សៀវភៅសាំយូអែលទី១ ១៨:១-៣០

  • ដាវីឌ​និង​យ៉ូណាថាន​ជា​មិត្ត​សម្លាញ់​នឹង​គ្នា (​១​-​៤)

  • ជ័យ​ជម្នះ​របស់​ដាវីឌ​ធ្វើ​ឲ្យ​សុល​ច្រណែន (​៥​-​៩)

  • សុល​ប៉ុន​ប៉ង​សម្លាប់​ដាវីឌ (​១០​-​១៩)

  • ដាវីឌ​រៀប​ការ​ជា​មួយ​នឹង​មី​កាល​កូន​ស្រី​របស់​សុល (​២០​-​៣០)

១៨  ពេល​យ៉ូណាថាន+បាន​ឮ​ដាវីឌ​និយាយ​ជា​មួយ​នឹង​សុល យ៉ូណាថាន​ចាប់​ផ្ដើម​ស្រឡាញ់​ដាវីឌ​ដូច​ស្រឡាញ់​ខ្លួន​គាត់។ យ៉ូណាថាន​និង​ដាវីឌ​បាន​ក្លាយ​ទៅ​ជា​មិត្ត​សម្លាញ់​នឹង​គ្នា។+ ២  ចាប់​តាំង​ពី​ថ្ងៃ​នោះ សុល​បាន​ឲ្យ​ដាវីឌ​នៅ​ជា​មួយ​នឹង​គាត់ ហើយ​គាត់​មិន​ឲ្យ​ដាវីឌ​ត្រឡប់​ទៅ​ផ្ទះ​របស់​ឪពុក​វិញ​ទេ។+ ៣  ក្រោយ​មក យ៉ូណាថាន​និង​ដាវីឌ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​គ្នា+ ពី​ព្រោះ​យ៉ូណាថាន​ស្រឡាញ់​ដាវីឌ​ដូច​ស្រឡាញ់​ខ្លួន​គាត់។+ ៤  យ៉ូណាថាន​ដោះ​អាវ​វែង អាវ​សឹក ដាវ ធ្នូ និង​ខ្សែ​ក្រវាត់​របស់​គាត់​ឲ្យ​ទៅ​ដាវីឌ។ ៥  ដាវីឌ​ចាប់​ផ្ដើម​ចេញ​ទៅ​ច្បាំង ហើយ​គាត់​បាន​ទទួល​ជ័យ​ជម្នះ*+នៅ​គ្រប់​សមរភូមិ​ដែល​សុល​ចាត់​គាត់​ឲ្យ​ទៅ។ ដូច្នេះ សុល​ឲ្យ​គាត់​គ្រប់​គ្រង​លើ​ទាហាន​ចម្បាំង+ ហើយ​នេះ​ធ្វើ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ និង​អ្នក​បម្រើ​របស់​សុល ពេញ​ចិត្ត​គ្រប់​ៗ​គ្នា។ ៦  ពេល​ដែល​ដាវីឌ​និង​ទាហាន​ឯ​ទៀត​ត្រឡប់​មក​ពី​វាយ​ប្រហារ​ពួក​ភីលីស្ទីន​វិញ ពួក​ស្ត្រី​ពី​គ្រប់​ក្រុង​នៅ​ស្រុក​អ៊ីស្រាអែល ចេញ​មក​ទទួល​ពួក​គេ​និង​ស្ដេច​សុល​ទាំង​ច្រៀង​ផង+រាំ​ផង អម​ដោយ​ការ​វាយ​ស្គរ*+និង​ដេញ​ចាប៉ី ដោយ​ចិត្ត​អរ​សប្បាយ​យ៉ាង​ខ្លាំង។ ៧  ពួក​ស្ត្រី​ដែល​ចេញ​មក​អបអរ បាន​ច្រៀង​ថា​៖ ​«​សុល​សម្លាប់​រាប់​ពាន់តែ​ដាវីឌ​សម្លាប់​រាប់​ម៉ឺន​»។+ ៨  ឮ​ដូច្នោះ សុល​ក្ដៅ​ឆួល​ក្នុង​ចិត្ត+ ដោយ​សារ​គាត់​មិន​ពេញ​ចិត្ត​ចម្រៀង​នោះ​ទាល់​តែ​សោះ។ សុល​នឹក​ក្នុង​ចិត្ត​ថា​៖ ​«​ពួក​គេ​សរសើរ​ថា​ដាវីឌ​សម្លាប់​រាប់​ម៉ឺន ឯ​ខ្ញុំ​វិញ​ត្រឹម​តែ​រាប់​ពាន់។ ពេល​នេះ​នៅ​សល់​តែ​ការ​ប្រគល់​បល្ល័ង្ក​ឲ្យ​គាត់​ប៉ុណ្ណោះ!​»។+ ៩  តាំង​ពី​ថ្ងៃ​នោះ​មក សុល​រំពៃ​មើល​ដាវីឌ​ដោយ​ក្ដី​មន្ទិល​សង្ស័យ។ ១០  នៅ​ថ្ងៃ​បន្ទាប់ ព្រះ​ទុក​ឲ្យ​សុល​ជ្រួល​ច្របល់​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង+ ហើយ​ពេល​ដែល​ដាវីឌ​កំពុង​ដេញ​ពិណ+ដូច​សព្វ​ដង សុល​ចាប់​ផ្ដើម​ធ្វើ​អ្វី​ចម្លែក​ៗ​*ក្នុង​វិមាន។ ពេល​នោះ សុល​កាន់​លំពែង+ ១១  ហើយ​គាត់​ពួយ​លំពែង​ទៅ​ដាវីឌ+ ដោយ​គិត​ក្នុង​ចិត្ត​ថា​៖ ‹ខ្ញុំ​នឹង​ចាក់​ទម្លុះ​ដាវីឌ​ឲ្យ​ជាប់​នឹង​ជញ្ជាំង!›។ ប៉ុន្តែ ដាវីឌ​បាន​គេច​ផុត​ទាំង​ពីរ​លើក។ ១២  សុល​ខ្លាច​ដាវីឌ ដោយ​សារ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​ដាវីឌ+ តែ​លោក​មិន​បាន​នៅ​ជា​មួយ​នឹង​សុល​ទៀត​ទេ។+ ១៣  ដូច្នេះ សុល​ឈប់​ឲ្យ​ដាវីឌ​នៅ​បម្រើ​គាត់​ទៀត តែ​គាត់​ឲ្យ​ដាវីឌ​ទៅ​គ្រប់​គ្រង​លើ​ទាហាន​មួយ​ពាន់​នាក់​វិញ។ ម្ល៉ោះ​ហើយ ដាវីឌ​ក្លាយ​ទៅ​ជា​អ្នក​នាំ​មុខ​កង​ទ័ព​ទៅ​សមរភូមិ។+ ១៤  ដាវីឌ​តែង​តែ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា+ក្នុង​គ្រប់​ការ​ទាំង​អស់​ដែល​គាត់​ធ្វើ ហើយ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​គាត់។+ ១៥  ពេល​សុល​ឃើញ​ថា​ដាវីឌ​តែង​តែ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា នោះ​សុល​ខ្លាច​ដាវីឌ។ ១៦  ប៉ុន្តែ ទាហាន​អ៊ីស្រាអែល​និង​ទាហាន​យូដា​ទាំង​អស់​ស្រឡាញ់​ដាវីឌ ដោយ​សារ​គាត់​នាំ​មុខ​ពួក​គេ​ក្នុង​សមរភូមិ។ ១៧  ក្រោយ​មក សុល​បាន​គិត​ក្នុង​ចិត្ត​ថា​៖ ‹កុំ​ឲ្យ​ដាវីឌ​ស្លាប់​ក្នុង​ដៃ​ខ្ញុំ​ឡើយ ទុក​ឲ្យ​គាត់​ស្លាប់​ក្នុង​ដៃ​របស់​ពួក​ភីលីស្ទីន​វិញ›។+ ដូច្នេះ សុល​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​នេះ​គឺ​មេរ៉ាប​ជា​កូន​ស្រី​ច្បង​របស់​ខ្ញុំ។+ ខ្ញុំ​នឹង​ឲ្យ​នាង​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក+ តែ​អ្នក​ត្រូវ​បន្ត​បម្រើ​ខ្ញុំ​ដោយ​អង់អាច​ក្លាហាន ហើយ​តយុទ្ធ​ក្នុង​សង្គ្រាម​របស់​ព្រះ​យេហូវ៉ា​»។+ ១៨  ដាវីឌ​ឆ្លើយ​នឹង​សុល​ថា​៖ ​«​តើ​ខ្ញុំ​ជា​នរណា ហើយ​សាច់​ញាតិ​និង​ក្រុម​គ្រួសារ​ឪពុក​របស់​ខ្ញុំ​ជា​នរណា​ក្នុង​ស្រុក​អ៊ីស្រាអែល បាន​ជា​ខ្ញុំ​អាច​ធ្វើ​ជា​កូន​ប្រសា​របស់​ស្ដេច?​»។+ ១៩  ទោះ​ជា​សុល​បាន​និយាយ​យ៉ាង​នោះ​ហើយ​ក៏​ដោយ សុល​បាន​លើក​មេរ៉ាប​ជា​កូន​ស្រី​គាត់​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​អេទ្រាល+ដែល​ជា​អ្នក​ក្រុង​មិហូឡា មុន​ដល់​វេលា​កំណត់​ដែល​ដាវីឌ​ត្រូវ​រៀប​ការ​ជា​មួយ​នឹង​នាង។ ២០  ចំណែក​ឯ​មីកាល​ជា​កូន​ស្រី​ម្នាក់​ទៀត​របស់​សុល+ នាង​បាន​ចាប់​ចិត្ត​ស្រឡាញ់​ដាវីឌ ហើយ​មាន​គេ​យក​រឿង​នេះ​ទៅ​ប្រាប់​សុល នោះ​ធ្វើ​ឲ្យ​សុល​ពេញ​ចិត្ត។ ២១  ហេតុ​នេះ សុល​គិត​ក្នុង​ចិត្ត​ថា​៖ ​«​ខ្ញុំ​នឹង​លើក​កូន​ស្រី​ឲ្យ​គាត់ ដើម្បី​ខ្ញុំ​អាច​បញ្ឆោត​គាត់​ឲ្យ​ស្លាប់​ក្នុង​ដៃ​របស់​ពួក​ភីលីស្ទីន​»។+ រួច​មក សុល​និយាយ​ទៅ​ដាវីឌ​ជា​លើក​ទី​២​ថា​៖ ​«​នៅ​ថ្ងៃ​នេះ អ្នក​នឹង​ភ្ជាប់​សាច់​ភ្ជាប់​ឈាម​ជា​មួយ​នឹង​ខ្ញុំ​»។* ២២  សុល​បញ្ជា​អ្នក​បម្រើ​ថា​៖ ​«​ចូរ​ទៅ​និយាយ​ជា​មួយ​នឹង​ដាវីឌ​ដោយ​សម្ងាត់។ អ្នក​ត្រូវ​ប្រាប់​គាត់​ថា​៖ ‹ដឹង​ទេ! ស្ដេច​ពេញ​ចិត្ត​អ្នក ហើយ​អ្នក​បម្រើ​ទាំង​អស់​របស់​ស្ដេច​ក៏​ពេញ​ចិត្ត​អ្នក​ដែរ។ ដូច្នេះ សូម​ធ្វើ​ជា​កូន​ប្រសា​របស់​ស្ដេច​ទៅ›​»។ ២៣  ពេល​អ្នក​បម្រើ​របស់​សុល​ប្រាប់​រឿង​ទាំង​នេះ​ដល់​ដាវីឌ ដាវីឌ​និយាយ​ថា​៖ ​«​ខ្ញុំ​ជា​មនុស្ស​ក្រី​ក្រ ហើយ​មិន​សូវ​មាន​កេរ្ដិ៍​ឈ្មោះ​ទៀត តើ​អស់​លោក​គិត​ថា​ការ​ឲ្យ​ខ្ញុំ​ធ្វើ​ជា​កូន​ប្រសា​របស់​ស្ដេច ជា​រឿង​តូច​តាច​ឬ?​»។+ ២៤  បន្ទាប់​មក អ្នក​បម្រើ​ទាំង​នោះ​បាន​យក​ពាក្យ​សម្ដី​របស់​ដាវីឌ​ទៅ​ប្រាប់​សុល​វិញ។ ២៥  សុល​និយាយ​ទៅ​អ្នក​បម្រើ​ទាំង​នោះ​ថា​៖ ​«​អ្នក​ត្រូវ​ប្រាប់​ដាវីឌ​ថា​៖ ‹ស្ដេច​មិន​ចង់​បាន​ថ្លៃ​បណ្ណាការ​អ្វី​ពី​អ្នក​ទេ+ ក្រៅ​ពី​ចុង​ស្បែក*របស់​ពួក​ភីលីស្ទីន​ចំនួន​១០០+ ដើម្បី​សង​សឹក​ពួក​គេ›​»។ សុល​បាន​រៀប​ផែន​ការ​នេះ​ដើម្បី​ឲ្យ​ដាវីឌ​ស្លាប់​ក្នុង​ដៃ​របស់​ពួក​ភីលីស្ទីន។ ២៦  ដូច្នេះ អ្នក​បម្រើ​ក៏​នាំ​ពាក្យ​ទាំង​នេះ​ទៅ​ប្រាប់​ដាវីឌ ហើយ​ដាវីឌ​យល់​ព្រម​ភ្ជាប់​សាច់​ឈាម​ជា​មួយ​នឹង​ស្ដេច​សុល។+ មុន​ពេល​កំណត់​ដែល​ត្រូវ​ជូន​ចុង​ស្បែក​ដល់​សុល ២៧  ដាវីឌ​និង​ទាហាន​របស់​គាត់​បាន​ចេញ​ទៅ​សម្លាប់​ទាហាន​ភីលីស្ទីន​អស់​២០០​នាក់ ហើយ​ដាវីឌ​បាន​កាត់​ចុង​ស្បែក​របស់​ពួក​គេ​ទាំង​២០០​នាក់​នោះ​យក​ទៅ​ជូន​សុល ដើម្បី​ភ្ជាប់​សាច់​ឈាម​ជា​មួយ​នឹង​សុល។ ម្ល៉ោះ​ហើយ សុល​លើក​មីកាល​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​ដាវីឌ។+ ២៨  សុល​បាន​ឃើញ​ថា​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​ដាវីឌ+ ហើយ​គាត់​ក៏​ដឹង​ដែរ​ថា​មីកាល​កូន​ស្រី​របស់​គាត់​ស្រឡាញ់​ដាវីឌ។+ ២៩  នេះ​ធ្វើ​ឲ្យ​សុល​ភ័យ​ខ្លាច​ដាវីឌ​កាន់​តែ​ខ្លាំង ហើយ​សុល​បាន​ក្លាយ​ទៅ​ជា​សត្រូវ​របស់​ដាវីឌ​អស់​មួយ​ជីវិត។+ ៣០  រាល់​ដង​ដែល​ពួក​មេ​ទ័ព​ភីលីស្ទីន​ចេញ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល ដាវីឌ​តែង​តែ​ទទួល​ជ័យ​ជម្នះ​លើស​អស់​ទាំង​អ្នក​បម្រើ​របស់​សុល+ នេះ​ជា​ហេតុ​នាំ​ឲ្យ​ដាវីឌ​មាន​កេរ្ដិ៍​ឈ្មោះ​ល្បី​ល្បាញ។+

កំណត់សម្គាល់

ឬ​«​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​»​
នេះ​ជា​ស្គរ​តូច​មាន​រាង​សំប៉ែត
ឬ​«​ប្រព្រឹត្ត​ដូច​អ្នក​ប្រកាស​ទំនាយ​»​
ឬ​«​អ្នក​នឹង​ធ្វើ​ជា​កូន​ប្រសា​របស់​ខ្ញុំ​»​
នេះ​សំដៅ​លើ​ស្បែក​ចុង​អង្គជាត