សៀវភៅសាំយូអែលទី១ ៦:១-២១

  • ពួក​ភីលីស្ទីន​បញ្ជូន​ហឹប​ទៅ​អ៊ីស្រាអែល​វិញ (​១​-​២១)

 អស់​រយៈ​ពេល​៧​ខែ ហឹប+នៃ​ព្រះ​យេហូវ៉ា​នៅ​ក្នុង​តំបន់​របស់​ពួក​ភីលីស្ទីន។ ២  ពួក​ភីលីស្ទីន​បាន​អញ្ជើញ​ពួក​សង្ឃ​និង​ពួក​គ្រូ​ទាយ​មក+ ហើយ​សួរ​ពួក​គេ​ថា​៖ ​«​តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា​ចំពោះ​ហឹប​នៃ​ព្រះ​យេហូវ៉ា? សូម​ប្រាប់​យើង​ផង តើ​តាម​របៀប​ណា​យើង​អាច​បញ្ជូន​ហឹប​នោះ​ទៅ​កន្លែង​ដើម​វិញ?​»។ ៣  ពួក​គេ​តប​ឆ្លើយ​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​បញ្ជូន​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ត្រឡប់​ទៅ​វិញ អ្នក​រាល់​គ្នា​ក៏​ត្រូវ​បញ្ជូន​គ្រឿង​បូជា​លោះ​អំពើ​រំលង​ទៅ​ឯ​លោក​ផង​ដែរ+ ទើប​អ្នក​រាល់​គ្នា​អាច​ជា​សះ​ស្បើយ ហើយ​អាច​ដឹង​អំពី​មូលហេតុ​ដែល​លោក​នៅ​តែ​ដាក់​ទោស​អ្នក​រាល់​គ្នា​»។ ៤  ដូច្នេះ ពួក​ភីលីស្ទីន​សួរ​ថា​៖ ​«​តើ​យើង​គួរ​ជូន​គ្រឿង​បូជា​អ្វី​ទៅ​ព្រះ​នោះ?​»។ ពួក​សង្ឃ​និង​ពួក​គ្រូ​ទាយ​ឆ្លើយ​ថា​៖ ​«​ស្រប​តាម​ចំនួន​អ្នក​នាំ​មុខ​នៃ​ពួក​ភីលីស្ទីន+ ចូរ​បញ្ជូន​រូប​ឫសដូងបាត​ធ្វើ​ពី​មាស​ចំនួន​ប្រាំ និង​រូប​កណ្ដុរ​ធ្វើ​ពី​មាស​ចំនួន​ប្រាំ​ដែរ ព្រោះ​អ្នក​រាល់​គ្នា​និង​អ្នក​នាំ​មុខ​របស់​អ្នក​រាល់​គ្នា​បាន​រង​ទុក្ខ​វេទនា​ដូច​គ្នា។ ៥  ចូរ​ធ្វើ​រូប​ឫសដូងបាត​និង​រូប​កណ្ដុរ+ដែល​កំពុង​បំផ្លាញ​ស្រុក​របស់​អ្នក​រាល់​គ្នា ហើយ​លើក​កិត្តិយស​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។ យ៉ាង​នេះ ប្រហែល​ជា​លោក​នឹង​ឈប់​ដាក់​ទោស​អ្នក​រាល់​គ្នា និង​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ស្រុក​របស់​អ្នក​រាល់​គ្នា​ទៀត។+ ៦  ហេតុ​អ្វី​អ្នក​រាល់​គ្នា​ចាំ​បាច់​មាន​ចិត្ត​រឹង​រូស​ដូច​ជន​ជាតិ​អេហ្ស៊ីប​និង​ផារ៉ូ​ដូច្នេះ?+ ដោយ​សារ​តែ​រឿង​នេះ​ហើយ​បាន​ជា​ព្រះ​នោះ​ធ្វើ​ឲ្យ​ពួក​អេហ្ស៊ីប​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង+ ហើយ​ក្រោយ​មក​ពួក​គេ​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ទៅ។+ ៧  ដូច្នេះ ចូរ​រៀបចំ​រទេះ​ថ្មី​មួយ ហើយ​យក​មេ​គោ​ពីរ​ដែល​មាន​កូន និង​មិន​ដែល​ទឹម​សោះ ឲ្យ​មក​ទឹម​រទេះ​ថ្មី​នោះ។ ប៉ុន្តែ ចូរ​នាំ​កូន​របស់​ពួក​វា​ត្រឡប់​ទៅ​ក្រោល​វិញ។ ៨  បន្ទាប់​មក ចូរ​យក​ហឹប​នៃ​ព្រះ​យេហូវ៉ា​មក​ដាក់​លើ​រទេះ​នោះ ហើយ​ដាក់​ប្រអប់​ដែល​មាន​រូប​មាស​ទាំង​ប៉ុន្មាន​នៅ​ក្បែរ​ហឹប​នោះ ទុក​ជូន​ព្រះ​នោះ​ជា​គ្រឿង​បូជា​លោះ​អំពើ​រំលង​របស់​អ្នក​រាល់​គ្នា។+ រួច​មក លែង​គោ​ដែល​ទឹម​រទេះ​នោះ​ឲ្យ​ចេញ​ទៅ។ ៩  ចូរ​ទៅ​តាម​មើល បើ​គោ​នោះ​ដើរ​ឆ្ពោះ​ទៅ​ឯ​ក្រុង​បេតសេមែស+ នោះ​យើង​នឹង​ដឹង​ថា គឺ​ព្រះ​នោះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​យើង​ជួប​ទុក្ខ​វេទនា​ដ៏​ខ្លាំង​នេះ។ ក៏​ប៉ុន្តែ បើ​ពួក​វា​ដើរ​ទៅ​ផ្លូវ​ផ្សេង នោះ​យើង​នឹង​ដឹង​ថា​ទុក្ខ​វេទនា​ដែល​យើង​ជួប​មិន​មែន​មក​ពី​ព្រះ​នោះ​ទេ តែ​កើត​ឡើង​ដោយ​ចៃដន្យ​វិញ​»។ ១០  ពួក​គេ​បាន​ធ្វើ​តាម​ទាំង​អស់។ ពួក​គេ​យក​មេ​គោ​ពីរ​ដែល​មាន​កូន ទៅ​ទឹម​រទេះ​មួយ ហើយ​បង្ខាំង​កូន​របស់​ពួក​វា​ទុក​នៅ​ក្នុង​ក្រោល។ ១១  រួច​មក ពួក​គេ​ដាក់​ហឹប​នៃ​ព្រះ​យេហូវ៉ា​លើ​រទេះ​នោះ រួម​ទាំង​ប្រអប់​ដែល​មាន​រូប​កណ្ដុរ​មាស​និង​រូប​ឫសដូងបាត​មាស​ទៅ​ជា​មួយ​ផង។ ១២  មេ​គោ​ទាំង​ពីរ​ដើរ​ត្រង់​ទៅ​មុខ​តាម​ផ្លូវ​ទៅ​ឯ​ក្រុង​បេតសេមែស។+ ពួក​វា​ដើរ​តាម​ផ្លូវ​នោះ​ប៉ុណ្ណោះ។ ពួក​វា​ដើរ​បណ្ដើរ រោទ៍​បណ្ដើរ ហើយ​មិន​ងាក​ស្ដាំ​ឬ​ឆ្វេង​សោះ។ ឯ​អ្នក​នាំ​មុខ​នៃ​ពួក​ភីលីស្ទីន​បាន​ដើរ​តាម​ក្រោយ​ពួក​វា រហូត​ដល់​ព្រំ​ប្រទល់​ក្រុង​បេតសេមែស។ ១៣  ពេល​នោះ​អ្នក​ក្រុង​បេតសេមែស​កំពុង​ច្រូត​ស្រូវ​សាលី​នៅ​ឯ​ជ្រលង​ភ្នំ។* កាល​ដែល​ពួក​គេ​ងើប​ភ្នែក​ទៅ​ឃើញ​ហឹប​នោះ ពួក​គេ​ត្រេក​អរ​ក្រៃ​លែង។ ១៤  គោ​ដែល​ទឹម​រទេះ​នោះ​បាន​ចូល​ទៅ​ក្នុង​ស្រែ​ចម្ការ​របស់​យ៉ូស្វេ​ដែល​ជា​អ្នក​ក្រុង​បេតសេមែស ហើយ​ឈប់​នៅ​ជិត​ថ្ម​ធំ​មួយ។ ដូច្នេះ ពួក​គេ​ក៏​កាប់​រទេះ​ឈើ​នោះ ហើយ​យក​មេ​គោ​ទាំង​ពីរ+មក​ដុត​ធ្វើ​ជា​គ្រឿង​បូជា​ជូន​ព្រះ​យេហូវ៉ា។ ១៥  ពួក​លេវី+បាន​យក​ហឹប​នៃ​ព្រះ​យេហូវ៉ា និង​ប្រអប់​ដែល​មាន​រូប​មាស​ទាំង​ប៉ុន្មាន មក​ដាក់​នៅ​លើ​ថ្ម​ធំ​នោះ។ នៅ​ថ្ងៃ​នោះ​ឯង អ្នក​ក្រុង​បេតសេមែស+ជូន​គ្រឿង​បូជា​និង​ដុត​ជំនូន​ដល់​ព្រះ​យេហូវ៉ា។ ១៦  ពេល​ដែល​អ្នក​នាំ​មុខ​ទាំង​ប្រាំ​នាក់​របស់​ពួក​ភីលីស្ទីន​បាន​ឃើញ​ដូច្នោះ ពួក​គេ​ក៏​ត្រឡប់​ទៅ​ក្រុង​អេក្រុន​វិញ​នៅ​ថ្ងៃ​ដដែល​នោះ។ ១៧  ពួក​ភីលីស្ទីន​បាន​ផ្ញើ​រូប​ឫសដូងបាត​មាស​ជូន​ព្រះ​យេហូវ៉ា​ទុក​ជា​គ្រឿង​បូជា ដើម្បី​សុំ​លោក​អភ័យ​ទោស​ចំពោះ​អំពើ​រំលង​របស់​ពួក​គេ។+ រូប​ឫសដូងបាត​មួយ​សម្រាប់​ក្រុង​អាសូត+ មួយ​សម្រាប់​ក្រុង​កាសា មួយ​សម្រាប់​ក្រុង​អាសកាឡូន មួយ​សម្រាប់​ក្រុង​កាថ+ និង​មួយ​ទៀត​សម្រាប់​ក្រុង​អេក្រុន។+ ១៨  រីឯ​ចំនួន​រូប​កណ្ដុរ​មាស​វិញ ពួក​ភីលីស្ទីន​បាន​ធ្វើ​តាម​ចំនួន​ក្រុង​ទាំង​អស់​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ពួក​អ្នក​នាំ​មុខ​ទាំង​ប្រាំ​នាក់ ពោល​គឺ​ក្រុង​ដែល​មាន​កំពែង​មាំ​មួន​និង​ភូមិ​ដែល​គ្មាន​កំពែង​ផង។ ឯ​ថ្ម​ធំ​ដែល​ពួក​លេវី​បាន​តម្កល់​ហឹប​នៃ​ព្រះ​យេហូវ៉ា​ក្នុង​ស្រែ​ចម្ការ​របស់​យ៉ូស្វេ​ដែល​ជា​អ្នក​ក្រុង​បេតសេមែស បាន​ត្រូវ​ទុក​ជា​ទី​រំលឹក​នៅ​ទី​នោះ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ១៩  ព្រះ​បាន​សម្លាប់​អ្នក​ក្រុង​បេតសេមែស ដោយ​សារ​ពួក​គេ​សម្លឹង​មើល​ហឹប​នៃ​ព្រះ​យេហូវ៉ា។ លោក​សម្លាប់​ពួក​គេ​អស់​៥០.០៧០​នាក់។ ពួក​អ្នក​ក្រុង​នោះ​ចាប់​ផ្ដើម​យំ​សោក ពី​ព្រោះ​ព្រះ​យេហូវ៉ា​បាន​ប្រហារ​ជីវិត​ពួក​គេ​ច្រើន​ណាស់។+ ២០  ពួក​អ្នក​ក្រុង​បេតសេមែស​ពោល​ឡើង​ថា​៖ ​«​តើ​អ្នក​ណា​អាច​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​បរិសុទ្ធ​នេះ​បាន?+ បើ​លោក​ចេញ​ពី​យើង​ទៅ​អ្នក​ឯ​ទៀត គឺ​ជា​ការ​ល្អ​ណាស់!​»។+ ២១  ម្ល៉ោះ​ហើយ ពួក​គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ក្រុង​គារីអាតយារីម+ ហើយ​ប្រាប់​ពួក​គេ​ថា​៖ ​«​ពួក​ភីលីស្ទីន​បាន​បញ្ជូន​ហឹប​នៃ​ព្រះ​យេហូវ៉ា​ត្រឡប់​មក​វិញ​ហើយ។ សូម​មក​ទទួល​ហឹប​នោះ​យក​ទៅ​ក្រុង​របស់​អ្នក​វិញ​ចុះ​»។+

កំណត់សម្គាល់

ឬ​«​វាល​ទំនាប​»​