ហាកាយ ១:១-១៥

  • ការ​ស្ដី​បន្ទោស​ដោយ​សារ​មិន​បាន​សង់​វិហារ​ឡើង​វិញ (​១​-​១១)

    • ‹តើ​នេះ​ជា​វេលា​ដែល​គួរ​រស់​នៅ​ក្នុង​ផ្ទះ​ដែល​ធ្វើ​ពី​ឈើ​ប្រណីត​ៗ​ឬ?› (​)

    • «​គិត​ពិចារណា​ឲ្យ​បាន​ដិត​ដល់​អំពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន​»​ (​)

    • សាប​ព្រោះ​គ្រាប់​ពូជ​ច្រើន តែ​ច្រូត​បាន​ផល​តិច (​)

  • បណ្ដា​ជន​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា (​១២​-​១៥)

 នៅ​ថ្ងៃ​ទី​១ ខែ​ទី​៦ ក្នុង​ឆ្នាំ​ទី​២​នៃ​ការ​គ្រប់​គ្រង​របស់​ស្ដេច​ដារីយុស ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​ហាកាយ*+ជា​អ្នក​ប្រកាស​ទំនាយ ទៅ​កាន់​សេរ៉ូបាបិល+ជា​កូន​សាលធាល និង​ជា​អភិបាល​ស្រុក​យូដា ហើយ​ទៅ​កាន់​យ៉ូស្វេ​ជា​កូន​យេហូសាដាក និង​ជា​សម្ដេច​សង្ឃ។ ហាកាយ​បាន​និយាយ​ដូច​ត​ទៅ​ថា​៖ ២  ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹បណ្ដា​ជន​ទាំង​នេះ​និយាយ​ថា​៖ ​«​មិន​ទាន់​ដល់​ពេល​ដែល​ត្រូវ​សង់*វិហារ​របស់​ព្រះ​យេហូវ៉ា​ទេ​»​›​»​។+ ៣  ដូច្នេះ ព្រះ​យេហូវ៉ា​ប្រាប់​ម្ដង​ទៀត​តាម​រយៈ​ហាកាយ+ជា​អ្នក​ប្រកាស​ទំនាយ​ថា​៖ ៤  ​«​ខណៈ​ដែល​វិហារ​របស់​ខ្ញុំ​នៅ​បាក់​បែក​នៅ​ឡើយ តើ​នេះ​ជា​វេលា​ដែល​អ្នក​រាល់​គ្នា​គួរ​រស់​នៅ​ក្នុង​ផ្ទះ​ដែល​ធ្វើ​ពី​ឈើ​ប្រណីត​ៗ​ឬ?+ ៥  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​គិត​ពិចារណា​ឲ្យ​បាន​ដិត​ដល់​អំពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន។ ៦  អ្នក​រាល់​គ្នា​សាប​ព្រោះ​គ្រាប់​ពូជ​ច្រើន តែ​ច្រូត​បាន​ផល​តិច​ទេ។+ អ្នក​រាល់​គ្នា​បរិភោគ តែ​មិន​បាន​ឆ្អែត​ឡើយ។ អ្នក​រាល់​គ្នា​ផឹក តែ​មិន​ឆ្អែត​ឆ្អន់​ទេ ហើយ​អ្នក​រាល់​គ្នា​ស្លៀក​ពាក់ តែ​ក៏​មិន​បាន​កក់​ក្ដៅ​ដែរ។ រីឯ​អ្នក​ដែល​ស៊ី​ឈ្នួល​គេ បែរ​ជា​ដាក់​ប្រាក់​ឈ្នួល​នៅ​ក្នុង​ថង់​ធ្លុះ​វិញ›​»។ ៧  ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​គិត​ពិចារណា​ឲ្យ​បាន​ដិត​ដល់​អំពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន›។ ៨  ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ឡើង​ទៅ​លើ​ភ្នំ ហើយ​យក​ឈើ​មក+សង់​វិហារ+ ដើម្បី​ឲ្យ​ខ្ញុំ​ពេញ​ចិត្ត​នឹង​វិហារ​នោះ និង​ដើម្បី​ឲ្យ​ខ្ញុំ​បាន​ទទួល​ការ​សរសើរ​តម្កើង›​»។+ ៩  ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​រាល់​គ្នា​រំពឹង​ថា​នឹង​ប្រមូល​បាន​ផល​ច្រើន តែ​បែរ​ជា​បាន​ផល​តិច​វិញ។ ពេល​ដែល​អ្នក​រាល់​គ្នា​យក​ផល​ទៅ​ដល់​ផ្ទះ ខ្ញុំ​នឹង​ផ្លុំ​វា​ឲ្យ​បាត់​ទៅ។+ តើ​ដឹង​ថា​ហេតុ​អ្វី​ទេ? គឺ​ដោយ​សារ​វិហារ​របស់​ខ្ញុំ​នៅ​បាក់​បែក​នៅ​ឡើយ កាល​ដែល​អ្នក​រាល់​គ្នា​រវល់​តែ​ថែ​ទាំ​ផ្ទះ​សម្បែង​របស់​ខ្លួន។+ ១០  ហេតុ​នេះ​ហើយ​បាន​ជា​មេឃ​មិន​ធ្លាក់​សន្សើម ហើយ​ដី​ក៏​មិន​បង្កើត​ផល​ដែរ។ ១១  ខ្ញុំ​បាន​ធ្វើ​ឲ្យ​ដី​និង​ភ្នំ​ហួត​ហែង បណ្ដាល​ឲ្យ​មាន​ការ​ខ្វះ​ស្រូវ ស្រា​ថ្មី ប្រេង និង​ដំណាំ​ឯ​ទៀត។ ហេតុ​នេះ ទាំង​សត្វ​ទាំង​អ្នក​រាល់​គ្នា​រង​ទុក្ខ​លំបាក ហើយ​អស់​ទាំង​កិច្ច​ការ​នឿយ​ហត់​របស់​អ្នក​រាល់​គ្នា​ទៅ​ជា​អសារ​ឥត​ការ›​»។ ១២  សេរ៉ូបាបិល+ជា​កូន​សាលធាល+ និង​សម្ដេច​សង្ឃ​យ៉ូស្វេ​ជា​កូន​យេហូសាដាក+ ព្រម​ទាំង​បណ្ដា​ជន​ទាំង​អស់ ក៏​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​គេ ហើយ​ស្ដាប់​អ្វី​ដែល​ហាកាយ​ជា​អ្នក​ប្រកាស​ទំនាយ​បាន​និយាយ​ប្រាប់ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ចាត់​គាត់​ឲ្យ​មក។ រួច​បណ្ដា​ជន​ក៏​ចាប់​ផ្ដើម​កោត​ខ្លាច​ព្រះ​យេហូវ៉ា។ ១៣  បន្ទាប់​មក ហាកាយ​ជា​អ្នក​នាំ​សារ​របស់​ព្រះ​យេហូវ៉ា ក៏​ប្រាប់​ដល់​បណ្ដា​ជន​ស្រប​តាម​ដំណឹង​ពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​‹ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។ ១៤  ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ជំរុញ​ចិត្ត+សេរ៉ូបាបិល​ជា​កូន​សាលធាល និង​ជា​អភិបាល​ស្រុក​យូដា+ ហើយ​ជំរុញ​ចិត្ត​យ៉ូស្វេ+ជា​កូន​យេហូសាដាក និង​ជា​សម្ដេច​សង្ឃ ព្រម​ទាំង​ជំរុញ​ចិត្ត​បណ្ដា​ជន​ទាំង​អស់ ឲ្យ​នាំ​គ្នា​មក ហើយ​ចាប់​ផ្ដើម​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​របស់​ពួក​គេ។+ ១៥  កិច្ច​ការ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​ទី​៦ ក្នុង​ឆ្នាំ​ទី​២​នៃ​ការ​គ្រប់​គ្រង​របស់​ស្ដេច​ដារីយុស។+

កំណត់សម្គាល់

មាន​ន័យ​ថា​«​កើត​នៅ​ថ្ងៃ​បុណ្យ​»​
ឬ​«​សង់​ឡើង​វិញ​»​