សៀវភៅសាំយូអែលទី១ ៣:១-២១

  • សាំយូអែល​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ (​១​-​២១)

 នៅ​ពេល​នោះ​ដែរ កុមារ​សាំ​យូ​អែល​កំពុង​បម្រើ+ព្រះ​យេហូវ៉ា​ក្រោម​ការ​ណែនាំ​របស់​អេលី។ នៅ​គ្រា​នោះ កម្រ​ណាស់​ដែល​មនុស្ស​បាន​ឮ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា ហើយ​ពួក​គេ​មិន​សូវ​ទទួល​ការ​បើក​បង្ហាញ*+ពី​លោក​ទេ។ ២  អេលី​មើល​អ្វី​សឹង​តែ​មិន​ឃើញ ភ្នែក​របស់​គាត់​ចាប់​ផ្ដើម​ងងឹត​ហើយ។ នា​ថ្ងៃ​មួយ អេលី​កំពុង​សម្រាន្ត​នៅ​ក្នុង​បន្ទប់​របស់​គាត់។+ ៣  ពេល​នោះ​ចង្កៀង​ក្នុង​វិហារ*របស់​ព្រះ+ មិន​ទាន់​ពន្លត់​នៅ​ឡើយ។ សាំយូអែល​កំពុង​គេង​នៅ​ក្នុង​វិហារ+របស់​ព្រះ​យេហូវ៉ា ជា​កន្លែង​ដែល​មាន​ហឹប​នៃ​ព្រះ។ ៤  រួច​មក ព្រះ​យេហូវ៉ា​បាន​ហៅ​សាំយូអែល។ គាត់​ក៏​ឆ្លើយ​ថា​៖ ​«​បាទ​លោក​ម្ចាស់!​»។ ៥  គាត់​រត់​ទៅ​ជួប​អេលី ហើយ​និយាយ​ថា​៖ ​«​លោក​ម្ចាស់ លោក​បាន​ហៅ​ខ្ញុំ​មែន​ទេ?​»។ ប៉ុន្តែ អេលី​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មិន​បាន​ហៅ​កូន​ទេ។ ទៅ​គេង​វិញ​ទៅ​កូន​»។ ដូច្នេះ សាំយូអែល​ក៏​ទៅ​គេង​វិញ។ ៦  ព្រះ​យេហូវ៉ា​ហៅ​សាំយូអែល​ម្ដង​ទៀត​ថា​៖ ​«​សាំយូអែល!​»។ សាំយូអែល​ក៏​ក្រោក​ឡើង​ទៅ​ជួប​អេលី ហើយ​និយាយ​ថា​៖ ​«​បាទ​លោក​ម្ចាស់! លោក​បាន​ហៅ​ខ្ញុំ​មែន​ទេ?​»។ ប៉ុន្តែ អេលី​ពោល​ថា​៖ ​«​កូន​អើយ ខ្ញុំ​មិន​បាន​ហៅ​ទេ។ ទៅ​គេង​វិញ​ទៅ​កូន​»​ ៧  (​នៅ​ពេល​នោះ សាំយូអែល​មិន​ទាន់​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់​ទេ ហើយ​ព្រះ​យេហូវ៉ា​ក៏​មិន​ទាន់​ឲ្យ​គាត់​ដឹង​អំពី​ប្រសាសន៍​របស់​លោក​ដែរ​)។+ ៨  ព្រះ​យេហូវ៉ា​បាន​ហៅ​សាំយូអែល​ម្ដង​ទៀត​ជា​លើក​ទី​បី​ថា​៖ ​«​សាំយូអែល!​»។ គាត់​ក៏​ក្រោក​ឡើង​ទៅ​ជួប​អេលី ហើយ​និយាយ​ថា​៖ ​«​បាទ​លោក​ម្ចាស់! លោក​បាន​ហៅ​ខ្ញុំ​មែន​ទេ?​»។ ពេល​នោះ​អេលី​ដឹង​ថា គឺ​ព្រះ​យេហូវ៉ា​ដែល​បាន​ហៅ​សាំយូអែល។ ៩  ម្ល៉ោះ​ហើយ អេលី​ប្រាប់​សាំយូអែល​ថា​៖ ​«​ចូរ​ទៅ​គេង​វិញ ហើយ​បើ​ឮ​សំឡេង​ហៅ​កូន​ម្ដង​ទៀត កូន​គួរ​ឆ្លើយ​ថា​៖ ‹សូម​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក។ ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​លោក​កំពុង​រង់​ចាំ​ស្ដាប់›​»។ ពេល​អេលី​និយាយ​ចប់ សាំយូអែល​ក៏​ទៅ​គេង​វិញ។ ១០  ព្រះ​យេហូវ៉ា​លេច​មក​ឈរ​នៅ​ទី​នោះ ហើយ​លោក​បាន​ហៅ​សាំយូអែល​ដូច​លើក​មុន​ថា​៖ ​«​សាំយូអែល! សាំយូអែល!​»។ គាត់​ឆ្លើយ​ថា​៖ ​«​សូម​លោក​មាន​ប្រសាសន៍​មក។ ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​លោក​កំពុង​រង់​ចាំ​ស្ដាប់​»។ ១១  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​សាំយូអែល​ថា​៖ ​«​មើល! ខ្ញុំ​កំពុង​ធ្វើ​ឲ្យ​ហេតុ​ការណ៍​មួយ​កើត​ឡើង​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល ហើយ​អ្នក​ណា​ដែល​ឮ​អំពី​ហេតុ​ការណ៍​នោះ អ្នក​នោះ​នឹង​ស្រឡាំងកាំង។+ ១២  នៅ​ថ្ងៃ​នោះ ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​ទាំង​អស់​ដែល​ខ្ញុំ​បាន​និយាយ​អំពី​អេលី​និង​កូន​ចៅ​របស់​គាត់ តាំង​ពី​ដើម​រហូត​ដល់​ចប់។+ ១៣  អ្នក​ត្រូវ​ប្រាប់​អេលី​ថា ខ្ញុំ​នឹង​ដាក់​ទោស​កូន​ចៅ​របស់​គាត់​រហូត​ត​ទៅ ព្រោះ​ពួក​គេ​បាន​ប្រមាថ​មើល​ងាយ​ខ្ញុំ។+ អេលី​ដឹង​ថា​កូន​ប្រុស​ៗ​គាត់​បាន​ធ្វើ​ខុស+ តែ​គាត់​មិន​បាន​ស្ដី​បន្ទោស​ពួក​គេ​ទេ។+ ១៤  ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ស្បថ​ថា គ្មាន​គ្រឿង​បូជា​ឬ​ជំនូន​ណា​ដែល​អាច​លុប​លាង​កំហុស​របស់​កូន​ចៅ​អេលី​បាន​ឡើយ​»។+ ១៥  សាំយូអែល​បាន​គេង​ទាល់​ភ្លឺ រួច​មក​គាត់​ក្រោក​ឡើង​បើក​ទ្វារ​វិហារ​របស់​ព្រះ​យេហូវ៉ា។ សាំយូអែល​មិន​ហ៊ាន​ប្រាប់​អេលី​នូវ​អ្វី​ដែល​ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​គាត់​ឃើញ​ក្នុង​គំនិត​ទេ។ ១៦  អេលី​បាន​ហៅ​សាំយូអែល​ថា​៖ ​«​សាំយូអែល កូន​អើយ!​»។ គាត់​ក៏​តប​ថា​៖ ​«​បាទ​លោក​ម្ចាស់​»។ ១៧  អេលី​សួរ​គាត់​ថា​៖ ​«​តើ​ព្រះ​បាន​និយាយ​អ្វី​ជា​មួយ​នឹង​កូន? សូម​កុំ​លាក់​ពី​ខ្ញុំ​ឡើយ។ បើ​កូន​មិន​ប្រាប់​ពាក្យ​ទាំង​អស់​ដល់​ខ្ញុំ​ទេ សូម​ឲ្យ​ព្រះ​ដាក់​ទោស​កូន​ឲ្យ​ធ្ងន់​ចុះ​»។ ១៨  ដូច្នេះ សាំយូអែល​បាន​ប្រាប់​រឿង​ទាំង​អស់​ដល់​អេលី ដោយ​គ្មាន​លាក់​លៀម​ឡើយ។ អេលី​ក៏​និយាយ​ថា​៖ ​«​នេះ​ជា​បំណង​របស់​ព្រះ​យេហូវ៉ា។ សូម​លោក​ធ្វើ​តាម​បំណង​របស់​លោក​ចុះ​»។ ១៩  សាំយូអែល​កាន់​តែ​ធំ​ឡើង ហើយ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​គាត់។+ លោក​ធ្វើ​ឲ្យ​ប្រសាសន៍​ទាំង​អស់​របស់​លោក​ក្លាយ​ទៅ​ជា​ការ​ពិត។ ២០  ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​តាំង​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរ​សេបា បាន​ដឹង​ថា​សាំយូអែល​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា។ ២១  ព្រះ​យេហូវ៉ា​បន្ត​លេច​មក​នៅ​ក្រុង​ស៊ីឡូរ ដោយ​សារ​ព្រះ​យេហូវ៉ា​បើក​បង្ហាញ​ឲ្យ​សាំយូអែល​ស្គាល់​លោក​នៅ​ក្រុង​នោះ តាម​រយៈ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។+

កំណត់សម្គាល់

នេះ​សំដៅ​លើ​អ្វី​ដែល​ព្រះ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​របស់​អ្នក​ណា​ម្នាក់
នេះ​សំដៅ​លើ​ត្រសាល