សុភាសិត ១៥:១-៣៣
១៥ សម្ដីទន់ភ្លន់*រម្ងាប់កំហឹង+តែពាក្យគំរោះគំរើយ*ធ្វើឲ្យមានកំហឹងកាន់តែខ្លាំង។+
២ មនុស្សដែលមានប្រាជ្ញានិយាយអ្វីល្អៗដែលខ្លួនដឹង+ប៉ុន្តែ មនុស្សល្ងីល្ងើចេះតែរបូតមាត់ពោលពាក្យល្ងង់ខ្លៅ។
៣ ភ្នែករបស់ព្រះយេហូវ៉ាឃើញគ្រប់ទីកន្លែងលោកសង្កេតមើលទាំងមនុស្សល្អទាំងមនុស្សអាក្រក់។+
៤ អណ្ដាតសុភាព*ប្រៀបដូចជាដើមឈើដែលផ្ដល់ជីវិត+តែសម្ដីវៀចវេរនាំឲ្យកើតទុក្ខព្រួយ។*
៥ កូនល្ងង់ខ្លៅ*មើលងាយការប្រៀនប្រដៅរបស់ឪពុក+តែមនុស្សឈ្លាសវៃទទួលយកការកែតម្រង់។+
៦ នៅក្នុងផ្ទះរបស់មនុស្សសុចរិតមានទ្រព្យសម្បត្តិហូរហៀរតែផលដែលមនុស្សទុច្ចរិតរកបាន នាំឲ្យមានបញ្ហាដល់គាត់វិញ។+
៧ បបូរមាត់របស់មនុស្សមានប្រាជ្ញាតែងចែករំលែកចំណេះ+តែមនុស្សល្ងីល្ងើគ្មានចិត្តចង់ធ្វើដូច្នោះឡើយ។+
៨ ព្រះយេហូវ៉ាស្អប់ខ្ពើមគ្រឿងបូជារបស់មនុស្សទុច្ចរិត+តែលោកពេញចិត្តស្ដាប់សេចក្ដីអធិដ្ឋានរបស់មនុស្សទៀងត្រង់។+
៩ ព្រះយេហូវ៉ាស្អប់ផ្លូវរបស់មនុស្សទុច្ចរិត+តែលោកស្រឡាញ់អ្នកណាដែលព្យាយាមប្រព្រឹត្តអំពើសុចរិត។+
១០ អ្នកដែលបោះបង់ចោលផ្លូវល្អ មិនចូលចិត្តការប្រៀនប្រដៅទេ+តែអ្នកណាដែលស្អប់ការកែតម្រង់ អ្នកនោះនឹងស្លាប់។+
១១ សូម្បីតែទីបញ្ចុះសព*និងទីនៃសេចក្ដីហិនវិនាស* ព្រះយេហូវ៉ាមើលឃើញអស់ទៅហើយ+ទម្រាំតែចិត្តរបស់មនុស្ស លោកប្រាកដជាមើលឃើញច្បាស់ជាងនោះទៅទៀត!+
១២ មនុស្សមានអំណួតមិនស្រឡាញ់អ្នកដែលកែតម្រង់គាត់ទេ+គាត់នឹងមិនសុំយោបល់ពីអ្នកដែលមានប្រាជ្ញាឡើយ។+
១៣ ចិត្តត្រេកអរធ្វើឲ្យទឹកមុខស្រស់ស្រាយតែចិត្តក្រៀមក្រំនាំឲ្យព្រួយចំបែង។+
១៤ មនុស្សដែលមានការយល់ដឹងស្វះស្វែងរកចំណេះថែមទៀត+តែមាត់របស់មនុស្សល្ងីល្ងើសប្បាយនិយាយតែពាក្យល្ងង់ខ្លៅ។+
១៥ ចំពោះអ្នកដែលរងទុក្ខវេទនា ថ្ងៃណាក៏ជាថ្ងៃអាក្រក់ដែរ+តែអ្នកដែលមានចិត្តរីករាយ*វិញ គាត់ដូចជានៅក្នុងពិធីជប់លៀងរាល់ថ្ងៃ។+
១៦ មានទ្រព្យតិច តែកោតខ្លាចព្រះយេហូវ៉ា+នោះប្រសើរជាងមានទ្រព្យច្រើន តែខ្វល់ចិត្ត។+
១៧ បើបរិភោគបន្លែមួយចាននៅកន្លែងដែលមានសេចក្ដីស្រឡាញ់+នោះប្រសើរជាងបរិភោគសាច់គោ*នៅកន្លែងដែលមានការស្អប់។+
១៨ មនុស្សដែលឆាប់ខឹងបង្កឲ្យមានទំនាស់+តែអ្នកដែលមិនរហ័សខឹងធ្វើឲ្យជម្លោះស្ងប់ស្ងាត់។+
១៩ ផ្លូវរបស់មនុស្សខ្ជិលច្រអូសប្រៀបដូចជារបងបន្លា+តែផ្លូវរបស់មនុស្សទៀងត្រង់ប្រៀបដូចជាមហាវិថីរាបស្មើ។+
២០ កូនដែលមានប្រាជ្ញាធ្វើឲ្យឪពុកអរសប្បាយ+តែកូនដែលល្ងីល្ងើមើលងាយម្ដាយ។+
២១ អ្នកដែលខ្វះការពិចារណាចាត់ទុកភាពល្ងង់ខ្លៅជាអំណររបស់ពួកគេ+តែអ្នកដែលមានសមត្ថភាពវែកញែកដើរតាមផ្លូវត្រឹមត្រូវជានិច្ច។+
២២ បើគ្មានការប្រឹក្សាទេ នោះគម្រោងនឹងបរាជ័យតែបើមានការប្រឹក្សាច្រើន* នោះគម្រោងនឹងបានជោគជ័យវិញ។+
២៣ អ្នកដែលឆ្លើយត្រឹមត្រូវតែងតែសប្បាយចិត្ត+ហើយពាក្យមួយម៉ាត់ដែលពោលត្រូវពេល នោះល្អណាស់ហ្ន៎!+
២៤ ផ្លូវដែលផ្ដល់ជីវិតនាំមនុស្សដែលយល់ធ្លុះជ្រៅឡើងទៅលើ+ដើម្បីជួយគាត់ឲ្យជៀសផុតពីផ្នូរ*ដែលនៅខាងក្រោម។+
២៥ ព្រះយេហូវ៉ានឹងបំផ្លាញផ្ទះរបស់មនុស្សក្រអឺតក្រទម+តែលោកនឹងរក្សាការពារព្រំប្រទល់ដីរបស់ស្ត្រីមេម៉ាយ។+
២៦ ព្រះយេហូវ៉ាស្អប់ឧបាយកលរបស់ជនទុច្ចរិត+តែលោកពេញចិត្តពាក្យសម្ដីពីរោះ។+
២៧ អ្នកដែលរកកម្រៃតាមរបៀបមិនទៀងត្រង់ នាំឲ្យក្រុមគ្រួសារជួបបញ្ហា*+តែអ្នកដែលស្អប់សំណូកនឹងរស់នៅយូរអង្វែង។+
២៨ មនុស្សសុចរិតគិតសិនមុននឹងឆ្លើយ*+តែមនុស្សទុច្ចរិតចេះតែរបូតមាត់និយាយអ្វីដែលអាក្រក់។
២៩ ព្រះយេហូវ៉ានៅឆ្ងាយពីមនុស្សទុច្ចរិតតែលោកឮសេចក្ដីអធិដ្ឋានរបស់មនុស្សសុចរិត។+
៣០ ក្រសែភ្នែកដែលពោរពេញដោយអំណរធ្វើឲ្យចិត្តសប្បាយចំណែកឯដំណឹងល្អនាំឲ្យមានកម្លាំង។*+
៣១ អ្នកណាដែលស្ដាប់ការកែតម្រង់ដែលផ្ដល់ជីវិតអ្នកនោះរស់នៅក្នុងចំណោមមនុស្សដែលមានប្រាជ្ញា។+
៣២ អ្នកណាដែលបដិសេធការប្រៀនប្រដៅ អ្នកនោះស្អប់ជីវិតខ្លួន+ប៉ុន្តែ អ្នកណាដែលស្ដាប់ការកែតម្រង់ អ្នកនោះខំឲ្យបានការយល់ដឹង។+
៣៣ ការកោតខ្លាចព្រះយេហូវ៉ា បង្រៀនមនុស្សឲ្យមានប្រាជ្ញា+ហើយចិត្តរាបទាបនាំឲ្យទទួលកិត្តិយស។+
កំណត់សម្គាល់
^ ឬ«ពាក្យដែលនាំឲ្យឈឺចិត្ត»
^ ឬ«ស្លូតបូត»
^ ឬ«អណ្ដាតដែលធ្វើឲ្យជាសះស្បើយ»
^ ន័យត្រង់«នាំឲ្យចិត្តខ្ទេចខ្ទាំ»
^ ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
^ ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
^ ឬ«និងអាបាដូន»
^ ឬ«ចិត្តគំនិតល្អ»
^ ន័យត្រង់«គោធាត់»
^ ឬ«មានមនុស្សច្រើនឲ្យយោបល់»
^ ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
^ ឬ«អាប់ឱនកិត្តិយស»
^ ឬ«គិតយ៉ាងដិតដល់អំពីរបៀបតបឆ្លើយ»
^ ន័យត្រង់«នាំឲ្យឆ្អឹងមានខ្លាញ់»