សុភាសិត ៩:១-១៨

  • ប្រាជ្ញា​ពិត​អញ្ជើញ​គេ (​១​-​១២)

    • «​អ្នក​នឹង​រស់​នៅ​ជា​យូរ​អង្វែង​ដោយ​សារ​ខ្ញុំ​»​ (​១១)

  • ស្ត្រី​ល្ងី​ល្ងើ​អញ្ជើញ​គេ (​១៣​-​១៨)

    • «​ទឹក​ដែល​លួច​ពី​គេ មាន​រស​ជាតិ​ផ្អែម​ឆ្ងាញ់​»​ (​១៧)

 ប្រាជ្ញា​ពិត​បាន​សង់​ផ្ទះ​សម្រាប់​ខ្លួន​ឯងហើយ​បាន​ធ្វើ*បង្គោល​៧​ឡើង។ ២  ប្រាជ្ញា​បាន​ត្រៀម​សាច់​រួច​ជា​ស្រេចហើយ​បាន​លាយ​ស្រា​ទំពាំង​បាយ​ជូរ​ទុកព្រម​ទាំង​បាន​រៀបចំ​តុ​ទៀត​ផង។  ៣  ប្រាជ្ញា​បាន​ចាត់​អ្នក​បម្រើ​ស្រី​ៗឲ្យ​ទៅ​ប្រកាស​ពី​ទី​ខ្ពស់​នៅ​ក្នុង​ក្រុង​ថា​៖+  ៤  ​«​អ្នក​ណា​ដែល​ខ្វះ​បទ​ពិសោធន៍ ចូរ​ឲ្យ​អ្នក​នោះ​ចូល​មក​ទី​នេះ​»។ ប្រាជ្ញា​និយាយ​ទៅ​អ្នក​ដែល​ឥត​ចេះ​គិត​ពិចារណា​ថា​៖  ៥  ​«​ចូរ​មក​បរិភោគ​នំ​ប៉័ងហើយ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ដែល​ខ្ញុំ​បាន​លាយ​ជា​ស្រេច។  ៦  សូម​កុំ​នៅ​ល្ងង់​ខ្លៅ​ទៀត ដើម្បី​ឲ្យ​អ្នក​មាន​ជីវិត​រស់​នៅ។+ ចូរ​ដើរ​ទៅ​មុខ​តាម​ផ្លូវ​នៃ​ការ​យល់​ដឹង​»។+  ៧  អ្នក​ណា​ដែល​ទូន្មាន​មនុស្ស​ដែល​ប្រមាថ​មើល​ងាយ​គេ​អ្នក​នោះ​នាំ​ឲ្យ​ខ្លួន​អាប់​កិត្តិយស+ហើយ​អ្នក​ណា​ដែល​កែ​តម្រង់​ជន​ទុច្ចរិត អ្នក​នោះ​នឹង​នាំ​ទុក្ខ​ដល់​ខ្លួន។  ៨  កុំ​កែ​តម្រង់​មនុស្ស​ដែល​ប្រមាថ​មើល​ងាយ​គេ ព្រោះ​គាត់​នឹង​ស្អប់​អ្នក។+ ប៉ុន្តែ ចូរ​កែ​តម្រង់​មនុស្ស​ដែល​មាន​ប្រាជ្ញា ព្រោះ​គាត់​នឹង​ស្រឡាញ់​អ្នក។+  ៩  ចូរ​អប់រំ​មនុស្ស​ដែល​មាន​ប្រាជ្ញា នោះ​គាត់​នឹង​កាន់​តែ​មាន​ប្រាជ្ញា+ចូរ​បង្រៀន​មនុស្ស​សុចរិត នោះ​គាត់​នឹង​រៀន​កាន់​តែ​ច្រើន។ ១០  ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ទី​ចាប់​ផ្ដើម​នៃ​ប្រាជ្ញា+ហើយ​ការ​ស្គាល់​ព្រះ​ដ៏​បរិសុទ្ធ​បំផុត+ នាំ​ឲ្យ​មាន​ការ​យល់​ដឹង។ ១១  អ្នក​នឹង​រស់​នៅ​ជា​យូរ​អង្វែង​ដោយ​សារ​ខ្ញុំ+ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​មាន​អាយុ​វែង។ ១២  បើ​អ្នក​មាន​ប្រាជ្ញា អ្នក​ផ្ទាល់​នឹង​ទទួល​ប្រយោជន៍តែ​បើ​អ្នក​ប្រមាថ​មើល​ងាយ​គេ គឺ​ខ្លួន​អ្នក​ដែល​នឹង​ត្រូវ​រង​ផល​វិបាក។ ១៣  ស្ត្រី​ល្ងី​ល្ងើ​និយាយ​ឮ​ៗ។+នាង​គឺ​ល្ងង់​ខ្លៅ ហើយ​ឥត​ដឹង​អ្វី​សោះ។ ១៤  នាង​អង្គុយ​នៅ​ច្រក​ចូល​ផ្ទះ​របស់​នាងគឺ​អង្គុយ​នៅ​លើ​ទី​ខ្ពស់​ៗ​នៅ​ក្នុង​ក្រុង។+ ១៥  នាង​ស្រែក​ហៅ​អស់​អ្នក​ដែល​ដើរ​កាត់គឺ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​តាម​ផ្លូវ​រៀង​ៗ​ខ្លួន​ថា​៖ ១៦  ​«​អ្នក​ណា​ដែល​ខ្វះ​បទ​ពិសោធន៍ ចូរ​ឲ្យ​អ្នក​នោះ​ចូល​មក​ទី​នេះ​»។ នាង​និយាយ​ទៅ​អ្នក​ដែល​ឥត​ចេះ​គិត​ពិចារណា​ថា​៖+ ១៧  ​«​ទឹក​ដែល​លួច​ពី​គេ មាន​រស​ជាតិ​ផ្អែម​ឆ្ងាញ់ហើយ​អាហារ​ដែល​បរិភោគ​ដោយ​លួច​លាក់ នោះ​ក៏​មាន​ឱ​ជា​រស​ឆ្ងាញ់​ពិសា​»​។+ ១៨  ប៉ុន្តែ គាត់​មិន​ដឹង​ថា​ផ្ទះ​របស់​នាង​ពេញ​ទៅ​ដោយ​មនុស្ស​ស្លាប់​ទេហើយ​មិន​ដឹង​ថា​ភ្ញៀវ​របស់​នាង​នៅ​ក្នុង​ទី​បញ្ចុះ​សព*ឡើយ។+

កំណត់សម្គាល់

ឬ​«​ដាប់​»​
ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​