​សាការី​ម្ដង​ទៀត​ថា​៖ ៩  ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​វិនិច្ឆ័យ​ក្ដី​ដោយ​យុត្តិធម៌+ ហើយ​ប្រព្រឹត្ត​ចំពោះ​គ្នា​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់+ និង​ដោយ​សេចក្ដី​មេត្តា​ករុណា។ ១០  កុំ​បន្លំ​បោក​ប្រាស់​ស្ត្រី​មេម៉ាយ កូន​កំព្រា*+ ជន​បរទេស+ ឬ​មនុស្ស​ក្រី​ក្រ+ ហើយ​មិន​ត្រូវ​គិត​ធ្វើ​អាក្រក់​ចំពោះ​គ្នា​ឡើយ›។+ ១១  ប៉ុន្តែ ពួក​គេ​មិន​ព្រម​ធ្វើ​តាម+ ក៏​មាន​ចិត្ត​រឹង​រូស*+ ហើយ​មិន​យក​ត្រចៀក​ស្ដាប់​លោក​ទាល់​តែ​សោះ។+ ១២  ពួក​គេ​មាន​ចិត្ត​រឹង​ដូច​ពេជ្រ*+ មិន​ព្រម​ធ្វើ​តាម​ច្បាប់*និង​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ ដែល​លោក​បាន​ប្រាប់​ដោយ​ឫទ្ធានុភាព​របស់​លោក​តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​នៅ​ជំនាន់​មុន​ទេ។+ ហេតុ​នេះ​ហើយ​បាន​ជា​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បញ្ចេញ​កំហឹង​យ៉ាង​ខ្លាំង​»។+ ១៣  ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹ពេល​ដែល​ខ្ញុំ​និយាយ ពួក​គេ​មិន​បាន​ស្ដាប់​ទេ។+ ដូច្នេះ ពេល​ដែល​ពួក​គេ​និយាយ ក៏​ខ្ញុំ​មិន​ស្ដាប់​ដែរ។+ ១៤  ខ្ញុំ​បាន​ឲ្យ​ព្យុះ​កម្ចាត់​កម្ចាយ​ពួក​គេ​ទៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា​ដែល​ពួក​គេ​មិន​ស្គាល់។+ រីឯ​ទឹក​ដី​របស់​ពួក​គេ​បាន​ត្រូវ​ទុក​ចោល គ្មាន​អ្នក​ណា​ម្នាក់​ដើរ​ឆ្លង​កាត់​ទេ+ ព្រោះ​ពួក​គេ​បាន​ធ្វើ​ឲ្យ​ទឹក​ដី​ដែល​គួរ​ឲ្យ​ចង់​រស់​នៅ ប្រែ​ទៅ​ជា​ទឹក​ដី​ដ៏​គួរ​ឲ្យ​ភ័យ​ស្លុត​វិញ›​»។

កំណត់សម្គាល់

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥
ឬ​«​កូន​កំព្រា​ឪពុក​»​
ន័យ​ត្រង់​«​ពួក​គេ​បែរ​ខ្នង​ចេញ​ដោយ​រឹង​ចចេស​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​រឹង​ដូច​ថ្ម​»​ ដូច​ជា​ថ្ម​សំលៀង
ឬ​«​ការ​ណែនាំ​»​