សុភាសិត ២១:១-៣១
២១ ចិត្តរបស់ស្ដេចប្រៀបដូចជាទឹកនៅក្នុងដៃរបស់ព្រះយេហូវ៉ា+លោកបង្គាប់ឲ្យហូរទៅទិសណាតាមដែលលោកពេញចិត្ត។+
២ មនុស្សស្មានថាអស់ទាំងផ្លូវរបស់ខ្លួនសុទ្ធតែត្រឹមត្រូវ+ប៉ុន្តែ ព្រះយេហូវ៉ាពិនិត្យមើលចិត្តរបស់គេវិញ។+
៣ ការធ្វើអ្វីដែលត្រឹមត្រូវនិងទៀងត្រង់នាំឲ្យព្រះយេហូវ៉ាពេញចិត្តខ្លាំងជាងការជូនគ្រឿងបូជា។+
៤ ភ្នែកអំណួតនិងចិត្តក្រអឺតក្រអោងប្រៀបដូចជាចង្កៀងដែលនាំផ្លូវជនទុច្ចរិត ហើយអ្វីទាំងនោះជាការខុសឆ្គង។+
៥ គម្រោងរបស់មនុស្សឧស្សាហ៍នឹងបានជោគជ័យ*ជាមិនខាន+តែអស់អ្នកដែលធ្វើអ្វីដោយតក់ក្រហល់ ប្រាកដជានឹងទ័លក្រ។+
៦ ទ្រព្យដែលបានមកដោយអណ្ដាតភូតភរប្រៀបដូចជាអ័ព្ទដែលរសាត់បាត់ និងដូចជាអន្ទាក់ដែលនាំឲ្យស្លាប់។*+
៧ មនុស្សទុច្ចរិតនឹងត្រូវបំផ្លាញដោយអំពើឃោរឃៅរបស់ខ្លួន+ពីព្រោះពួកគេមិនព្រមប្រព្រឹត្តដោយយុត្តិធម៌។
៨ ផ្លូវរបស់មនុស្សដែលបានប្រព្រឹត្តអំពើខុសឆ្គងជាផ្លូវវៀចវេរតែការប្រព្រឹត្តរបស់មនុស្សបរិសុទ្ធតែងតែទៀងត្រង់។+
៩ រស់នៅលើជ្រុងដំបូលប្រសើរជាងរស់នៅក្នុងផ្ទះជាមួយនឹងប្រពន្ធដែលចូលចិត្តរករឿង។*+
១០ មនុស្សទុច្ចរិតស្រេកឃ្លានធ្វើអំពើអាក្រក់+គេគ្មានចិត្តអាណិតមេត្តាចំពោះអ្នកជិតខាងសោះ។+
១១ ពេលអ្នកដែលប្រមាថមើលងាយត្រូវគេដាក់ទោស នោះអ្នកដែលខ្វះបទពិសោធន៍កាន់តែមានប្រាជ្ញាហើយពេលមនុស្សដែលមានប្រាជ្ញារៀនឲ្យចេះយល់ធ្លុះជ្រៅ គាត់មានចំណេះកាន់តែច្រើន។*+
១២ ព្រះដ៏សុចរិតសង្កេតមើលផ្ទះរបស់ជនទុច្ចរិតលោកធ្វើឲ្យជនទុច្ចរិតជួបអន្តរាយ។+
១៣ អ្នកណាដែលបិទត្រចៀកមិនស្ដាប់មនុស្សទន់ទាបអង្វរករអ្នកនោះនឹងគ្មានអ្នកណាជួយគាត់ទេ ពេលគាត់ត្រូវការជំនួយ។+
១៤ អំណោយលួចលាក់ រម្ងាប់ចិត្តក្ដៅ+ហើយសំណូកក៏ធ្វើឲ្យកំហឹងស្ងប់ដែរ។
១៥ មនុស្សសុចរិតមានអំណរពេលធ្វើអ្វីដែលយុត្តិធម៌+តែមនុស្សអាក្រក់មិនចូលចិត្តការប្រព្រឹត្តបែបនោះទាល់តែសោះ។
១៦ អ្នកដែលលែងមានការយល់ធ្លុះជ្រៅនឹងទៅនៅជាមួយនឹងមនុស្សស្លាប់។+
១៧ អ្នកដែលស្រឡាញ់ការភ្លើតភ្លើន* នឹងធ្លាក់ខ្លួនក្រ+អ្នកដែលចូលចិត្តស្រានិងប្រេងហួសប្រមាណ នឹងមិនក្លាយទៅជាអ្នកមានទេ។
១៨ ជនទុច្ចរិតជាថ្លៃលោះសម្រាប់មនុស្សសុចរិតហើយជនក្បត់នឹងត្រូវយកទៅជំនួសមនុស្សទៀងត្រង់។+
១៩ រស់នៅតំបន់ស្ងាត់ជ្រងំប្រសើរជាងរស់នៅជាមួយនឹងប្រពន្ធដែលឆាប់ខឹងនិងចូលចិត្តរករឿង។*+
២០ មនុស្សដែលមានប្រាជ្ញាមានប្រេងនិងទ្រព្យវិសេសនៅក្នុងផ្ទះ+តែមនុស្សល្ងីល្ងើនឹងបង្ហិនទ្រព្យរបស់ខ្លួន។+
២១ អ្នកណាដែលព្យាយាមធ្វើអំពើសុចរិត ហើយមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់អ្នកនោះនឹងបានជីវិត សេចក្ដីសុចរិត និងកិត្តិយស។+
២២ មនុស្សដែលមានប្រាជ្ញាអាចដណ្ដើមយកក្រុងរបស់អ្នកខ្លាំងក្លាថែមទាំងបំផ្លាញបន្ទាយមាំមួនដែលពួកគេទុកចិត្តទៀតផង។+
២៣ អ្នកណាដែលចេះប្រយ័ត្នមាត់និងអណ្ដាតអ្នកនោះជៀសផុតពីបញ្ហា។+
២៤ អ្នកណាដែលធ្វើអ្វីលើសពីសិទ្ធិខ្លួននិងដោយអួតអាងនឹងត្រូវគេហៅថាជាមនុស្សព្រហើន។*+
២៥ អ្វីដែលមនុស្សកម្ជិលចង់បាន នឹងនាំឲ្យគាត់បាត់បង់ជីវិតព្រោះដៃរបស់គាត់មិនព្រមធ្វើការទេ។+
២៦ គាត់លោភចង់បានទាំងយប់ទាំងថ្ងៃតែមនុស្សសុចរិតឲ្យដោយចិត្តទូលាយ។+
២៧ បើគ្រឿងបូជារបស់មនុស្សទុច្ចរិតជាអ្វីដែលគួរឲ្យស្អប់ខ្ពើមទៅហើយ+ទម្រាំតែគាត់ជូនដោយបំណងចិត្តអាក្រក់* នោះច្បាស់ជាគួរឲ្យស្អប់ខ្ពើមជាងនោះទៅទៀត!
២៨ សាក្សីភូតភរនឹងវិនាសទៅ+តែអ្នកដែលយកចិត្តទុកដាក់ស្ដាប់នឹងធ្វើជាសាក្សីបញ្ជាក់ដែលគួរឲ្យទុកចិត្ត។
២៩ មនុស្សទុច្ចរិតធ្វើទឹកមុខអង់អាច+តែគឺផ្លូវរបស់មនុស្សទៀងត្រង់ទេដែលនៅគង់វង្ស។+
៣០ បើអ្នកណាប្រឆាំងព្រះយេហូវ៉ា អ្នកនោះមិនមានប្រាជ្ញា សមត្ថភាពវែកញែក ឬឱវាទទេ។+
៣១ សេះបានត្រូវរៀបចំសម្រាប់ថ្ងៃធ្វើចម្បាំង+តែព្រះយេហូវ៉ាជាអ្នកផ្ដល់សេចក្ដីសង្គ្រោះ។+
កំណត់សម្គាល់
^ ឬ«បានប្រយោជន៍»
^ ឬប្រហែលជាមានន័យថា«សម្រាប់អ្នកដែលចង់ស្លាប់»
^ ឬ«ប្រពន្ធដែលពូកែត្អូញត្អែរ»
^ ឬ«គាត់ដឹងថាគួរធ្វើអ្វី»
^ ឬ«ការសប្បាយ»
^ ឬ«និងពូកែត្អូញត្អែរ»
^ ពាក្យនេះជាភាសាហេប្រឺសំដៅលើការធ្វើលើសពីសិទ្ធិរបស់ខ្លួន ព្រមទាំងបង្ហាញចិត្តក្លាហានតាមរបៀបមិនត្រឹមត្រូវ ទាំងការប្រព្រឹត្តទាំងចិត្តគំនិត
^ ឬ«គាត់ជូនគ្រឿងបូជាផង ប្រព្រឹត្តអំពើដែលគួរឲ្យខ្មាសផង»