សៀវភៅសាំយូអែលទី១ ១៤:១-៥២

  • ភាព​អង់អាច​របស់​យ៉ូណាថាន​នៅ​មីកម៉ាស់ (​១​-​១៤)

  • ព្រះ​ធ្វើ​ឲ្យ​ពួក​សត្រូវ​របស់​អ៊ីស្រាអែល​បរាជ័យ (​១៥​-​២៣)

  • សុល​ស្បថ​ដោយ​មិន​គិត​ពិចារណា (​២៤​-​៤៦)

    • ពួក​ទាហាន​បរិភោគ​សាច់​ដែល​មាន​ឈាម (​៣២​-​៣៤)

  • សុល​ធ្វើ​ចម្បាំង។ ក្រុម​គ្រួសារ​របស់​សុល (​៤៧​-​៥២)

១៤  ថ្ងៃ​មួយ យ៉ូណាថាន+កូន​ប្រុស​សុល និយាយ​ទៅ​អ្នក​បម្រើ​ដែល​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់​ថា​៖ ​«​តោះ! យើង​ឆ្លង​ទៅ​បន្ទាយ​ទ័ព​ពួក​ភីលីស្ទីន​ដែល​នៅ​ម្ខាង​ទៀត​»។ ប៉ុន្តែ គាត់​មិន​បាន​ប្រាប់​ឪពុក​របស់​គាត់​ទេ។ ២  សុល​បាន​បន្ត​នៅ​ក្រោម​ដើម​ទទឹម​មួយ​នៅ​មីករ៉ូន ដែល​ស្ថិត​នៅ​ជាយ​ក្រុង​គីបៀ។+ នៅ​ទី​នោះ មាន​បុរស​ប្រហែល​៦០០​នាក់​ដែល​នៅ​ជា​មួយ​នឹង​គាត់+ ៣  (​គ្រា​នោះ អាហាយ៉ា​ដែល​ជា​សង្ឃ​ពាក់​អាវ​អេផូឌ។+ គាត់​ជា​កូន​ប្រុស​របស់​អាហាយថូប+ដែល​ជា​បង​ប្រុស​របស់​អ៊ីកាបុត+ អ៊ីកាបុត​ជា​កូន​ប្រុស​របស់​ភីនេហាស+ ភីនេហាស​ជា​កូន​ប្រុស​អេលី+ដែល​ជា​សង្ឃ​របស់​ព្រះ​យេហូវ៉ា​នៅ​ក្រុង​ស៊ីឡូរ​)។+ ឯ​ពួក​ទាហាន​មិន​បាន​ដឹង​ថា​យ៉ូណាថាន​ចេញ​ទៅ​បន្ទាយ​ទ័ព​ពួក​ភីលីស្ទីន​ទេ។ ៤  យ៉ូណាថាន​រក​ផ្លូវ​ឆ្លង​ច្រក​ភ្នំ​ទៅ​បន្ទាយ​ទ័ព​ពួក​ភីលីស្ទីន។ នៅ​ចន្លោះ​ច្រក​ភ្នំ​នោះ​មាន​ថ្ម​ធំ​ៗ​ពីរ​ខ្ពស់​ចោត​អម​សង​ខាង។ ថ្ម​មួយ​ឈ្មោះ​បូសេស ហើយ​ថ្ម​មួយ​ទៀត​ឈ្មោះ​សេនេ។ ៥  ថ្ម​មួយ​បែរ​មុខ​ទៅ​ឯ​មីកម៉ាស់​ដែល​នៅ​ទិស​ខាង​ជើង ហើយ​ថ្ម​មួយ​ទៀត​បែរ​មុខ​ទៅ​ឯ​ក្រុង​កេបា​ដែល​នៅ​ទិស​ខាង​ត្បូង។+ ៦  យ៉ូណាថាន​និយាយ​ទៅ​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់​ថា​៖ ​«​តោះ! យើង​ឆ្លង​ទៅ​បន្ទាយ​ទ័ព​ជន​ជាតិ​ដទៃ*ទាំង​នោះ។+ ប្រហែល​ជា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង ព្រោះ​គ្មាន​អ្វី​អាច​រា​រាំង​ព្រះ​យេហូវ៉ា​មិន​ឲ្យ​សង្គ្រោះ​យើង​ឡើយ ទោះ​ជា​យើង​មាន​គ្នា​តិច​ឬ​ច្រើន​ក្ដី​»។+ ៧  អ្នក​កាន់​គ្រឿង​ចម្បាំង​និយាយ​ថា​៖ ​«​បាទ ស្រេច​តែ​លោក​ទេ។ កន្លែង​ណា​ដែល​លោក​ចង់​ទៅ ខ្ញុំ​នឹង​ទៅ​តាម​លោក​»។ ៨  រួច​មក យ៉ូណាថាន​និយាយ​ថា​៖ ​«​យើង​នឹង​ឆ្លង​ទៅ​ទី​តាំង​របស់​ពួក​គេ ហើយ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​គេ​ឃើញ។ ៩  បើ​ពួក​គេ​និយាយ​មក​យើង​ថា​៖ ‹ចូរ​ចាំ​នៅ​ត្រង់​ហ្នឹង​ហើយ!› នោះ​យើង​នឹង​រង់​ចាំ ហើយ​មិន​ឡើង​ទៅ​ច្បាំង​នឹង​ពួក​គេ​ទេ។ ១០  តែ​បើ​ពួក​គេ​និយាយ​ថា​៖ ‹ចូរ​ឡើង​មក​ច្បាំង​មក!› នោះ​យើង​នឹង​ឡើង​ទៅ ព្រោះ​នេះ​ជា​សញ្ញា​សម្គាល់​ឲ្យ​យើង​ដឹង​ថា ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​»។+ ១១  រួច​មក យ៉ូណាថាន​និង​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់ ក៏​បង្ហាញ​ខ្លួន​ឲ្យ​ពួក​ទ័ព​ភីលីស្ទីន​ឃើញ។ ពួក​ទ័ព​ភីលីស្ទីន​និយាយ​ថា​៖ ​«​មើល! ជន​ជាតិ​ហេប្រឺ​ចេញ​ពី​កន្លែង​ដែល​ពួក​គេ​លាក់​ខ្លួន​»។+ ១២  ដូច្នេះ ពួក​ភីលីស្ទីន​ស្រែក​ប្រាប់​យ៉ូណាថាន​និង​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់​ថា​៖ ​«​ចូរ​ឡើង​មក​ច្បាំង​មក ចាំ​យើង​ប្រដៅ​ពួក​ឯង​ឲ្យ​ដឹង​ដៃ​ម្ដង!​»។+ ភ្លាម​នោះ យ៉ូណាថាន​ប្រាប់​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់​ថា​៖ ​«​សូម​មក​តាម​ខ្ញុំ ព្រោះ​ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រាអែល​»។+ ១៣  យ៉ូណាថាន​តោង​ជម្រាល​ថ្ម​ឡើង ហើយ​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់​ឡើង​តាម​ពី​ក្រោយ​គាត់។ យ៉ូណាថាន​វាយ​ប្រហារ​ពួក​ភីលីស្ទីន ហើយ​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់​ផ្ដាច់​ជីវិត​ពួក​គេ​តាម​ក្រោយ។ ១៤  ដំបូង យ៉ូណាថាន​និង​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់​បាន​វាយ​សម្លាប់​មនុស្ស​អស់​ប្រហែល​២០​នាក់​នៅ​លើ​ផ្ទៃ​ដី​ទំហំ​តូច។* ១៥  ពេល​នោះ ទាហាន​ភីលីស្ទីន​ទាំង​អស់​ក្នុង​ជំរំ​និង​ក្នុង​បន្ទាយ​ទ័ព​ក៏​ភ័យ​ស្លុត​គ្រប់​ៗ​គ្នា សូម្បី​តែ​ក្រុម​វាយ​ឆ្មក់+ក៏​ភ័យ​ខ្លាច​ដែរ។ ឯ​ដី​ចាប់​ផ្ដើម​រញ្ជួយ ហើយ​ព្រះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ស្លុត​យ៉ាង​ខ្លាំង។ ១៦  អ្នក​យាម​ល្បាត​របស់​សុល​នៅ​ក្រុង​គីបៀ+ក្នុង​ស្រុក​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន បាន​ឃើញ​ថា​មាន​ភាព​ចលាចល​ពេញ​ជំរំ​សត្រូវ។+ ១៧  សុល​និយាយ​ទៅ​កាន់​អ្នក​ដែល​នៅ​ជា​មួយ​នឹង​គាត់​ថា​៖ ​«​សូម​រាប់​ចំនួន​មនុស្ស ដើម្បី​ដឹង​ថា​បាត់​អ្នក​ណា​ខ្លះ​»។ ពេល​ពួក​គេ​រាប់​ហើយ ឃើញ​ថា​បាត់​យ៉ូណាថាន​និង​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់។ ១៨  សុល​និយាយ​ទៅ​អាហាយ៉ា+ ដោយ​ពោល​ថា​៖ ​«​សូម​យក​ហឹប​នៃ​ព្រះ​ពិត​មក​ទី​នេះ!​»​ (​នៅ​ពេលនោះ ហឹប​នៃ​ព្រះពិត​នៅ​ជា​មួយ​នឹង​ជន​ជាតិ​អ៊ីស្រាអែល​)។ ១៩  កាល​ដែល​សុលកំពុងនិយាយ​ទៅ​កាន់​សង្ឃ​នោះ ភាព​ចលាចល​ក៏​កើត​មាន​កាន់​តែ​ខ្លាំង​ឡើង​នៅ​ទី​បោះ​ទ័ព​ពួកភីលីស្ទីន។ សុល​និយាយ​ទៅ​សង្ឃ​ថា​៖ ​«​សូម​ឈប់​ធ្វើ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ទៅ​»។ ២០  ដូច្នេះ សុល​និង​ទាហាន​ទាំង​អស់​របស់​គាត់​បាន​ជួប​ជុំ​គ្នា រួច​ចេញ​ទៅ​សមរភូមិ។ ពេល​ទៅ​ដល់ ពួក​គេ​ឃើញ​ពួក​ភីលីស្ទីន​កំពុង​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ឃើញ​មាន​ភាព​វឹកវរ​ក្រៃ​លែង។ ២១  ម្យ៉ាង​ទៀត ជន​ជាតិ​ហេប្រឺ​ដែល​ធ្លាប់​គាំទ្រ​ពួក​ភីលីស្ទីន និង​ដែល​បាន​ឡើង​ទៅ​ទី​បោះ​ទ័ព​ជា​មួយ​នឹង​ពួក​គេ ឥឡូវ​បែរ​មកគាំទ្រ​ជន​ជាតិ​អ៊ីស្រាអែល​ក្រោម​ការ​គ្រប់​គ្រង​របស់​សុល​និង​យ៉ូណាថាន​វិញ។ ២២  ឯ​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ដែល​លាក់​ខ្លួន+នៅ​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម ពួក​គេ​បាន​ឮ​ថា​ពួក​ភីលីស្ទីន​កំពុង​រត់​គេច​ខ្លួន​ហើយ។ ដូច្នេះ ពួក​គេ​ក៏​ចូល​រួម​ដេញ​តាម​សម្លាប់​ពួក​ភីលីស្ទីន​ដែរ។ ២៣  នៅ​ថ្ងៃ​នោះ ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល+ ហើយ​ការ​ច្បាំង​គ្នា​នោះ​បន្ត​រហូត​ទៅ​ដល់​ក្រុង​បេតអាវេន។+ ២៤  ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​នោះ ទាហាន​ជន​ជាតិ​អ៊ីស្រាអែល​ហេវ​ហត់​ខ្លាំង​ណាស់ ព្រោះ​សុល​បាន​ឲ្យ​ពួក​គេ​ធ្វើ​តាម​សម្បថ​របស់​គាត់ ដែល​ថា​៖ ​«​បើ​មាន​អ្នក​ណា​ម្នាក់​បរិភោគ​អាហារ*មុន​ពេល​ល្ងាច និង​មុន​ពេល​ខ្ញុំ​សង​សឹក​សត្រូវ​របស់​ខ្ញុំ អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា!​»។ ម្ល៉ោះ​ហើយ ពួក​គេ​ទាំង​អស់​គ្នា​មិន​ហ៊ាន​បរិភោគ​អ្វី​ឡើយ។+ ២៥  ទាហាន​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​មក​ដល់​ព្រៃ​មួយ។ នៅ​ទី​នោះ​មាន​ទឹក​ឃ្មុំ​ស្រក់​ហូរហៀរ​លើ​ដី។ ២៦  ពេល​ពួក​គេ​ចូល​ក្នុង​ព្រៃ​នោះ ពួក​គេ​បាន​ឃើញ​ទឹក​ឃ្មុំ​កំពុង​ស្រក់​ចុះ។ ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​លូក​ដៃ​យក​ទឹក​ឃ្មុំ​នោះ​មក​បរិភោគ​ទេ ដោយ​សារ​ពួក​គេ​ខ្លាច​ត្រូវ​សម្បថ​របស់​សុល។ ២៧  ចំណែក​យ៉ូណាថាន គាត់​មិន​បាន​ដឹង​អំពី​សម្បថ​របស់​ឪពុក​គាត់​ឡើយ។+ គាត់​លូក​ចុង​ដំបង​ទៅ​ចាក់​ក្នុង​ផ្លិត​ឃ្មុំ ហើយ​យក​មក​បរិភោគ ពេល​នោះ​ស្រាប់​តែ​គាត់​មាន​កម្លាំង​ឡើង​វិញ។ ២៨  ភ្លាម​នោះ ទាហាន​ម្នាក់​ប្រាប់​យ៉ូណាថាន​ថា​៖ ​«​ឪពុក​របស់​លោក​បាន​ឲ្យ​ពួក​យើង​ធ្វើ​តាម​សម្បថ​ថា​៖ ‹បើ​មាន​អ្នក​ណា​ម្នាក់​បរិភោគ​នៅ​ថ្ងៃ​នេះ អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា​ជា​មិន​ខាន!›។+ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​ហេវ​ហត់​ខ្លាំង​យ៉ាង​នេះ​»។ ២៩  ដូច្នេះ យ៉ូណាថាន​និយាយ​ថា​៖ ​«​ឪពុក​ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វេទនា​ហើយ។ អ្នក​រាល់​គ្នា​ឃើញ​ទេ ខ្ញុំ​គ្រាន់​តែ​បរិភោគ​ទឹក​ឃ្មុំ​តែ​បន្តិច​ប៉ុណ្ណោះ ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ​ភ្លាម។ ៣០  បើ​ថ្ងៃ​នេះ​អ្នក​រាល់​គ្នា​បាន​បរិភោគ​ឆ្អែត+ពី​ជ័យ​ភណ្ឌ នោះ​យើង​ច្បាស់​ជា​ទទួល​ជ័យ​ជម្នះ​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់ ហើយ​អ្នក​រាល់​គ្នា​ក៏​អាច​សម្លាប់​ពួក​ភីលីស្ទីន​ច្រើន​ជាង​នេះ​ទៅ​ទៀត​»។ ៣១  នៅ​ថ្ងៃ​នោះ ពួក​គេ​បន្ត​សម្លាប់​ពួក​ភីលីស្ទីន​តាំង​ពី​មីកម៉ាស់​រហូត​ដល់​ក្រុង​អៃយ៉ាឡូន។+ នេះ​ធ្វើ​ឲ្យ​ពួក​គេ​ហេវ​ហត់​កាន់​តែ​ខ្លាំង​ឡើង។ ៣២  ហេតុ​នេះ ពួក​គេ​ស្ទុះ​ទៅ​ចាប់​យក​ជ័យ​ភណ្ឌ​យ៉ាង​លោភ​លន់។ ពួក​គេ​បាន​យក​ចៀម​និង​គោ​របស់​សត្រូវ​មក​សម្លាប់​នៅ​នឹង​កន្លែង ហើយ​បរិភោគ​សាច់​ដែល​មាន​ឈាម​ទៀត​ផង។+ ៣៣  ពេល​នោះ​មាន​គេ​ប្រាប់​សុល​ថា​៖ ​«​មើល​ហ្ន៎! ទាហាន​ជន​ជាតិ​អ៊ីស្រាអែល​កំពុង​ធ្វើ​ខុស​នឹង​ព្រះ​យេហូវ៉ា ដោយ​សារ​ពួក​គេ​បរិភោគ​សាច់​ដែល​មាន​ឈាម​»។+ នោះ​សុល​និយាយ​ថា​៖ ​«​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ។ ចូរ​ប្រមៀល​ថ្ម​ធំ​មួយ​មក​ឲ្យ​ខ្ញុំ​ភ្លាម​»។ ៣៤  រួច​សុល​បង្គាប់​ថា​៖ ​«​ចូរ​ទៅ​ប្រាប់​ពួក​ទាហាន​ទាំង​អស់​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​យក​គោ​និង​ចៀម​មក​សម្លាប់​នៅ​លើ​ថ្ម​នេះ ហើយ​បរិភោគ​ទៅ។ កុំ​ធ្វើ​ខុស​នឹង​ព្រះ​យេហូវ៉ា ដោយ​បរិភោគ​សាច់​ដែល​មាន​ឈាម​ឡើយ›​»។+ ដូច្នេះ​នៅ​យប់​នោះ ពួក​គេ​គ្រប់​គ្នា​បាន​យក​គោ​មក​សម្លាប់​នៅ​លើ​ថ្ម​នោះ។ ៣៥  សុល​បាន​សង់​ទី​បូជា​មួយ​ជូន​ព្រះ​យេហូវ៉ា។+ នេះ​ជា​ទី​បូជា​ដំបូង​ដែល​គាត់​បាន​សង់​ជូន​ព្រះ​យេហូវ៉ា។ ៣៦  ក្រោយ​មក សុល​និយាយ​ថា​៖ ​«​យប់​នេះ ចូរ​យើង​ចេញ​ដំណើរ​ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​រឹប​អូស​ទ្រព្យ​របស់​ពួក​គេ​រហូត​ដល់​ថ្ងៃ​រះ។ យើង​នឹង​មិន​ទុក​ជីវិត​ឲ្យ​អ្នក​ណា​ម្នាក់​ឡើយ​»។ ពួក​ទាហាន​តប​ថា​៖ ​«​សូម​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​លោក​ចុះ​»។ រួច​សង្ឃ​និយាយ​ថា​៖ ​«​ចូរ​យើង​សុំ​ការ​ណែនាំ​ពី​ព្រះ​ពិត​នៅ​ទី​នេះ​ជា​មុន​សិន​»។+ ៣៧  ហេតុ​នេះ សុល​អធិដ្ឋាន​សួរ​ព្រះ​ថា​៖ ​«​តើ​ខ្ញុំ​គួរ​ដេញ​តាម​ពួក​ភីលីស្ទីន​ឬ​ទេ?+ តើ​លោក​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ជន​ជាតិ​អ៊ីស្រាអែល​ទេ?​»។ ប៉ុន្តែ​នៅ​ថ្ងៃ​នោះ ព្រះ​មិន​បាន​ឆ្លើយ​តប​នឹង​គាត់​ឡើយ។ ៣៨  ដូច្នេះ សុល​និយាយ​ថា​៖ ​«​សូម​មេ​ទ័ព​ទាំង​អស់​មក​នេះ ហើយ​រក​មូលហេតុ​មើល​ថា​យើង​បាន​ធ្វើ​ខុស​អ្វី​នៅ​ថ្ងៃ​នេះ។ ៣៩  ខ្ញុំ​សូម​ស្បថ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ និង​ជា​ព្រះ​ដែល​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ថា សូម្បី​តែ​អ្នក​ធ្វើ​ខុស​នោះ​ជា​យ៉ូណាថាន​កូន​ប្រុស​របស់​ខ្ញុំ ក៏​គាត់​ត្រូវ​តែ​ស្លាប់​ដែរ​»។ ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ប្រាប់​សុល​ទេ។ ៤០  ដូច្នេះ សុល​ប្រាប់​ទាហាន​ទាំង​អស់​ថា​៖ ​«​សូម​អ្នក​រាល់​គ្នា​ទៅ​ម្ខាង ហើយ​ខ្ញុំ​និង​យ៉ូណាថាន​ទៅ​ម្ខាង​ទៀត​»។ ពួក​គេ​និយាយ​ទៅ​សុល​ថា​៖ ​«​សូម​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​លោក​ចុះ​»។ ៤១  រួច​សុល​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​អើយ សូម​លោក​មេត្តា​ឆ្លើយ​តាម​រយៈ​ធូមីម*ផង!​»។+ រួច​យ៉ូណាថាន​និង​សុល​បាន​ត្រូវ​ជ្រើស​រើស តែ​ពួក​ទាហាន​មិន​បាន​ត្រូវ​ជ្រើស​រើស​ទេ។ ៤២  រួច​មក សុល​និយាយ​ថា​៖ ​«​សូម​ចាប់​ឆ្នោត*+រវាង​ខ្ញុំ​និង​យ៉ូណាថាន​ជា​កូន​ប្រុស​របស់​ខ្ញុំ​»។ ដូច្នេះ ឆ្នោត​បាន​ត្រូវ​ចំ​យ៉ូណាថាន។ ៤៣  សុល​សួរ​យ៉ូណាថាន​ថា​៖ ​«​ប្រាប់​ពុក​មក តើ​កូន​បាន​ធ្វើ​អ្វី?​»។ យ៉ូណាថាន​ប្រាប់​សុល​ថា​៖ ​«​ខ្ញុំ​បរិភោគ​ទឹក​ឃ្មុំ​ពី​ចុង​ដំបង​តែ​បន្តិច​ប៉ុណ្ណោះ។+ បើ​ខុស​មែន ខ្ញុំ​សុខ​ចិត្ត​ស្លាប់!​»។ ៤៤  សុល​និយាយ​ថា​៖ ​«​យ៉ូណាថាន! កូន​ត្រូវ​តែ​ស្លាប់! បើ​កូន​មិន​ស្លាប់​ទេ សូម​ព្រះ​ដាក់​ទោស​ពុក​ឲ្យ​ធ្ងន់​ចុះ!​»។+ ៤៥  ប៉ុន្តែ ពួក​ទាហាន​និយាយ​ទៅ​សុល​ថា​៖ ​«​យ៉ូណាថាន​ជា​អ្នក​ដែល​នាំ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ទទួល​ជ័យ​ជម្នះ​ដ៏​ធំ​ធេង​នេះ+ ហេតុ​អ្វី​គាត់​ត្រូវ​ស្លាប់? គឺ​មិន​សម​ហេតុ​ផល​ឡើយ! យើង​សូម​ស្បថ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​ថា សូម្បី​តែ​សក់​គាត់​មួយ​សរសៃ ក៏​មិន​ត្រូវ​ជ្រុះ​ដល់​ដី​ដែរ ព្រោះ​ថ្ងៃ​នេះ​ព្រះ​បាន​ជួយ​គាត់​ឲ្យ​មាន​ជ័យ​ជម្នះ​»។+ ដោយ​សារ​ហេតុ​ផល​ទាំង​នេះ ពួក​គេ​បាន​សង្គ្រោះ​ជីវិត​យ៉ូណាថាន។ ៤៦  ដូច្នេះ សុល​ឈប់​ដេញ​តាម​ច្បាំង​នឹង​ពួក​ភីលីស្ទីន។ ឯ​ពួក​ភីលីស្ទីន​ត្រឡប់​ទៅ​តំបន់​របស់​ពួក​គេ​វិញ។ ៤៧  សុល​បាន​ពង្រឹង​ការ​គ្រប់​គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​បាន​ច្បាំង​នឹង​សត្រូវ​នៅ​គ្រប់​ទិស​ទី។ សុល​បាន​ច្បាំង​នឹង​ជន​ជាតិ​ម៉ូអាប់+ ជន​ជាតិ​អាំម៉ូន+ ជន​ជាតិ​អេដំ+ ពួក​ស្ដេច​នៃ​ស្រុក​សូបា+ និង​ជន​ជាតិ​ភីលីស្ទីន+ ហើយ​សុល​បាន​ច្បាំង​ឈ្នះ​គ្រប់​ទី​កន្លែង។ ៤៨  សុល​ធ្វើ​ចម្បាំង​យ៉ាង​ក្លាហាន ហើយ​បាន​វាយ​ឈ្នះ​ជន​ជាតិ​អាម៉ាលេក+ ព្រម​ទាំង​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​កណ្ដាប់​ដៃ​សត្រូវ​ទៀត​ផង។ ៤៩  កូន​ប្រុស​ៗ​របស់​សុល​គឺ​ឈ្មោះ យ៉ូណាថាន អ៊ីសវ៉ាយ និង​ម៉ាលខាយស៊ូអា។+ សុល​ក៏​មាន​កូន​ស្រី​ពីរ​នាក់​ដែរ​គឺ​ឈ្មោះ មេរ៉ាប​ជា​កូន​ស្រី​បង+ និង​មីកាល​ជា​កូន​ស្រី​ប្អូន។+ ៥០  ប្រពន្ធ​របស់​សុល​ឈ្មោះ​អាហ៊ីណោម ដែល​ជា​កូន​ស្រី​របស់​អាហ៊ីមម៉ាអេស។ មេ​ទ័ព​របស់​សុល​ឈ្មោះ​អាប់ណឺ+ ជា​កូន​ប្រុស​របស់​ណឺ ណឺ​ត្រូវ​ជា​ឪពុកមា​របស់​សុល។ ៥១  គីស+ជា​ឪពុក​របស់​សុល ហើយ​ណឺ+ដែល​ជា​ឪពុក​របស់​អាប់ណឺ គាត់​ត្រូវ​ជា​កូន​ប្រុស​របស់​អាបែល។ ៥២  អស់​មួយ​ជីវិត​របស់​សុល គាត់​បាន​ធ្វើ​ចម្បាំង​នឹង​ពួក​ភីលីស្ទីន​យ៉ាង​ស្វិត​ស្វាញ។+ ហេតុ​នេះ ពេល​សុល​ឃើញ​បុរស​ណា​ដែល​មាន​ចិត្ត​អង់អាច​ក្លាហាន​និង​មាន​កម្លាំង​ខ្លាំង​ក្លា គាត់​ជ្រើស​រើស​បុរស​នោះ​ឲ្យ​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​របស់​គាត់។+

កំណត់សម្គាល់

ន័យ​ត្រង់​«​ពួក​មិន​កាត់​ចុង​ស្បែក​»។ មើល​និយម​ន័យ​ពាក្យ​«ការ​កាត់​ចុង​ស្បែក​»​
ន័យ​ត្រង់​«​នៅ​លើ​ផ្ទៃ​ដី​ដែល​គោ​មួយ​នឹម​អាច​ព្យួរ​ក្នុង​មួយ​ថ្ងៃ​»​
ន័យ​ត្រង់​«​នំ​ប៉័ង​»​
មើល​និយម​ន័យ​ពាក្យ​«​យូរីម​និង​ធូមីម​»​
មើល​និយម​ន័យ​ពាក្យ​«​ឆ្នោត​»​