សៀវភៅសាំយូអែលទី១ ១០:១-២៧

  • សុល​បាន​ត្រូវ​រើស​តាំង​ជា​ស្ដេច (​១​-​១៦)

  • ការ​ណែនាំ​សុល​ឲ្យ​បណ្ដា​ជន​ស្គាល់ (​១៧​-​២៧)

១០  បន្ទាប់​មក សាំយូអែល​បាន​យក​ប្រេង​មក​ចាក់​ពី​លើ​ក្បាល​របស់​សុល។+ រួច​គាត់​ថើប​សុល ហើយ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ+លើ​រាស្ត្រ​របស់​លោក។+ ២  នៅ​ថ្ងៃ​នេះ ពេល​អ្នក​ធ្វើ​ដំណើរ​ចេញ​ទៅ អ្នក​នឹង​ជួប​បុរស​ពីរ​នាក់​ដែល​នៅ​ជិត​ទី​បញ្ចុះ​សព​របស់​រ៉ាជែល+ ត្រង់​សេលសា​ក្នុង​តំបន់​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន។ បុរស​ពីរ​នាក់​នោះ​នឹង​ប្រាប់​អ្នក​ថា​៖ ‹ហ្វូង​សត្វ​លា​ដែល​អ្នក​រក​នោះ គេ​បាន​រក​ឃើញ​ហើយ។ ប៉ុន្តែ​ឥឡូវ ឪ​ពុក​របស់​អ្នក​ឈប់​គិត​ពី​សត្វ​លា​ទាំង​នោះ​ទៀត​ហើយ+ តែ​គាត់​បារម្ភ​អំពី​អ្នក​វិញ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ឃើញ​កូន​ប្រុស​ខ្ញុំ​ត្រឡប់​មក​វិញ​ទេ តើ​ខ្ញុំ​គួរ​ធ្វើ​ដូច​ម្ដេច​ទៅ?​»​›។ ៣  កាល​ដែល​អ្នក​បន្ត​ដំណើរ​ទៅ​ដល់​ដើម​ឈើ​ធំ​មួយ​នៅ​ត្រង់​ថេបោ នោះ​អ្នក​នឹង​ជួប​បុរស​បី​នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​បេតអែល+ ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​ពិត។ បុរស​ម្នាក់​មាន​កូន​ពពែ​បី ម្នាក់​ទៀត​មាន​នំ​ប៉័ង​បី​ដុំ និង​ម្នាក់​ទៀត​មាន​ក្រឡ​ស្រា​ធំ​មួយ។ ៤  ពួក​គេ​នឹង​សួរ​សុខ​ទុក្ខ​អ្នក រួច​ឲ្យ​នំ​ប៉័ង​ពីរ​ដុំ​ដល់​អ្នក។ សូម​ទទួល​យក​នំ​ប៉័ង​ទាំង​នោះ។ ៥  បន្ទាប់​ពី​នោះ អ្នក​នឹង​ទៅ​ដល់​ទួល​នៃ​ព្រះ​ពិត។ នៅ​ទី​នោះ​មាន​បន្ទាយ​កង​ទ័ព​ភីលីស្ទីន។ ពេល​ដែល​អ្នក​ទៅ​ដល់​ក្រុង​នោះ អ្នក​នឹង​ជួប​អ្នក​ប្រកាស​ទំនាយ*មួយ​ក្រុម​ដែល​កំពុង​ចុះ​ពី​ទី​ខ្ពស់*មក​ទាំង​ប្រកាស​ទំនាយ* ដោយ​មាន​អ្នក​លេង​ភ្លេង* ស្គរ​ដៃ* ខ្លុយ និង​ពិណ​នាំ​មុខ​ផង។ ៦  ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក+ ហើយ​អ្នក​ក៏​នឹង​ប្រកាស​ទំនាយ​ជា​មួយ​នឹង​ពួក​គេ​ដែរ។ នៅ​ពេល​នោះ អ្នក​នឹង​ហាក់​ដូច​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត។+ ៧  ពេល​ដែល​អ្នក​ឃើញ​សញ្ញា​សម្គាល់​ទាំង​នេះ សូម​ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដោយ​សារ​ព្រះ​ពិត​នៅ​ជា​មួយ​នឹង​អ្នក។ ៨  ក្រោយ​មក សូម​អ្នក​ចុះ​ទៅ​ក្រុង​គីលកាល​មុន​ខ្ញុំ។+ ខ្ញុំ​នឹង​ទៅ​ជួប​អ្នក​នៅ​ទី​នោះ ដើម្បី​ជូន​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព។ សូម​អ្នក​រង់​ចាំ​ខ្ញុំ​៧​ថ្ងៃ ទាល់​តែ​ខ្ញុំ​ទៅ​ដល់។ បន្ទាប់​មក ខ្ញុំ​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង​អំពី​អ្វី​ដែល​អ្នក​គួរ​ធ្វើ​»។ ៩  កាល​ដែល​សុល​ចាក​ចេញ​ពី​សាំយូអែល​ភ្លាម ព្រះ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​របស់​សុល​ទៅ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត។ នៅ​ថ្ងៃ​នោះ សញ្ញា​សម្គាល់​ទាំង​ប៉ុន្មាន​នេះ​បាន​កើត​ឡើង​មែន។ ១០  សុល​និង​អ្នក​បម្រើ​ចេញ​ពី​ទី​នោះ​ទៅ​ដល់​ទួល​នៃ​ព្រះ​ពិត។ រួច​មក សុល​ក៏​ជួប​ក្រុម​អ្នក​ប្រកាស​ទំនាយ។ រំពេច​នោះ ឫទ្ធានុភាព​របស់​ព្រះ​មាន​ឥទ្ធិពល​ទៅ​លើ​សុល+ ហើយ​គាត់​ចាប់​ផ្ដើម​ប្រកាស​ទំនាយ+ជា​មួយ​នឹង​ពួក​គេ។ ១១  ពេល​ពួក​អ្នក​ដែល​ធ្លាប់​ស្គាល់​សុល ឃើញ​គាត់​កំពុង​ប្រកាស​ទំនាយ​ជា​មួយ​នឹង​ពួក​អ្នក​ទាំង​នោះ ពួក​គេ​ក៏​សួរ​គ្នា​ថា​៖ ​«​តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​កូន​ប្រុស​របស់​គីស? តើ​សុល​ក៏​ជា​អ្នក​ប្រកាស​ទំនាយ​ដែរ​ឬ?​»។ ១២  បុរស​ម្នាក់​នៅ​ទី​នោះ​និយាយ​ថា​៖ ​«​ចុះ​អ្នក​ប្រកាស​ទំនាយ​ឯ​ទៀត​នោះ តើ​អ្នក​ណា​ជា​ឪពុក​របស់​ពួក​គេ?​»។ ហេតុ​នោះ​ហើយ​បាន​ជា​មាន​ពាក្យ*ថា​៖ ​«​តើ​សុល​ក៏​ជា​អ្នក​ប្រកាស​ទំនាយ​ដែរ​ឬ?​»។+ ១៣  បន្ទាប់​ពី​សុល​ប្រកាស​ទំនាយ​រួច​ហើយ គាត់​បាន​ឡើង​ទៅ​ទី​ខ្ពស់។ ១៤  ក្រោយ​មក​ពូ​របស់​សុល សួរ​សុល​និង​អ្នក​បម្រើ​ថា​៖ ​«​តើ​អ្នក​ទាំង​ពីរ​ទើប​មក​ពី​ណា?​»។ សុល​ឆ្លើយ​ថា​៖ ​«​ពួក​ខ្ញុំ​ទៅ​រក​ហ្វូង​លា+ តែ​រក​មិន​ឃើញ​សោះ។ ម្ល៉ោះ​ហើយ ពួក​ខ្ញុំ​ក៏​ទៅ​ជួប​សាំយូអែល​»។ ១៥  ឮ​ដូច្នេះ ពូ​របស់​សុល​សួរ​គាត់​ថា​៖ ​«​សូម​ប្រាប់​ពូ តើ​សាំយូអែល​បាន​ប្រាប់​អ្វី​ដល់​ក្មួយ?​»។ ១៦  សុល​ឆ្លើយ​តប​ទៅ​ពូ​វិញ​ថា​៖ ​«​គាត់​បាន​ប្រាប់​ពួក​ខ្ញុំ​ថា គេ​រក​ឃើញ​ហ្វូង​លា​នោះ​ហើយ​»។ ប៉ុន្តែ សុល​មិន​បាន​ប្រាប់​ពូ​គាត់​អំពី​រឿង​ដែល​សាំយូអែល​តែង​តាំង​គាត់​ឲ្យ​ធ្វើ​ជា​ស្ដេច​ឡើយ។ ១៧  ក្រោយ​មក សាំយូអែល​បាន​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​មក​ជួប​ជុំ​គ្នា​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​មីសប៉ា។+ ១៨  រួច​សាំយូអែល​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល លោក​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​ជា​អ្នក​ដែល​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប ហើយ​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​កណ្ដាប់​ដៃ​ពួក​អេហ្ស៊ីប+ និង​ពី​កណ្ដាប់​ដៃ​របស់​រាជាណាចក្រ​ទាំង​ប៉ុន្មាន​ដែល​បាន​សង្កត់​សង្កិន​អ្នក​រាល់​គ្នា។ ១៩  ប៉ុន្តែ នៅ​ថ្ងៃ​នេះ​អ្នក​រាល់​គ្នា​បដិសេធ​ខ្ញុំ+ ជា​ព្រះ​ដែល​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​អន្តរាយ និង​ពី​ទុក្ខ​លំបាក​ទាំង​អស់។ អ្នក​រាល់​គ្នា​និយាយ​ថា​៖ ​«​សូម​តែង​តាំង​ស្ដេច​ម្នាក់​ឲ្យ​គ្រប់​គ្រង​លើ​យើង​»។ ឥឡូវ សូម​ឈរ​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា តាម​កុលសម្ព័ន្ធ និង​តាម​វង្ស​ត្រកូល​រៀង​ៗ​ខ្លួន›​»។* ២០  ក្រោយ​ពី​សាំយូអែល​ប្រាប់​អំពី​ប្រសាសន៍​របស់​ព្រះ​ចប់ គាត់​ឲ្យ​កុលសម្ព័ន្ធ​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ចូល​មក​បន្ត​បន្ទាប់​គ្នា។+ រួច​មក កុលសម្ព័ន្ធ​បេនយ៉ាមីន​បាន​ត្រូវ​ជ្រើស​រើស។+ ២១  បន្ទាប់​មក សាំយូអែល​បាន​ឲ្យ​កុលសម្ព័ន្ធ​បេនយ៉ាមីន​ចូល​មក​តាម​វង្ស​ត្រកូល រួច​ក្រុម​គ្រួសារ​ម៉ាទ្រី​បាន​ត្រូវ​ជ្រើស​រើស។ នៅ​ទី​បំផុត សុល​ដែល​ជា​កូន​ប្រុស​របស់​គីស​បាន​ត្រូវ​ជ្រើស​រើស។+ ប៉ុន្តែ ពេល​ពួក​គេ​រក​សុល នោះ​ពួក​គេ​រក​គាត់​មិន​ឃើញ​ទេ។ ២២  ដូច្នេះ ពួក​គេ​ក៏​សួរ​ព្រះ​យេហូវ៉ា​ថា​៖+ ​«​តើ​បុរស​នោះ​នៅ​ឯ​ណា?​»។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​គាត់​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​អីវ៉ាន់​»។ ២៣  ពួក​គេ​រត់​ទៅ​នាំ​គាត់​ចេញ​ពី​ទី​នោះ​មក។ កាល​ដែល​គាត់​ឈរ​នៅ​កណ្ដាល​ចំណោម​បណ្ដា​ជន ពួក​គេ​ទាំង​អស់​ខ្ពស់​បាន​ត្រឹម​ស្មា​គាត់​ប៉ុណ្ណោះ។+ ២៤  សាំយូអែល​និយាយ​ទៅ​កាន់​បណ្ដា​ជន​ទាំង​អស់​ថា​៖ ​«​សូម​មើល! បុរស​នេះ​ហើយ​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស។+ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​ដូច​គាត់​ទេ​»។ បណ្ដា​ជន​ទាំង​អស់​ក៏​បន្លឺ​សំឡេង​ថា​៖ ​«​សូម​ឲ្យ​ស្ដេច​មាន​អាយុ​វែង!​»។ ២៥  រួច​មក សាំយូអែល​ប្រាប់​បណ្ដា​ជន​អំពី​សិទ្ធិ​បង្គាប់​របស់​ស្ដេច។+ រួច​គាត់​កត់​ទុក​ក្នុង​សៀវភៅ​មួយ ហើយ​តម្កល់​ទុក​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា។ បន្ទាប់​មក សាំយូអែល​ឲ្យ​បណ្ដា​ជន​ទាំង​អស់​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ។ ២៦  ចំណែក​សុល គាត់​ក៏​ត្រឡប់​ទៅ​ផ្ទះ​នៅ​ក្រុង​គីបៀ​វិញ​ដែរ មាន​ទាំង​ពួក​អ្នក​អង់អាច​ដែល​ព្រះ​យេហូវ៉ា​បណ្ដាល​ចិត្ត​ពួក​គេ​ឲ្យ​អម​ដំណើរ​ទៅ​ជា​មួយ​ផង។ ២៧  ប៉ុន្តែ មនុស្ស​ឥត​បាន​ការ​ខ្លះ​និយាយ​ថា​៖ ​«​តើ​អ្នក​នេះ​អាច​សង្គ្រោះ​យើង​យ៉ាង​ដូច​ម្ដេច​បាន?​»។+ ពួក​គេ​ប្រមាថ​មើល​ងាយ​សុល ហើយ​ពួក​គេ​មិន​បាន​នាំ​យក​អំណោយ​ទៅ​ជូន​សុល​ទេ។+ ប៉ុន្តែ សុល​មិន​បាន​និយាយ​អ្វី​ទាល់​តែ​សោះ។

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ«​អ្នក​ប្រកាស​ទំនាយ​»​
នេះ​សំដៅ​លើ​កន្លែង​ពិសិដ្ឋ​សម្រាប់​គោរព​បូជា
មើល​និយម​ន័យ​ពាក្យ​«​ទំនាយ​»​
ឬ​«​លេង​ឧបករណ៍​ភ្លេង​ដែល​មាន​ខ្សែ​»​
នេះ​ជា​ស្គរ​តូច​មាន​រាង​សំប៉ែត
ឬ​«​មាន​សុភាសិត​»​
ឬ​«​តាម​ក្រុម​ទាំង​ពាន់​ៗ​»​