សៀវភៅសាំយូអែលទី១ ២០:១-៤២

  • យ៉ូណាថាន​មាន​ភក្ដី​ភាព​ចំពោះ​ដាវីឌ (​១​-​៤២)

២០  ក្រោយ​មក ដាវីឌ​រត់​ចេញ​ពី​ណាយ៉ូត​ក្រុង​រ៉ាម៉ា។ រួច​មក គាត់​បាន​ទៅ​ជួប​យ៉ូណាថាន ហើយ​សួរ​ថា​៖ ​«​តើ​ខ្ញុំ​បាន​ធ្វើ​ខុស​អ្វី?+ តើ​ខ្ញុំ​ធ្វើ​អាក្រក់​អ្វី​ខ្លះ​ទៅ​លើ​ឪពុក​របស់​អ្នក បាន​ជា​គាត់​ចង់​សម្លាប់​ខ្ញុំ*ដូច្នេះ?​»។ ២  យ៉ូណាថាន​ឆ្លើយ​ទៅ​គាត់​ថា​៖ ​«​មិន​អាច​ទៅ​រួច​ឡើយ+ដែល​ឪពុក​ខ្ញុំ​ចង់​សម្លាប់​អ្នក! មុន​នឹង​គាត់​ធ្វើ​អ្វី​មួយ គាត់​ប្រាប់​ខ្ញុំ​ទាំង​អស់ ទោះ​រឿង​នោះ​តូច​ឬ​ធំ​ក្ដី។ គាត់​គ្មាន​មូលហេតុ​លាក់​មិន​ឲ្យ​ខ្ញុំ​ដឹង​ទេ។ បើ​គាត់​ចង់​សម្លាប់​អ្នក​មែន គាត់​ច្បាស់​ជា​ប្រាប់​ខ្ញុំ​»។ ៣  តែ​ដាវីឌ​និយាយ​ថា​៖ ​«​ឪពុក​របស់​អ្នក​ដឹង​ថា​អ្នក​ស្រឡាញ់​ពេញ​ចិត្ត​ខ្ញុំ។+ ដូច្នេះ គាត់​ប្រហែល​ជា​គិត​ថា​‹បើ​ឲ្យ​យ៉ូណាថាន​ដឹង​អំពី​រឿង​នេះ គាត់​នឹង​ពិបាក​ចិត្ត›។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​ខ្ញុំ​និយាយ​នៅ​មុខ​អ្នក​និង​នៅ​មុខ​ព្រះ​យេហូវ៉ា​គឺ​ជា​ការ​ពិត។ មិន​យូរ​ទៀត ខ្ញុំ​ប្រាកដ​ជា​ត្រូវ​គេ​សម្លាប់​ជា​មិន​ខាន!​»។+ ៤  រួច​មក យ៉ូណាថាន​តប​ទៅ​ដាវីឌ​ថា​៖ ​«​ប្រាប់​ខ្ញុំ​មក អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី នោះ​ខ្ញុំ​នឹង​ធ្វើ​តាម​អ្នក​»។ ៥  ដាវីឌ​ប្រាប់​យ៉ូណាថាន​ថា​៖ ​«​ថ្ងៃ​ស្អែក​នេះ​គឺ​ជា​ថ្ងៃ​ចូល​ខែ​ថ្មី*+ ហើយ​ខ្ញុំ​ត្រូវ​អង្គុយ​បរិភោគ​ជា​មួយ​នឹង​ឪពុក​របស់​អ្នក។ ដូច្នេះ សូម​ឲ្យ​ខ្ញុំ​ទៅ​លាក់​ខ្លួន​នៅ​ក្រៅ​ក្រុង​រហូត​ដល់​ល្ងាច​ខាន​ស្អែក។ ៦  បើ​ឪពុក​របស់​អ្នក​សួរ​រក​ខ្ញុំ សូម​ប្រាប់​គាត់​ថា​៖ ‹ដាវីឌ​បាន​សុំ​ការ​អនុញ្ញាត​ពី​ខ្ញុំ ប្រញាប់​ទៅ​ផ្ទះ​របស់​គាត់​នៅ​ក្រុង​បេថ្លេហិម+ ព្រោះ​នៅ​ទី​នោះ​ក្រុម​គ្រួសារ​គាត់​ទាំង​មូល​ត្រូវ​ជូន​គ្រឿង​បូជា​ប្រចាំ​ឆ្នាំ›។+ ៧  បើ​ឪពុក​អ្នក​ឆ្លើយ​ថា​‹មិន​អី​ទេ› នោះ​មាន​ន័យ​ថា​គាត់​មិន​មាន​បំណង​អាក្រក់​មក​លើ​ខ្ញុំ​ទេ។ ប៉ុន្តែ បើ​គាត់​ខឹង អ្នក​អាច​ដឹង​ច្បាស់​ថា​គាត់​តាំង​ចិត្ត​ធ្វើ​អាក្រក់​មក​លើ​ខ្ញុំ​ហើយ។ ៨  សូម​អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ+ ព្រោះ​យើង​ទាំង​ពីរ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា។+ តែ​បើ​ខ្ញុំ​បាន​ធ្វើ​ខុស​មែន+ សូម​អ្នក​សម្លាប់​ខ្ញុំ​ដោយ​ផ្ទាល់​ដៃ​ចុះ មិន​ចាំ​បាច់​ប្រគល់​ខ្ញុំ​ឲ្យ​ឪពុក​អ្នក​ទេ​»។ ៩  ឮ​ដូច​នោះ យ៉ូណាថាន​និយាយ​ថា​៖ ​«​គ្មាន​ថ្ងៃ​ដែល​ខ្ញុំ​ធ្វើ​បែប​នោះ​ចំពោះ​អ្នក​ឡើយ! បើ​ខ្ញុំ​ដឹង​ថា​ឪពុក​ខ្ញុំ​តាំង​ចិត្ត​ធ្វើ​អាក្រក់​ចំពោះ​អ្នក ខ្ញុំ​នឹង​ប្រាប់​អ្នក​ជា​មិន​ខាន​»។+ ១០  រួច​ដាវីឌ​សួរ​យ៉ូណាថាន​ថា​៖ ​«​បើ​ឪពុក​អ្នក​ខឹង​ខ្ញុំ តើ​អ្នក​ណា​នឹង​ប្រាប់​ខ្ញុំ?​»។ ១១  យ៉ូណាថាន​និយាយ​ទៅ​កាន់​ដាវីឌ​ថា​៖ ​«​តោះ! សូម​យើង​ចេញ​ទៅ​ក្រៅ​ក្រុង​»។ ដូច្នេះ ពួក​គាត់​ទាំង​ពីរ​នាក់​ក៏​ចេញ​ទៅ​ក្រៅ​ក្រុង។ ១២  យ៉ូណាថាន​និយាយ​ទៅ​ដាវីឌ​ថែម​ទៀត​ថា​៖ ​«​សូម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ជា​សាក្សី​ថា ថ្ងៃ​ស្អែក​ឬ​ខាន​ស្អែក​នា​វេលា​ថ្មើរ​នេះ ខ្ញុំ​នឹង​ស្ទាប​ស្ទង់​គំនិត​របស់​ឪពុក​ខ្ញុំ​ឲ្យ​ដឹង​ថា​គាត់​គិត​យ៉ាង​ណា​ចំពោះ​អ្នក។ បើ​គាត់​អនុគ្រោះ​ឲ្យ​អ្នក នោះ​ខ្ញុំ​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង។ ១៣  ផ្ទុយ​ទៅ​វិញ បើ​ឪពុក​ខ្ញុំ​ប៉ុន​ប៉ង​ធ្វើ​អាក្រក់​មក​លើ​អ្នក ខ្ញុំ​ច្បាស់​ជា​ប្រាប់​អ្នក​ឲ្យ​ដឹង ហើយ​នឹង​ជួយ​អ្នក​ឲ្យ​គេច​ខ្លួន​ដោយ​សុវត្ថិភាព។ តែ​បើ​ខ្ញុំ​មិន​ធ្វើ​តាម​ពាក្យ​របស់​ខ្ញុំ​ទេ សូម​ព្រះ​យេហូវ៉ា​ដាក់​ទោស​ខ្ញុំ​ឲ្យ​ធ្ងន់​ចុះ! សូម​ឲ្យ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​អ្នក+ ដូច​លោក​ធ្លាប់​នៅ​ជា​មួយ​នឹង​ឪពុក​ខ្ញុំ​ដែរ។+ ១៤  ទោះ​ជា​ខ្ញុំ​ស្លាប់​ឬ​រស់​ក្ដី សូម​ដាវីឌ​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ ដូច​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា។+ ១៥  សូម​អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​កូន​ចៅ​របស់​ខ្ញុំ​ជា​និច្ច​ត​ទៅ+ ទោះ​ជា​ព្រះ​យេហូវ៉ា​បំផ្លាញ​សត្រូវ​របស់​ដាវីឌ​អស់​ពី​ផែនដី​ក៏​ដោយ​»។ ១៦  ដូច្នេះ យ៉ូណាថាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ដាវីឌ* ហើយ​និយាយ​ថា​៖ ​«​សូម​ព្រះ​យេហូវ៉ា​ដាក់​ទោស​សត្រូវ​របស់​ដាវីឌ​»។ ១៧  ម្ល៉ោះ​ហើយ យ៉ូណាថាន​បាន​ឲ្យ​ដាវីឌ​ស្បថ​ម្ដង​ទៀត​ដោយ​អាង​លើ​សេចក្ដី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​យ៉ូណាថាន ព្រោះ​យ៉ូណាថាន​ស្រឡាញ់​ដាវីឌ​ដូច​ស្រឡាញ់​ខ្លួន​គាត់។+ ១៨  បន្ទាប់​មក យ៉ូណាថាន​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​ថ្ងៃ​ស្អែក​នេះ​គឺ​ជា​ថ្ងៃ​ចូល​ខែ​ថ្មី+ ហើយ​គេ​នឹង​សួរ​រក​អ្នក ដោយ​សារ​កៅអី​របស់​អ្នក​នៅ​ទំនេរ។ ១៩  ដល់​ខាន​ស្អែក គេ​ច្បាស់​ជា​សួរ​រក​អ្នក​ទៀត។ ហេតុ​នេះ អ្នក​ត្រូវ​មក​ពួន​នៅ​កន្លែង​នេះ​ដូច​ថ្ងៃ​មុន ហើយ​លាក់​ខ្លួន​ក្បែរ​ថ្ម​នៅ​ទី​នេះ។ ២០  ក្រោយ​មក ខ្ញុំ​នឹង​បាញ់​ព្រួញ​បី​ដើម​ទៅ​ចំហៀង​ថ្ម​នេះ​ដូច​ជា​កំពុង​បាញ់​អ្វី​មួយ។ ២១  ដូច្នេះ ពេល​ខ្ញុំ​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​យក​ព្រួញ ខ្ញុំ​នឹង​និយាយ​ថា​៖ ‹ចូរ​ទៅ​រើស​ព្រួញ​ទាំង​នោះ›។ បើ​ខ្ញុំ​និយាយ​ទៅ​អ្នក​បម្រើ​ថា​៖ ‹នុ៎ះ​ន៏! ព្រួញ​នៅ​ជិត​អ្នក ចូរ​ទៅ​យក​មក› នោះ​អ្នក​អាច​ត្រឡប់​មក​វិញ​បាន ព្រោះ​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​ថា អ្នក​នឹង​មាន​សុវត្ថិភាព ហើយ​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ។ ២២  ប៉ុន្តែ បើ​ខ្ញុំ​ប្រាប់​អ្នក​បម្រើ​ថា​៖ ‹នុ៎ះ​ន៏! ព្រួញ​នៅ​ឆ្ងាយ​ពី​អ្នក› នោះ​សូម​ដាវីឌ​ទៅ​ចុះ ព្រោះ​ព្រះ​យេហូវ៉ា​ឲ្យ​អ្នក​ចេញ​ទៅ។ ២៣  សូម​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​ជា​សាក្សី​រហូត​ត​ទៅ+ ចំពោះ​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​គ្នា​»។+ ២៤  ដូច្នេះ ដាវីឌ​បាន​ទៅ​លាក់​ខ្លួន​នៅ​ក្រៅ​ក្រុង។ ពេល​ដល់​ថ្ងៃ​ចូល​ខែ​ថ្មី ស្ដេច​បរិភោគ​អាហារ​នៅ​កន្លែង​អង្គុយ​របស់​គាត់។+ ២៥  ដូច​សព្វ​ដង ស្ដេច​អង្គុយ​កៅអី​ជាប់​ជញ្ជាំង។ រីឯ​យ៉ូណាថាន​អង្គុយ​ទល់​មុខ​គាត់ ហើយ​អាប់ណឺ+អង្គុយ​នៅ​ចំហៀង​សុល តែ​កន្លែង​របស់​ដាវីឌ​នៅ​ទំនេរ។ ២៦  នៅ​ថ្ងៃ​នោះ សុល​មិន​បាន​និយាយ​អ្វី​ទេ ព្រោះ​គាត់​គិត​ក្នុង​ចិត្ត​ថា​៖ ‹ដាវីឌ​មិន​មក ប្រហែល​ជា​ដោយ​សារ​មាន​អ្វី​កើត​ឡើង​ដែល​នាំ​ឲ្យ​គាត់​មិន​ស្អាត​បរិសុទ្ធ។*+ ច្បាស់​ជា​គាត់​មិន​ស្អាត​បរិសុទ្ធ​មែន​ហើយ›។ ២៧  នៅ​ថ្ងៃ​ទី​២ កន្លែង​អង្គុយ​របស់​ដាវីឌ​នៅ​ទំនេរ​ម្ដង​ទៀត។ ហេតុ​នេះ សុល​សួរ​យ៉ូណាថាន​ថា​៖ ​«​ហេតុ​អ្វី​មិន​ឃើញ​កូន​របស់​អ៊ីសាយ+មក​បរិភោគ​អាហារ? ម្សិលមិញ​ក៏​មិន​ឃើញ ថ្ងៃ​នេះ​ក៏​មិន​ឃើញ​»។ ២៨  យ៉ូណាថាន​ឆ្លើយ​ទៅ​សុល​ថា​៖ ​«​ដាវីឌ​សុំ​ការ​អនុញ្ញាត​ពី​ខ្ញុំ​ទៅ​ក្រុង​បេថ្លេហិម។+ ២៩  ដាវីឌ​សុំ​ខ្ញុំ​ថា​៖ ‹សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ក្រុង​របស់​ខ្ញុំ ព្រោះ​ក្រុម​គ្រួសារ​យើង​ត្រូវ​ជូន​គ្រឿង​បូជា​នៅ​ទី​នោះ ហើយ​បង​ៗ​ខ្ញុំ​ហៅ​ខ្ញុំ​ឲ្យ​ទៅ។ បើ​អ្នក​មេត្តា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ចូល​រួម​ជា​មួយ​នឹង​ពួក​គាត់​ផង›។ ហេតុ​នេះ​ហើយ​បាន​ជា​ដាវីឌ​មិន​អាចម​ក​បរិភោគ​ជា​មួយ​នឹង​លោក​ឪពុក​បាន​»។ ៣០  ភ្លាម​នោះ សុល​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង ស្រែក​ឲ្យ​យ៉ូណាថាន​ថា​៖ ​«​ឯង​នេះ ជា​កូន​រឹង​ទទឹង! តើ​ឯង​គិត​ថា​ពុក​មិន​ដឹង​ថា​ឯង​រើស​យក​ខាង​កូន​អ៊ីសាយ​ឬ? ឯង​មុខ​ជា​ធ្វើ​ឲ្យ​ខ្លួន​ឯង​និង​ម្ដាយ​ឯង​ត្រូវ​អាម៉ាស់​មុខ​ហើយ។ ៣១  ដរាប​ណា​កូន​អ៊ីសាយ​នៅ​រស់ នោះ​ឯង​និង​រាជ្យ​របស់​ឯង​មិន​អាច​រឹង​មាំ​ស្ថិតស្ថេរ​បាន​ឡើយ។+ ដូច្នេះ ចូរ​ចាត់​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ​នាំ​ដាវីឌ​មក​ឲ្យ​ពុក​ឥឡូវ​ភ្លាម ព្រោះ​វា​សម​តែ​ស្លាប់​»។+ ៣២  ប៉ុន្តែ យ៉ូណាថាន​និយាយ​ទៅ​សុល​ថា​៖ ​«​ហេតុ​អ្វី​ដាវីឌ​ត្រូវ​ស្លាប់?+ តើ​គាត់​បាន​ធ្វើ​អ្វី​ខុស?​»។ ៣៣  រំពេច​នោះ សុល​ពួយ​លំពែង​សំដៅ​ទៅ​យ៉ូណាថាន។+ ពេល​នោះ​ហើយ​ដែល​យ៉ូណាថាន​ដឹង​ប្រាកដ​ថា ឪពុក​របស់​គាត់​តាំង​ចិត្ត​សម្លាប់​ដាវីឌ​ឲ្យ​ទាល់​តែ​បាន។+ ៣៤  យ៉ូណាថាន​ក៏​ស្ទុះ​ក្រោក​ឡើង​ចេញ​ពី​តុ ដោយ​សារ​គាត់​ខឹង​ជា​ខ្លាំង។ គាត់​មិន​បរិភោគ​អ្វី​សោះ​នៅ​ថ្ងៃ​ទី​២​នោះ ព្រោះ​គាត់​ពិបាក​ចិត្ត​អំពី​ដាវីឌ+ និង​អំពី​រឿង​ដែល​ឪពុក​របស់​គាត់​បាន​ប្រមាថ​មើល​ងាយ​គាត់។ ៣៥  លុះ​ព្រឹក​ឡើង យ៉ូណាថាន​ចេញ​ទៅ​ក្រៅ​ក្រុង​តាម​ពាក្យ​សន្យា​ជា​មួយ​នឹង​ដាវីឌ ថែម​ទាំង​មាន​អ្នក​បម្រើ​វ័យ​ក្មេង​ម្នាក់​ទៅ​ជា​មួយ​ដែរ។+ ៣៦  រួច​យ៉ូណាថាន​ប្រាប់​អ្នក​បម្រើ​ថា​៖ ​«​ចូរ​រត់​ទៅ​ចាំ​រើស​ព្រួញ​មក​ឲ្យ​ខ្ញុំ​»។ អ្នក​បម្រើ​ក៏​រត់​ទៅ ហើយ​យ៉ូណាថាន​បាញ់​ព្រួញ​ហួស​អ្នក​បម្រើ​នោះ។ ៣៧  ពេល​អ្នក​បម្រើ​ទៅ​ដល់​កន្លែង​ដែល​ព្រួញ​ធ្លាក់ យ៉ូណាថាន​ស្រែក​សួរ​អ្នក​បម្រើ​ថា​៖ ​«​ព្រួញ​នៅ​ឆ្ងាយ​ពី​អ្នក​ទៀត មែន​ទេ?​»។ ៣៨  យ៉ូណាថាន​ស្រែក​ប្រាប់​អ្នក​បម្រើ​នោះ​ទៀត​ថា​៖ ​«​ប្រញាប់​ឡើង! ចូរ​ទៅ​ឲ្យ​លឿន! កុំ​បង្អង់​ឡើយ!​»។ ដូច្នេះ អ្នក​បម្រើ​រើស​ព្រួញ​ទាំង​នោះ​មក​ឲ្យ​ម្ចាស់​វិញ។ ៣៩  អ្នក​បម្រើ​មិន​យល់​អត្ថន័យ​នៃ​ពាក្យ​ទាំង​នោះ​ទេ មាន​តែ​យ៉ូណាថាន​និង​ដាវីឌ​ប៉ុណ្ណោះ​ដែល​ដឹង​ថា​ពាក្យ​ទាំង​នោះ​មាន​ន័យ​យ៉ាង​ណា។ ៤០  រួច​មក យ៉ូណាថាន​ឲ្យ​ធ្នូ​និង​ព្រួញ​ទៅ​អ្នក​បម្រើ ហើយ​បង្គាប់​ថា​៖ ​«​ចូរ​យក​ទៅ​ក្រុង​វិញ​»។ ៤១  ពេល​អ្នក​បម្រើ​ចេញ​ផុត​ទៅ ដាវីឌ​ក៏​ចេញ​ពី​កន្លែង​លាក់​ខ្លួន​ជិត​នោះ នៅ​ប៉ែក​ខាង​ត្បូង។ ដាវីឌ​ក្រាប​គោរព​យ៉ូណាថាន​បី​ដង។ រួច​មក ពួក​គាត់​ទាំង​ពីរ​ថើប​លា​គ្នា ហើយ​យំ តែ​ដាវីឌ​យំ​ខ្លាំង​ជាង។ ៤២  យ៉ូណាថាន​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​សូម​អ្នក​ចេញ​ទៅ​ឲ្យ​បាន​សេចក្ដី​សុខ ដោយ​សារ​យើង​ទាំង​ពីរ​បាន​ស្បថ+ក្នុង​នាម​ព្រះ​យេហូវ៉ា​រួច​ហើយ​ថា​៖ ‹សូម​ព្រះ​យេហូវ៉ា​ធ្វើ​ជា​សាក្សី​ឲ្យ​អ្នក​និង​ខ្ញុំ ព្រម​ទាំង​កូន​ចៅ*របស់​អ្នក​និង​កូន​ចៅ*របស់​ខ្ញុំ​ជា​រៀង​រហូត›​»។+ បន្ទាប់​មក ដាវីឌ​ធ្វើ​ដំណើរ​ចាក​ចេញ​ទៅ។ ចំណែក​យ៉ូណាថាន គាត់​ត្រឡប់​ទៅ​ក្រុង​វិញ។

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
មើល​និយម​ន័យ​ពាក្យ​«​ខែ​ថ្មី​»​
នេះ​សំដៅ​លើ​កូន​ចៅ​របស់​ដាវីឌ
មើល​និយម​ន័យ​ពាក្យ​«​ស្អាត​បរិសុទ្ធ​»​
ន័យ​ត្រង់​«​ពូជ​»​
ន័យ​ត្រង់​«​ពូជ​»​