សុភាសិត ១:១-៣៣

  • គោល​បំណង​នៃ​សៀវភៅ​សុភាសិត (​១​-​៧)

  • គ្រោះ​ថ្នាក់​ពី​ការ​សេព​គប់​អាក្រក់ (​៨​-​១៩)

  • ប្រាជ្ញា​ពិត​ស្រែក​ប្រកាស​នៅ​កន្លែង​សាធារណៈ (​២០​-​៣៣)

 សុភាសិត​របស់​សាឡូម៉ូន+ជា​កូន​ដាវីឌ+ និង​ជា​ស្ដេច​នៃ​អ៊ី​ស្រា​អែល។+  ២  សុភាសិត​ទាំង​នេះ​បាន​ត្រូវ​សរសេរ ក្នុង​បំណង​ផ្ដល់​ប្រាជ្ញា+​និង​ការ​ប្រៀន​ប្រដៅដើម្បី​ឲ្យ​មនុស្ស​យល់​សម្ដី​ដែល​មាន​អត្ថន័យ​ជ្រាល​ជ្រៅ  ៣  គឺ​ជា​ការ​ប្រៀន​ប្រដៅ+ដែល​ជួយ​មនុស្ស​ឲ្យ​ប្រព្រឹត្ត​សុចរិត+ និង​ទៀង​ត្រង់*ថែម​ទាំង​ជួយ​ឲ្យ​យល់​ធ្លុះ​ជ្រៅ និង​ចេះ​វិនិច្ឆ័យ​ត្រឹម​ត្រូវ។+  ៤  សុភាសិត​ទាំង​នេះ​ជួយ​អ្នក​ដែល​ខ្វះ​បទ​ពិសោធន៍​ឲ្យ​មាន​គំនិត​ឈ្លាស​វៃ+និង​ដើម្បី​ឲ្យ​មនុស្ស​វ័យ​ក្មេង​មាន​ចំណេះ​និង​សមត្ថភាព​រិះ​គិត។+  ៥  មនុស្ស​ដែល​មាន​ប្រាជ្ញា​នឹង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ដើម្បី​រៀន​ថែម​ទៀត។+ មនុស្ស​ដែល​មាន​ការ​យល់​ដឹង​នឹង​ព្រម​ទទួល​ការ​ណែនាំ​ពី​អ្នក​ដែល​ឈ្លាស​វៃ+  ៦  ដើម្បី​យល់​សុភាសិត យល់​ពាក្យ​បណ្ដៅ*យល់​ប្រស្នា និង​យល់​ពាក្យ​ពេចន៍​របស់​អ្នក​ប្រាជ្ញ។+  ៧  ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ទី​ចាប់​ផ្ដើម​នៃ​ចំណេះ។+ មាន​តែ​មនុស្ស​ល្ងង់​ខ្លៅ*ប៉ុណ្ណោះ ដែល​មើល​ងាយ​ប្រាជ្ញា​និង​ការ​ប្រៀន​ប្រដៅ។+  ៨  កូន​អើយ ចូរ​ស្ដាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក​កូន+ហើយ​កុំ​បោះ​បង់​ចោល​ដំបូន្មាន*របស់​ម្ដាយ​កូន​ឡើយ។+  ៩  អ្វី​ទាំង​នោះ​ជា​កម្រង​ផ្កា​ដ៏​ស្រស់​ស្អាត​នៅ​លើ​ក្បាល​កូន+និង​ជា​គ្រឿង​លម្អ​ដ៏​ប្រណីត​នៅ​កកូន។+ ១០  កូន​អើយ បើ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ព្យាយាម​ល្បួង​លួង​លោម​កូន កុំ​ព្រម​តាម​ពួក​គេ​ឲ្យ​សោះ។+ ១១  ប្រសិន​បើ​ពួក​គេ​បបួល​កូន​ថា​៖ ​«​ចូរ​មក​ជា​មួយ​នឹង​ពួក​យើង។ ពួក​យើង​នឹង​ទៅ​ពួន​ចាំ​សម្លាប់​មនុស្ស។ ពួក​យើង​នឹង​លប​ចាំ​ប្រហារ​ជន​ស្លូត​ត្រង់ ទុក​ជា​ការ​កម្សាន្ត។ ១២  ពួក​យើង​នឹង​ដូច​ជា​ផ្នូរ*ដែល​លេប​ពួក​គេ​ទាំង​រស់និង​ដូច​ជា​រណ្ដៅ​ដែល​ត្របាក់​អស់​អ្នក​ដែល​កំពុង​ចុះ​ទៅ​ក្នុង​នោះ។ ១៣  រួច​ពួក​យើង​នឹង​ចាប់​យក​ទ្រព្យ​មាន​តម្លៃ​របស់​ពួក​គេ​ឲ្យ​អស់ហើយ​យក​ជ័យ​ភណ្ឌ​ទាំង​នោះ​ទៅ​ដាក់​ឲ្យ​ពេញ​ផ្ទះ​របស់​ពួក​យើង។ ១៤  ចូរ​មក​ជា​មួយ​នឹង​ពួក​យើងហើយ​ពួក​យើង​នឹង​យក​របស់​ដែល​លួច​បាន មក​ចែក​ស្មើ​ៗ​គ្នា​»។ ១៥  កូន​អើយ កុំ​ទៅ​តាម​ពួក​គេ​ឡើយចូរ​ជៀស​ឲ្យ​ឆ្ងាយ​ពី​ផ្លូវ​របស់​ពួក​គេ+ ១៦  ព្រោះ​ជើង​របស់​ពួក​គេ​រួស​រាន់​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ពួក​គេ​ប្រញាប់​ទៅ​សម្លាប់​អ្នក​ឯ​ទៀត។+ ១៧  ជា​ការ​ឥត​ប្រយោជន៍​ទទេ បើ​លាត​សំណាញ់​ឲ្យ​សត្វ​ស្លាប​ឃើញ។ ១៨  ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​ទាំង​នេះ​លប​ចាំ​សម្លាប់​គេ។ ពួក​គេ​ពួន​ចាំ​ផ្ដាច់​ជីវិត*អ្នក​ដទៃ។ ១៩  នេះ​ជា​ទង្វើ​របស់​ពួក​អ្នក​ដែល​លួច​គេ​ដើម្បី​ធ្វើ​ជា​អ្នក​មានតែ​របស់​ដែល​លួច​បាន​នឹង​បំផ្លាញ​ជីវិត​របស់​ពួក​គេ​វិញ។+ ២០  ប្រាជ្ញា​ពិត+ស្រែក​ឮ​ៗ​នៅ​តាម​ផ្លូវ+ហើយ​បន្លឺ​សំឡេង​កាន់​តែ​ខ្លាំង​នៅ​ទី​លាន​សាធារណៈ។+ ២១  ប្រាជ្ញា​ពិត​ស្រែក​ប្រកាស​នៅ​កែង​ផ្លូវ​ដ៏​មមាញឹកហើយ​និយាយ​នៅ​មាត់​ទ្វារ​កំពែង​ក្រុង​ថា​៖+ ២២  ​«​ឱ​អ្នក​ដែល​ខ្វះ​បទ​ពិសោធន៍​អើយ តើ​អ្នក​នៅ​តែ​ចង់​ខ្វះ​បទ​ពិសោធន៍​ដល់​ពេល​ណា​ទៀត? ឱ​អ្នក​ដែល​ប្រមាថ​គេ​អើយ តើ​ដល់​ពេល​ណា​ទើប​អ្នក​ឈប់​មើល​ងាយ​គេ? ឱ​អ្នក​ដែល​ល្ងង់​ខ្លៅ*អើយ តើ​អ្នក​នឹង​ស្អប់​ចំណេះ​រហូត​ដល់​ពេល​ណា?+ ២៣  ចូរ​ផ្ទៀង​ស្ដាប់ ហើយ​ធ្វើ​តាម​ការ​កែ​តម្រង់​របស់​ខ្ញុំ​ចុះ។+ រួច​ខ្ញុំ​នឹង​ឲ្យ​ប្រាជ្ញា*ទៅ​អ្នក។ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​យល់​ពាក្យ​របស់​ខ្ញុំ។+ ២៤  ដោយ​សារ​ពេល​ខ្ញុំ​ស្រែក​ប្រកាស អ្នក​មិន​ព្រម​ស្ដាប់​សោះខ្ញុំ​បាន​លាត​ដៃ​ទៅ តែ​គ្មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ទេ+ ២៥  ហើយ​អ្នក​តែង​តែ​ទាត់​ចោល​ដំបូន្មាន​ទាំង​អស់​របស់​ខ្ញុំព្រម​ទាំង​មិន​ធ្វើ​តាម​ការ​កែ​តម្រង់​ដែល​ខ្ញុំ​បាន​ឲ្យ​អ្នក​ឡើយ។ ២៦  ម្ល៉ោះ​ហើយ ពេល​ដែល​អ្នក​ជួប​អន្តរាយ នោះ​ខ្ញុំ​នឹង​សើច​ចំអក។ ខ្ញុំ​នឹង​ឡកឡឺយ​ឲ្យ​អ្នក ពេល​ដែល​អ្នក​ជួប​អ្វី​ដែល​អ្នក​ភ័យ​ខ្លាច+ ២៧  គឺ​ពេល​អ្វី​ដែល​អ្នក​ភ័យ​ខ្លាច​មក​ដូច​ជា​ព្យុះពេល​ដែល​អន្តរាយ​ធ្លាក់​មក​លើ​អ្នក ប្រៀប​ដូច​ជា​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំងនិង​ពេល​ដែល​អ្នក​រង​ទុក្ខ​លំបាក​ហើយ​មាន​បញ្ហា។ ២៨  នៅ​ពេល​នោះ ពួក​គេ​នឹង​ប្រឹង​ស្រែក​រក​ខ្ញុំ តែ​ខ្ញុំ​នឹង​មិន​ឆ្លើយ​តប​ទេ។ ពួក​គេ​នឹង​ស្វះ​ស្វែង​រក​ខ្ញុំ តែ​នឹង​រក​ខ្ញុំ​មិន​ឃើញ​ឡើយ+ ២៩  ដោយ​សារ​ពួក​គេ​ស្អប់​ចំណេះ+ហើយ​មិន​ព្រម​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ទេ។+ ៣០  ពួក​គេ​បដិសេធ​ដំបូន្មាន​របស់​ខ្ញុំពួក​គេ​បាន​មើល​ងាយ​ការ​កែ​តម្រង់​ទាំង​ឡាយ​របស់​ខ្ញុំ។ ៣១  ដូច្នេះ ពួក​គេ​នឹង​ទទួល​ផល​ដែល​មក​ពី​ការ​ប្រព្រឹត្ត​របស់​ពួក​គេ+ហើយ​ពួក​គេ​នឹង​រង​ផល​វិបាក​ទាំង​អស់​ពី​ផែន​ការ​របស់​ខ្លួន។ ៣២  មនុស្ស​ដែល​ខ្វះ​បទ​ពិសោធន៍​នឹង​ស្លាប់ ដោយ​សារ​ភាព​រឹង​ចចេស​របស់​ខ្លួនហើយ​មនុស្ស​ល្ងង់​ខ្លៅ*នឹង​វិនាស​ទៅ ដោយសារ​ភាព​ព្រងើយ​កន្តើយ​របស់​ខ្លួន។ ៣៣  ក៏​ប៉ុន្តែ អ្នក​ណា​ដែល​ស្ដាប់​ខ្ញុំ អ្នក​នោះ​នឹង​រស់​នៅ​ដោយ​សុខ​សាន្ត+ហើយ​អ្នក​នោះ​នឹង​មិន​ភ័យ​ខ្លាច​អន្តរាយ​ឡើយ​»។+

កំណត់សម្គាល់

ឬ​«​យុត្តិធម៌​»​
ឬ​«​ពាក្យ​ប្រៀប​ប្រដូច​»​
ក្នុង​គម្ពីរ​ពាក្យ​«​ល្ងង់​ខ្លៅ​»​សំដៅ​លើ​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដោយ​ចេតនា
ឬ​«​ច្បាប់​»​
ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
ក្នុង​គម្ពីរ​ពាក្យ​«​ល្ងង់​ខ្លៅ​»​សំដៅ​លើ​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដោយ​ចេតនា
ប្រហែល​ជា​សំដៅ​លើ​ប្រាជ្ញា​ដែល​មក​ពី​ឫទ្ធានុភាព​របស់​ព្រះ
ក្នុង​គម្ពីរ​ពាក្យ​«​ល្ងង់​ខ្លៅ​»​សំដៅ​លើ​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដោយ​ចេតនា