សៀវភៅសាំយូអែលទី១ ២១:១-១៥

  • នៅ​ក្រុង​ណូប ដាវីឌ​បរិភោគ​នំ​ប៉័ង​តាំង​ទុក (​១​-​៩)

  • ដាវីឌ​ក្លែង​ខ្លួន​ធ្វើ​ជា​ឆ្កួត​នៅ​ក្រុង​កាថ (​១០​-​១៥)

២១  ក្រោយ​មក ដាវីឌ​បាន​ទៅ​ជួប​អាហ៊ីម៉ាឡិច​ដែល​ជា​សង្ឃ​នៅ​ក្រុង​ណូប។+ ពេល​អាហ៊ីម៉ាឡិច​ជួប​ដាវីឌ គាត់​ចាប់​ផ្ដើម​ភ័យ​ញ័រ ហើយ​សួរ​ដាវីឌ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​មក​តែ​ម្នាក់​ឯង គ្មាន​អ្នក​ណា​មក​ជា​មួយ​ដូច្នេះ?​»។+ ២  ដាវីឌ​តប​ទៅ​អាហ៊ីម៉ាឡិច​ថា​៖ ​«​ស្ដេច​បាន​បញ្ជា​ខ្ញុំ​ឲ្យ​បំពេញ​បេសកកម្ម​មួយ តែ​គាត់​ផ្ដាំ​ថា​៖ ‹កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​អំពី​បេសកកម្ម​របស់​អ្នក​ឲ្យ​សោះ›។ ខ្ញុំ​បាន​សន្យា​ជួប​ពួក​បុរស​របស់​ខ្ញុំ​នៅ​កន្លែង​មួយ។ ៣  ឥឡូវ បើ​អ្នក​មាន​នំ​ប៉័ង​ប្រាំ​ដុំ ឬ​អ្វី​ផ្សេង​ទៀត សូម​ឲ្យ​មក​ខ្ញុំ​»។ ៤  សង្ឃ​នោះ​ឆ្លើយ​ទៅ​ដាវីឌ​ថា​៖ ​«​ខ្ញុំ​គ្មាន​នំ​ប៉័ង​ធម្មតា​ទេ មាន​តែ​នំ​ប៉័ង​បរិសុទ្ធ។+ ប៉ុន្តែ បើ​ពួក​បុរស​របស់​អ្នក​បាន​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី នោះ​ពួក​គេ​មិន​អាច​បរិភោគ​បាន​ឡើយ​»។+ ៥  ដាវីឌ​តប​ទៅ​វិញ​ថា​៖ ​«​ដូច​ពី​មុន ក្នុង​អំឡុង​ពេល​ចេញ​ធ្វើ​សង្គ្រាម ពួក​យើង​មិន​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី​ទេ។+ សូម្បី​តែ​នៅ​ពេល​ចេញ​បំពេញ​បេសកកម្ម​ធម្មតា រូប​កាយ​របស់​ពួក​បុរស​ទាំង​នោះ​បរិសុទ្ធ​ទៅ​ហើយ ទម្រាំ​តែ​ចេញ​បំពេញ​បេសកកម្ម​ពិសេស ពួក​គេ​ច្បាស់​ជា​បរិសុទ្ធ​ជាង​នោះ​ទៅ​ទៀត!​»។ ៦  ដូច្នេះ សង្ឃ​នោះ​បាន​ឲ្យ​នំ​ប៉័ង​បរិសុទ្ធ​ទៅ​ដាវីឌ+ ដោយ​សារ​គ្មាន​នំ​ប៉័ង​ណា​ក្រៅ​ពី​នំ​ប៉័ង​តាំង​ទុក​ទេ។ នំ​ប៉័ង​ទាំង​នោះ​បាន​ត្រូវ​ដក​ចេញ​ពី​ត្រសាល​របស់​ព្រះ​យេហូវ៉ា ហើយ​នំ​ប៉័ង​ថ្មី​បាន​ត្រូវ​ដាក់​ជំនួស​វិញ​នៅ​ថ្ងៃ​ដដែល​នោះ។ ៧  នៅ​ថ្ងៃ​នោះ អ្នក​បម្រើ​ម្នាក់​របស់​សុល​ក៏​នៅ​ទី​នោះ​ដែរ គាត់​បាន​ត្រូវ​បង្ខាំង*នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា។ គាត់​មាន​ឈ្មោះ​ដូអេក+ជន​ជាតិ​អេដំ+ គាត់​ជា​មេ​គ្រប់​គ្រង​លើ​ពួក​អ្នក​ឃ្វាល​ហ្វូង​ចៀម​របស់​សុល។ ៨  ក្រោយ​ពី​ទទួល​នំ​ប៉័ង​ហើយ ដាវីឌ​សួរ​អាហ៊ីម៉ាឡិច​ថា​៖ ​«​តើ​អ្នក​មាន​ដាវ​ឬ​លំពែង​នៅ​ទី​នេះ​ទេ? ដោយ​សារ​បេសកកម្ម​ដែល​ស្ដេច​បញ្ជា​បន្ទាន់​ពេក ដូច្នេះ​ខ្ញុំ​មិន​បាន​យក​ដាវ​ឬ​អាវុធ​របស់​ខ្ញុំ​មក​ជា​មួយ​ទេ​»។ ៩  សង្ឃ​នោះ​និយាយ​ថា​៖ ​«​នៅ​ទី​នេះ​មាន​ដាវ​របស់​កូលីយ៉ាត+ជន​ជាតិ​ភីលីស្ទីន ដែល​អ្នក​បាន​សម្លាប់​នៅ​ជ្រលង​ភ្នំ​អេឡា។+ គេ​រុំ​ដាវ​នោះ​ដោយ​ក្រណាត់ ដាក់​នៅ​ខាង​ក្រោយ​អាវ​អេផូឌ។+ បើ​អ្នក​ចង់​យក សូម​យក​ចុះ ព្រោះ​នៅ​ទី​នេះ​មាន​តែ​ដាវ​នេះ​ប៉ុណ្ណោះ​»។ ដាវីឌ​និយាយ​ថា​៖ ​«​គ្មាន​ដាវ​ណា​ដូច​ដាវ​នេះ​ឡើយ សូម​ឲ្យ​មក​ខ្ញុំ​»។ ១០  នៅ​ថ្ងៃ​នោះ ដាវីឌ​បន្ត​រត់​គេច​ខ្លួន+ពី​សុល​ទៀត។ លុះ​ក្រោយ​មក គាត់​ទៅ​ដល់​ក្រុង​កាថ​ដែល​គ្រប់​គ្រង​ដោយ​ស្ដេច​អាគីស។+ ១១  អ្នក​បម្រើ​ជម្រាប​ស្ដេច​អាគីស​ថា​៖ ​«​នោះ​ជា​ដាវីឌ​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ដាវីឌ​នេះ​ឯង​ដែល​គេ​បាន​ច្រៀង​រាំ​ថា​៖ ‹សុល​សម្លាប់​រាប់​ពាន់តែ​ដាវីឌ​សម្លាប់​រាប់​ម៉ឺន›​»។+ ១២  ដាវីឌ​បាន​រិះ​គិត​ពាក្យ​សម្ដី​របស់​ពួក​គេ ហើយ​ក៏​តាំង​ភ័យ​ខ្លាច+អាគីស​ស្ដេច​ក្រុង​កាថ​យ៉ាង​ខ្លាំង។ ១៣  ដូច្នេះ គាត់​បាន​ក្លែង​ខ្លួន​ធ្វើ​ជា​ឆ្កួត+នៅ​ចំពោះ​មុខ​ពួក​គេ។ គាត់​យក​ដៃ​គូស​វាស​លើ​ទ្វារ​កំពែង ហើយ​បង្ហៀរ​ទឹក​មាត់​លើ​ពុក​ចង្កា។ ១៤  ក្រោយ​មក អាគីស​និយាយ​ទៅ​អ្នក​បម្រើ​ថា​៖ ​«​អ្នក​ឃើញ​ហើយ​ថា បុរស​នេះ​ជា​មនុស្ស​ឆ្កួត! ហេតុ​អ្វី​បាន​ជា​នាំ​គាត់​មក​ជួប​ខ្ញុំ? ១៥  តើ​ខ្ញុំ​ខ្វះ​មនុស្ស​ឆ្កួត​ឬ បាន​ជា​នាំ​មនុស្ស​ឆ្កួត​នេះ​មក​ឲ្យ​ខ្ញុំ? មិន​គួរ​នាំ​មនុស្ស​ឆ្កួត​នេះ​ចូល​ក្នុង​វិមាន​ខ្ញុំ​ទេ​»។

កំណត់សម្គាល់

ប្រហែល​ជា​គាត់​ជាប់​សម្បថ ឬ​មិន​ស្អាត​បរិសុទ្ធ ឬ​កើត​រោគ​ឃ្លង់