សៀវភៅសាំយូអែលទី១ ១២:១-២៥

  • ពាក្យ​ផ្ដែ​ផ្ដាំ​របស់​សាំយូអែល (​១​-​២៥)

    • ‹មិន​ត្រូវ​គោរព​បូជា​ព្រះ​ដែល​គ្មាន​ប្រយោជន៍› (​២១)

    • ព្រះ​យេហូវ៉ា​មិន​បោះ​បង់​ចោល​រាស្ត្រ​របស់​លោក​ទេ (​២២)

១២  ជា​ចុង​ក្រោយ សាំយូអែល​និយាយ​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ថា​៖ ​«​មើល! ខ្ញុំ​បាន​ធ្វើ​តាម​សំណូម​ពរ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​ហើយ។ ខ្ញុំ​បាន​តែង​តាំង​ស្ដេច​ម្នាក់​ឲ្យ​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា។+ ២  នេះ​ជា​ស្ដេច​របស់​អ្នក​រាល់​គ្នា!+ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​ចាស់​សក់​ស្កូវ​ហើយ។ ឯ​កូន​ប្រុស​ៗ​របស់​ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ។+ ខ្ញុំ​បាន​នាំ​មុខ​អ្នក​រាល់​គ្នា តាំង​ពី​ខ្ញុំ​នៅ​ក្មេង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។+ ៣  ឥឡូវ​ខ្ញុំ​នៅ​ត្រង់​នេះ! នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា និង​អ្នក​ដែល​លោក​បាន​រើស​តាំង+ បើ​អ្នក​រាល់​គ្នា​មាន​អ្វី​ចោទ​ប្រកាន់​ខ្ញុំ សូម​បង្ហាញ​ភ័ស្តុតាង​មក។ តើ​ខ្ញុំ​ធ្លាប់​យក​សត្វ​គោ​ឬ​សត្វ​លា​ពី​អ្នក​ណា​ទេ?+ តើ​ខ្ញុំ​ធ្លាប់​កេង​ប្រវ័ញ្ច​ឬ​ជិះ​ជាន់​អ្នក​ណា​ទេ? តើ​ខ្ញុំ​ធ្លាប់​ទទួល​សំណូក​ដើម្បី​កាត់​ក្ដី​ដោយ​អយុត្តិធម៌​ឬ​ទេ?+ បើ​ខ្ញុំ​ធ្លាប់​ធ្វើ​មែន ខ្ញុំ​នឹង​សង​អ្នក​រាល់​គ្នា​វិញ​»។+ ៤  ពួក​គេ​ឆ្លើយ​ថា​៖ ​«​អ្នក​មិន​ធ្លាប់​កេង​ប្រវ័ញ្ច​យើង ឬ​ជិះ​ជាន់​យើង ឬ​ទទួល​សំណូក​ពី​យើង​ឡើយ​»។ ៥  ដូច្នេះ សាំយូអែល​ប្រាប់​ពួក​គេ​ថា​៖ ​«​នៅ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​និង​អ្នក​ដែល​លោក​បាន​រើស​តាំង គឺ​ជា​សាក្សី​បញ្ជាក់​ថា​អ្នក​រាល់​គ្នា​គ្មាន​អ្វី​ចោទ​ប្រកាន់​ខ្ញុំ​ទេ​»។ ពួក​គេ​និយាយ​ថា​៖ ​«​ត្រូវ​ហើយ! លោក​គឺ​ជា​សាក្សី​ក្នុង​រឿង​នេះ​»។ ៦  ម្ល៉ោះ​ហើយ សាំយូអែល​និយាយ​ទៅ​បណ្ដា​ជន​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​សាក្សី​ក្នុង​រឿង​នេះ។ លោក​ជា​អ្នក​ដែល​បាន​ប្រើ​ម៉ូសេ​និង​អេរ៉ុន ហើយ​ជា​អ្នក​ដែល​បាន​នាំ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+ ៧  ឥឡូវ សូម​អ្នក​រាល់​គ្នា​តម្រៀប​ជួរ រួច​ខ្ញុំ​នឹង​វិនិច្ឆ័យ​អ្នក​រាល់​គ្នា​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា ដោយ​គិត​ពី​សេចក្ដី​ល្អ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា និង​ចំពោះ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា។ ៨  ​«​យ៉ាកុប​ដែល​ជា​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​បាន​មក​រស់​នៅ​ស្រុក​អេហ្ស៊ីប។+ ក្រោយ​មក កូន​ចៅ​របស់​គាត់​ដែល​ត្រូវ​ជា​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា ចាប់​ផ្ដើម​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ពួក​គេ។+ ព្រះ​យេហូវ៉ា​បាន​ចាត់​ម៉ូសេ+និង​អេរ៉ុន​ឲ្យ​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប ឲ្យ​មក​រស់​នៅ​ទឹក​ដី​នេះ។+ ៩  ក៏​ប៉ុន្តែ ពួក​គេភ្លេច​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​ពួក​គេ។ ដូច្នេះ លោក​បាន​ប្រគល់​ពួក​គេ+ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស៊ីសេរ៉ា+ ដែល​ជា​មេ​ទ័ព​នៃ​ក្រុង​ហាសោ។ បន្ថែម​ទៅទៀត លោក​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន+ និង​ស្ដេច​របស់​ពួក​ម៉ូអាប់។+ ពួក​សត្រូវ​ទាំង​នេះ​បាន​ច្បាំង​នឹង​ពួក​គេ​ឥត​ឈប់​ឈរ។ ១០  រួច​មក ពួក​គេ​បាន​អង្វរ​សុំ​ឲ្យ​ព្រះ​យេហូវ៉ា​ជួយ+ ដោយ​និយាយ​ថា​៖ ‹យើង​បាន​ធ្វើ​ខុស​ហើយ+ ព្រោះ​យើង​បាន​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា​ទៅ​បម្រើ​រូប​ព្រះ​បាល+និង​រូប​ព្រះ​អាសថារ៉ូត។+ សូម​លោក​ជួយ​សង្គ្រោះ​យើង​ពី​កណ្ដាប់​ដៃ​របស់​ពួក​សត្រូវ​ផង នោះ​យើង​នឹង​ត្រឡប់​មក​បម្រើ​លោក​វិញ›។ ១១  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ចាត់​យេរូបាល+ បេដាន យែបថា+ និង​សាំយូអែល+ ឲ្យ​មក​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​កណ្ដាប់​ដៃ​របស់​ពួក​សត្រូវ​ដែល​នៅ​ជុំវិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​រស់​នៅ​ដោយ​សុខ​សាន្ត។+ ១២  ពេល​អ្នក​រាល់​គ្នា​បាន​ឃើញ​ណាហាស+ជា​ស្ដេច​របស់​ពួក​អាំម៉ូន មក​ប្រឆាំង​ទាស់​នឹង​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ចេះ​តែ​និយាយ​មក​ខ្ញុំ​ថា​៖ ‹យើង​ចង់​បាន​ស្ដេច​គ្រប់​គ្រង​លើ​យើង!›+ ទោះ​ជា​អ្នក​រាល់​គ្នា​មាន​ព្រះ​យេហូវ៉ា​ជា​ព្រះ​និង​ជា​ស្ដេច​របស់​អ្នក​រាល់​គ្នា​ក៏​ដោយ។+ ១៣  នេះ​ហើយ​ជា​ស្ដេច​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស ជា​ស្ដេច​ដែល​អ្នក​រាល់​គ្នា​បាន​សុំ។ មើល! ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ស្ដេច​ម្នាក់​ឲ្យ​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា។+ ១៤  បើ​អ្នក​រាល់​គ្នា​កោត​ខ្លាច​ព្រះ​យេហូវ៉ា+ ហើយ​បម្រើ​លោក+ ព្រម​ទាំង​ស្ដាប់​ប្រសាសន៍*របស់​លោក+ ដោយ​មិន​បះ​បោរ​ប្រឆាំង​នឹង​បង្គាប់​របស់​ព្រះ​យេហូវ៉ា ហើយ​បើ​អ្នក​រាល់​គ្នា​និង​ស្ដេច​ដែល​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​សុខ។ ១៥  ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទេ ហើយ​បះ​បោរ​ប្រឆាំង​នឹង​បង្គាប់​របស់​ព្រះ​យេហូវ៉ា នោះ​ព្រះ​យេហូវ៉ា​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ព្រម​ទាំង​ឪពុក​របស់​អ្នក​រាល់​គ្នា​ដែរ។+ ១៦  ឥឡូវ សូម​អ្នក​រាល់​គ្នា​តម្រៀប​ជួរ ហើយ​មើល​ការ​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា។ ១៧  តើ​ពេល​នេះ​មិន​មែន​ជា​រដូវ​ច្រូត​កាត់​ទេ​ឬ? តែ​ខ្ញុំ​នឹង​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​មាន​ផ្គរ​លាន់​និង​ភ្លៀង រួច​អ្នក​រាល់​គ្នា​នឹង​ឃើញ​ថា​អ្នក​រាល់​គ្នា​បាន​ធ្វើ​ខុស​ធ្ងន់​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​សារ​អ្នក​រាល់​គ្នា​បាន​សុំ​ឲ្យ​មាន​ស្ដេច​»។+ ១៨  ភ្លាម​នោះ សាំយូអែល​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​ផ្គរ​លាន់​និង​ភ្លៀង​នៅ​ពេល​នោះ​ឯង។ បណ្ដា​ជន​ទាំង​អស់​ភ័យ​ខ្លាច​ព្រះ​យេហូវ៉ា​និង​សាំ​យូ​អែ​ល​ខ្លាំង​ណាស់។ ១៩  ដូច្នេះ ពួក​គេ​និយាយ​ទៅ​សាំយូអែល​ថា​៖ ​«​សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​របស់​អ្នក​ឲ្យ​យើង​ផង+ ពី​ព្រោះ​យើង​មិន​ចង់​ស្លាប់​ទេ។ យើង​បាន​ធ្វើ​ខុស​ម្ដង​ទៀត ដោយ​សុំ​ឲ្យ​មាន​ស្ដេច​»។ ២០  ដូច្នេះ សាំយូអែល​និយាយ​ទៅ​កាន់​បណ្ដា​ជន​ថា​៖ ​«​កុំ​ភ័យ​ខ្លាច​ឡើយ។ ពិត​មែន​តែ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ខុស​ធ្ងន់ តែ​សូម​អ្នក​រាល់​គ្នា​កុំ​បែរ​ចេញ​ពី​ព្រះ​យេហូវ៉ា​ឲ្យ​សោះ។+ អ្នក​រាល់​គ្នា​ត្រូវ​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​ដួង​ចិត្ត។+ ២១  អ្នក​រាល់​គ្នាមិន​ត្រូវ​ចាក​ចេញ​ពី​លោក ហើយ​ទៅ​គោរព​បូជា​បណ្ដា​ព្រះ​មិន​ពិត​ឡើយ+ ព្រោះ​ព្រះទាំង​នោះ​គឺ​អសារ​ឥត​ការ​និង​គ្មាន​ប្រយោជន៍+ ហើយ​ក៏​មិន​អាច​ជួយ​អ្នក​រាល់​គ្នា​បាន​ដែរ។ ២២  ព្រះ​យេហូវ៉ា​ច្បាស់​ជា​មិន​បោះ​បង់​ចោល​រាស្ត្រ​របស់​លោក​ទេ+ ព្រោះ​តែ​នាម​ដ៏​អស្ចារ្យ​របស់​លោក+ និង​ព្រោះ​តែ​ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​រាស្ត្រ​របស់​លោក។+ ២៣  ចំណែក​ខ្ញុំ​វិញ ខ្ញុំ​គ្មាន​ថ្ងៃ​ធ្វើ​ខុស​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​ឈប់​អធិដ្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ។ ខ្ញុំ​នឹង​បន្ត​ណែនាំ​អ្នក​រាល់​គ្នា​ឲ្យ​ប្រព្រឹត្ត​ល្អ​និង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​តាម​ផ្លូវ​របស់​ព្រះ។ ២៤  ចូរ​អ្នក​រាល់​គ្នា​កោត​ខ្លាច​តែ​ព្រះ​យេហូវ៉ា​មួយ​ប៉ុណ្ណោះ+ ហើយ​បម្រើ​លោក​យ៉ាង​ស្មោះ​អស់​ពី​ដួង​ចិត្ត ព្រោះ​អ្នក​រាល់​គ្នា​បាន​ឃើញ​ការ​អស្ចារ្យ​ជា​ច្រើន​ដែល​លោក​ធ្វើ​ដើម្បី​អ្នក​រាល់​គ្នា។+ ២៥  ក៏​ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​នៅ​តែ​ចចេស​ធ្វើ​អាក្រក់ នោះ​អ្នក​រាល់​គ្នា​និង​ស្ដេច​របស់​អ្នក​រាល់​គ្នា+ច្បាស់​ជា​វិនាស​មិន​ខាន​»។+

កំណត់សម្គាល់

ន័យ​ត្រង់​«​សំឡេង​»​