សៀវភៅសាំយូអែលទី១ ៩:១-២៧

 ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន មាន​បុរស​ម្នាក់​ឈ្មោះ​គីស។+ គាត់​ជា​កូន​របស់​អាបែល អាបែល​ជា​កូន​របស់​សេរ៉ូ សេរ៉ូ​ជា​កូន​របស់​បេកូរ៉ាត បេកូរ៉ាត​ជា​កូន​របស់​អាភា ដែល​ជា​កូន​ចៅ​បេនយ៉ាមីន។+ គីស​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម្ភ។ ២  គាត់​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​សុល+ ដែល​ជា​បុរស​ស្រស់​សង្ហា គ្មាន​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ណា​សង្ហា​ដូច​គាត់​ទេ។ សុល​មាន​រាង​ខ្ពស់​ស្រឡះ បណ្ដា​ជន​ទាំង​អស់​ខ្ពស់​បាន​ត្រឹម​ស្មា​គាត់​ប៉ុណ្ណោះ។ ៣  នៅ​ថ្ងៃ​មួយ គីស​ដែល​ជា​ឪពុក​របស់​សុល បាត់​សត្វ​លា​មួយ​ហ្វូង។ ហេតុ​នេះ គីស​ប្រាប់​សុល​ថា​៖ ​«​សូម​កូន​ចេញ​ទៅ​ស្វែង​រក​ហ្វូង​សត្វ​លា​ជា​មួយ​នឹង​អ្នក​បម្រើ​ម្នាក់​ទៅ​»។ ៤  សុល​និង​អ្នក​បម្រើ​ក៏​ចេញ​ទៅ។ ពួក​គេ​បាន​ដើរ​កាត់​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម​និង​ស្រុក​សាលីសា តែ​រក​មិន​ឃើញ​សត្វ​លា​ទាំង​នោះ​ទេ។ ដូច្នេះ ពួក​គេ​ធ្វើ​ដំណើរ​បន្ត​ទៅ​ស្រុក​ស្អាលីម នៅ​តែ​រក​មិន​ឃើញ​សោះ។ ពួក​គេ​ក៏​ទៅ​រក​ពេញ​ស្រុក​របស់​កូន​ចៅ​បេនយ៉ាមីន តែ​នៅ​តែ​រក​មិន​ឃើញ​ដដែល។ ៥  នៅ​ពេល​ដែល​ពួក​គេ​មក​ដល់​ស្រុក​ស៊ូប សុល​ក៏​និយាយ​ទៅ​កាន់​អ្នក​បម្រើ​ថា​៖ ​«​តោះ! យើង​ត្រឡប់​ទៅ​វិញ។ បើ​មិន​ដូច្នេះ​ទេ ប្រហែល​ជា​ឪពុក​របស់​ខ្ញុំ​នឹង​ឈប់​គិត​ពី​សត្វ​លា​ទាំង​នោះ ហើយ​បារម្ភ​ពី​យើង​វិញ​»។+ ៦  ប៉ុន្តែ អ្នក​បម្រើ​តប​វិញ​ថា​៖ ​«​មើល! នៅ​ក្រុង​នោះ​មាន​បុរស​ម្នាក់​ដែល​មក​ពី​ព្រះ​ពិត ហើយ​អ្នក​ណា​ៗ​ក៏​គោរព​គាត់​ដែរ។ អ្វី​ណា​ក៏​ដោយ​ដែល​គាត់​និយាយ​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត។+ សូម​យើង​ទៅ​រក​គាត់​ឥឡូវ ប្រហែល​ជា​គាត់​អាច​ប្រាប់​យើង​ថា​សត្វ​លា​នៅ​ឯ​ណា​»។ ៧  ឮ​ដូច្នេះ សុល​និយាយ​ទៅ​អ្នក​បម្រើ​ថា​៖ ​«​បើ​យើង​ទៅ តើ​យើង​មាន​អ្វី​ជូន​គាត់? ក្នុង​ថង់​យាម​របស់​យើង​អស់​នំ​ប៉័ង​ហើយ។ យើង​គ្មាន​អំណោយ​ជូន​គាត់​ទេ។ តើ​យើងជូន​អ្វី​ដល់​គាត់?​»។ ៨  អ្នក​បម្រើ​ឆ្លើយ​ថា​៖ ​«​មើល! ខ្ញុំ​មាន​ប្រាក់​១​ភាគ​៤​ហ្សេគិល។* ខ្ញុំ​នឹង​ជូន​ដល់​បុរស​ដែល​មក​ពី​ព្រះ​ពិត ហើយ​គាត់​នឹង​ប្រាប់​យើង​ថា​គួរ​ធ្វើ​យ៉ាង​ណា​»​ ៩  (​នៅ​គ្រា​មុន​ៗ​ក្នុង​ស្រុក​អ៊ីស្រាអែល ពេល​អ្នក​ណា​ចង់​បាន​ការ​ណែនាំ​ពី​ព្រះ អ្នក​នោះ​នឹង​និយាយ​ថា​៖ ​«​សូម​យើង​ទៅ​ជួប​អ្នក​មើល​ធ្លុះ​»។+ ប៉ុន្តែ​នៅ​សព្វ​ថ្ងៃ​នេះ គេ​ហៅ​អ្នក​មើល​ធ្លុះ​ថា​ជា​អ្នក​ប្រកាស​ទំនាយ​)។ ១០  រួច​មក សុល​និយាយ​ទៅ​អ្នក​បម្រើ​ថា​៖ ​«​គំនិត​នេះ​ល្អ​មែន។ ចូរ​យើង​ទៅ​ជួប​គាត់​»។ ដូច្នេះ ពួក​គេ​ទៅ​ក្រុង​នោះ​ដើម្បី​ជួប​បុរស​ដែល​មក​ពី​ព្រះ​ពិត។ ១១  កាល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ក្រុង​នោះ ចៃដន្យ​បាន​ជួប​ពួក​ស្ត្រី​វ័យ​ក្មេង​ដែល​ចេញ​មក​ដង​ទឹក។ ពួក​គេ​សួរ​ពួក​នាង​ថា​៖ ​«​តើ​បុរស​ដែល​ចេះ​មើល​ធ្លុះ+នៅ​ទី​នេះ​ទេ?​»។ ១២  ពួក​នាង​ឆ្លើយ​ថា​៖ ​«​ចាស​គាត់​នៅ។ មើល! គាត់​ទើប​តែ​ចូល​ទៅ​ក្នុង​ក្រុង។ គាត់​មក​ក្រុង​ថ្ងៃ​នេះ ដោយ​សារ​បណ្ដា​ជន​កំពុង​ជូន​គ្រឿង​បូជា+នៅ​ឯ​ទី​ខ្ពស់។*+ សូម​ប្រញាប់​ប្រញាល់​ទៅ។ ១៣  បើ​អ្នក​ចូល​ក្រុង​ឥឡូវ អ្នក​មុខ​ជា​ជួប​គាត់ មុន​ពេល​គាត់​ឡើង​ទៅ​បរិភោគ​នៅ​ទី​ខ្ពស់។ អ្នក​ដែល​បាន​ត្រូវ​អញ្ជើញ​នឹង​មិន​បរិភោគ​ឡើយ លុះ​ត្រា​តែ​គាត់​ទៅ​អធិដ្ឋាន​សិន* ទើប​ពួក​គេ​អាច​បរិភោគ​បាន។ ដូច្នេះ សូម​អ្នក​ប្រញាប់​ឡើង​ទៅ នោះ​អ្នក​នឹង​ជួប​គាត់​ជា​មិន​ខាន​»។ ១៤  ពួក​គេ​ក៏​ធ្វើ​ដំណើរ​ចូល​ក្រុង​នោះ។ កាល​ដែល​ពួក​គេ​ចូល​ដល់​កណ្ដាល​ក្រុង នោះ​សាំយូអែល​ចេញ​មក​ជួប​ពួក​គេ ដើម្បី​ឡើង​ទៅ​ទី​ខ្ពស់​ជា​មួយ​គ្នា។ ១៥  មួយ​ថ្ងៃ​មុន​សុល​មក​ដល់​ក្រុង​នោះ ព្រះ​យេហូវ៉ា​បាន​ប្រាប់​សាំយូអែល​ថា​៖ ១៦  ​«​ថ្ងៃ​ស្អែក​វេលា​ថ្មើរ​នេះ ខ្ញុំ​នឹង​ចាត់​បុរស​ម្នាក់​ពី​ស្រុក​បេនយ៉ាមីន​ឲ្យ​មក​ជួប​អ្នក។+ អ្នក​ត្រូវ​រើស​តាំង​គាត់​ជា​អ្នក​ដឹក​នាំ​លើ​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ខ្ញុំ។+ បុរស​នោះ​នឹង​សង្គ្រោះ​រាស្ត្រ​របស់​ខ្ញុំ​ពី​កណ្ដាប់​ដៃ​ពួក​ភីលីស្ទីន ពី​ព្រោះ​ខ្ញុំ​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ពួក​គេ ហើយ​ក៏​បាន​ឮ​សម្រែក​របស់​ពួក​គេ​ដែរ​»។+ ១៧  ពេល​ដែល​សាំយូអែល​ឃើញ​សុល ព្រះ​យេហូវ៉ា​ប្រាប់​គាត់​ថា​៖ ​«​បុរស​នេះ​ហើយ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​ថា​៖ ‹គាត់​នឹង​គ្រប់​គ្រង​លើ​រាស្ត្រ​របស់​ខ្ញុំ›​»។*+ ១៨  ពេល​សុល​ឃើញ​សាំយូអែល សុល​ដើរ​ទៅ​ជិត​គាត់​ត្រង់​កណ្ដាល​ទ្វារ​កំពែង ហើយ​សួរ​ថា​៖ ​«​តើ​អ្នក​ដឹង​ទេ​ថា​ផ្ទះ​របស់​បុរស​ដែល​ចេះ​មើល​ធ្លុះ​នៅ​ឯ​ណា?​»។ ១៩  សាំយូអែល​ឆ្លើយ​ទៅ​សុល​ថា​៖ ​«​ខ្ញុំ​នេះ​ហើយ​ជា​អ្នក​មើល​ធ្លុះ។ សូម​នាំ​មុខ​ខ្ញុំ​ឡើង​ទៅ​ទី​ខ្ពស់ ហើយ​ថ្ងៃ​នេះ​សូម​បរិភោគ​ជា​មួយ​នឹង​ខ្ញុំ។+ ដល់​ព្រឹក​ស្អែក ខ្ញុំ​នឹង​ជូន​ដំណើរ​អ្នក ហើយ​ប្រាប់​អ្នក​នូវ​អ្វី​ទាំង​អស់​ដែល​អ្នក​ចង់​ដឹង។ ២០  ចំណែក​ឯ​ហ្វូង​សត្វ​លា​ដែល​បាត់​បី​ថ្ងៃ​ហើយ​នោះ+ សូម​កុំ​បារម្ភ​ឡើយ ព្រោះ​គេ​រក​ឃើញ​សត្វ​ទាំង​នោះ​ហើយ។ ម្យ៉ាង​ទៀត អ្វី​ៗ​ទាំង​ឡាយ​ក្នុង​ស្រុក​អ៊ីស្រាអែល​នឹង​ទៅ​ជា​របស់​អ្នក និង​កូន​ចៅ​ទាំង​អស់​របស់​ឪពុក​អ្នក​»។+ ២១  សុល​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ជា​កូន​ចៅ​បេនយ៉ាមីន​ដែល​ជា​កុលសម្ព័ន្ធ​តូច​បំផុត​នៃ​ជន​ជាតិ​អ៊ីស្រាអែល+ ហើយ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ក៏​តូច​ទាប​ជាង​ក្រុម​គ្រួសារ​ទាំង​ប៉ុន្មាន​នៃ​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែរ។ ហេតុ​អ្វី​បាន​ជា​អ្នក​និយាយ​មក​ខ្ញុំ​យ៉ាង​ដូច្នេះ?​»។ ២២  រួច​សាំយូអែល​នាំ​សុល​និង​អ្នក​បម្រើ​របស់​គាត់​ទៅ​បន្ទប់​ទទួល​ទាន​អាហារ ហើយ​ឲ្យ​ពួក​គេ​អង្គុយ​នៅ​កន្លែង​កិត្តិយស​បំផុត។ ក្នុង​បន្ទប់​នោះ អ្នក​ដែល​បាន​ត្រូវ​អញ្ជើញ​មាន​ប្រហែល​៣០​នាក់។ ២៣  សាំយូអែល​ប្រាប់​ចុង​ភៅ​ថា​៖ ​«​សូម​យក​សាច់​ដែល​ខ្ញុំ​ផ្ដាំ​អ្នក​ឲ្យ​‹ទុក​ដោយ​ឡែក›​មក​នេះ​»។ ២៤  ចុង​ភៅ​ក៏​យក​សាច់​ភ្លៅ​មក​ជូន​សុល។ រួច​សាំយូអែល​ពោល​ថា​៖ ​«​ខ្ញុំ​បាន​ឲ្យ​ពួក​គេ​ទុក​សាច់​ទាំង​នេះ​សម្រាប់​អ្នក​ក្នុង​ឱកាស​នេះ ព្រោះ​ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា​៖ ‹ខ្ញុំ​មាន​ភ្ញៀវ›។ ឥឡូវ សូម​អញ្ជើញ​បរិភោគ​»។ សុល​ក៏​បរិភោគ​ជា​មួយ​នឹង​សាំយូអែល​នៅ​ថ្ងៃ​នោះ។ ២៥  ក្រោយ​មក ពួក​គេ​ចុះ​ពី​ទី​ខ្ពស់+មក​ក្រុង​វិញ ហើយ​សាំយូអែល​បន្ត​និយាយ​ជា​មួយ​នឹង​សុល​នៅ​លើ​ដំបូល​ផ្ទះ។* ២៦  លុះ​ស្អែក​ឡើង ពួក​គេ​ក្រោក​ពី​ព្រលឹម​ស្រាង។ ដល់​ថ្ងៃ​រះ សាំយូអែល​ហៅ​សុល​ដែល​នៅ​លើ​ដំបូល​ផ្ទះ​ថា​៖ ​«​សុល​អើយ! សូម​រៀបចំ​ខ្លួន។ ខ្ញុំ​នឹង​ជូន​ដំណើរ​អ្នក​»។ ដូច្នេះ សុល​រៀបចំ​ខ្លួន រួច​គាត់​និង​សាំយូអែល​ចេញ​ពី​ផ្ទះ។ ២៧  កាល​ដែល​ពួក​គេ​កំពុង​ចុះ​ទៅ​ជាយ​ក្រុង សាំយូអែល​និយាយ​ទៅ​កាន់​សុល​ថា​៖ ​«​សូម​ប្រាប់​អ្នក​បម្រើ+ឲ្យ​ដើរ​ទៅ​មុន​យើង​»។ ដូច្នេះ សុល​ក៏​ប្រាប់​អ្នក​បម្រើ​ឲ្យ​ដើរ​ទៅ​មុន។ សាំយូអែល​និយាយ​បន្ត​ទៀត​ថា​៖ ​«​តែ​សូម​អ្នក​ឈប់​នៅ​ត្រង់​នេះ​សិន ខ្ញុំ​ចង់​ប្រាប់​អ្នក​អំពី​ប្រសាសន៍​របស់​ព្រះ​»។

កំណត់សម្គាល់

មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
នេះ​សំដៅ​លើ​កន្លែង​ពិសិដ្ឋ​សម្រាប់​គោរព​បូជា
ន័យ​ត្រង់​«​គាត់​ទៅ​ឲ្យ​ពរ​គ្រឿង​បូជា​»​
ឬ​«​គាត់​នឹង​ជួយ​ហាមប្រាម​រាស្ត្រ​របស់​ខ្ញុំ​»​
ផ្ទះ​ភាគ​ច្រើន​នៅ​ស្រុក​អ៊ីស្រាអែល​មាន​ដំបូល​រាប​ស្មើ ដែល​គេ​អាច​ប្រើ​ដើម្បី​គេង ដើរ ឬ​បរិភោគ​ជា​មួយ​គ្នា​បាន