សៀវភៅសាំយូអែលទី២ ២១:១-២២
២១ នៅគ្រាមួយក្នុងរាជ្យរបស់ដាវីឌ កើតមានភាពអត់ឃ្លាន+បីឆ្នាំជាប់គ្នា។ ដូច្នេះ ដាវីឌអធិដ្ឋានសួរព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាឆ្លើយថា៖ «នេះជាកំហុសរបស់សុលនិងក្រុមគ្រួសាររបស់គាត់ ព្រោះគាត់បានសម្លាប់អ្នកក្រុងគីបៀន»។+
២ ម្ល៉ោះហើយ ស្ដេចកោះហៅអ្នកក្រុងគីបៀន+មកនិយាយគ្នា (អ្នកក្រុងគីបៀនមិនមែនជាជនជាតិអ៊ីស្រាអែលទេ តែពួកគេជាជនជាតិអាម៉ូរី+ដែលនៅសល់ក្នុងស្រុក។ ជនជាតិអ៊ីស្រាអែលបានស្បថថាទុកជីវិតឲ្យពួកគេ+ ប៉ុន្តែសុលបានតាមរកសម្លាប់ពួកគេផ្ដាច់ពូជ ដោយសារគាត់មិនចង់ឲ្យពួកគេរស់នៅទឹកដីជាមួយនឹងពួកអ៊ីស្រាអែលនិងពួកយូដា)។
៣ ដាវីឌសួរអ្នកក្រុងគីបៀនថា៖ «តើគួរឲ្យខ្ញុំធ្វើអ្វីសម្រាប់អ្នករាល់គ្នា? ហើយតើខ្ញុំអាចទូទាត់សងអ្នករាល់គ្នាយ៉ាងដូចម្ដេច ដើម្បីឲ្យអ្នករាល់គ្នាឲ្យពរដល់ប្រជាជាតិ*របស់ព្រះយេហូវ៉ា?»។
៤ អ្នកក្រុងគីបៀនឆ្លើយថា៖ «រឿងរវាងពួកយើងនិងសុល ព្រមទាំងក្រុមគ្រួសាររបស់គាត់ មិនទាក់ទងនឹងមាសប្រាក់ទេ+ ហើយយើងក៏មិនមានសិទ្ធិសម្លាប់អ្នកណាម្នាក់ក្នុងស្រុកអ៊ីស្រាអែលដែរ»។ ដាវីឌនិយាយថា៖ «ដូច្នេះ អ្នករាល់គ្នាចង់បានអ្វី ខ្ញុំនឹងធ្វើតាមទាំងអស់»។
៥ ពួកគេប្រាប់ស្ដេចថា៖ «បុរសនោះរៀបគម្រោងសម្លាប់និងប្រល័យពួកយើងឲ្យផុតពូជ ដើម្បីកុំឲ្យពួកយើងរស់នៅក្នុងទឹកដីអ៊ីស្រាអែល។+
៦ ដូច្នេះ សូមប្រគល់កូនប្រុស៧នាក់របស់គាត់មកឲ្យពួកយើង។ ពួកយើងនឹងសម្លាប់ហើយព្យួរសាកសពពួកគេ+នៅចំពោះមុខព្រះយេហូវ៉ា នៅគីបៀ+ជាក្រុងរបស់សុល ជាអ្នកដែលព្រះយេហូវ៉ាបានជ្រើសរើស»។+ រួចស្ដេចឆ្លើយថា៖ «ខ្ញុំនឹងប្រគល់ពួកគេឲ្យអ្នករាល់គ្នា»។
៧ ទោះជាយ៉ាងនោះក៏ដោយ ស្ដេចដាវីឌបានបង្ហាញសេចក្ដីមេត្តាករុណាដល់មេភីបូសែត+ជាកូនប្រុសយ៉ូណាថាន ត្រូវជាចៅរបស់សុល ព្រោះគាត់ចង់ធ្វើតាមពាក្យសម្បថដែលគាត់បានស្បថជាមួយនឹងយ៉ូណាថាន+នៅចំពោះមុខព្រះយេហូវ៉ា។
៨ ដូច្នេះ ស្ដេចបានយកអាម៉ូណាយ និងមេភីបូសែត ជាកូនប្រុសរបស់រីសផា+ដែលជាកូនស្រីរបស់អេយ៉ា គឺកូនប្រុសពីរនាក់ដែលរីសផាមានជាមួយនឹងសុល។ ស្ដេចក៏បានយកកូនប្រុសប្រាំនាក់របស់មីកាល*+ជាកូនស្រីសុល គឺជាកូនដែលនាងមានជាមួយនឹងអេទ្រាល+ ដែលជាកូនប្រុសបាស៊ីលឡាយជាអ្នកក្រុងមិហូឡា។
៩ រួចមក ស្ដេចប្រគល់ពួកគេទៅឲ្យអ្នកក្រុងគីបៀន។ អ្នកក្រុងនោះបានសម្លាប់ហើយព្យួរសាកសពពួកគេទុកនៅលើភ្នំនៅចំពោះមុខព្រះយេហូវ៉ា។+ ពួកគេ៧នាក់បានស្លាប់ក្នុងថ្ងៃតែមួយ គឺនៅដើមរដូវច្រូតកាត់ស្រូវបាលី។
១០ រីសផា+កូនស្រីអេយ៉ាបានយកបាវទៅក្រាលលើថ្ម។ នាងនៅទីនោះតាំងពីដើមរដូវច្រូតកាត់រហូតដល់ភ្លៀងធ្លាក់។ នៅពេលថ្ងៃ នាងការពារមិនឲ្យសត្វស្លាបមកទំលើសាកសពទេ ហើយនៅពេលយប់ក៏នាងមិនឲ្យសត្វព្រៃមកជិតដែរ។
១១ ដាវីឌបានទទួលដំណឹងអំពីអ្វីដែលរីសផាជាប្រពន្ធបន្ទាប់របស់សុលបានធ្វើ។
១២ ដូច្នេះ ដាវីឌបានធ្វើដំណើរទៅយកឆ្អឹងរបស់សុលនិងយ៉ូណាថានពីពួកមេដឹកនាំ*នៃក្រុងយ៉ាបេសគីលាត។+ ពួកមេដឹកនាំទាំងនោះបានលួចសាកសពសុលនិងយ៉ូណាថានពីពួកភីលីស្ទីននៅទីលានសាធារណៈនៃក្រុងបេតសាន។ ទីលាននោះជាកន្លែងដែលពួកភីលីស្ទីនបានព្យួរសពសុលនិងយ៉ូណាថាន នៅថ្ងៃដែលពួកគេបានសម្លាប់សុលនៅគីលបោ។+
១៣ ដាវីឌបានយកឆ្អឹងរបស់សុលនិងយ៉ូណាថានមកវិញ ហើយពួកគេក៏បានប្រមូលឆ្អឹងរបស់បុរសទាំង៧នាក់ផងដែរ។+
១៤ បន្ទាប់មក ពួកគេយកឆ្អឹងរបស់សុលនិងយ៉ូណាថានទៅបញ្ចុះក្នុងផ្នូររបស់គីស+ជាឪពុកសុល ដែលស្ថិតនៅក្រុងស៊ីឡា+ស្រុកបេនយ៉ាមីន។ ក្រោយពីពួកគេបានធ្វើតាមបញ្ជាទាំងអស់របស់ស្ដេច ព្រះបានធ្វើតាមការអង្វរសុំរបស់ពួកគេ។+
១៥ ក្រោយមក សង្គ្រាមរវាងពួកភីលីស្ទីននិងពួកអ៊ីស្រាអែលបានផ្ទុះឡើងម្ដងទៀត។+ ដាវីឌនិងពលទ័ពរបស់គាត់ចេញទៅច្បាំងនឹងពួកគេ។ ក្នុងអំឡុងពេលច្បាំង ដាវីឌអស់កម្លាំងណាស់។
១៦ ពេលនោះ អ៊ីសបាយប៊ីណបជាជនជាតិរេផែម+ គាត់មានដាវថ្មីមួយ និងមានលំពែងស្ពាន់ទម្ងន់៣០០ហ្សេគិល។*+ គាត់បម្រុងនឹងសម្លាប់ដាវីឌ។
១៧ ភ្លាមនោះ អាប៊ីសាយ+កូនប្រុសសេរូយ៉ាក៏ទៅជួយដាវីឌ+ ហើយសម្លាប់បុរសភីលីស្ទីននោះចោល។ ពួកបុរសរបស់ដាវីឌនិយាយទៅកាន់ដាវីឌទាំងស្បថថា៖ «យើងមិនឲ្យលោកចេញច្បាំងជាមួយនឹងយើងទៀតទេ!+ លោកមិនត្រូវពន្លត់ចង្កៀងនៃជនជាតិអ៊ីស្រាអែលឡើយ!»។*+
១៨ ក្រោយមកទៀត សង្គ្រាមរវាងពួកភីលីស្ទីន+និងពួកអ៊ីស្រាអែលបានផ្ទុះឡើងសាជាថ្មីនៅកូប។ នៅពេលនោះស៊ីបាកាយ+ជាអ្នកស្រុកហ៊ូសា បានសម្លាប់សាភដែលជាជនជាតិរេផែម។+
១៩ បន្ទាប់មក សង្គ្រាមរវាងពួកភីលីស្ទីន+និងពួកអ៊ីស្រាអែលបានផ្ទុះឡើងម្ដងទៀតនៅកូប។ ក្នុងចម្បាំងនោះ អែលហាណានកូនប្រុសយ៉ាអារេអូរេគីមដែលជាអ្នកក្រុងបេថ្លេហិម បានសម្លាប់កូលីយ៉ាតជាអ្នកក្រុងកាថ។ ដងលំពែងរបស់កូលីយ៉ាតមានរាងដូចជាក្ដារកីរបស់ជាងតម្បាញ។+
២០ កន្លងក្រោយមក ក៏មានសង្គ្រាមម្ដងទៀតនៅក្រុងកាថ។ នៅទីនោះ មានបុរសម្នាក់មានមាឌធំសម្បើម ជាជនជាតិរេផែម។ ដៃគាត់ម្ខាងៗមានម្រាម៦ ហើយជើងគាត់ម្ខាងៗក៏មានម្រាម៦ដែរ គាត់មានម្រាមសរុបទាំងអស់២៤។+
២១ គាត់ប្រមាថមើលងាយជនជាតិអ៊ីស្រាអែលឥតឈប់ឈរ។+ ដូច្នេះ យ៉ូណាថានជាកូនប្រុសស៊ីមម៉ាយ+ដែលជាបងប្រុសដាវីឌ បានសម្លាប់គាត់ចោល។
២២ ពួកគេទាំងបួននាក់នោះសុទ្ធតែជាជនជាតិរេផែមដែលរស់នៅក្រុងកាថ។ ពួកគេបានស្លាប់ក្រោមដៃដាវីឌ និងក្រោមដៃអ្នកបម្រើរបស់ដាវីឌ។+
កំណត់សម្គាល់
^ ន័យត្រង់«មត៌ក»
^ ឬប្រហែលជាមានន័យថា«មេរ៉ាប»
^ ឬប្រហែលជាមានន័យថា«ពួកអ្នកកាន់កាប់ទឹកដី»
^ ប្រហែលជា៣,៤២គីឡូក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ នេះមានន័យថាអ្នកដឹកនាំនៃជនជាតិអ៊ីស្រាអែលមិនត្រូវបាត់បង់ជីវិតឡើយ