សៀវភៅសាំយូអែលទី១ ២២:១-២៣
២២ ដាវីឌបានចេញពីទីនោះ+ ហើយទៅលាក់ខ្លួននៅឯរូងភ្នំនៃក្រុងអាឌូឡាម។+ ពេលបងប្រុសៗនិងក្រុមគ្រួសារទាំងអស់របស់ឪពុកគាត់បានដឹង ពួកគេនាំគ្នាធ្វើដំណើរទៅជួបដាវីឌនៅទីនោះ។
២ ម្យ៉ាងទៀត អស់អ្នកដែលប្រឈមមុខទុក្ខលំបាក និងអ្នកដែលជំពាក់បំណុលគេ រួមទាំងអ្នកដែលព្រួយចំបែងចិត្ត បានទៅផ្ដុំគ្នានឹងដាវីឌ ហើយគាត់ក្លាយទៅជាមេពួកគេ។ បុរសដែលនៅជាមួយនឹងដាវីឌមានប្រហែលជា៤០០នាក់។
៣ ក្រោយមក ដាវីឌបានចេញពីទីនោះទៅក្រុងមីសពេក្នុងស្រុកម៉ូអាប់ ហើយនិយាយទៅស្ដេចស្រុកម៉ូអាប់ថា៖+ «សូមអនុញ្ញាតឲ្យឪពុកម្ដាយរបស់ខ្ញុំអាស្រ័យនៅក្នុងស្រុករបស់លោកផង រហូតដល់ពេលដែលខ្ញុំដឹងថាព្រះនឹងធ្វើយ៉ាងណាចំពោះខ្ញុំ»។
៤ ម្ល៉ោះហើយ ដាវីឌបាននាំឪពុកម្ដាយមកឯស្ដេចស្រុកម៉ូអាប់។ ពួកគេអាស្រ័យនៅស្រុករបស់ស្ដេចនោះ ក្នុងអំឡុងពេលដែលដាវីឌនៅកន្លែងលាក់ខ្លួន។+
៥ ក្រោយមក កាដ+ជាអ្នកប្រកាសទំនាយនិយាយទៅដាវីឌថា៖ «កុំលាក់ខ្លួននៅទីនោះទៀត។ សូមចេញពីទីនោះទៅឯស្រុកយូដាវិញ»។+ ដូច្នេះ ដាវីឌបានចេញពីទីនោះទៅព្រៃហេរេត។
៦ សុលឮថា មានគេឃើញដាវីឌនិងពួកបុរសរបស់គាត់។ ពេលនោះសុលកំពុងអង្គុយកាន់លំពែងក្រោមដើមថាម៉ារីសនៅទីខ្ពស់ក្នុងក្រុងគីបៀ+ ហើយអ្នកបម្រើទាំងអស់នៅជុំវិញគាត់។
៧ រួចមក សុលនិយាយទៅកាន់ពួកអ្នកបម្រើថា៖ «អ្នករាល់គ្នាដែលជាកូនចៅបេនយ៉ាមីនអើយ! សូមស្ដាប់ តើកូនប្រុសអ៊ីសាយ+នោះនឹងផ្ដល់ដីស្រែនិងចម្ការទំពាំងបាយជូរដល់អ្នកទាំងអស់គ្នាដូចខ្ញុំដែរឬទេ? តើគាត់នឹងតែងតាំងអ្នករាល់គ្នាឲ្យធ្វើជាមេលើ១.០០០នាក់ និងមេលើ១០០នាក់ឬទេ?+
៨ អ្នករាល់គ្នាបានឃុបឃិតគ្នាទាស់នឹងខ្ញុំ! គ្មានអ្នកណាម្នាក់ប្រាប់ខ្ញុំសោះថាកូនប្រុសខ្ញុំបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងកូនប្រុសអ៊ីសាយ!+ គ្មានអ្នកណាម្នាក់អាណិតខ្ញុំទេ ហើយគ្មានអ្នកណាម្នាក់ប្រាប់ខ្ញុំថាកូនប្រុសខ្ញុំបានជំរុញដាវីឌជាអ្នកបម្រើខ្ញុំ ឲ្យពួនចាំវាយប្រហារខ្ញុំដូចសព្វថ្ងៃនេះឡើយ»។
៩ ឮដូច្នោះ ដូអេក+ដែលជាជនជាតិអេដំ និងជាអ្នកមើលការខុសត្រូវលើអ្នកបម្រើរបស់សុលនៅទីនោះ បានឆ្លើយថា៖+ «ខ្ញុំបានឃើញកូនប្រុសរបស់អ៊ីសាយមកក្រុងណូប ជួបអាហ៊ីម៉ាឡិចកូនប្រុសអាហាយថូប។+
១០ មិនត្រឹមតែប៉ុណ្ណោះ អាហ៊ីម៉ាឡិចបានសួរព្រះយេហូវ៉ាឲ្យដាវីឌ ហើយឲ្យអាហារគាត់ទៀត។ សូម្បីតែដាវរបស់កូលីយ៉ាតជនជាតិភីលីស្ទីននោះ ក៏អាហ៊ីម៉ាឡិចឲ្យទៅគាត់ដែរ»។+
១១ ភ្លាមនោះ ស្ដេចបានចាត់គេឲ្យទៅហៅអាហ៊ីម៉ាឡិចជាសង្ឃ ដែលជាកូនប្រុសអាហាយថូប និងសង្ឃទាំងអស់ដែលជាពូជពង្សរបស់ឪពុកគាត់នៅក្រុងណូប។ ដូច្នេះ ពួកគេទាំងអស់បានមកជួបស្ដេច។
១២ រួចសុលនិយាយថា៖ «កូនប្រុសអាហាយថូប សូមស្ដាប់!»។ គាត់ឆ្លើយថា៖ «បាទ លោកម្ចាស់»។
១៣ សុលនិយាយថា៖ «ហេតុអ្វីអ្នកសមគំនិតជាមួយនឹងកូនប្រុសអ៊ីសាយប្រឆាំងខ្ញុំដូច្នេះ? ហេតុអ្វីអ្នកឲ្យនំប៉័ង ឲ្យដាវ ហើយសួរព្រះឲ្យគាត់? ឥឡូវនេះ គាត់ប្រឆាំងខ្ញុំហើយពួនចាំវាយប្រហារខ្ញុំទៀត»។
១៤ ឮដូច្នេះ អាហ៊ីម៉ាឡិចឆ្លើយទៅស្ដេចថា៖ «ក្នុងចំណោមអ្នកបម្រើទាំងអស់របស់លោក តើមានអ្នកណាគួរឲ្យទុកចិត្តដូចដាវីឌ?*+ គាត់ជាកូនប្រសាលោក+ និងជាមេអង្គរក្សរបស់លោក ថែមទាំងជាអ្នកមានកិត្តិយសក្នុងវិមានរបស់លោកទៀតផង។+
១៥ នេះមិនមែនជាលើកដំបូងដែលខ្ញុំសួរព្រះឲ្យគាត់ទេ មែនទេ?+ សម្ដីរបស់លោកមិនសមហេតុសមផលទេ! សូមលោកកុំសង្ស័យខ្ញុំនិងកូនចៅទាំងអស់របស់ឪពុកខ្ញុំឡើយ ព្រោះខ្ញុំមិនដឹងអ្វីទាល់តែសោះអំពីរឿងនេះ»។+
១៦ ប៉ុន្តែ ស្ដេចនិយាយថា៖ «អាហ៊ីម៉ាឡិច អ្នកនិងកូនចៅទាំងអស់របស់ឪពុកអ្នកត្រូវតែស្លាប់!»។+
១៧ ដូច្នេះ ស្ដេចបង្គាប់អង្គរក្សដែលនៅជុំវិញគាត់ថា៖ «ចូរសម្លាប់ពួកសង្ឃរបស់ព្រះយេហូវ៉ាចោលទៅ ពីព្រោះពួកគេចូលដៃជាមួយនឹងដាវីឌ! ពួកគេដឹងហើយថាគាត់រត់គេចខ្លួន តែពួកគេមិនប្រាប់ខ្ញុំសោះ!»។ ក៏ប៉ុន្តែ ពួកអ្នកបម្រើស្ដេចមិនហ៊ានលើកដៃសម្លាប់ពួកសង្ឃរបស់ព្រះយេហូវ៉ាទេ។
១៨ ហេតុនោះ ស្ដេចបង្គាប់ទៅដូអេកថា៖+ «ចូរអ្នកសម្លាប់ពួកសង្ឃទាំងនេះចោលទៅ!»។ ដូច្នេះ ដូអេកដែលជាជនជាតិអេដំ+ក៏ស្ទុះទៅសម្លាប់ពួកសង្ឃដោយផ្ទាល់ដៃគាត់។ នៅថ្ងៃនោះ គាត់សម្លាប់ពួកសង្ឃ*អស់៨៥នាក់។+
១៩ មិនត្រឹមតែប៉ុណ្ណោះ គាត់បានទៅវាយប្រហារក្រុងណូប+ជាក្រុងរបស់ពួកសង្ឃទាំងនោះ ហើយបានសម្លាប់មនុស្សទាំងប្រុសទាំងស្រី និងកូនក្មេង ព្រមទាំងសត្វគោ សត្វលា និងសត្វចៀមទៀតផង។
២០ នៅពេលនោះ អាប៊ីយ៉ាថា+ជាកូនប្រុសម្នាក់របស់អាហ៊ីម៉ាឡិចដែលជាកូនអាហាយថូប គាត់បានរត់ភៀសខ្លួនទៅឯដាវីឌ។
២១ អាប៊ីយ៉ាថាបានប្រាប់ដាវីឌថា៖ «សុលបានសម្លាប់ពួកសង្ឃរបស់ព្រះយេហូវ៉ា»។
២២ ដាវីឌនិយាយទៅកាន់គាត់ថា៖ «នៅថ្ងៃនោះ ខ្ញុំឃើញដូអេកជនជាតិអេដំនៅទីនោះ ខ្ញុំដឹងថា+គាត់នឹងប្រាប់សុលជាមិនខាន។ ខ្ញុំជាដើមហេតុដែលធ្វើឲ្យក្រុមគ្រួសារទាំងអស់របស់ឪពុកអ្នកស្លាប់។
២៣ សូមអ្នកអាស្រ័យនៅជាមួយនឹងខ្ញុំ។ កុំភ័យខ្លាចឡើយ ព្រោះអ្នកដែលរកសម្លាប់អ្នក ក៏រកសម្លាប់ខ្ញុំដែរ។ ខ្ញុំនឹងការពារជីវិតអ្នក»។+
កំណត់សម្គាល់
^ ឬ«តើមានអ្នកណាស្មោះត្រង់ដូចដាវីឌ?»
^ ន័យត្រង់«បុរសដែលពាក់អាវអេផូឌធ្វើពីក្រណាត់សាច់ល្អ»