សៀវភៅសាំយូអែលទី១ ៤:១-២២

  • ពួក​ភីលីស្ទីន​ចាប់​យក​ហឹប (​១​-​១១)

  • អេលី​និង​កូន​ប្រុស​ពីរ​នាក់​ស្លាប់ (​១២​-​២២)

 តាម​រយៈ​សាំយូអែល ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​ឮ​ប្រសាសន៍​របស់​ព្រះ។ នៅ​ថ្ងៃ​មួយ កង​ទ័ព​អ៊ីស្រាអែល​បាន​ចេញ​ទៅ​សមរភូមិ​ដើម្បី​ច្បាំង​នឹង​កង​ទ័ព​ភីលីស្ទីន។ ពួក​អ៊ីស្រាអែល​បោះ​ទ័ព​នៅ​ជិត​អេបេណេសឺ រីឯ​ពួក​ភីលីស្ទីន​បោះ​ទ័ព​នៅ​ក្នុង​ទឹក​ដី​ក្រុង​អាផែក។ ២  ពួក​ភីលីស្ទីន​បាន​តម្រៀប​ទ័ព រួច​ចូល​ប្រយុទ្ធ​នឹង​ពួក​អ៊ីស្រាអែល។ ប៉ុន្តែ ពួក​អ៊ីស្រាអែល​ច្បាំង​ចាញ់​ពួក​ភីលីស្ទីន។ នៅ​វាល​សមរភូមិ ពួក​ភីលីស្ទីន​បាន​សម្លាប់​ពួក​អ៊ីស្រាអែល​អស់​ប្រហែល​ជា​៤.០០០​នាក់។ ៣  ពេល​ពួក​អ៊ីស្រាអែល​ត្រឡប់​មក​ទី​បោះ​ទ័ព​វិញ ពួក​អ្នក​ចាស់​ទុំ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​និយាយ​ថា​៖ ​«​ហេតុ​អ្វី​ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​ឲ្យ​យើង​ចាញ់​ពួក​ភីលីស្ទីន​ដូច្នេះ?*+ ចូរ​យើង​ទៅ​ក្រុង​ស៊ីឡូរ​យក​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​មក​ទី​នេះ+ ដើម្បី​ឲ្យ​ហឹប​នោះ​សង្គ្រោះ​យើង​ពី​កណ្ដាប់​ដៃ​របស់​ពួក​សត្រូវ​»។ ៤  ដូច្នេះ ពួក​គេ​ក៏​ចាត់​បុរស​ខ្លះ​ឲ្យ​ទៅ​ក្រុង​ស៊ីឡូរ។ បុរស​ទាំង​នោះ​បាន​នាំ​យក​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ ដែល​ជា​ព្រះ​អង្គុយ​ពី​លើ*ចេរូប៊ីន+ ហើយ​កូន​ប្រុស​ពីរ​នាក់​របស់​អេលី គឺ​ហូណាយ​និង​ភីនេហាស+ ក៏​បាន​មក​ជា​មួយ​នឹង​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​ពិត​ដែរ។ ៥  កាល​ដែល​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​យក​មក​ដល់​ទី​បោះ​ទ័ព​ភ្លាម ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ក៏​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ខ្ទរ​ខ្ទារ​យ៉ាង​ខ្លាំង​រហូត​ដល់​ញ័រ​ដី។ ៦  ពេល​ដែល​ពួក​ភីលីស្ទីន​ឮ​សំឡេង​ស្រែក​ហ៊ោ​ដូច្នោះ ពួក​គេ​សួរ​គ្នា​ថា​៖ ​«​ហេតុ​អ្វី​ឮ​សំឡេង​មក​ពី​ជំរំ​ទ័ព​ពួក​ហេប្រឺ​ខ្លាំង​ម្ល៉េះ?​»។ ក្រោយ​មក​ទើប​ពួក​គេ​ដឹង​ថា ហឹប​នៃ​ព្រះ​យេហូវ៉ា​បាន​ត្រូវ​យក​ចូល​ក្នុង​ទី​បោះ​ទ័ព​នោះ។ ៧  ហេតុ​នេះ ពួក​ភីលីស្ទីន​ចាប់​ផ្ដើម​ភ័យ​ខ្លាច រួច​និយាយ​ថា​៖ ​«​ព្រះ​បាន​មក​ក្នុង​ទី​បោះ​ទ័ព​ហើយ!​»។+ ពួក​គេ​និយាយ​បន្ថែម​ទៀត​ថា​៖ ​«​វេទនា​ហើយ​យើង! ព្រោះ​មិន​ដែល​មាន​រឿង​បែប​នេះ​កើត​ឡើង​ពី​មុន​ទេ! ៨  វេទនា​ហើយ​យើង! តើ​អ្នក​ណា​នឹង​សង្គ្រោះ​យើង​ពី​កណ្ដាប់​ដៃ​របស់​ព្រះ​ដ៏​ខ្លាំង​ក្លា​នេះ? គឺ​ព្រះ​នេះ​ហើយ​ដែល​បាន​សម្លាប់​ជន​ជាតិ​អេហ្ស៊ីប ដោយ​ធ្វើ​ឲ្យ​មាន​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង​នៅ​តំបន់​ស្ងាត់​ជ្រងំ។+ ៩  ជន​រួម​ជាតិ​ភីលីស្ទីន​អើយ! ចូរ​ក្លាហាន ហើយ​អង់អាច​ឡើង! ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​ពួក​ហេប្រឺ ដូច​ពួក​គេ​ធ្លាប់​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​រាល់​គ្នា​ឡើយ។+ ចូរ​ក្លាហាន ហើយ​ទៅ​ប្រយុទ្ធ​នឹង​ពួក​គេ!​»។ ១០  ដូច្នេះ ពួក​ភីលីស្ទីន​ក៏​ចេញ​ទៅ​ប្រយុទ្ធ ហើយ​បាន​វាយ​ឈ្នះ​ពួក​អ៊ីស្រាអែល+ នាំ​ឲ្យ​ពួក​គេ​បាក់​ទ័ព​រត់​ទៅ​ត្រសាល​រៀង​ៗ​ខ្លួន​វិញ។ ក្នុង​ចម្បាំង​នោះ មាន​មនុស្ស​ស្លាប់​ច្រើន​ណាស់។ ខាង​ពួក​អ៊ីស្រាអែល ទាហាន​ថ្មើរ​ជើង​ស្លាប់​អស់​ចំនួន​៣០.០០០​នាក់។ ១១  លើស​ពី​នោះ​ទៅ​ទៀត ពួក​ភីលីស្ទីន​បាន​ចាប់​យក​ហឹប​នៃ​ព្រះ។ ចំណែក​កូន​ប្រុស​ពីរ​នាក់​របស់​អេលី គឺ​ហូណាយ​និង​ភីនេហាស បាន​បាត់​បង់​ជីវិត។+ ១២  នៅ​ថ្ងៃ​ដដែល​នោះ បុរស​ម្នាក់​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​បាន​រត់​រួច​ពី​សមរភូមិ ហើយ​ត្រឡប់​ទៅ​ក្រុង​ស៊ីឡូរ​វិញ។ គាត់​បាន​ហែក​សម្លៀក​បំពាក់ ហើយ​ដាក់​ដី​លើ​ក្បាល។+ ១៣  ពេល​ដែល​បុរស​នោះ​ទៅ​ដល់​ក្រុង អេលី​កំពុង​អង្គុយ​រង់​ចាំ​លើ​កៅអី​នា​ចិញ្ចើម​ផ្លូវ ព្រោះ​គាត់​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ហឹប​នៃ​ព្រះ​ពិត។+ បុរស​នោះ​ចូល​ទៅ​ក្នុង​ក្រុង​ប្រាប់​ដំណឹង​នោះ ហើយ​អ្នក​ក្រុង​ទាំង​មូល​ចាប់​ផ្ដើម​ស្រែក​ទ្រហោ​យំ។ ១៤  ពេល​អេលី​ឮ​សំឡេង​ស្រែក​យំ គាត់​ក៏​សួរ​ថា​៖ ​«​ហេតុ​អ្វី​ឮ​សំឡេង​ស្រែក​យំ​ខ្លាំង​យ៉ាង​នេះ?​»។ បុរស​នោះ​ក៏​ប្រញាប់​ចូល​ទៅ​ជម្រាប​អេលី​អំពី​ដំណឹង​នោះ ១៥  (​ពេល​នោះ អេលី​មាន​អាយុ​៩៨​ឆ្នាំ ហើយ​ភ្នែក​របស់​គាត់​ងងឹត​មើល​អ្វី​លែង​ឃើញ​)។+ ១៦  បុរស​នោះ​ជម្រាប​អេលី​ថា​៖ ​«​ខ្ញុំ​បាន​រត់​រួច​ពី​សមរភូមិ! គឺ​រត់​រួច​នៅ​ថ្ងៃ​នេះ​ឯង!​»។ អេលី​សួរ​ថា​៖ ​«​តើ​មាន​រឿង​អ្វី​កើត​ឡើង​កូន?​»។ ១៧  បុរស​នោះ​ជម្រាប​គាត់​ថា​៖ ​«​ពួក​ទ័ព​អ៊ីស្រាអែល​បាន​ចាញ់ ហើយ​រត់​គេច​ពី​ពួក​ទ័ព​ភីលីស្ទីន។ ពួក​យើង​ស្លាប់​ច្រើន​ណាស់+ ហើយ​កូន​ប្រុស​ពីរ​នាក់​របស់​លោក គឺ​ហូណាយ​និង​ភីនេហាស​ក៏​ស្លាប់​ដែរ។+ ពួក​គេ​ថែម​ទាំង​ចាប់​យក​ហឹប​នៃ​ព្រះ​ពិត​ទៀត​ផង​»។+ ១៨  ខណៈ​ដែល​បុរស​នោះ​រៀប​រាប់​ដល់​រឿង​ហឹប​នៃ​ព្រះ​ពិត ស្រាប់​តែ​អេលី​ផ្ងារ​ក្រោយ​ធ្លាក់​ពី​លើ​កៅអី​ជិត​មាត់​ទ្វារ បាក់​ក​ស្លាប់​នៅ​នឹង​កន្លែង ដោយ​សារ​គាត់​ធាត់​ហើយ​មាន​វ័យ​ចាស់​ផង។ អស់​រយៈ​ពេល​៤០​ឆ្នាំ អេលី​បាន​ធ្វើ​ជា​អ្នក​វិនិច្ឆ័យ​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល។ ១៩  ចំណែក​កូន​ប្រសា​ស្រី​របស់​អេលី​ដែល​ជា​ប្រពន្ធ​របស់​ភីនេហាស នាង​មាន​ផ្ទៃ​ពោះ​ជិត​គ្រប់​ខែ​ហើយ។ ពេល​ដែល​នាង​ឮ​ដំណឹង​ថា​ហឹប​នៃ​ព្រះ​ពិត​បាន​ត្រូវ​គេ​ចាប់​យក ហើយ​ថា​ឪ​ពុក​ក្មេក​និង​ប្ដី​របស់​នាង​ស្លាប់ នោះ​នាង​ក៏​ទន់​ជង្គង់​ឈឺ​ពោះ រួច​សម្រាល​កូន ដោយ​មិន​បាន​រំពឹង​ទុក​ជា​មុន។ ២០  កាល​ដែល​នាង​ជិត​ស្លាប់ ស្ត្រី​ដែល​ឈរ​នៅ​ក្បែរ​នាង​និយាយ​ថា​៖ ​«​កុំ​ភ័យ​ខ្លាច​ឡើយ ព្រោះ​អ្នក​កើត​បាន​កូន​ប្រុស​មួយ​»។ ប៉ុន្តែ នាង​មិន​បាន​ឆ្លើយ​តប​ទេ ហើយ​ក៏​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ដែរ។ ២១  នាង​ដាក់​ឈ្មោះ​កូន​ថា​អ៊ីកាបុត*+ ហើយ​និយាយ​ថា​៖ ​«​សិរី​រុង​រឿង​បាន​ត្រូវ​ចាប់​យក​ពី​ជន​ជាតិ​អ៊ីស្រាអែល​ហើយ​»។+ នាង​ពោល​ដូច្នេះ ដោយ​សារ​ហឹប​នៃ​ព្រះ​ពិត​ត្រូវ​គេ​ចាប់​យក​ទៅ​បាត់ និង​ដោយ​សារ​ឪ​ពុក​ក្មេក​និង​ប្ដី​របស់​នាង​ស្លាប់។+ ២២  នាង​និយាយ​ថា​៖ ​«​សិរី​រុង​រឿង​បាន​ត្រូវ​ចាប់​យក​ពី​ជន​ជាតិ​អ៊ីស្រាអែល ដោយ​សារ​ហឹប​នៃ​ព្រះ​ពិត​ត្រូវ​គេ​ចាប់​យក​ទៅ​បាត់​»។+

កំណត់សម្គាល់

ន័យ​ត្រង់​«​ហេតុ​អ្វី​ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​វាយ​ប្រហារ​យើង​ឲ្យ​ចាញ់​ពួក​ភីលីស្ទីន?​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​រវាង​»​
មាន​ន័យ​ថា​«​តើ​សិរី​រុង​រឿង​នៅ​ឯ​ណា?​»​