សៀវភៅសាំយូអែលទី១ ២៥:១-៤៤

  • សាំយូអែល​ទទួល​មរណភាព (​)

  • ណាបាល​បដិសេធ​ពួក​បុរស​របស់​ដាវីឌ (​២​-​១៣)

  • អាប៊ីកែល​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា (​១៤​-​៣៥)

    • ‹ព្រះ​យេហូវ៉ា​នឹង​ការពារ​ជីវិត​លោក​ម្ចាស់ ដូច​វេច​ខ្ចប់​ទ្រព្យ​ថ្លៃ​វិសេស› (​២៩)

  • ព្រះ​យេហូវ៉ា​ប្រល័យ​ជីវិត​ណាបាល (​៣៦​-​៣៨)

  • អាប៊ីកែល​ក្លាយ​ជា​ប្រពន្ធ​របស់​ដាវីឌ (​៣៩​-​៤៤)

២៥  មិន​យូរ​ក្រោយ​មក សាំយូអែល+បាន​ទទួល​មរណភាព។ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​ជួប​ជុំ​គ្នា ហើយ​យំ​កើត​ទុក្ខ​នឹង​គាត់។ ពួក​គេ​បញ្ចុះ​សព​គាត់​ជិត​ផ្ទះ​របស់​គាត់​នៅ​ក្រុង​រ៉ាម៉ា។+ បន្ទាប់​មក ដាវីឌ​ធ្វើ​ដំណើរ​ចុះ​ទៅ​តំបន់​ស្ងាត់​ជ្រងំ​ប៉ារ៉ាន។ ២  នៅ​ឯ​ក្រុង​ម៉ាអន+ មាន​បុរស​ម្នាក់​ជា​អ្នក​មាន​ស្តុកស្តម្ភ។ គាត់​មាន​ទ្រព្យ​សម្បត្តិ​នៅ​ក្រុង​កើមែល។*+ គាត់​មាន​ចៀម​៣.០០០​ក្បាល និង​ពពែ​១.០០០​ក្បាល។ នៅ​ពេល​នោះ គាត់​កំពុង​កាត់​រោម​ចៀម​នៅ​ក្រុង​កើមែល។ ៣  គាត់​ឈ្មោះ​ណាបាល+ មាន​ប្រពន្ធ​ឈ្មោះ​អាប៊ីកែល។+ នាង​ជា​ស្ត្រី​ដែល​ចេះ​គិត​ពិចារណា​និង​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត។ ឯ​ណាបាល​ប្ដី​នាង​ជា​កូន​ចៅ​កាលែប+ គាត់​ជា​មនុស្ស​កោង​កាច​និង​មាន​កិរិយា​អាក្រក់​ខ្លាំង​ណាស់។+ ៤  ពេល​ដាវីឌ​នៅ​តំបន់​ស្ងាត់​ជ្រងំ គាត់​បាន​ឮ​ថា​ណាបាល​កំពុង​កាត់​រោម​ចៀម។ ៥  ដូច្នេះ ដាវីឌ​ចាត់​បុរស១០​នាក់​ឲ្យ​ទៅ​ជួប​ណាបាល ហើយ​ដាវីឌ​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​ឡើង​ទៅ​ក្រុង​កើមែល។ ពេល​អ្នក​រាល់​គ្នា​ជួប​ណាបាល សូម​ប្រាប់​គាត់​ថា​ខ្ញុំ​ផ្ដាំ​សួរ​សុខ​ទុក្ខ​គាត់។ ៦  រួច​ជូន​ពរ​គាត់​ថា​៖ ‹សូម​ឲ្យ​អ្នក​មាន​អាយុ​វែង និង​មាន​សុខភាព​ល្អ។* សូម​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នក​និង​អ្វី​ៗ​ដែល​អ្នក​មាន បាន​ចម្រុង​ចម្រើន។ ៧  ពេល​នេះ ខ្ញុំ​ឮ​ថា​អ្នក​កំពុង​កាត់​រោម​ចៀម។ កាល​ដែល​ពួក​គង្វាល​របស់​អ្នក​នៅ​ជា​មួយ​នឹង​យើង យើង​មិន​ដែល​ធ្វើ​បាប​ពួក​គេ​ទេ។+ ក្នុង​អំឡុង​ពេល​ពួក​គេ​នៅ​ក្រុង​កើមែល ពួក​គេ​មិន​ដែល​បាត់​អ្វី​សោះ​ឡើយ។ ៨  អ្នក​អាច​សួរ​ពួក​បុរស​របស់​អ្នក​បាន ពួក​គេ​នឹង​ប្រាប់​អ្នក។ សូម​អ្នក​ទទួល​ពួក​បុរស​របស់​ខ្ញុំ​ដោយ​រាក់​ទាក់ ព្រោះ​យើង​មក​ចំ​ពេល​ដ៏​សប្បាយ​រីក​រាយ។ សូម​មេត្តា​ឲ្យ​អ្វី​ក៏​ដោយ​ដែល​អ្នក​អាច​ឲ្យ​បាន​ដល់​យើង​ដែល​ជា​អ្នក​បម្រើ និង​ឲ្យ​ដល់​ដាវីឌ​ជា​កូន*អ្នក​ផង›​»។+ ៩  លុះ​ដាវីឌ​និយាយ​ចប់​ហើយ ពួក​បុរស​របស់​គាត់​ធ្វើ​ដំណើរ​ទៅ​ជួប​ណាបាល ហើយ​ប្រាប់​ណាបាល​តាម​ពាក្យ​សម្ដី​ទាំង​អស់​របស់​ដាវីឌ។ ពេល​ពួក​គេ​និយាយ​ចប់ ១០  ណាបាល​ឆ្លើយ​ទៅ​វិញ​ថា​៖ ​«​តើ​ដាវីឌ​ជា​អ្នក​ណា? តើ​កូន​ប្រុស​អ៊ីសាយ​ជា​អ្នក​ណា? សព្វ​ថ្ងៃ​នេះ អ្នក​បម្រើ​ច្រើន​ណាស់​រត់​ចោល​ម្ចាស់​របស់​ពួក​គេ។+ ១១  ហេតុ​អ្វី​ខ្ញុំ​ត្រូវ​យក​នំ​ប៉័ង ទឹក និង​សាច់​ដែល​ខ្ញុំ​កាប់​សម្រាប់​ពួក​អ្នក​កាត់​រោម​ចៀម ឲ្យ​ដល់​មនុស្ស​ដែល​ខ្ញុំ​មិន​ដឹង​ថា​មក​ពី​ណា​ផង​នោះ?​»។ ១២  ពួក​បុរស​ទាំង​នោះ​នាំ​ពាក្យ​សម្ដី​ទាំង​អស់​របស់​ណាបាល​ទៅ​ប្រាប់​ដាវីឌ​វិញ។ ១៣  ខណៈ​នោះ ដាវីឌ​បញ្ជា​ពួក​បុរស​របស់​គាត់​ថា​៖ ​«​ចូរ​គ្រប់​គ្នា​ប្រដាប់​ដាវ​របស់​ខ្លួន!​»។+ ដូច្នេះ ពួក​គេ​ទាំង​អស់​ប្រដាប់​ដាវ​រៀង​ៗ​ខ្លួន ហើយ​ដាវីឌ​ក៏​ប្រដាប់​ដាវ​របស់​គាត់​ដែរ។ បុរស​ដែល​ទៅ​ជា​មួយ​នឹង​ដាវីឌ មាន​ចំនួន​ប្រហែល​៤០០​នាក់។ រីឯ​បុរស​២០០​នាក់​ទៀត​នៅ​យាម​អីវ៉ាន់។ ១៤  ដំណាល​គ្នា​នោះ អ្នក​បម្រើ​ម្នាក់​បាន​ទៅ​ប្រាប់​អាប៊ីកែល​ដែល​ជា​ប្រពន្ធ​ណាបាល​ថា​៖ ​«​លោក​ស្រី! ដាវីឌ​បាន​ចាត់​អ្នក​នាំ​ដំណឹង​ពី​តំបន់​ស្ងាត់​ជ្រងំ​ឲ្យ​មក​ជូន​ពរ​លោក​ម្ចាស់​ឲ្យ​បាន​សេចក្ដី​សុខ តែ​លោក​ម្ចាស់​បែរ​ជា​ស្រែក​ប្រមាថ​មើល​ងាយ​ពួក​គេ​ទៅ​វិញ។+ ១៥  បុរស​ទាំង​នោះ​ល្អ​នឹង​យើង​ខ្លាំង​ណាស់។ ក្នុង​អំឡុង​ពេលយើង​នៅ​ឯ​វាល​ជា​មួយ​នឹង​ពួក​គេ ពួក​គេ​មិន​ដែល​ធ្វើ​បាប​យើង​ទេ ហើយ​យើង​ក៏​មិន​ដែល​បាត់​អ្វី​ដែរ។+ ១៦  ពេល​ដែល​យើង​ឃ្វាល​ហ្វូង​ចៀម​នៅ​ជិត​ពួក​គេ ពួក​គេ​ប្រៀប​ដូច​ជា​កំពែង​ការពារ​ជុំវិញ​យើង​ទាំង​យប់​ទាំង​ថ្ងៃ។ ១៧  ឥឡូវ​នេះ តើ​លោក​ស្រី​គិតធ្វើយ៉ាង​ណា? ព្រោះ​អន្តរាយ​ច្បាស់​ជា​កើត​មាន​ដល់​លោក​ម្ចាស់​និង​យើង​គ្រប់​គ្នា​ហើយ។+ លោក​ម្ចាស់​ជា​មនុស្ស​កោង​កាច*+ ហើយ​គាត់​មិន​ស្ដាប់​អ្នក​ណា​ឡើយ​»។ ១៨  ពេល​អាប៊ីកែល+ឮ​ដូច្នេះ នាង​រូត​រះ​រៀបចំ​នំ​ប៉័ង​២០០​ដុំ ស្រា​២​ក្រឡ​ធំ​ៗ លាជ​៥​រង្វាល់* នំ​ទំពាំង​បាយ​ជូរ​ក្រៀម​១០០ នំ​ល្វា​២០០ ព្រម​ទាំង​ចៀម​៥​ក្បាល​ដែល​បាន​ត្រូវ​សម្លាប់​ជា​ស្រេច រួច​យក​អ្វី​ទាំង​នោះ​ទៅ​ដាក់​លើ​ខ្នង​លា។+ ១៩  បន្ទាប់​មក នាង​ប្រាប់​អ្នក​បម្រើ​ថា​៖ ​«​សូម​ទៅ​មុន​ខ្ញុំ​ចុះ! ខ្ញុំ​នឹង​ទៅ​តាម​ក្រោយ​»។ ប៉ុន្តែ នាង​មិន​បាន​ប្រាប់​ណាបាល​ទេ។ ២០  កាល​ដែល​នាង​កំពុង​ជិះ​លា​តាម​ជម្រាល​ភ្នំ គាប់​ជួន​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​មក​ឯ​នាង​ដែរ តែ​ពួក​គេ​មិន​បាន​ឃើញ​នាង​ទេ​ដោយ​សារ​បាំង​ភ្នំ។ នៅ​ទី​បំផុត នាង​ជួប​ពួក​គេ។ ២១  មុន​នោះ ដាវីឌ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ខំ​ការពារ​ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​បុរស​នេះ​នៅ​តំបន់​ស្ងាត់​ជ្រងំ គ្មាន​ទ្រព្យ​ណា​មួយ​របស់​គាត់​បាន​បាត់​ឡើយ+ តែ​អ្វី​ដែល​ខ្ញុំ​ធ្វើ​គ្មាន​តម្លៃ​សោះ។ ផ្ទុយ​ទៅ​វិញ គាត់​តប​ស្នង​អំពើ​ល្អ​របស់​ខ្ញុំ​ដោយ​អំពើ​អាក្រក់។+ ២២  បើ​ខ្ញុំ​ទុក​បុរស​ណា​ម្នាក់​របស់​គាត់​ឲ្យ​នៅ​រស់​រហូត​ដល់​ព្រឹក​ស្អែក នោះ​សូម​ព្រះ​ដាក់​ទោស​ខ្ញុំ​ឲ្យ​ធ្ងន់​ចុះ!​»។ ២៣  ពេល​អាប៊ីកែល​ឃើញ​ដាវីឌ​ភ្លាម នាង​ក៏​ស្ទុះស្ទា​ចុះ​ពី​លើ​ខ្នង​លា ហើយ​ក្រាប​ក្បាល​ដល់​ដី​គោរព​ដាវីឌ។ ២៤  រួច​នាង​លំឱន​កាយ​នៅ​ជិត​ជើង​ដាវីឌ ទាំង​និយាយ​ថា​៖ ​«​លោក​ម្ចាស់ សូម​ដាក់​ទោស​ខ្ញុំ​វិញ។ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​និយាយ​ជា​មួយ​នឹង​លោក​បន្តិច​សិន។ សូម​មេត្តា​ស្ដាប់​ខ្ញុំ​ផង។ ២៥  សូម​លោក​ម្ចាស់​កុំ​ស្ដាប់​សម្ដី​របស់​ណាបាល​ជា​មនុស្ស​កោង​កាច​ម្នាក់​នោះ​ឡើយ។+ គាត់​ឈ្មោះ​ណាបាល* គាត់​ដូច​ឈ្មោះ​របស់​គាត់​មែន ដោយ​សារ​គាត់​មិន​ចេះ​គិត​ពិចារណា​ទាល់​តែ​សោះ។ ពេល​ពួក​បុរស​របស់​លោក​ម្ចាស់​អញ្ជើញ​មក ខ្ញុំជាអ្នក​បម្រើលោក​មិន​នៅ​ទី​នោះ​ទេ។ ២៦  លោក​ម្ចាស់ ខ្ញុំ​សូម​យក​ព្រះ​យេហូវ៉ា​ជា​សាក្សី* ហើយ​សូម​ស្បថ​ជូន​លោក​ម្ចាស់​ថា គឺ​ព្រះ​យេហូវ៉ា​ជា​អ្នក​ឃាត់​លោក+មិន​ឲ្យ​មាន​ទោស​សម្លាប់​មនុស្ស*+ និង​រា​រាំង​លោក​មិន​ឲ្យ​សង​សឹក​ដោយ​ដៃ​លោក​ផ្ទាល់​ឡើយ។ សូម​ឲ្យ​សត្រូវ​របស់​លោក​និង​អ្នក​ដែល​តាម​ធ្វើ​អាក្រក់​ចំពោះ​លោក បាន​ដូច​ជា​ណាបាលចុះ។ ២៧  ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក​បាន​យក​អំណោយ​ទាំង​នេះ+មក​ជូន​លោក​ម្ចាស់ សូម​លោក​ទទួល​យក​ទុក​ចែក​ដល់​ពួក​បុរស​ដែល​នៅ​ជា​មួយ​នឹង​លោក។+ ២៨  សូម​លោក​ម្ចាស់​លើក​លែង​ទោស​ចំពោះ​ការ​រំលង​របស់​ខ្ញុំ​ផង។ ព្រះ​យេហូវ៉ា​ប្រាកដ​ជា​ធ្វើ​ឲ្យ​ពូជ​ពង្ស​របស់​លោក​ស្ថិតស្ថេរ​រហូត​ទៅ+ ពី​ព្រោះ​លោក​ម្ចាស់​ធ្វើ​សង្គ្រាម​ជូន​ព្រះ​យេហូវ៉ា+ ហើយ​ក្នុង​ជីវិត​របស់​លោក​រហូត​មក​ដល់​ពេល​នេះ មិន​ដែល​ឃើញ​លោក​ប្រព្រឹត្ត​អាក្រក់​ឡើយ។+ ២៩  បើ​អ្នក​ណា​ម្នាក់​ដេញ​តាម​សម្លាប់​លោក​ម្ចាស់ ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​លោក​ម្ចាស់​នឹង​ការពារ​ជីវិត*លោក​ម្ចាស់ ដូច​វេច​ខ្ចប់​ទ្រព្យ​ថ្លៃ​វិសេស។ ចំណែក​ជីវិត*សត្រូវ​របស់​លោក​ម្ចាស់​វិញ ព្រះ​នឹង​គ្រវែង​ពួក​គេ​ចោល​ដូច​ពន្លែង​ថ្ម​ចេញ​ពី​ខ្សែ​ដង្ហក់។ ៣០  ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​ផ្ដល់អ្វី​ល្អ​ទាំង​អស់​ដែល​លោក​សន្យា​ដល់​លោក​ម្ចាស់ ហើយ​តែង​តាំង​លោក​ម្ចាស់​ជា​មេ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល+ ៣១  នោះ​លោក​ម្ចាស់​នឹង​មិន​ស្ដាយ​ក្រោយ​ឡើយ ព្រោះ​លោក​ម្ចាស់​មិន​បាន​សម្លាប់​មនុស្ស​ដោយ​គ្មាន​មូលហេតុ​ទេ។ លោក​ម្ចាស់​ក៏​មិន​បាន​សង​សឹក​ដោយ​ដៃ​លោក​ម្ចាស់​ដែរ។+ ពេល​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ដល់​លោក​ម្ចាស់ សូម​នឹក​ឃើញ​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​លោក​ផង​»។ ៣២  ដូច្នេះ ដាវីឌ​និយាយ​ទៅ​កាន់​អាប៊ីកែល​ថា​៖ ​«​សូម​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដែល​ចាត់​នាង​ឲ្យ​មក​ជួប​ខ្ញុំ​នៅ​ថ្ងៃ​នេះ! ៣៣  សូម​ព្រះ​ឲ្យ​ពរ​នាង​ដែល​នាង​ចេះ​គិត​ពិចារណា! សូម​ព្រះ​ឲ្យ​ពរ​នាង ដោយ​សារ​នាង​បាន​ឃាត់​ខ្ញុំ​នៅ​ថ្ងៃ​នេះ កុំ​ឲ្យ​មាន​ទោស​សម្លាប់​មនុស្ស+ និង​កុំ​ឲ្យ​សង​សឹក​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ ៣៤  ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​ធ្វើ​អាក្រក់​ចំពោះ​នាង។+ ប្រសិន​បើ​នាង​មិន​ប្រញាប់​មក​ជួប​ខ្ញុំ​ទេ+ ខ្ញុំ​សូម​យក​ព្រះ​ជា​សាក្សី​ថា ច្បាស់​ជា​គ្មាន​បុរស​ណា​ម្នាក់​របស់​ណាបាល​មាន​ជីវិត​រស់​រហូត​ដល់​ព្រឹក​ស្អែក​ឡើយ​»។+ ៣៥  ដូច្នេះ ដាវីឌ​ព្រម​ទទួល​អំណោយ​ពី​នាង ហើយ​គាត់​ប្រាប់​នាង​ថា​៖ ​«​សូម​នាង​ត្រឡប់​ទៅ​ផ្ទះ​ឲ្យ​បាន​សេចក្ដី​សុខ​ចុះ។ ខ្ញុំ​ព្រម​ស្ដាប់​សម្ដី​របស់​នាង ហើយ​ក៏​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​នាង​ដែរ​»។ ៣៦  ពេល​អាប៊ីកែល​ត្រឡប់​ទៅ​ផ្ទះ​វិញ នាង​ឃើញ​ណាបាល​កំពុង​ធ្វើ​ពិធី​ជប់​លៀង​ដូច​ជា​ពិធី​ជប់​លៀង​របស់​ស្ដេច។ ពេល​នោះ​ណាបាល​សប្បាយ​ចិត្ត ហើយ​ស្រវឹង​ស្រា​ខ្លាំង​ណាស់។ ឃើញ​ដូច្នេះ អាប៊ីកែល​មិន​ប្រាប់​គាត់​អ្វី​សោះ​រហូត​ដល់​ព្រឹក​ស្អែក។ ៣៧  លុះ​ព្រឹក​ឡើង ពេល​ដែល​ណាបាល​ស្វាង​ស្រា អាប៊ីកែល​ប្រាប់​រឿង​ទាំង​នោះ​ដល់​គាត់។ ខណៈ​នោះ ស្រាប់​តែ​បេះ​ដូង​របស់​គាត់​លោត​ខ្សោយ​ទៅ​ៗ ហើយ​គាត់​ក៏​ដេក​ស្ដូក​កម្រើក​លែង​បាន​ដូច​ដុំ​ថ្ម។ ៣៨  ប្រហែល​១០​ថ្ងៃ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ប្រល័យ​ជីវិត​ណាបាល។ ៣៩  ពេល​ដាវីឌ​ឮ​ថា​ណាបាល​ស្លាប់ គាត់​និយាយ​ថា​៖ ​«​ចូរ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ដែល​បាន​ការពារ​ក្ដី​ឲ្យ​ខ្ញុំ+រួច​ពី​ការ​ប្រមាថ​មើល​ងាយ​របស់​ណាបាល+ ហើយ​លោក​បាន​ឃាត់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​មិន​ឲ្យ​ធ្វើ​អាក្រក់​ឡើយ។+ ព្រះ​យេហូវ៉ា​បាន​នាំ​អំពើ​អាក្រក់​របស់​ណាបាល​ឲ្យ​ធ្លាក់​ទៅ​លើ​ក្បាល​របស់​គាត់​វិញ!​»។ ក្រោយ​មក ដាវីឌ​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​ស្នើ​អាប៊ីកែល​ដើម្បី​ធ្វើ​ជា​ប្រពន្ធ​របស់​គាត់។ ៤០  អ្នក​បម្រើ​របស់​ដាវីឌ​បាន​ទៅ​ជួប​អាប៊ីកែល​នៅ​ក្រុង​កើមែល ហើយ​និយាយ​ទៅ​នាង​ថា​៖ ​«​ដាវីឌ​បាន​ចាត់​ពួក​យើង​មក​ដើម្បី​ស្នើ​នាង​ធ្វើ​ជា​ប្រពន្ធ​របស់​គាត់​»។ ៤១  ភ្លាម​នោះ នាង​ក៏​ក្រោក​ឡើង ហើយ​ក្រាប​ក្បាល​ចុះ​ដល់​ដី រួច​និយាយ​ថា​៖ ​«​ខ្ញុំ​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​អ្នក​បម្រើ លាង​ជើង+ជូន​អ្នក​បម្រើ​របស់​លោក​ម្ចាស់​ខ្ញុំ​»​។ ៤២  រួច​មក អាប៊ីកែល+ប្រញាប់​ក្រោក​ឡើង ហើយ​ជិះ​លើ​ខ្នង​លា ទាំង​មាន​អ្នក​បម្រើ​ស្រី​៥​នាក់​ដើរ​ពី​ក្រោយ​នាង។ នាង​ធ្វើ​ដំណើរ​ជា​មួយ​នឹង​អ្នក​បម្រើ​របស់​ដាវីឌ។ ក្រោយ​មក នាង​ក្លាយ​ទៅ​ជា​ប្រពន្ធ​របស់​ដាវីឌ។ ៤៣  ដាវីឌ​ក៏​បាន​រៀប​ការ​ជា​មួយ​នឹង​អាហ៊ីណោម+ពី​ក្រុង​យេសរៀល​ដែរ។+ ដូច្នេះ ស្ត្រី​ទាំង​ពីរ​នាក់​នោះ​បាន​ទៅ​ជា​ប្រពន្ធ​របស់​គាត់។+ ៤៤  រីឯ​មីកាល​ជា​កូន​ស្រី​របស់​សុល+ និង​ជា​ប្រពន្ធ​របស់​ដាវីឌ បាន​ត្រូវ​សុល​លើក​ឲ្យ​ផាលថាយ+ដែល​ជា​កូន​ប្រុស​របស់​ឡាអ៊ីស​ជា​អ្នក​ក្រុង​កាលីម។

កំណត់សម្គាល់

ក្រុង​មួយ​នៅ​ស្រុក​យូដា តែ​មិន​មែន​ជា​ភ្នំ​កើមែល​ទេ
ឬ​«​មាន​សេចក្ដី​សុខ​សាន្ត​»​
ពេល​និយាយ​ទៅ​អ្នក​ណា​ម្នាក់​ដោយ​ហៅ​ខ្លួន​ឯង​ថា​«​កូន​»​ នោះ​ជា​របៀប​បង្ហាញ​ការ​គោរព
ឬ​«​មនុស្ស​ចោល​ម្សៀត​»​
ន័យ​ត្រង់​«​ប្រាំ​សៀ​»។ មួយ​សៀ​ស្មើ​នឹង​៧,៣៣​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មាន​ន័យ​ថា​«​មិន​ចេះ​គិត​ពិចារណា ឬ​ល្ងង់​ខ្លៅ​»​
ន័យ​ត្រង់​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​»​
ន័យ​ត្រង់​«​មាន​ទោស​ចំពោះ​ឈាម​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​