សៀវភៅសាំយូអែលទី១ ១៣:១-២៣

  • សុល​ជ្រើស​រើស​កង​ទ័ព (​១​-​៤)

  • សុល​ប្រព្រឹត្ត​ដោយ​ព្រហើន (​៥​-​៩)

  • សាំយូអែល​កែ​តម្រង់​សុល (​១០​-​១៤)

  • អ៊ីស្រាអែល​គ្មាន​គ្រឿង​ចម្បាំង (​១៥​-​២៣)

១៣  ពេល​សុល​ក្លាយ​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ . . .*ឆ្នាំ។+ គាត់​គ្រប់​គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។ ២  រួច​មក សុល​បាន​ជ្រើស​រើស​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ចំនួន​៣.០០០​នាក់។ សុល​ឲ្យ​បុរស​២.០០០​នាក់​នៅ​ជា​មួយ​នឹង​គាត់​នៅ​មីកម៉ាស់​និង​តំបន់​ភ្នំ​ក្រុង​បេតអែល ហើយ​គាត់​ឲ្យ​បុរស​១.០០០​នាក់​ទៀត​នៅ​ជា​មួយ​នឹង​យ៉ូណាថាន+នៅ​ឯ​ក្រុង​គីបៀ+ក្នុង​ស្រុក​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន។ ចំណែក​បណ្ដា​ជន​ដែល​នៅ​សល់ សុល​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ត្រសាល​រៀង​ៗ​ខ្លួន​វិញ។ ៣  រួច​មក យ៉ូណាថាន​វាយ​ប្រហារ​បន្ទាយ​ទ័ព​ពួក​ភីលីស្ទីន+នៅ​ក្រុង​កេបា។+ រឿង​នេះ​បាន​ឮ​ទៅ​ដល់​ពួក​ភីលីស្ទីន។ ម្ល៉ោះ​ហើយ សុល​បាន​ឲ្យ​គេ​ផ្លុំ​ស្នែង+នៅ​ទូ​ទាំង​ស្រុក​អ៊ីស្រាអែល ដោយ​ប្រកាស​ថា​៖ ​«​ជន​រួម​ជាតិ​ហេប្រឺ​អើយ សូម​អ្នក​ទាំង​អស់​គ្នា​ស្ដាប់!​»។ ៤  ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​ទទួល​ដំណឹង​ថា​៖ ​«​សុល​បាន​វាយ​ប្រហារ​បន្ទាយ​ទ័ព​របស់​ពួក​ភីលីស្ទីន នេះ​ធ្វើ​ឲ្យ​ពួក​គេ​ស្អប់​ជន​ជាតិ​អ៊ីស្រាអែល​ខ្លាំង​ណាស់​»។ ដូច្នេះ អ្នក​នាំ​ដំណឹង​បាន​ហៅ​បណ្ដា​ជន​ឲ្យ​មក​ជួប​សុល​នៅ​ក្រុង​គីលកាល។+ ៥  ពួក​ភីលីស្ទីន​ប្រមូល​គ្នា​ដើម្បី​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។ ពួក​គេ​មាន​រទេះ​ចម្បាំង​៣០.០០០ ទាហាន​សេះ​៦.០០០ និង​កង​ទ័ព​ច្រើន​សន្ធឹក​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។+ រួច​ពួក​គេ​ធ្វើ​ដំណើរ​ឡើង​ទៅ​បោះ​ទ័ព​នៅ​មីកម៉ាស់ ដែល​នៅ​ភាគ​ខាង​កើត​នៃ​ក្រុង​បេតអាវេន។+ ៦  ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ឃើញ​ថា​ពួក​គេ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់ ពួក​គេ​ភ័យ​ស្លន់ស្លោ ហើយ​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​រូង​ភ្នំ+ រណ្ដៅ ក្រហែង​ថ្ម បន្ទប់​ក្រោម​ដី* និង​អណ្ដូង​ស្ងួត។ ៧  រីឯ​ជន​ជាតិ​ហេប្រឺ​ខ្លះ​បាន​ឆ្លង​ទន្លេយ៉ូដាន់​ទៅ​ស្រុក​កាដ​និង​ស្រុក​គីលាត។+ ប៉ុន្តែ សុល​បន្ត​នៅ​ក្រុង​គីលកាល ហើយ​អស់​អ្នក​ដែល​នៅ​ជា​មួយ​នឹង​គាត់​ភ័យ​ញាប់​ញ័រ។ ៨  សុល​បន្ត​រង់​ចាំ​សាំយូអែល​អស់​៧​ថ្ងៃ​ដូច​ដែល​គាត់​បាន​ប្រាប់ តែ​មិន​ឃើញ​សាំយូអែល​មក​ក្រុង​គីលកាល​ទេ ហើយ​អស់​អ្នក​ដែល​នៅ​ជា​មួយ​នឹង​សុល ចាប់​ផ្ដើម​រត់​ចោល​គាត់។ ៩  ដោយ​ឃើញ​ដូច្នេះ សុល​និយាយ​ថា​៖ ​«​យក​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព​មក​ឲ្យ​ខ្ញុំ​»។ រួច​គាត់​បាន​ជូន​គ្រឿង​បូជា​ដុត។+ ១០  កាល​ដែល​សុល​ជូន​គ្រឿង​បូជា​ដុត​រួច​ភ្លាម នោះ​សាំយូអែល​ក៏​មក​ដល់។ សុល​ចេញ​ទៅ​ស្វាគមន៍​គាត់។ ១១  រួច​សាំយូអែល​សួរ​សុល​ថា​៖ ​«​ហេតុ​អ្វី​អ្នក​ធ្វើ​ដូច្នេះ?​»។ សុល​តប​ថា​៖ ​«​ខ្ញុំ​ឃើញ​បណ្ដា​ជន​ចាប់​ផ្ដើម​រត់​ចោល​ខ្ញុំ+ ហើយ​អ្នក​ក៏​មិន​បាន​មក​តាម​ពេល​កំណត់​ដែរ។ រីឯ​ពួក​ភីលីស្ទីន​វិញ ពួក​គេ​កំពុង​ប្រជុំ​គ្នា​នៅ​មីកម៉ាស់។+ ១២  ដូច្នេះ ខ្ញុំ​គិត​ថា​៖ ‹ពួក​ភីលីស្ទីន​នឹង​មក​ច្បាំង​នឹង​ខ្ញុំ​នៅ​ក្រុង​គីលកាល ហើយ​ខ្ញុំ​មិន​ទាន់​បាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ខ្ញុំ​ទេ›។ ម្ល៉ោះ​ហើយ​បាន​ជា​ខ្ញុំ​បង្ខំ​ចិត្ត​ជូន​គ្រឿង​បូជា​ដុត​នេះ​»។ ១៣  សាំយូអែល​និយាយ​ទៅ​សុល​វិញ​ថា​៖ ​«​អ្នក​បាន​ប្រព្រឹត្ត​ដោយ​ឥត​ពិចារណា​ហើយ។ អ្នក​មិន​បាន​ធ្វើ​តាម​បញ្ញត្តិ​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ឲ្យ​ទេ។+ បើ​អ្នក​ធ្វើ​តាម នោះ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​រាជ្យ​របស់​អ្នក​បាន​រឹង​មាំ​ស្ថិតស្ថេរ​រហូត​ត​ទៅ។ ១៤  ប៉ុន្តែ​ឥឡូវ រាជ្យ​របស់​អ្នក​នឹង​មិន​នៅ​ស្ថិតស្ថេរ​ឡើយ+ ដោយ​សារ​អ្នក​មិន​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា។+ ព្រះ​យេហូវ៉ា​នឹង​រក​បុរស​ម្នាក់​ទៀត​ដែល​លោក​ពេញ​ចិត្ត+ ហើយ​ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ភារកិច្ច​ឲ្យ​គាត់​ដឹក​នាំ​លើ​រាស្ត្រ​របស់​លោក​វិញ​»។+ ១៥  ក្រោយ​មក សាំយូអែល​ចេញ​ពី​ក្រុង​គីលកាល​ឡើង​ទៅ​ក្រុង​គីបៀ​ក្នុង​ស្រុក​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន។ រួច​សុល​បាន​រាប់​ចំនួន​មនុស្ស​ដែល​នៅ​ជា​មួយ​នឹង​គាត់ ឃើញ​ថា​មាន​បុរស​ប្រហែល​៦០០​នាក់។+ ១៦  សុល​និង​យ៉ូណាថាន​ដែល​ជា​កូន ព្រម​ទាំង​មនុស្ស​ទាំង​ប៉ុន្មាន​នោះ បាន​ទៅ​អាស្រ័យ​នៅ​ក្រុង​កេបា+ក្នុង​ស្រុក​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន។ ឯ​ពួក​ភីលីស្ទីន​បាន​បោះ​ទ័ព​នៅ​មីកម៉ាស់។+ ១៧  ក្រុម​វាយ​ឆ្មក់​បី​កង​របស់​ពួក​ភីលីស្ទីន​បាន​ចេញ​ពី​ទី​បោះ​ទ័ព។ កង​ទី​១​ចេញ​តាម​ផ្លូវ​ក្រុង​អូប្រា​ទៅ​ឯ​ស្រុក​ស៊ូអាល។ ១៨  កង​ទី​២​ចេញ​តាម​ផ្លូវ​ដែល​ទៅ​ដល់​ក្រុង​បេតហូរ៉ុន+ ហើយ​កង​ទី​៣​ចេញ​តាម​ផ្លូវ​ដែល​ទៅ​ដល់​ព្រំ​ប្រទល់ ដែល​នៅ​មុខ​ជ្រលង​ភ្នំ​សេបូអ៊ីម​ខាង​តំបន់​ស្ងាត់​ជ្រងំ។ ១៩  នៅ​គ្រា​នោះ ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល​គ្មាន​ជាង​ដែក​ទេ ដោយ​សារ​ពួក​ភីលីស្ទីន​មិន​អនុញ្ញាត​ឲ្យ​ជន​ជាតិ​ហេប្រឺ​ធ្វើ​ដាវ​លំពែង​ឡើយ។ ២០  ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ត្រូវ​ចុះ​ទៅ​ឯ​ពួក​ភីលីស្ទីន ដើម្បី​សំលៀង​ផាល​នង្គ័ល ចប​ត្រសេះ ពូថៅ ឬ​កណ្ដៀវ។ ២១  ថ្លៃ​ឈ្នួល​សម្រាប់​សម្រួច​ជន្លួញ សំលៀង​ផាល​នង្គ័ល ចប​ត្រសេះ រនាស់ និង​ពូថៅ គឺ​ថ្លៃ​មួយ​ភីម។* ២២  នៅ​ថ្ងៃ​ចម្បាំង បុរស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​នឹង​សុល​និង​យ៉ូណាថាន មិន​មាន​ដាវ​ឬ​លំពែង​ទេ+ លើក​លែង​តែ​សុល​និង​យ៉ូណាថាន​ប៉ុណ្ណោះ​ដែល​មាន។ ២៣  នៅ​ថ្ងៃ​មួយ ទាហាន​មួយ​ក្រុម​របស់​ពួក​ភីលីស្ទីន​បាន​ចេញ​ទៅ​តាម​ផ្លូវ​ច្រក​ភ្នំ​មីកម៉ាស់។+

កំណត់សម្គាល់

មិន​ឃើញ​មាន​ចំនួន​ឆ្នាំ​ក្នុង​ឯកសារ​ហេប្រឺ​ទេ
ឬ​«​ឃ្លាំង​ក្រោម​ដី​»​
ទម្ងន់​នៅ​សម័យ​បុរាណ ប្រមាណ​២​ភាគ​៣​នៃ​មួយ​ហ្សេគិល