សៀវភៅសាំយូអែលទី១ ២៨:១-២៥

  • សុល​ទៅ​ជួប​គ្រូ​ខាប​នៅ​ក្រុង​អេនដោ (​១​-​២៥)

២៨  នៅ​គ្រា​នោះ ពួក​ភីលីស្ទីន​ប្រមូល​ពល​ទ័ព​ដើម្បី​ធ្វើ​សង្គ្រាម​នឹង​ពួក​អ៊ីស្រាអែល។+ ដូច្នេះ អាគីស​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​អ្នក​និង​ពួក​បុរស​របស់​អ្នក​ត្រូវ​ចេញ​ទៅ​សមរភូមិ​ជា​មួយ​នឹង​ខ្ញុំ​»។+ ២  ដាវីឌ​តប​ទៅ​អាគីស​ថា​៖ ​«​លោក​ជ្រាប​ច្បាស់​ហើយ​ថា យើង​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​លោក​នឹង​ធ្វើ​យ៉ាង​ណា​»។ អាគីស​ប្រាប់​ដាវីឌ​ថា​៖ ​«​បើ​ដូច្នោះ​មែន ខ្ញុំ​នឹង​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​អង្គរក្ស​ការពារ​ខ្ញុំ​រហូត​ត​ទៅ​»។+ ៣  ចំណែក​សាំយូអែល គាត់​បាន​ទទួល​មរណភាព។ ឯ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​យំ​សោក​នឹង​គាត់ ហើយ​ពួក​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​រ៉ាម៉ា​ជា​ស្រុក​កំណើត​របស់​គាត់។+ រីឯ​សុល​វិញ គាត់​បាន​បំបាត់​ចោល​គ្រូ​ខាប និង​គ្រូ​ទាយ​ចេញ​ពី​ស្រុក​អ៊ីស្រាអែល។+ ៤  ឥឡូវ ទាហាន​ភីលីស្ទីន​បាន​ប្រមូល​ផ្ដុំ​គ្នា រួច​ចេញ​ទៅ​បោះ​ទ័ព​នៅ​ក្រុង​ស៊ូណែម។+ ដូច្នេះ សុល​ក៏​បាន​ប្រមូល​ទាហាន​អ៊ីស្រាអែល​ទាំង​អស់​ទៅ​បោះ​ទ័ព​ត្រង់​ភ្នំ​គីលបោ​ដែរ។+ ៥  ពេល​សុល​ឃើញ​ជំរំ​ទ័ព​ភីលីស្ទីន គាត់​ភ័យ​ញាប់​ញ័រ​ក្នុង​ចិត្ត​ជា​ខ្លាំង។+ ៦  សុល​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា+ តែ​ព្រះ​យេហូវ៉ា​មិន​ឆ្លើយ​តប​នឹង​គាត់​សោះ ទោះ​ជា​តាម​រយៈ​សុបិន តាម​រយៈ​យូរីម*+ ឬ​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​ក្ដី។ ៧  នៅ​ទី​បំផុត គាត់​បង្គាប់​ពួក​អ្នក​បម្រើ​ថា​៖ ​«​ចូរ​ទៅ​រក​ស្ត្រី​ម្នាក់​ដែល​ចេះ​ខាប+ រួច​ខ្ញុំ​នឹង​ទៅ​ជួប​នាង​»។ ពួក​អ្នក​បម្រើ​តប​ទៅ​សុល​ថា​៖ ​«​នៅ​ក្រុង​អេនដោ មាន​ស្ត្រី​ម្នាក់​ជា​គ្រូ​ខាប​»។+ ៨  ម្ល៉ោះ​ហើយ សុល​បាន​ក្លែង​ខ្លួន​ដោយ​ស្លៀក​សម្លៀក​បំពាក់​ធម្មតា ហើយ​ចេញ​ទៅ​ជួប​ស្ត្រី​នោះ​នៅ​ពេល​យប់​ជា​មួយ​នឹង​អ្នក​បម្រើ​ពីរ​នាក់។ សុល​និយាយ​ទៅ​នាង​ថា​៖ ​«​ខ្ញុំ​ចង់​ដឹង​អំពី​អនាគត ដូច្នេះ​សូម​នាង​ប្រើ​វិជ្ជា​ខាប​របស់​នាង+ ហៅ​បុគ្គល​ម្នាក់​ដែល​ខ្ញុំ​នឹង​ប្រាប់​នាង​»។ ៩  ក៏​ប៉ុន្តែ ស្ត្រី​នោះ​និយាយ​ទៅ​គាត់​ថា​៖ ​«​អ្នក​ច្បាស់​ជា​ដឹង​នូវ​អ្វី​ដែល​សុល​បាន​ធ្វើ​ហើយ។ គាត់​បាន​បំបាត់​ចោល​គ្រូ​ខាប និង​គ្រូ​ទាយ​ចេញ​ពី​ស្រុក​អ៊ីស្រាអែល។+ ចុះ​ហេតុ​អ្វី​អ្នក​ប៉ុន​ប៉ង​ដាក់​អន្ទាក់​ខ្ញុំ​ឲ្យ​ត្រូវ​ស្លាប់​ដូច្នេះ?​»។+ ១០  ឮ​នាង​និយាយ​ដូច​នោះ សុល​ស្បថ​ឲ្យ​នាង​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​ថា នាង​នឹង​គ្មាន​ទោស​ក្នុង​រឿង​នេះ​ឡើយ!​»។ ១១  ដូច្នេះ នាង​ក៏​សួរ​ថា​៖ ​«​តើ​ចង់​ឲ្យ​ខ្ញុំ​ខាប​អ្នក​ណា​មក​ឲ្យ​អ្នក?​»។ សុល​ឆ្លើយ​ថា​៖ ​«​សូម​ខាប​សាំយូអែល​មក​ឲ្យ​ខ្ញុំ​»។ ១២  ពេល​ស្ត្រី​នោះ​ឃើញ​«​សាំយូអែល​»​*+ នាង​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​និយាយ​ទៅ​សុល​ថា​៖ ​«​ហេតុ​អ្វី​លោក​បោក​បញ្ឆោត​ខ្ញុំ​ដូច្នេះ? លោក​ជា​សុល!​»។ ១៣  ស្ដេច​សុល​និយាយ​ទៅ​នាង​ថា​៖ ​«​កុំ​ខ្លាច​ឡើយ។ សូម​ប្រាប់​ខ្ញុំ តើ​នាង​ឃើញ​អ្វី?​»។ ស្ត្រី​នោះ​ឆ្លើយ​ទៅ​សុល​ថា​៖ ​«​ខ្ញុំ​ឃើញ​បុគ្គល​ម្នាក់​ដូច​ជា​ព្រះ​មួយ​រូប​កំពុង​ចេញ​ពី​ដី​មក​»។ ១៤  ភ្លាម​នោះ សុល​សួរ​នាង​ថា​៖ ​«​តើ​គាត់​មាន​រូប​រាង​ដូច​ម្ដេច?​»។ នាង​ឆ្លើយ​ថា​៖ ​«​គាត់​ជា​បុរស​វ័យ​ចាស់​ម្នាក់ ចេញ​មក​ទាំង​ពាក់​អាវ​វែង​គ្មាន​ដៃ​»។+ សុល​ដឹង​ភ្លាម​ថា​គាត់​ជា​«​សាំយូអែល​»​ ដូច្នេះ​សុល​ក៏​ក្រាប​មុខ​ដល់​ដី​បង្ហាញ​ការ​គោរព។ ១៥  រួច​មក ​«​សាំយូអែល​»​សួរ​សុល​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​រំខាន​ខ្ញុំ​ដោយ​ហៅ​ខ្ញុំ​មក​ដូច្នេះ?​»។ សុល​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មាន​ទុក្ខ​ធ្ងន់​ណាស់ ពី​ព្រោះ​ពួក​ភីលីស្ទីន​ជិត​មក​ធ្វើ​សង្គ្រាម​នឹង​ខ្ញុំ​ហើយ។ ចំណែក​ឯ​ព្រះ​វិញ លោក​បាន​បោះ​បង់​ចោល​ខ្ញុំ ហើយ​មិន​ព្រម​ឆ្លើយ​តប​មក​ខ្ញុំ​សោះ ទោះ​ជា​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ ឬ​តាម​រយៈ​សុបិន​ក្ដី។+ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ហៅ​អ្នក​មក​សួរ​ថា តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា?​»។+ ១៦  ​«​សាំយូអែល​»​និយាយ​ថា​៖ ​«​បើ​ព្រះ​យេហូវ៉ា​បាន​ចាក​ចេញ​ពី​អ្នក+ ហើយ​ក្លាយ​ទៅ​ជា​សត្រូវ​របស់​អ្នក ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មក​សុំ​យោបល់​ពី​ខ្ញុំ? ១៧  ព្រះ​យេហូវ៉ា​ផ្ទាល់​នឹង​ធ្វើ​តាម​ពាក្យ​ដែល​លោក​បាន​ប្រកាស​ទុក​ជា​មុន​តាម​រយៈ​ខ្ញុំ​ថា ព្រះ​យេហូវ៉ា​នឹង​ដក​ហូត​រាជាណាចក្រ​ចេញ​ពី​ដៃ​របស់​អ្នក រួច​ប្រគល់​ទៅ​ឲ្យ​បុរស​ម្នាក់​ទៀត គឺ​ដាវីឌ។+ ១៨  ព្រះ​យេហូវ៉ា​ធ្វើ​បែប​នេះ​ចំពោះ​អ្នក​នៅ​ថ្ងៃ​នេះ ដោយ​សារ​អ្នក​មិន​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត អ្នក​មិន​បាន​សម្លាប់​ជន​ជាតិ​អាម៉ាលេក+ដែល​បាន​ធ្វើ​ឲ្យ​លោក​ខឹង​ទេ។ ១៩  ព្រះ​យេហូវ៉ា​នឹង​ប្រគល់​អ្នក​និង​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ភីលីស្ទីន+ ហើយ​នៅ​ថ្ងៃ​ស្អែក អ្នក+និង​កូន​ប្រុស​ៗ​របស់​អ្នក+នឹង​នៅ​ជា​មួយ​នឹង​ខ្ញុំ។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ទាហាន​អ៊ីស្រាអែល​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ភីលីស្ទីន​»។+ ២០  គ្រាន់​តែ​ឮ​សម្ដី​របស់​«​សាំយូអែល​»​ភ្លាម សុល​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ហើយ​ផ្កាប់​មុខ​ដល់​ដី។ សុល​គ្មាន​កម្លាំង​កំហែង​ក្នុង​ខ្លួន​សោះ ព្រោះ​គាត់​មិន​បាន​បរិភោគ​អស់​មួយ​ថ្ងៃ​មួយ​យប់​មក​ហើយ។ ២១  ពេល​ដែល​ស្ត្រី​ជា​គ្រូ​ខាប​នោះ​ចូល​មក​ជិត​សុល នាង​ឃើញ​ថា​គាត់​ជ្រួល​ច្របល់​ក្នុង​ចិត្ត​ជា​ខ្លាំង។ នាង​និយាយ​ទៅ​គាត់​ថា​៖ ​«​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក បាន​ប្រថុយ​ជីវិត+ធ្វើ​តាម​បង្គាប់​របស់​លោក​ហើយ។ ២២  ឥឡូវ សូម​លោក​ស្ដាប់​ខ្ញុំ​សិន។ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​នំ​ប៉័ង​មួយ​ដុំ​ជូន​លោក​បរិភោគ ដើម្បី​លោក​អាច​មាន​កម្លាំង​ធ្វើ​ដំណើរ​ទៅ​វិញ​»។ ២៣  ប៉ុន្តែ សុល​បដិសេធ​ថា​៖ ​«​ខ្ញុំ​មិន​បរិភោគ​ទេ​»។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​បម្រើ​ពីរ​នាក់​របស់​សុល​និង​ស្ត្រី​នោះ​អង្វរ​សុល​ម្ដង​ហើយ​ម្ដង​ទៀត។ នៅ​ទី​បំផុត សុល​ព្រម​ស្ដាប់​ពួក​គេ គាត់​ក្រោក​ពី​ដី​មក​អង្គុយ​នៅ​លើ​គ្រែ។ ២៤  ស្ត្រី​នោះ​មាន​កូន​គោ​ធាត់​មួយ ដូច្នេះ​នាង​ប្រញាប់​យក​វា​មក​សម្លាប់។ រួច​នាង​យក​ម្សៅ​មក​ច្របាច់ ហើយ​ដុត​ធ្វើ​ជា​នំ​ប៉័ង​ឥត​ដំបែ។ ២៥  ក្រោយ​ពី​ចម្អិន​រួច​រាល់ នាង​អញ្ជើញ​សុល​និង​អ្នក​បម្រើ​របស់​គាត់​ឲ្យ​បរិភោគ។ លុះ​បរិភោគ​ហើយ ពួក​គេ​ចាក​ចេញ​ទៅ​វិញ​នៅ​យប់​ដដែល​នោះ។+

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​យូរីម​និង​ធូមីម​»​
ឬ​«​មើល​ទៅ​ដូច​ជា​សាំយូអែល​»​