សុភាសិត ១២:១-២៨
១២ អ្នកដែលស្រឡាញ់ការប្រៀនប្រដៅក៏ស្រឡាញ់ចំណេះដែរ។+
ប៉ុន្តែ អ្នកដែលស្អប់ការកែតម្រង់ជាមនុស្សមិនចេះគិតពិចារណា។*+
២ ព្រះយេហូវ៉ាពេញចិត្តមនុស្សល្អតែលោកផ្ដន្ទាទោសមនុស្សដែលគ្រោងធ្វើអាក្រក់។+
៣ មនុស្សមិនអាចធ្វើឲ្យខ្លួនមានសុវត្ថិភាពដោយប្រព្រឹត្តអំពើទុច្ចរិតបានឡើយ។+
ចំណែកឯមនុស្សសុចរិត ពួកគេប្រៀបដូចជាដើមឈើដែលមិនអាចរំលើងចេញបាន។
៤ ប្រពន្ធល្អ*ជាមកុដដល់ប្ដីរបស់នាង+តែប្រពន្ធដែលមានការប្រព្រឹត្តគួរឲ្យខ្មាស ប្រៀបដូចជាជំងឺដែលធ្វើឲ្យឆ្អឹងរបស់ប្ដីពុករលួយ។+
៥ ការគិតគូររបស់មនុស្សសុចរិតសុទ្ធតែយុត្តិធម៌តែការណែនាំរបស់មនុស្សទុច្ចរិតសុទ្ធតែបោកបញ្ឆោត។
៦ សម្ដីរបស់មនុស្សទុច្ចរិតប្រៀបដូចជាអ្នកដែលលបចាំសម្លាប់គេ+តែសម្ដីរបស់ជនទៀងត្រង់ជួយសង្គ្រោះគេវិញ។+
៧ ពេលមនុស្សទុច្ចរិតត្រូវផ្ដួលរំលំ ពួកគេនឹងលែងមានទៀតតែពូជពង្សរបស់មនុស្សសុចរិតនឹងនៅគង់វង្សជានិច្ច។+
៨ អ្នកដែលចេះពិចារណាមុននិយាយ នឹងទទួលបានការសរសើរ+តែអ្នកដែលមានចិត្តវៀចវេរ នឹងទទួលបានការប្រមាថមើលងាយ។+
៩ បើមិនសូវមានមុខមាត់ តែមានអ្នកបម្រើម្នាក់នោះប្រសើរជាងលើកតម្កើងខ្លួន តែគ្មានអាហារ*បរិភោគ។+
១០ មនុស្សសុចរិតតែងតែមើលថែសត្វរបស់ខ្លួន។+
រីឯមនុស្សទុច្ចរិតវិញ សូម្បីតែពេលពួកគេបង្ហាញចិត្តមេត្តាក៏នៅតែឃោរឃៅដែរ។
១១ អ្នកណាដែលប្រឹងប្រែងដាំដុះលើដីរបស់ខ្លួន អ្នកនោះនឹងមានអាហារបរិភោគឆ្អែត។+
ប៉ុន្តែ អ្នកណាដែលព្យាយាមដេញតាមអ្វីដែលឥតប្រយោជន៍ អ្នកនោះជាមនុស្សមិនចេះពិចារណាទេ។
១២ មនុស្សទុច្ចរិតច្រណែនអ្វីដែលមនុស្សអាក្រក់បានចាប់យកពីគេតែមនុស្សសុចរិតប្រៀបដូចជាដើមឈើចាក់ឫសជ្រៅដែលបង្កើតផលផ្លែល្អ។
១៣ មនុស្សអាក្រក់ជាប់អន្ទាក់ដោយសារសម្ដីមិនល្អរបស់ខ្លួន+តែមនុស្សសុចរិតនឹងគេចផុតពីទុក្ខលំបាក។
១៤ មនុស្សនឹងទទួលបានអ្វីល្អជាបរិបូរដោយសារសម្ដីរបស់ខ្លួន+ហើយគាត់នឹងបានរង្វាន់ពីការដែលខ្លួនធ្វើ។
១៥ មនុស្សល្ងង់ខ្លៅ*គិតថាផ្លូវខ្លួនត្រឹមត្រូវជានិច្ច+តែមនុស្សមានប្រាជ្ញារមែងទទួលយកដំបូន្មាន។*+
១៦ មនុស្សល្ងង់ខ្លៅ*ឆាប់បង្ហាញចិត្តក្ដៅក្រហាយ+តែមនុស្សឈ្លាសវៃមិនអើពើនឹងការប្រមាថមើលងាយឡើយ។
១៧ សាក្សីស្មោះត្រង់នឹងនិយាយពាក្យពិតប៉ុន្តែ សាក្សីក្លែងក្លាយនឹងពោលពាក្យបោកបញ្ឆោត។
១៨ ការនិយាយដោយឥតគិតពិចារណា ប្រៀបដូចជាការចាក់ដោយដាវតែពាក្យពេចន៍របស់មនុស្សមានប្រាជ្ញានឹងជួយឲ្យជាសះស្បើយ។+
១៩ មាត់ដែលពោលពាក្យពិតនឹងនៅជាប់ជារៀងរហូត+តែអណ្ដាតភូតភរនឹងនៅតែមួយភ្លែតប៉ុណ្ណោះ។+
២០ ការបោកបញ្ឆោតរមែងនៅក្នុងចិត្តរបស់មនុស្សដែលប៉ុនប៉ងធ្វើអាក្រក់តែអស់អ្នកដែលលើកស្ទួយសេចក្ដីសុខសាន្តតែងតែមានអំណរ។+
២១ មនុស្សសុចរិតនឹងមិនជួបការអាក្រក់ទេ+ផ្ទុយទៅវិញ មនុស្សទុច្ចរិតនឹងជួបតែអន្តរាយ។+
២២ ព្រះយេហូវ៉ាស្អប់មនុស្សកុហក+តែលោកពេញចិត្តមនុស្សស្មោះត្រង់។
២៣ មនុស្សឈ្លាសវៃចេះលាក់បាំងអ្វីដែលខ្លួនដឹងតែមនុស្សល្ងង់ខ្លៅ*ចេះតែនិយាយអ្វីដែលផ្ដេសផ្ដាស។+
២៤ មនុស្សឧស្សាហ៍នឹងបានធ្វើជាចៅហ្វាយ+តែមនុស្សខ្ជិលនឹងធ្លាក់ខ្លួនធ្វើជាខ្ញុំបម្រើ។+
២៥ ការព្រួយបារម្ភនាំឲ្យកម្លាំងចិត្តចុះខ្សោយ+តែពាក្យសម្ដីល្អមួយម៉ាត់ធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ។+
២៦ មនុស្សសុចរិតពិនិត្យមើលវាលស្មៅសម្រាប់សត្វរបស់ខ្លួនរីឯការប្រព្រឹត្តរបស់មនុស្សទុច្ចរិតនាំខ្លួនឲ្យវង្វេងចេញ។
២៧ មនុស្សខ្ជិលច្រអូសមិនចេញទៅបរបាញ់ទេ+តែភាពឧស្សាហ៍ជាទ្រព្យដ៏មានតម្លៃរបស់មនុស្សវិញ។
២៨ ផ្លូវរបស់មនុស្សសុចរិតនាំទៅកាន់ជីវិត+ផ្លូវនោះគ្មានសេចក្ដីស្លាប់ឡើយ។
កំណត់សម្គាល់
^ ឬ«ជាមនុស្សឆោតល្ងង់»
^ ឬ«ប្រពន្ធដែលមានសមត្ថភាព»
^ ន័យត្រង់«នំប៉័ង»
^ ឬ«យោបល់»
^ ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
^ ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
^ ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា