សៀវភៅសាំយូអែលទី១ ៨:១-២២

  • អ៊ីស្រាអែល​ទាម​ទារ​ចង់​បាន​ស្ដេច (​១​-​៩)

  • សាំយូអែល​ព្រមាន​បណ្ដា​ជន (​១០​-​១៨)

  • ព្រះ​យេហូវ៉ា​យល់​ព្រម​ឲ្យ​មាន​ស្ដេច (​១៩​-​២២)

 កាល​ដែល​សាំយូអែល​មាន​វ័យ​កាន់​តែ​ចាស់ គាត់​បាន​តែង​តាំង​កូន​ប្រុស​ៗ​របស់​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​វិនិច្ឆ័យ​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល។ ២  កូន​ប្រុស​ទី​១​ឈ្មោះ​យ៉ូអែល និង​កូន​ប្រុស​ទី​២​ឈ្មោះ​អាប៊ីយ៉ា។+ ពួក​គេ​ជា​អ្នក​វិនិច្ឆ័យ​ក្ដី​នៅ​ក្រុង​បៀរសេបា។ ៣  ក៏​ប៉ុន្តែ ពួក​គេ​មិន​បាន​ប្រព្រឹត្ត​តាម​គន្លង​របស់​ឪ​ពុក​ទេ។ ពួក​គេ​ខំ​រក​កម្រៃ​តាម​របៀប​មិន​ទៀង​ត្រង់។+ ពួក​គេ​ទទួល​សំណូក+ ថែម​ទាំង​កាត់​ក្ដី​ដោយ​អយុត្តិធម៌​ទៀត​ផង។+ ៤  ក្រោយ​មក បុរស​ចាស់​ទុំ​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មក​ជួប​ជុំ​គ្នា រួច​ទៅ​ជួប​សាំយូអែល​នៅ​ក្រុង​រ៉ាម៉ា។ ៥  ពួក​គេ​និយាយ​ទៅ​កាន់​សាំយូអែល​ថា​៖ ​«​មើល! អ្នក​ចាស់​ហើយ។ តែ​កូន​ប្រុស​ៗ​របស់​អ្នក​មិន​ដើរ​តាម​គន្លង​របស់​អ្នក​ទេ។ ឥឡូវ សូម​តែង​តាំង​ស្ដេច​ម្នាក់​ឲ្យ​គ្រប់​គ្រង*លើ​យើង ដូច​ជន​ជាតិ​ឯ​ទៀត​ដែរ​»។+ ៦  ប៉ុន្តែ សាំយូអែល​មិន​ពេញ​ចិត្ត​ទេ ពេល​ឮ​ពួក​គេ​និយាយ​ថា​៖ ​«​សូម​តែង​តាំង​ស្ដេច​ម្នាក់​ឲ្យ​គ្រប់​គ្រង​លើ​យើង​»។ ដូច្នេះ សាំយូអែល​ក៏​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ ៧  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​សាំយូអែល​ថា​៖ ​«​ចូរ​ធ្វើ​តាម​ពាក្យ​សម្ដី​ទាំង​អស់​របស់​បណ្ដា​ជន​ចុះ។ ពួក​គេ​មិន​មែន​បដិសេធ​អ្នក​ទេ តែ​ពួក​គេ​បដិសេធ​ខ្ញុំ​វិញ ព្រោះ​ពួក​គេ​មិន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ជា​ស្ដេច​របស់​ពួក​គេ​ឡើយ។+ ៨  តាំង​ពី​ពេល​ដែល​ខ្ញុំ​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប ពួក​គេ​បាន​ប្រព្រឹត្ត​បែប​នេះ​រហូត​មក​ដល់​ពេល​នេះ។ ពួក​គេ​បោះ​បង់​ចោល​ខ្ញុំ​ម្ដង​ហើយ​ម្ដង​ទៀត+ ហើយ​ទៅ​បម្រើ​ព្រះ​ដទៃ។+ ឥឡូវ ពួក​គេ​ក៏​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ​ចំពោះ​អ្នក​ដែរ។ ៩  ចូរ​អ្នក​ធ្វើ​តាម​សម្ដី​របស់​ពួក​គេ​ចុះ។ ក៏​ប៉ុន្តែ អ្នក​ត្រូវ​ព្រមាន​ពួក​គេ​យ៉ាង​ម៉ឺង​ម៉ាត់ ហើយ​ប្រាប់​ថា​ស្ដេច​ដែល​នឹង​គ្រប់​គ្រង​លើ​ពួក​គេ​មាន​សិទ្ធិ​បង្គាប់​អ្វី​ខ្លះ​»។ ១០  ដូច្នេះ សាំយូអែល​បាន​ប្រាប់​ប្រសាសន៍​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា ដល់​បណ្ដា​ជន​ដែល​បាន​ទាម​ទារ​ឲ្យ​មាន​ស្ដេច។ ១១  គាត់​ប្រាប់​ថា​៖ ​«​ស្ដេច​ដែល​នឹង​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា​មាន​សិទ្ធិ​បង្គាប់​ដូច​ត​ទៅ​៖+ ស្ដេច​នឹង​យក​កូន​ប្រុស​ៗ​របស់​អ្នក+ ឲ្យ​ធ្វើ​ជា​ទាហាន​រទេះ​ចម្បាំង+ និង​ទាហាន​សេះ+ ហើយ​ឲ្យ​ពួក​គេ​ខ្លះ​ទៀត​រត់​នៅ​ពី​មុខ​រទេះ​ចម្បាំង។ ១២  ស្ដេច​នឹង​តែង​តាំង​ឲ្យ​មាន​មេ​លើ​ក្រុម​មនុស្ស​១.០០០​នាក់​ៗ​+ និង​មេ​លើ​ក្រុម​មនុស្ស​៥០​នាក់​ៗ។+ ស្ដេច​នឹង​ឲ្យ​អ្នក​ខ្លះ​ភ្ជួរ​រាស់+ ហើយ​ឲ្យ​អ្នក​ខ្លះ​ច្រូត​កាត់។+ ស្ដេច​នឹង​ឲ្យ​អ្នក​ខ្លះ​ទៀត​ធ្វើ​គ្រឿង​ចម្បាំង និង​ឧបករណ៍​សម្រាប់​រទេះ​ចម្បាំង​របស់​គាត់។+ ១៣  ស្ដេច​នឹង​យក​កូន​ស្រី​ៗ​របស់​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​លាយ​ប្រេង​ក្រអូប អ្នក​ចម្អិន​អាហារ និង​អ្នក​ធ្វើ​នំ។+ ១៤  ស្ដេច​នឹង​យក​ផល​ល្អ​បំផុត​ពី​ដី​ស្រែ ពី​ចម្ការ​ទំពាំង​បាយ​ជូរ និង​ពី​ចម្ការ​ផ្លែ​អូលីវ​របស់​អ្នក+ រួច​ស្ដេច​នឹង​ឲ្យ​ផល​ទាំង​នោះ​ដល់​អ្នក​បម្រើ​របស់​គាត់។ ១៥  ស្ដេច​នឹង​យក​ដប់​ភាគ​រយ​ពី​ផល​ស្រូវ និង​ពី​ផល​ចម្ការ​ទំពាំង​បាយ​ជូរ ហើយ​ឲ្យ​ដល់​មន្ត្រី​ជាន់​ខ្ពស់​និង​អ្នក​បម្រើ​របស់​ស្ដេច។ ១៦  ស្ដេច​នឹង​យក​អ្នក​បម្រើ​ប្រុស និង​អ្នក​បម្រើ​ស្រី​របស់​អ្នក ព្រម​ទាំង​ហ្វូង​សត្វ​លា​និង​ហ្វូង​សត្វ​ដែល​ល្អ​បំផុត​របស់​អ្នក ឲ្យ​មក​ធ្វើ​ការ​សម្រាប់​គាត់។+ ១៧  ស្ដេច​នឹង​យក​ដប់​ភាគ​រយ​ពី​ហ្វូង​សត្វ​របស់​អ្នក+ ហើយ​អ្នក​នឹង​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​របស់​គាត់។ ១៨  ពេល​នោះ​មក​ដល់ អ្នក​រាល់​គ្នា​នឹង​ស្រែក​រក​ព្រះ ដោយ​សារ​ស្ដេច​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស។+ ប៉ុន្តែ នៅ​ពេល​នោះ​ព្រះ​យេហូវ៉ា​នឹង​មិន​ឆ្លើយ​តប​ទៅ​អ្នក​រាល់​គ្នា​ឡើយ​»។ ១៩  ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បណ្ដា​ជន​មិន​ព្រម​ស្ដាប់​សាំយូអែល​ទេ។ ពួក​គេ​នៅ​តែ​និយាយ​ថា​៖ ​«​ទេ! យើង​ចង់​បាន​ស្ដេច​គ្រប់​គ្រង​លើ​យើង។ ២០  បើ​យើង​មាន​ស្ដេច យើង​នឹង​បាន​ដូច​ជន​ជាតិ​ឯ​ទៀត​ដែរ។ ស្ដេច​របស់​យើង​នឹង​គ្រប់​គ្រង*លើ​យើង ហើយ​ដឹក​នាំ​យើង ព្រម​ទាំង​ចេញ​ទៅ​ច្បាំង​នឹង​សត្រូវ​របស់​យើង​ផង​»។ ២១  ក្រោយ​ពី​សាំយូអែល​បាន​ស្ដាប់​ពាក្យ​ទាំង​អស់​របស់​បណ្ដា​ជន​ហើយ គាត់​បាន​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ជម្រាប​ព្រះ​យេហូវ៉ា។ ២២  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​សាំយូអែល​ថា​៖ ​«​ចូរ​ធ្វើ​តាម​ពួក​គេ ហើយ​តែង​តាំង​ស្ដេច​ម្នាក់​ឲ្យ​គ្រប់​គ្រង​លើ​ពួក​គេ​ចុះ​»។+ រួច​មក សាំយូអែល​និយាយ​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ឯ​ក្រុង​រៀង​ៗ​ខ្លួន​វិញ​»។

កំណត់សម្គាល់

ឬ​«​ស្ដេច​ម្នាក់​ដែល​វិនិច្ឆ័យ​ក្ដី​ដោយ​យុត្តិធម៌​»​
ឬ​«​ស្ដេច​របស់​យើង​នឹង​វិនិច្ឆ័យ​ក្ដី​ដោយ​យុត្តិធម៌​»​